វេទិកាគ្មានការប្រើប្រាស់ថ្នាំកសិកម្មនៅខេត្តបន្ទាយមានជ័យ
មនុស្សជាច្រើនរយនាក់ ក្នុងនោះមានកសិករ និស្សិត មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរាជការផងនោះ បានចូលរួមក្នុងទិវាគ្មានការប្រើប្រាស់ថ្នាំកសិកម្ម ក្រោមប្រធានបទ ស្ត្រីចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្មដែលបង្កគ្រោះថ្នាក់ខ្លាំងក្រៃលែង ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពស្បៀង នៅក្នុងទីរួមខេត្តបន្ទាយមានជ័យ។
នាយករងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងជាតំណាងគណៈកម្មការរៀបចំទិវាគ្មានការប្រើប្រាស់ថ្នាំកសិកម្ម លោក តឹក វណ្ណារ៉ា ថ្លែងថា បច្ចុប្បន្ន ប្រជាកសិករកំពុងពេញនិយមក្នុងការប្រើសារធាតុគីមី ដូចជាថ្នាំកសិកម្ម ជីគីមី ដើម្បីជំរុញផលិតផលកសិកម្ម។ ទន្ទឹមនឹងការធ្វើឲ្យទិន្នផលកើនឡើង សារធាតុគីមី និងថ្នាំគីមីនេះ បានបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន រួមទាំងការចំណាយខ្ពស់ទៅលើការទិញ និងជះឥទ្ធិពលដល់អ្នកប្រើប្រាស់ធ្ងន់ធ្ងរថែមទៀត៖ «ទិវានេះ គឺយើងចង់ផ្ញើសារទៅដល់រាជរដ្ឋាភិបាល វិស័យឯកជន ទៅដល់ប្រជាពលរដ្ឋ ស្ថាប័នសិក្សាស្រាវជ្រាវ អ្នកចែកចាយ អ្នកផលិត អ្នកអនុវត្តន៍ច្បាប់ អ្នកប្រើប្រាស់ ដើម្បីឲ្យបានយល់ដឹងអំពីផលប៉ះពាល់ការប្រើប្រាស់ថ្នាំកសិកម្ម និងសារធាតុគីមី ជាពិសេសផ្ញើសារទៅដល់រាជរដ្ឋាភិបាលដែលជាអ្នកអនុវត្តន៍ច្បាប់ ឲ្យគាត់ពង្រឹងការគ្រប់គ្រងថ្នាំកសិកម្ម និងឲ្យបានធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់ហ្នឹងអ្នកប្រើប្រាស់ទាំងអស់ហ្នឹង ទទួលបានព័ត៌មានគ្រប់គ្រាន់»។
លោកបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរកំពុងរងផលប៉ះពាល់ពីសារធាតុគីមី និងថ្នាំកសិកម្ម មានស្ថានភាពធ្ងន់ធ្ងរ ដោយសារការនាំបន្លែផ្លែឈើចូលពីក្រៅប្រទេស។ ទំនិញដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ប្រចាំថ្ងៃ សម្បូរទៅដោយសារធាតុគីមី និងថ្នាំកសិកម្ម។ សារធាតុគីមី និងថ្នាំកសិកម្មជ្រាបក្នុងខ្លួនមនុស្ស បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយពួកគេពុំបានដឹងខ្លួននោះឡើយ៖ «បញ្ហានេះហើយបង្កឲ្យប្រជាជនកម្ពុជា ទទួលរងបន្ទុកមួយបង្កផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរទាក់ទងការបរិភោគផ្លែឈើ បន្លែត្រីសាច់ អ៊ីចឹងកត្តាចម្បងដែលយើង គឺរាជរដ្ឋាភិបាលជំរុញការអនុវត្តច្បាប់ហ្នឹងឲ្យបានត្រឹមត្រូវ ដើម្បីធានាថា ថ្នាំកសិកម្មសារធាតុគីមីដែលនាំចូល ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ត្រូវគោរពទៅតាមស្តង់ដារមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយទី២ ទាក់ទងវិធីសាស្ត្រប្រើប្រាស់គួរតែធ្វើជាភាសាខ្មែរទាំងអស់»។
ជាមួយគ្នានេះ លោកសុំឲ្យប្រជាពលរដ្ឋ ជាពិសេសកសិករមុនពេលប្រើប្រាស់ថ្នាំកសិកម្ម ឬក៏សារធាតុគីមី គួរពិនិត្យមើលផ្លាកសញ្ញា និងសេចក្ដីណែនាំនៅលើសម្បកដប សម្បកកំប៉ុង ឬកញ្ចប់នៃថ្នាំកសិកម្មទាំងនោះឲ្យបានច្បាស់លាស់ ហើយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំពីវិធីប្រើប្រាស់ និងវិធីការពារខ្លួន ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពរបស់ខ្លួនឯង និងអ្នកដទៃ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ចុង ផែត មានប្រសាសន៍ថា ក្រសួងកសិកម្ម មានច្បាប់គ្រប់គ្រងសារធាតុគីមី និងថ្នាំកសិកម្ម។ ក្រុមហ៊ុនឯកជនមួយចំនួន គឺឋិតនៅក្រោមការត្រួតពិនិត្យរបស់មន្ទីរកសិកម្ម។ ដូច្នេះហើយ កម្ពុជា មិនអនុញ្ញាតឲ្យមាននាំចូលសារធាតុគីមី និងថ្នាំកសិកម្មដែលខុសបញ្ញត្តិច្បាប់បាននោះទេ៖ «យើងសំណូមពរដល់អាជីវករទាំងអស់ គោរពក្រមសីលធម៌ និងវិជ្ជាជីវៈផលរកស៊ី ធ្វើម៉េចចំណេញក៏មែនពិត ប៉ុន្តែត្រូវគិតដល់ផលប្រយោជន៍ជីវិតរស់នៅសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសអ្វីដែលហៅថាក្រោមការត្រួតពិនិត្យរបស់ជំនាញកសិកម្ម ផ្អែកទៅតាមច្បាប់ពាក់ព័ន្ធថ្នាំ និងសារធាតុគីមី»។
នាយកប្រតិបត្តិរងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល លោក តឹក វណ្ណារ៉ា លើកឡើងថា ការប្រើសារធាតុគីមី និងថ្នាំកសិកម្ម កំពុងនាំទៅរកការបាត់បង់នូវតុល្យភាពនៃលំនឹងប្រព័ន្ធអេកូឡូស៊ី (Ecology)។ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អាជីវករ កសិករ ត្រូវចូលរួមយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តច្បាប់ ការគ្រប់គ្រងថ្នាំកសិកម្ម សម្ភារៈកសិកម្ម មិនត្រូវប្រើថ្នាំកសិកម្មដែលមានការហាមឃាត់ បើពុំដូច្នេះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពស្បៀង និងមិនអាចកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា បានឡើយ៕