សហគមន៍​ថា​អាជ្ញាធរ​បក្ស​កាន់​អំណាច​​ដាក់​សម្ពាធ​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​មន្ត្រី​ជំនាញ

ដោយ វ៉ែន សុមេធ
2017-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ល្បាត​ធ្វើ​ដំណើរ​ល្បាត​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។
ក្រុម​ល្បាត​ធ្វើ​ដំណើរ​ល្បាត​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។
Photo: RFA

សកម្មជន​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​មិនសូវ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ការពារ​ព្រៃឈើ​នោះ​ទេ បែរជា​ប្រើ​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​សម្ពាធ​មក​លើ​ឆ្មាំ​ឧទ្យានុរក្ស​របស់​ក្រសួងបរិស្ថាន និង​សហគមន៍​ព្រៃឡង់ មិន​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​ចំនួន។ ចំណែក​មេឃុំ​កំពង់ចាម​បដិសេធ​ថា ការ​អះអាង​នេះ ជា​រឿង​មិន​ពិត។

សហគមន៍​ការពារ​ព្រៃឡង់ រស់នៅ​ឃុំ​បឹងចារ ស្រុក​សំបូរ និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន បាន​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក របស់​មេឃុំ​មកពី​បក្ស​កាន់​អំណាច ស្រប​ពេល​ដែល​មន្ត្រី​បរិស្ថាន​តែង​បង្ក្រាប​បទល្មើស តែ​ត្រូវ​មេឃុំ​រារាំង និង​គំរាម​ដក​តំណែង​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​តាមរយៈ​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ឃុំ​មកពី​បក្ស​ប្រជាជន​កម្ពុជា តែង​ចេញមុខ​សម្របសម្រួល​ការពារ​ពលរដ្ឋ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់។

សកម្មជន​ការពារ​ព្រៃឡង់ ខែត្រ​ក្រចេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន​បាន​ចាប់​យក​របរ​ដឹក​ឈើ និង​កាប់​ឈើ​លក់ ជា​អាជីព​ចិញ្ចឹមជីវិត​ដោយ​នាំគ្នា​ចូល​ព្រៃ​អារ​ឈើ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​មាន​គ្នា ៣​នាក់​ដល់ ៥​នាក់ ចូល​ព្រៃ​អារ​ឈើ​ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម តែ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ឃាត់ បែរ​ជា​មេឃុំ​មកពី​បក្ស​កាន់អំណាច​សម្របសម្រួល​ដោះលែង​បទល្មើស។ លោក​បារម្ភ​ថា បច្ចុប្បន្ន​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​មន្ត្រី​ជំនាញ គឺ​រង​សម្ពាធ​ពី​បក្ស​កាន់អំណាច ត្បិត​កន្លង​ទៅ​មន្ត្រី​បរិស្ថាន​មួយ​ចំនួន ដែល​សកម្ម​ការពារ​ព្រៃឈើ​ត្រូវ​បាន​ដក​តំណែង និង​តួនាទី​ដោយ​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា៖ «បាន​អនុក្រឹត្យ​មក ឲ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​តំបន់​ព្រៃ​ការពារ និង​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​បែរជា​គេ​ធ្វើ​អនុវត្ត​ច្បាប់ ទៅជា​អាជ្ញាធរ​កាន់ជើង​ប្រជាពលរដ្ឋ ខ្លាច​ខូច​បក្ស ខ្លាច​ខូច​នយោបាយ។ មួយៗ​ថា តាំងពី​បង្កើត​បរិស្ថាន​មក រកស៊ី​អី​មិនបាន​អ៊ីចឹង ប្ដឹង​អាជ្ញាធរ​ហើយ​អាជ្ញាធរ​ប្ដឹង​ទៅ​បក្ស ហើយ​គណបក្ស (បក្ស​ប្រជាជន​កម្ពុជា) ចាប់ផ្ដើម​ប្រកាស​ដក​គ្នា​ទៅ។ ខ្ញុំ​ថា បើ​គិត​រឿង​បក្ស​ទេ អនាគត​ទៅមុខ​ព្រៃឈើ​នឹង​អស់​ហិនហោច​ហើយ»

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ សកម្មជន​ព្រៃឡង់​ម្នាក់ បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់​ទាក់ទិន​អាជ្ញាធរ​ឃុំ​មកពី​បក្ស​កាន់អំណាច គំរាម​ចាប់​ដាក់គុក រឿង​បង្ហោះ​បទល្មើស​ព្រៃឈើ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook)។ សហគមន៍​ថា មេឃុំ​រូប​នោះ​បាន​ពន្យល់​ផ្នែក​ច្បាប់​ទៅ​សហគមន៍​ថា ពលរដ្ឋ​គ្មាន​សិទ្ធិ​ការពារ​ព្រៃឈើ​នោះ​ទេ ហើយ​កាតព្វកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​តួនាទី​របស់​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល។

មន្ត្រី​ឧទ្យានុរក្ស​ខែត្រ​ក្រចេះ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា អំណាច​អាជ្ញាធរ​ឃុំ​មកពី​បក្ស​កាន់អំណាច បាន​ដាក់​សម្ពាធ​លើ​ប្រធាន​មន្ទីរ​បរិស្ថាន មិន​ឲ្យ​អនុវត្ត​ច្បាប់​ព្រៃឈើ​តឹងរ៉ឹង បង្ក​ឲ្យ​បទល្មើស​នៅតែ​កើតមានឡើង។ លោក​កត់សម្គាល់​ថា សហគមន៍​មូលដ្ឋាន​ខ្លះ ជា​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​ចិញ្ចឹម​ជីវិត​តែង​លួច​កាប់​ឈើ​នៅ​ពេលយប់ និង​ដឹកជញ្ជូន ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​កាង និង​សម្របសម្រួល បង្ក​ការ​លំបាក​ដល់​ការអនុវត្ត​ច្បាប់​របស់​ឆ្មាំ​អភិរក្ស។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ពេញលេញ ដើម្បី​រួមគ្នា​លប់​បំបាត់​បទល្មើស​ព្រៃឈើ។

ឆ្លើយតប​ការចោទប្រកាន់​នេះ​មេឃុំ​កំពង់ចាម មកពី​បក្ស​កាន់អំណាច លោក ឈិត លៀង ថ្លែង​ថា ក្នុង​នាម​ជា​អាជ្ញាធរ​មកពី​បក្ស​ប្រជាជន មាន​តួនាទី​ការពារ​នយោបាយ​បក្ស ដើម្បី​បម្រើ​ផល​ប្រយោជន៍​បក្ស និង​ពលរដ្ឋ ក៏ប៉ុន្តែ​ទាក់ទង​ការអនុវត្ត​ច្បាប់​ព្រៃឈើ ជា​កាតព្វកិច្ច​របស់​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ដែល​អាជ្ញាធរ​ឃុំ​មិនបាន​លូកដៃ​នោះ​ទេ។ លោក​បដិសេធ​ថា អាជ្ញាធរ​មិនបាន​យក​តួនាទី ដាក់​សម្ពាធ​លើ​មន្ត្រី​បរិស្ថាន​ដូច​ការ​លើកឡើង​របស់​សហគមន៍​នោះ​ទេ៖ «ខ្ញុំ​ទៅ​ឈឺឆ្អាល​អី​រឿង​ព្រៃ​ឡង់ ឃើញ​ពួក​ព្រៃឡង់​ចេញចូល ល្បាត​ព្រៃ​ស្ទើរ​រាល់​អាទិត្យ​តើ ខ្ញុំ​មិន​ដែរ​ហាម​ថា​មិន​ឲ្យ​ចូល»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា យល់​ថា រដ្ឋាភិបាល​គួរ​ប្រញាប់​ដោះស្រាយ​រឿង​នេះ​ជាបន្ទាន់ ចៀសវាង​បញ្ហា​នេះ​រីកធំឡើង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​អ្នក​អភិរក្ស​ព្រៃឈើ​របស់​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍។ លោក​យល់​ថា ប្រសិនបើ​អាជ្ញាធរ​យក​តួនាទី​ជា​អាជ្ញាធរ​កាង​បទល្មើស និង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ គឺជា​ការ​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ ផ្ទុយ​ពី​ក្រប​ខណ្ឌ​ច្បាប់ និង​បំពាន​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល៖ «ផ្លូវច្បាប់​អាជ្ញាធរ​ផ្សំគំនិត ជាមួយ​ជន​ប្រព្រឹត្ត​មានន័យថា​ទោស ស្មើនឹង​ជន​ប្រព្រឹត្ត អ៊ីចឹង​អាជ្ញាធរ​រូប​ហ្នឹង​មិន​មែនមាន​តួនាទី ទៅ​ប្រព្រឹត្ត​បទល្មើស​បែបនេះ​ស្មើនឹង​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ដែរ។ ដូច្នេះ​អាជ្ញាធរ​រូប​នេះ​ត្រូវ​តែ​មាន​ការ​ដាក់​ពិន័យ និង​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់»

សហគមន៍​ព្រៃ​ឡង់​មួយ​ចំនួន​អះអាង​ថា បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ គោយន្ត តាម​ទូក និង​រថយន្ត​ធំៗ​ចេញពី​តំបន់​ព្រៃ​ឡង់​នៅតែ​កើតមាន។ ពួកគេ​បារម្ភ​ថា ឈើ​មូល​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ដើមឈើ​ផលិត​ជ័រទឹក នឹង​រលាយ​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល