នាយក​រដ្ឋមន្ត្រី​រិះគន់​ការ​ដាក់​ស្លាក​ផ្សព្វផ្សាយ​អំពី​ការ​នេសាទ​ខុស​ច្បាប់​នៅ​ជិត​វិមាន​ឯករាជ្យ

ដោយ ម៉ម មុនីរតន៍
2015.07.01
ហ៊ុន សែន ៦២០ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
Photo: RFA

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​កិច្ចការ​លើ​ការ​ការពារ​តំបន់​អភិរក្ស​ជលផល យល់​ឃើញ​ថា ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ប្រឆាំង​ការ​ដាក់​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​អំពី​ការ​នេសាទ​ខុស​ច្បាប់ ដែល​ត្រូវ​គេ​ដាក់​ផ្សាយ​ជា​សាធារណៈ​នោះ គឺ​វា​មិន​សម​ហេតុផល​ឡើយ។

ការ​ថ្លែង​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី លោក ហ៊ុន សែន ចំអក​ឲ្យ​មន្ត្រី​ជលផល​ដែល​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថា ស្លាក​ប៉ាណូ​ដែល​ដាក់​ក្បែរ​របង​ផ្ទះ​លោក​ជិត​វិមាន​ឯករាជ្យ​នោះ តើ​ចង់​និយាយ​ពី​អ្វី​ឲ្យ​ប្រាកដ?

ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ចំ​ពេល​នៃ​ការ​ប្រារព្ធ​ទិវា​មច្ឆជាតិ​ក្នុង​ខេត្ត​កំពង់ចាម ក៏ប៉ុន្តែ​ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ទៅ​វិញ​ថា សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ គឺ​ផ្ទុយ​ពី​គោលការណ៍​ដែល​ធានា​ពី​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​សិទ្ធិ​ទទួល​បាន​ការ​ចូលរួម​ដោយ​សេរី និង​តម្លាភាព​ទៅ​វិញ។

ការ​រិះគន់​ដ៏​កម្រ​របស់ លោក ហ៊ុន សែន ប្រឆាំង​មន្ត្រី​ជំនាញ​ជលផល ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​នេះ គឺ​នៅ​បន្ទាប់​ពី​លោក​បាន​ឃើញ​ផ្ទាំង​ប៉ាណូ ត្រូវ​គេ​ចង​ក្បែរ​ផ្ទះ​របស់​លោក​ជិត​វិមាន​ឯករាជ្យ​មុន ២​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​មច្ឆជាតិ​ក្នុង​ឆ្នាំ​នេះ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មីៗ និង​ជា​នាយក​រដ្ឋមន្ត្រី​ផង លោក ហ៊ុន សែន ចំអក​ឲ្យ​មន្ត្រី​ជលផល​ថា តើ​ការ​ដាក់​តាំង​បង្ហាញ​នូវ​បម្រាម​នេសាទ​ខុស​ច្បាប់​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​នេះ ឲ្យ​អ្នក​ណា​ឃើញ? លោក​បន្ថែម​ទៀត​ថា ឬ​គិត​ថា ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែរ។ លោក ហ៊ុន សែន ថែម​ទាំង​ដាក់​ចេញ​នូវ​បញ្ជា​ទៀត​ថា ផ្ទាំង​ប៉ាណូ​ដែល​បាន​ដាក់​តាំង​រួច​ហើយ​នេះ ហាម​ដក​ចេញ គឺ​ទុក​បង្ហាញ​ឲ្យ​សាធារណជន​វាយ​តម្លៃ​សិន​ចុះ ថា​តើ​ដាក់​តាំង​បែប​នេះ​វា​ជា​រឿង​ដែល​ត្រឹមត្រូវ​ដែរ​ទេ?។ លោក​បន្ត​ថា «ផ្លូវ​ទៅ​ខាង​ស្ដាំ​ដៃ​គេ​ដាក់​ថា សូម​កុំ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​នេសាទ។ អ៊ីចឹង​អ្នក​ភ្នំពេញ​ជា​អ្នក​នេសាទ​គេ​ដែរ? បិទ​ខុស​កន្លែង​ទេ​ដឹង ឬ​ឲ្យ​ខ្ញុំ​ឃើញ ចង់​ឲ្យ​ខ្ញុំ​និយាយ។ អា​ហ្នឹង​គួរ​តែ​ដើរ​ដាក់​កន្លែង​ផ្សេងៗ​នៅ​គ្រប់​កន្លែង ដាក់​កន្លែង​តំបន់​នេសាទ​នេះ មិន​មែន​ដាក់​កន្លែង​ផ្ទះ​នាយក​រដ្ឋមន្ត្រី​ទេ»

រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ជលផល​លើក​ទី​១ កាល​ពី​ចុង​ឆ្នាំ​២០០០ ដោយ​សម្រេច​លុប និង​កាត់​បន្ថយ​ឡូ​នេសាទ​ប្រមាណ​ជាង ៥៦% នៃ​ផ្ទៃ​ឡូ​នេសាទ​ទូទាំង​ប្រទេស ប្រគល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រើប្រាស់ និង​គ្រប់គ្រង​តាម​រយៈ​ការ​រៀបចំ​ជា​សហគមន៍​នេសាទ។ ដំណាក់​កាល​ទី​ពីរ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​អនុក្រឹត្យ​កាត់​ឡូ​នេសាទ​ពី​លក្ខណៈ​ឯកជន មក​ជា​ការ​ប្រើប្រាស់​ជា​សហភាព​វិញ​នៅ​ទូទាំង​ប្រទេស។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​ការ​អភិរក្ស​ជលផល រក​ឃើញ​ថា គោល​នយោបាយ​កាត់​ឡូ​របស់​រដ្ឋាភិបាល​នេះ ពុំ​មែន​ជា​ការ​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ រឿង​នេះ​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សហគមន៍ និង​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ទៅ​វិញ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​តំបន់​បឹង​ទន្លេសាប នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ម៉ិញ ប៊ុនលី ចាត់​ទុក​ថា ការ​ថ្លែង​របស់ លោក ហ៊ុន សែន នេះ វា​ហាក់​ផ្ទុយ​ពី​ខ្លឹមសារ​រួម​ដែល​ធានា​ពី​ការ​ផ្សព្វផ្សាយ និង​ការ​ចូលរួម​ជា​សាធារណៈ ដែល​កំណត់​ដោយ​ច្បាប់។ លោក​យល់​ឃើញ​ថា វា​មិន​ទាស់​ខុស​នោះ​ឡើយ ព្រោះ​នេះ​ជា​ការ​រួម​ចំណែក​ទប់ស្កាត់​បទល្មើស ហើយ​ជំរុញ​ឲ្យ​សាធារណជន​បាន​យល់​ដឹង​បន្ថែម​ពី​គោលការណ៍ និង​បទបញ្ញត្តិ​នានា​ផង ប្រឆាំង​បទល្មើស​នេសាទ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ដាក់​ស្លាក​អប់រំ​ទាក់ទង​បទល្មើស​នេសាទ ឬ​ក៏​បញ្ហា​នេសាទ​នេះ គេ​អាច​ដាក់​នៅ​គ្រប់​ទី​សាធារណៈ ដែល​គិត​ថា​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ចេញ​ចូល ដូច្នេះ​ទីប្រជុំជន​ហ្នឹង»

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ថា កំណើន​ត្រី​ចិញ្ចឹម​បាន​កើន​ឡើង​រហូត​ដល់ ៣០​ម៉ឺន​តោន​កាល​ពី​ឆ្នាំ២០១៤។ តួលេខ​នេះ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១២ វិញ មាន​ចំនួន​ត្រឹម ១២​ម៉ឺន​តោន។

ក្រៅ​ពី​ការ​ថ្លែង​រិះគន់​មន្ត្រី​ជលផល​នេះ លោក ហ៊ុន សែន ថែម​ទាំង​ចំអក​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល គឺ​លោក ម៉ម ប៊ុនហេង ថែម​ទៀត​ផង។

លោក​នាយក​រដ្ឋមន្ត្រី​ហៅ​ការ​ផ្សព្វផ្សាយ​ពី​របៀប​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ ថា​មិន​គួរ​ផ្សព្វផ្សាយ​នៅ​តាម​ទី​ជនបទ​ទេ។ ផ្ទុយ​ទៅ​វិញ យុទ្ធនាការ​នេះ​គួរ​បំផុស​ឲ្យ​មាន​ការ​យល់​ដឹង​នៅ​តាម​ទីប្រជុំ ឬ​ទីក្រុង​វិញ​ល្អ​ជាង ព្រោះ​ពួក​គេ​ងាយ​បោះបង់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មុន​កាល​កំណត់។ ដោយ​ឡែក អ្នក​រស់នៅ​តាម​ជនបទ​វិញ ពុំ​មាន​លទ្ធភាព​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។