សកម្មជន និងសហគមន៍អះអាងថា សកម្មភាពកាប់ឈើនៅក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ពីសំណាក់កម្មកររបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think-Biotech Co., Ltd) ដោយមិនឃើញមានមន្ត្រីជំនាញ និងអាជ្ញាធរសមត្ថកិច្ច ចុះបង្ក្រាប ទប់ស្គាល់នោះទេ។
សកម្មជនការពារព្រៃឈើឲ្យដឹងថា ក្រុមហ៊ុន ស៊ីង បាយអូថេកដែលមានទីតាំងជាប់ព្រំប្រទល់ជាមួយតំបន់ព្រៃឡង់ កំពុងតែមមាញឹក ដឹកជញ្ជូនឈើចេញព្រៃការពារ ចូលទៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយកែនប្រជាពលរដ្ឋនៅតំបន់នោះ ចូលទៅកាប់ឈើនៅក្នុងព្រៃអភិរក្សយកមកលក់ឲ្យខ្លួន ក្នុងមួយម៉ែត្រគូប ៤០ម៉ឺនរៀល។ សកម្មជនការពារព្រៃឈើ លោក ស៊ឺន ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា ក្រុមហ៊ុននេះ បានប្រមូលឈើទាំងអស់ទៅផ្គត់ផ្គង់ឲ្យទៅក្រុមអង្គរផ្លាយវូត ដែលជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា ក្នុងការនាំចេញឈើយកទៅលក់ នៅក្រៅប្រទេស។
លោក ស៊ឺន ពិសិដ្ឋ៖ «យើងនៅតែរកឃើញក្រុមហ៊ុនស៊ីងបាយអូថេក កាប់និងដឹកជញ្ជូនឈើយ៉ាងសស្រាក់សស្រាំ កាប់ឈើពីតំបន់ព្រៃឡង់ ដើម្បីផ្គត់ផ្គង់ទៅក្រុមហ៊ុនអង្គរផ្លាយវូដ ក្រុមហ៊ុនអង្គរផ្លាយវូដ ជាក្រុមហ៊ុនធំជាងគេនៅកម្ពុជាក្នុងការនាំចេញឈើយកនៅប្រទេសវៀតណាម ចិន និងសហភាពអ៊ឺរ៉ូប»។
ប្រជាពលរដ្ឋរស់នៅឃុំវឌ្ឍនៈម្នាក់ លោក ត្រាយ ស្រ៊ាង បានអះអាងប្រាប់វិទ្យុអាស៊ីសរីថា លោកតែងតែឃើញរថយន្តដឹកឈើធំៗ ដែលមានគ្របតង់ពីខាងលើ ដឹកកាត់មុខផ្ទះរបស់លោកចាប់ពី ១០គ្រឿងឡើងទៅ ដោយមិនឃើញមានសមត្ថកិច្ចជំនាញខាងណាចុះទប់ស្កាត់នោះទេ ។ លោកបន្ថែមថា មន្ត្រីបរិស្ថានឈរជើងនៅតំបន់នោះ ក៏មិនហ៊ានសួរនាំរថយន្តដឹងឈើទាំងនោះដែរ មិនតែប៉ុណ្ណោះមន្ត្រីទាំងនោះបែរមកអនុវត្តច្បាប់ទៅប្រជាពលរដ្ឋតូចតាច ដែលបានកាប់ឆ្ការព្រៃធ្វើស្រែចម្ការចិញ្ចឹមជីវិតទៅវិញ ។
លោក ត្រាយ ស្រ៊ាង៖ «វាលាក់អាឈើឈ្លីក វាដាក់ដើមអាកាស្យានៅពីខាងលើ បន្តទៅ ក្រឡាប់បានឃើញ បើអត់ក្រឡាប់អត់ឃើញទេ បើវាឃ្លុំជិតហើយហ្នឹង វាដាក់អាកាស្យាតិចៗ មើលអីឃើញដល់ក្រឡាប់សុទ្ធតែឈើឈ្លីក ប្រជាពលរដ្ឋកាប់ចម្ការទៅ គេថា កាប់ព្រៃឈើ ចុះដល់ក្រុមហ៊ុនធំៗ អត់កាប់ព្រៃឈើទេអ៊ីចឹង»។
សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ បានប្រាប់ឲ្យដឹងដែរថា កម្មករក្រុមហ៊ុនរាប់រយនាក់ បានសម្រុកចូលទៅកាប់ឈើនៅក្នុងតំបន់ការពារ ព្រៃសហគមន៍សាមគ្គី និងតំបន់ព្រៃឡង់ស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដឹកយកទៅលក់ឲ្យក្រុមហ៊ុន ដោយមិនឃើញមានសមត្ថកិច្ចខាងណាចុះទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញ មន្ត្រីអាជ្ញាធរមិនអនុញ្ញាតឲ្យសមាជិកសហគមន៍ព្រៃឡង់ចូលក្នុងតំបន់ការពារឡើយ។ លោកបន្ថែមថា មន្ត្រីជំនាញទាំងនោះ មិនបានរារាំងក្រុមជនល្មើស ដែលបានកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ឡើយ ដូច្នេះមិនយូរទេ ដែនជម្រកសត្វព្រៃមួយនេះនឹងវិនាសហិនហោច។
លោក ខេង ខូ៖ «មន្ត្រីបរិស្ថាន និងអាជ្ញាធរគេយកលុយតែពីបទល្មើស គេមិនទប់ស្កាត់នោះទេ គេទប់ស្កាត់តែអ្នកចុះល្បាតការពារព្រៃឈើ ដូចជា បទល្មើសចូលទៅទាំងគោយន្ត គេយកលុយក្នុងមួយគោយន្ត ២០ម៉ឺន ៣០ម៉ឺន ចំពោះប្រជាជនចូលរួមការពារគេហាមឃាត់មិនឲ្យចូល គេបញ្ជាក់ថា តំបន់ការពារ តំបន់អភិរក្ស»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា និងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ដួង ឆាយសាវុធ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល។ចំណែកអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា និង អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរ។ រីឯតំណាងក្រុមហ៊ុន ស៊ីង បាយអូថេក លោក លូ ឈូឆាយ ក៏មិនអាចទាក់ទងបានដែរ ។
ពាក់ព័ន្ធនឹងរឿងនេះដែរ មន្ត្រីសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះ កំពុងតែបញ្ជូនក្រុមកម្មករ សម្រុកចូលទៅកាប់ឈើនៅក្នុងតំបន់ការពារ ព្រៃឡង់ នៅក្នុងទឹកដីខែត្រក្រចេះ និងខែត្រស្ទឹងត្រែង ដោយក្រុមកម្មករទាំងអស់នោះ កាប់ប្រមូលប្រភេទដើមឈើ ឈ្លីក សុក្រម ដែលមានមុខកាន់ចាប់ពី ៣តឹកឡើងទៅ ហើយក្រុមកម្មករ ពួកគេត្រូវបានក្រុមហ៊ុនជាអ្នកកាងការពារសុវត្ថិភាពឲ្យ នៅពេលដែលចូលទៅកាប់ និងដឹកជញ្ជូនចេញពីតំបន់អភិរក្ស ។ លោកសម្ដែងការព្រួយបារម្ភ ចំពោះព្រៃឈើនៅក្នុងតំបន់ព្រៃការពារ ជាពិសេស នៅតំបន់ព្រៃឡង់នេះតែម្ដង ដែលអាជ្ញាធរ និងមន្ត្រីជំនាញនៅតំបន់នោះ មិនបានយកចិត្តទុកដាក់ បង្ក្រាបនៅបទល្មើស ដែលនៅក្នុងតំបន់របស់ខ្លួន។
លោក អូត ឡាទីន៖ «ខ្ញុំនៅតែមានការព្រួយបារម្ភអំពីបញ្ហានៅក្នុងតំបន់ព្រៃឡង់ បច្ចុប្បន្នកំពុងមានការកាប់ឈើ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្ត្រព្រៃឡង់បញ្ហាទាំងអស់នេះ កើតឡើងអាចនឹងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ រវាងអ្នករកស៊ីឈើជាមួយនឹងអ្នកដែលធ្វើការងារក្នុងតំបន់នោះ ប្រសិនជាមិនមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ ឈើប្រណិតទាំងនោះ ពុំអាចដឹកជញ្ជួនចេញពីតំបន់នោះបានឡើយ»។
សកម្មជន និងមន្ត្រីសង្គមស៊ីវិលទទូចទៅរដ្ឋាភិបាល និងមន្ត្រីជំនាញ ឲ្យប្រើឆន្ទៈពិតប្រាកដ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។ បើមិនដូច្នេះទេ ដែនជម្រកសត្វព្រៃ ដែលធំជាងគេនៅកម្ពុជា និងវិនាសកម្មជាក់ជាមិនខាន ក្នុងពេលឆាប់ៗ ខាងមុខនេះ។
កាលពីដើមឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ដោយរកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមានជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។ អង្គការអន្តរជាតិមួយនេះ ជំរុញឱ្យរដ្ឋាភិបាល បញ្ឈប់ការកាប់ឈើខុសច្បាប់ ដោយទប់ស្កាត់ជាបន្ទាន់នូវអំពើពុករលួយ ដែលកំពុងកើតមានយ៉ាងច្រើនសន្ធឹកសន្ធាប់។
របាយការណ៍នេះ បានបង្ហាញថា ប្រទេសកម្ពុជាទទួលរងការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេ នៅលើពិភពលោក ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបានបាត់បង់ព្រៃឈើប្រមាណ ៦៤% នៃគម្របដើមឈើ ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។ អង្គការលើកលែងទោសអន្តរជាតិ បានគណនាពីចម្ងាយ ដោយប្រើប្រព័ន្ធទិន្នន័យ កាលពីពេលថ្មីៗ នេះ ដោយរកឃើញថា គម្របព្រៃឈើទំហំ ៦.២៧១ ហិកតារ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ នៅក្នុងឆ្នាំ២០២១។ លើសពីនេះទៀត មូលហេតុចម្បងនាំឱ្យមានការកាប់ឈើខុសច្បាប់ គឺការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យ ក្រុមហ៊ុន ស៊ីង បាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ លើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨។ អ្នកការពារព្រៃឈើសង្កេតឃើញថា ក្រុមនេះ បានប្រើល្បិចកាប់រំលំដើមឈើតូចធំនៅតំបន់ផ្សេងទៀត ក្រៅពីតំបន់របស់ខ្លួន ដោយជួលកម្មកររាប់រយនាក់ ឱ្យចូលទៅកាប់ឈើនៅក្នុងព្រៃអភិរក្សយកទៅលក់ឲ្យខ្លួន។
ដែនជម្រកសត្វព្រៃឡង់មានផ្ទៃដីជាង ៤សែន ៣ម៉ឺនហិកតារ (៤៣.១៦៨៣) ឋិតក្នុងចន្លោះខេត្តចំនួន ៤ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។