ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​បារម្ភ​សុវត្ថិភាព​ក្រោយ​រង​ការ​គំរាម​សម្លាប់​ពី​ក្រុម​ជនល្មើស

ដោយ មាន ឫទ្ធិ
2018.01.25
ព្រៃឡង់ ព្រះវិហារ ៦២២ គោយន្ត​ដឹក​ឈើ​ដែល​ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន​នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ចាប់​បាន​កាល​ពី​យប់​ថ្ងៃ​ទី​១៧ មករា ២០១៨។
Photo provided

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ស្នើ​សុំ​​អាជ្ញាធរ​ជួយ​ឃ្លាំមើល​សុវត្ថិភាព​របស់​ពួកគាត់ និង​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ក្រុម​ជនល្មើស។ ការ​ស្នើ​សុំ​នេះ ក្រោយ​ពេល​ពួកគេ​មួយ​ចំនួន​រង​ការ​គំរាម​កំហែង​ដល់​អាយុជីវិត បន្ទាប់​ពី​ប្រជា​សហគមន៍​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ចុះ​ចាប់​គោយន្ត​ដឹក​ឈើ​ចេញ​ពី​​តំបន់​ព្រៃឡង់ ជា​ច្រើន​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា។

សកម្មជន​ការពារ​ព្រៃឡង់ នៅ​ស្រុក​ជ័យសែន មួយ​ចំនួន​ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព ហើយ​អ្នក​ខ្លះ​មិន​ហ៊ាន​សម្រាក​នៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ពេល​យប់​ថែម​ទៀត​ផង។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​ធ្មា សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​ក្រុម​ជនល្មើស​បាន​គំរាមកំហែង​មក​លើ​ប្រជា​សហគមន៍​ជា​ចំហ​តែម្ដង។ បញ្ហា​នេះ​កើត​ឡើង​ក្រោយ​ពេល​សកម្មជន​ការពារ​ព្រៃឡង់ ស្រុក​ជ័យសែន ចំនួន ៤​នាក់ រួម​នឹង​មន្ត្រី​បរិស្ថាន​ចំនួន ២​នាក់​ផង បាន​ស្ទាក់​ចាប់​គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ចំនួន ៤​គ្រឿង កាល​ពី​យប់​ថ្ងៃ​ទី​១៧ មករា។ បន្ថែម​ពី​នេះ មាន​វត្ថុតាង​មួយ​ចំនួន​ទៀត ដូចជា ម៉ាស៊ីន​អារ​ឈើ ២​គ្រឿង ឈើ​ប្រណិត​ប្រភេទ​កកោះ ធ្នង់ ផ្ដៀក ជិត ៣​ម៉ែត្រ​គូប និង​មនុស្ស​ចំនួន ៥​នាក់។ វត្ថុតាង​ទាំង​នោះ សហគមន៍​បាន​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ដើម្បី​ដោះស្រាយ។ ក្រោយ​មក នៅ​ល្ងាច​ថ្ងៃ​ទី​១៨ មករា មាន​មនុស្ស​ពីរ​នាក់​ដែល​ជា​ម្ចាស់​គោយន្ត និង​ឈើ​ទាំង​នោះ ឈ្មោះ រោច និង​ឈ្មោះ ហេង មក​គំរាម​សម្លាប់​លោក និង​សកម្មជន​ម្នាក់ទៀត​ដល់​ផ្ទះ​តែម្ដង។ លើស​ពី​នេះ​ទៀត ពួកគេ​តែង​ផ្ដាំផ្ញើ​តាម​អ្នក​ភូមិ​ជា​បន្តបន្ទាប់​ឱ្យ​ប្រយ័ត្ន និង​ត្រូវ​ដោះស្រាយ​យក​វត្ថុ​តាង ដែល​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ប្រគល់​ជូន​ពួកគេ​វិញ៖ «ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ ឬ​ខាង​សមត្ថកិច្ច ជួយ​ចាត់វិធានការ​ធ្វើ​ម៉េច កុំ​ឱ្យ​ខាង​ក្រុម​បទល្មើស​ហ្នឹង​មក​គំរាមកំហែង​ដល់​ក្រុម​សហគមន៍។ ធ្វើ​ម៉េច​ចេះ​សហការ​ជាមួយ​ក្រុម​សហគមន៍​ផង»

