ឈើប្រណីតជាង២០ម៉ែត្រគូបត្រូវរឹបអូសពីកន្លែងស្ដុកឈើខុសច្បាប់នៅរតនគិរី
ឈើប្រណីតប្រភេទឈើធ្នង់ នាងនួន ជាង ២០ម៉ែត្រគូប ត្រូវបានក្រុមសមត្ថកិច្ចចម្រុះរឹបអូសពីកន្លែងស្តុកឈើខុសច្បាប់ ៣កន្លែង នៅសង្កាត់បឹងកន្សែង ក្រុងបានលុង។
ការបង្ក្រាបទីតាំងលាក់ទុកឈើប្រណីតខុសច្បាប់នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៣ រហូតមកទល់នឹងថ្ងៃទី១៦ ខែធ្នូ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចមិនបានចាប់ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់លាក់ទុកឈើខុសច្បាប់នេះទេ។
មន្ត្រីដឹកនាំការបង្ក្រាប ព្រះរាជអាជ្ញាអមតុលាការខេត្តរតនគិរី លោក លាវ ស្រេង មានប្រសាសន៍បញ្ជាក់ថា ឈើជាវត្ថុតាងទាំងអស់បានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមច្បាប់ព្រៃឈើ។ លោកបន្តថា ជនពាក់ព័ន្ធជាម្ចាស់ឈើហ្នឹង ត្រូវកោះហៅឲ្យចូលទៅបំភ្លឺនៅខណ្ឌរដ្ឋបាលព្រៃឈើ ពីករណីចោទប្រកាន់ថាបានធ្វើសន្និធិឈើខុសច្បាប់។
ទាក់ទិនការបង្ក្រាបនេះដែរ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភិន មានប្រសាសន៍បញ្ជាក់ថា វត្ថុតាងឈើប្រណីតទាំងអស់នឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំណែកជនពាក់ព័ន្ធស្តុកឈើ នឹងត្រូវទទួលការពិន័យអន្តរការណ៍តាមច្បាប់ព្រៃឈើ។ លោកបន្តថា ប្រាក់ពិន័យអន្តរការណ៍ទាក់ទិនការស្តុកឈើប្រណីតនេះ មានបរិមាណបីដងទៅនឹងតម្លៃទីផ្សារឈើប្រណីតទាំងអស់នេះ៖ «បីករណីនេះនៅដៃផ្នែកនៅឡើយ មិនទាន់ដល់ខណ្ឌទេ។ តាមផ្លូវច្បាប់ បើសិនជាម្ចាស់ហ្នឹងគាត់ព្រមបង់ពិន័យ បានន័យថា ព្រមសារភាពទោសកំហុស គឺអត់បញ្ជូនទៅតុលាការទេ អាហ្នឹងមាត្រា៩៦។ ប៉ុន្តែ បើសិនណាគាត់មិនព្រមបង់ពិន័យទេ សំណុំរឿងទាំងបីហ្នឹង គឺអាចបញ្ជូនទៅតុលាការ ដើម្បីចាប់បង្ខំគាត់ឲ្យអនុវត្តច្បាប់តែម្តង»។
សេចក្តីរាយការណ៍របស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តរតនគិរី កត់សម្គាល់ថា ឈើប្រណីតត្រូវបានឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋអ្នកចូលព្រៃកាប់ឈើពីបណ្ដាស្រុក រួមមាន ស្រុកវ៉ឺនសៃ តាវែង លំផាត់ អណ្ដូងមាស និងអូរយ៉ាដាវ។ ឈើប្រណីតដែលឈ្មួញប្រមូលទិញមួយចំណែក ត្រូវគេយកទៅស្តុកទុកក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយចំនួន។ ឈើខ្លះទៀត ត្រូវឈ្មួញលាក់ទុកនៅតាមចម្ការ ឬឃ្លាំងស្តុកឈើលួចលាក់នៅតាមបណ្ដាកន្លែងស្តុកឈើតាមទីរួមស្រុក ឬក្រុង និងឈើមួយចំណែកទៀត ត្រូវគេដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម នៅវេលាយប់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ក្រៅពីទីតាំងស្តុកឈើប្រណីតនៅខេត្តនេះ មានរោងសិប្បកម្មផលិតគ្រឿងសង្ហារិមធ្វើពីឈើប្រណីត ដែលច្បាប់បានហាមឃាត់រាប់សិបកន្លែង។ លោកកត់សម្គាល់ថា ឈើប្រណីតមានតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារ ត្រូវបានគេផលិតជាគ្រឿងសង្ហារិមពាក់កណ្ដាលសម្រេច ឬសម្រេចដាក់តាំងលក់ជាសាធារណៈ និងគ្មានការបង្ក្រាប៖ «នៅមិនទាន់មានការបង្ក្រាបជាទ្រង់ទ្រាយធំ ហើយឲ្យបានគ្រប់កន្លែងឲ្យបានស្មើភាពគ្នានៅឡើយ។ យើងឃើញមានចន្លោះប្រហោងបទល្មើសព្រៃឈើមានច្រើនកន្លែង ដូចជានៅក្នុងដីសម្បទាននៅក្នុងសិប្បកម្មមួយចំនួនធំ ក៏ជាបទល្មើសព្រៃឈើធ្ងន់ធ្ងរផងដែរ។ជាពិសេស ការលក់គ្រឿងសង្ហារិមនៅកណ្ដាលក្រុងបានលុង ក៏ជាផ្នែកមួយនៃបទល្មើសព្រៃឈើ។ រោងសិប្បកម្មមួយចំនួនមានតែច្បាប់សិប្បកម្មទិញឈើខុសច្បាប់»។
តួលេខរបស់អាជ្ញាធរប៉ូលិសក្រុងបានលុង ឲ្យដឹងនៅក្រុងបានលុង មានរោងសិប្បកម្មផលិតគ្រឿងសង្ហារិមពីឈើប្រណីត ៥២កន្លែង ក្នុងនោះរោងសិប្បកម្មមានច្បាប់អនុញ្ញាត ១២កន្លែង៕