បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​នឹង​ប្រារព្ធ​ពិធី​រំលឹក​គុណ​ព្រៃឡង់​​នៅ​ខែ​កុម្ភៈ

ដោយ​ សុ ជីវី
2017.01.06
ចុះ​ល្បាត​ព្រៃ​ឡង់ ស្ទឹងត្រែង ២០១៦ ៨៥៥ ក្រុម​យុវជន និង​សហគមន៍​ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
Photo Provided

បណ្ដាញ​សហគមន៍​ព្រៃឡង់ គ្រោង​នឹង​ប្រារព្ធ​ពិធី​រំលឹក​គុណ​ព្រៃឡង់ និង​បំបួស​ព្រៃ​នៅ​ខែ​កុម្ភៈ ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​ព្រៃឡង់ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​មករា អោយ​ដឹង​ថា សហគមន៍​ព្រៃឡង់ ក្នុង​ខេត្ត​ចំនួន​៤ មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ នឹង​ជួប​ប្រជុំ​គ្នា​នៅ​កណ្ដាល​ព្រៃឡង់ ត្រង់​ចំណុច​វាល​ម្រេច ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​រួម​គ្នា។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ អ្នកស្រី ភោគ ហុង មាន​ប្រសាសន៍​ថា សហគមន៍​បាន​ធ្វើ​ពិធី​បែប​នេះ​ម្ដង​រួម​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ទ្រង់ទ្រាយ​ធំ​ដូច​គម្រោង​នៅ​លើក​នេះ​ទេ។ អ្នកស្រី​បន្ត​ថា ការ​ប្រារព្ធ​ពិធី​នេះ​មាន​ការ​ឧទ្ទិស​រំឭក​គុណ​ព្រៃ​តាម​ទំនៀមទម្លាប់​របស់​សហគមន៍ ការ​បំបួស​ឈើ​ធំៗ និង​ការ​ល្បាត​ព្រៃ។ អ្នកស្រី​អំពាវនាវ​អោយ​សាធារណជន និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​ពិធី​នេះ។

អ្នកស្រី ភោគ ហុង មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ បទល្មើស​នៅ​ក្នុង​ព្រៃឡង់ បាន​ថយ​ចុះ​ខ្លះ ប៉ុន្តែ​នៅ​តែ​ជា​បញ្ហា​គួរ​អោយ​ព្រួយ​បារម្ភ​នៅ​ឡើយ។ អ្នកស្រី​ថា អ្នក​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ភាគ​ច្រើន​ជា​ជន​ចំណាកស្រុក​នៅ​តែ​អាច​ដឹក​ឈើ​ចេញ​ពី​ព្រៃ​បាន​ដដែល។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ អោយ​ដឹង​ថា គោល​បំណង​នៃ​ពិធី​នេះ គឺ​ជា​ការ​បួង​សួង​សុំ​អោយ​ព្រៃឡង់ គង់វង្ស ដើម្បី​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់​នៅ​ពឹង​ពាក់​នឹង​ព្រៃ​ឈើ ផ្សព្វផ្សាយ​ពី​ការ​សម្រេច​ដាក់​ជា​ព្រៃ​ការពារ​ដែន​ជម្រក​សត្វព្រៃ និង​បង្ហាញ​សក្ដានុពល​ព្រៃឡង់ ជំរុញ​សាធារណជន​អោយ​ចូលរួម​ការពារ​ព្រៃឡង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។