​ប្រភព​ដដែល​អះអាង​ថា ពួកគាត់​មិនសូវ​ហ៊ាន​ចេញ​ដើរ​នោះ​ឡើយ ពិសេស​នៅ​ពេល​យប់។ ករណី​នេះ ប្រជា​សហគមន៍​នៅ​មិន​ទាន់​ដាក់ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ទេ ពីព្រោះ​ពួកគេ​មិន​សូវ​មាន​ជំនឿ ម្យ៉ាង​យល់​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​ចាត់​វិធានការ ពួកគាត់​កាន់​តែ​ប្រឈម​ជាមួយ​ក្រុម​ជនល្មើស​ថែម​ទៀត។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ពលរដ្ឋ​ឈ្មោះ រោច និង ហេង ព្រមទាំង​មេ​ប៉ុស្តិ៍​ឃុំ​ធ្មា លោក ព្រំ រួត បាន​ទេ នៅ​ថ្ងៃ​ទី​២៥ មករា។

​បណ្ដាញ​ស្នូល​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក សុខ ប្លោក លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​ពួកគាត់​ជាមួយ​ក្រុម​ជនល្មើស តែងតែ​​កើត​មាន​ឡើង។ លោក​បញ្ជាក់​ថា ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ សហការ​ល្អ​ជាមួយ​សហគមន៍ ព្រោះ​រាល់​ពេល​ពួកគាត់​ស្នើ​សុំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ គឺ​ពួកគេ​តែង​ចូលរួម។ ប្រភព​ដដែល​អះអាង​ថា ទោះ​បី​​ជា​មាន​កិច្ចសហការ​ល្អ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក៏ដោយ ប៉ុន្តែ​រាល់​ពេល​ចុះ​ល្បាត​ក្នុង​ព្រៃ​នៅ​ពេល​យប់​ម្តងៗ ប្រជា​សហគមន៍​តែង​ដាក់​វេន​គ្នា​យាម​ជា​ប្រចាំ ពីព្រោះ​ក្រុម​ជនល្មើស​បច្ចុប្បន្ន​មាន​ទាំង​អាវុធ​កែច្នៃ ហើយ​ខ្លះ​អាច​មាន​កាំភ្លើង​ទៀត​ផង។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​ថា ករណី​គំរាមកំហែង​ដល់​អាយុជីវិត​សកម្មជន​ការពារ​ព្រៃឡង់ នៅ​ខេត្ត​ព្រះវិហារ ខាង​លោក​នឹង​ប្រមូល​ភស្តុតាង​ឱ្យ​បាន​ច្រើន ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ព្រោះ​ថា​នៅ​ប្រទេស​កម្ពុជា មាន​ច្បាប់ ហើយ​អាជ្ញាធរ​ដែនដី រួម​ទាំង​មន្ត្រី​មូលដ្ឋាន​មិន​គួរ​បណ្ដោយ​ឱ្យ​ជនល្មើស​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ»

​ព្រៃឡង់ មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ។ កាលពី​ថ្ងៃ​ទី​៩ ឧសភា ២០១៦ រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ។

លោក សេង សុខ​ហេង អះអាង​ថា ករណី​គំរាម​កំហែង​សកម្មជន​ការពារ​ព្រៃឡង់ កើត​មាន​ស្ទើរ​តែ​គ្រប់​ខេត្ត ដោយ​គ្រាន់​តែ​ខេត្ត​ខ្លះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ខេត្ត​ខ្លះ​ទៀត​មិន​សូវ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ចំពោះ​ក្រុម​ជនល្មើស​ទេ នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជា​សហគមន៍​នៅ​ថ្ងៃ​ខាង​មុខ។ ម្យ៉ាង​ទៀត ការណ៍​នេះ​បង្ហាញ​ថា អាជ្ញាធរ​អាច​ជាប់​សង្ស័យ​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​ពី​ក្រុម​ជនល្មើស​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។