មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី បដិសេធមិនទទួលវត្ថុតាងដែលជារណារយន្តអារឈើ ដែលសកម្មជនការពារព្រៃឡង់ផ្តល់ឲ្យនោះទេ បន្ទាប់ពីពួកគេបានចាប់រណារយន្តចំនួន ១១គ្រឿងពីអ្នកកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់នៅក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។
ក្រោយពីមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទទួលយកវត្ថុតាងដែលជារណារយន្តអារឈើ ក្រុមសហគមន៍បានបញ្ជូនឧបករណ៍ទាំងនោះទៅកាន់រដ្ឋបាលព្រៃឈើវិញ។ សហគមន៍ការពារព្រៃឡង់ សម្ដែងការសោកស្ដាយចំពោះការមិនផ្តល់កិច្ចសហការពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបបទល្មើសព្រៃឈើបែបនេះ ព្រោះថាពួកគេចង់ឲ្យ លោក ហ៊ុន សែន បានឃើញវត្ថុតាងទាំងនោះ។
ការបដិសេធមិនទទួលវត្ថុតាងទាំងនេះ ត្រូវមន្ត្រីខុទ្ទកាល័យរបស់ លោក ហ៊ុន សែន គឺលោក ប៉ាល់ ចន្តារា ជាប្រធានគណៈកម្មការចម្រុះ បញ្ជាក់ប្រាប់ទៅក្រុមអ្នកស្រឡាញ់ធម្មជាតិថា ស្ថាប័នមួយនេះទទួលតែញត្តិទេ។ មួយវិញទៀត រណារអារឈើទាំងនេះ គ្មានលក្ខណៈផ្លូវច្បាប់ ព្រោះគ្មានការចូលរួមពីព្រះរាជអាជ្ញា និងសមត្ថកិច្ច។ មន្ត្រីរូបនេះ ស្នើឲ្យក្រុមសហគមន៍យករបស់ទាំងនោះទៅរក្សាទុកនៅសហគមន៍ ឬអាជ្ញាធរមានសមត្ថកិច្ចជំនួសវិញ៖ «ខ្ញុំថតរូបនេះទុក ប៉ុន្តែបងប្អូនសហគមន៍ជាអ្នកថែរក្សាវត្ថុតាង ខាងខ្ញុំអ្នករាយការណ៍ គឺតាមឯកសារ មិនមែនលើកម៉ាស៊ីនទៅទេ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ក្រៅពីបង្ហាញឧបករណ៍កាប់បំផ្លាញព្រៃឈើ ដែលសហគមន៍រឹបអូសបាន ពួកគេលើកឡើងថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់កំពុងតែបង្កក្តីបារម្ភ។
តំណាងសហគមន៍ការពារព្រៃឡង់មកពីខេត្តក្រចេះ លោក ថៃ ប៊ុនលៀង និយាយថា មន្ត្រីខុទ្ទកាល័យមិនព្រមទទួលយកវត្ថុតាងនៅពេលនេះ គឺជាឥរិយាបថមិនបង្ហាញការចូលរួមការពារព្រៃឡង់។ លោកបន្តថា ការទាមទាររបស់មន្ត្រីខុទ្ទកាល័យស្នើឲ្យសហគមន៍ មានកិច្ចសហការជាមួយសមត្ថកិច្ច ឬស្ថាប័នតុលាការលើរឿងនេះ គឺជាការដាក់បន្ទុកទៅលើក្រុមលោក ព្រោះមន្ត្រីថ្នាក់ក្រោមមិនបានផ្តល់កិច្ចសហការនឹងលោកទេ៖ «ខ្ញុំចង់ឲ្យឃើញនេះ ព្រោះភស្តុតាងដាក់ជាច្រើនឆ្នាំមកហើយនៅថ្នាក់ក្រោម ប៉ុន្តែថ្នាក់លើអត់បានដឹងរឿងនេះទេ ចឹងហើយទើបខ្ញុំចង់ផ្តល់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី»។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ បង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៥ នេះ បទល្មើសព្រៃឈើនៅក្នុងខេត្តទាំង៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ បទល្មើសព្រៃឈើកើតឡើងជាង ២ពាន់ករណី កើនឡើងជាងឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ មានជិត ២ពាន់ករណី។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ លោក សេង សុងហេង ឲ្យដឹងថា មូលហេតុក្រុមសហគមន៍សម្រេចចិត្តបង្ក្រាបបទល្មើសដោយខ្លួនឯង ព្រោះបទល្មើសកំពុងកើតឡើង ប៉ុន្តែពុំសូវឃើញមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។ លោកអ្នកនៅពីក្រោយបទល្មើសទាំងនេះ គឺជាមន្ត្រីធំ អ្នកមានលុយដែលមានងារជាឧកញ៉ា៖ «ពេលយើងចុះរួមទាំងអស់គ្នានៅក្នុងទាំងបួន គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ បើយើងមិនដកហូតឧបករណ៍បទល្មើសទាំងអស់នោះទេ នឹងបង្កផលលំបាកកាន់តែខ្លាំង»។
ក្រុមអ្នកស្រឡាញ់បរិស្ថានលើកឡើងថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ កើតឡើងជាការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។ ក្រុមសហគមន៍ផ្តល់អនុសាសន៍ពីរចំណុចធំៗ គឺស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ចាត់វិធានការជាបន្ទាន់ទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់ និងមានវិធានការលើឈ្មួញរកស៊ីព្រៃឈើដែលមានលុយ និងមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។