មន្ត្រី​ជំនាញ​ជលផល​ថា​ត្រី​ត្រូវ​ខ្លាំង​ក្នុង​រយៈពេល​៣០​នាទី​​បាន​ពី​២​ទៅ​៤​តោន

ដោយ ទីន ហ្សាការីយ៉ា
2017-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​កើប​ត្រី​ប្រហុក​ចេញ​ពី​ទូក​ក្នុង​ស្ទឹង​សង្កែ ដាក់​ជាល​ដឹក​យក​ទៅ​លក់​ក្នុង​ផ្សារ​ប្រហុក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun
ពលរដ្ឋ​កើប​ត្រី​ប្រហុក​ចេញ​ពី​ទូក​ក្នុង​ស្ទឹង​សង្កែ ដាក់​ជាល​ដឹក​យក​ទៅ​លក់​ក្នុង​ផ្សារ​ប្រហុក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជាសាន ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣០​នាទី មាន​ដាយ​ក្នុង​ឡូត៍​នេសាទ​ត្រី​ខ្លះ នៅ​ទន្លេសាប អាច​ប្រមូល​ផល​បាន​ពីរ ២ ទៅ ៤​តោន បើ​ទោះ​ជា​មាន​ភ្លៀង​ជា​បន្ត​បន្ទាប់​ក៏ដោយ។

លោក​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) លោក​ទៀត​ថា គន្លង​ដាយ​ត្រី​ជួរ​លេខ ១២ និង​លេខ ១៣ ទទួល​បាន​ទិន្នផល​ត្រី​ពី ១​តោន ទៅ ១​តោន​កន្លះ ក្នុង​រយៈពេល ៣០​នាទី។ ឯ​គន្លង​ដាយ​ត្រី​លេខ ១៥ វិញ អាច​ទទួល​បាន ២ ទៅ ៤​តោន ក្នុង​រយៈពេល​កន្លះ​ម៉ោង​ដូចគ្នា។

លោក អេង ជាសាន ឲ្យ​ដឹង​ទៀត​ថា ទិន្នផល​ត្រី​នៅ​រដូវ​បើក​នេសាទ ទឹកសាប​ឆ្នាំ​២០១៧​នេះ ទទួល​បាន​ជាង ៥៣០​ពាន់​តោន។ លោក​បន្ត​ថា ការ​ប្រមូល​ផល​នេសាទ​ទឹកសាប​ឆ្នាំនេះ មាន​ចំនួន​កើន​ឡើង ដោយសារតែ​ស្ថានភាព​ទឹក​ឡើង​ខ្ពស់​ជាង​ឆ្នាំមុន ហើយ​ទឹកទន្លេ​ឆ្នាំនេះ ឆាប់​ឡើង និង​នៅ​បាន​យូរ​ប្រហែលជា ៤​ខែ ដែល​ធ្វើ​ឲ្យ​បរិមាណ​ត្រី​មានការ​កើន​ឡើង និង​ទំហំ​ក៏​ធំ​ជាង​ឆ្នាំមុន រួម​នឹង​អំណោយ​ផល​ភ្លៀង​ធ្លាក់​ទៀងទាត់​ល្អ​ថែម​ទៀត​ផង។

រដ្ឋបាល​ជលផល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់​ហូប​ប្រចាំ​ឆ្នាំ ឲ្យ​ត្រៀមខ្លួន​ទៅ​ទិញ​ត្រី នៅ​បណ្ដា​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខែត្រ​កណ្ដាល ពីព្រោះ​ត្រី​ចាប់ផ្ដើម​ត្រូវ​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ ធ្នូ និង​ម្ដងទៀត​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ ដល់ ២៦ ខែ​មករា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល