ក្រុម​ស្រាវជ្រាវ​ចេញ​របាយការណ៍​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ដោយ យាង សុជាមេត្តា
2014.10.03
សេសាន​ក្រោម​២ ៦២០ តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ជួប​ជុំ​គ្នា​​ក្នុង​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ តុលា ២០១៤ ដើម្បី​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។
RFA/Yeang Socheametta

ក្រុម​សិក្សា​ស្រាវជ្រាវ​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ធ្វើ​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៣ តុលា ដើម្បី​ចែក​រំលែក​លទ្ធផល​ស្រាវជ្រាវ ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៃ​ទំនប់​សេសាន​ក្រោម​២។

ស្រប​គ្នា​នេះ ពួក​គេ​ក៏​បាន​លើក​ឡើង​អំពី​កង្វល់ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ជា​គម្រោង​ដ៏​ធំ​ជាង​គេ​ដំបូង​បង្អស់​នៅ​កម្ពុជា។

សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ ដែល​ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) និង​សម្ព័ន្ធ​ទន្លេ​កម្ពុជា និង​មាន​មនុស្ស​ចូលរួម​ជិត ១០០​នាក់ មក​ពី​សហគមន៍​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី មន្ត្រី​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ បាន​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ ដែល​រួម​មាន អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ទំនប់​សេសាន​ក្រោម​២ និង​អំពី​ដំណោះស្រាយ​ផ្សេងៗ។

របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ២២​ទំព័រ​បង្ហាញ​ថា បើ​ទោះ​ជា​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ត្រូវ​បាន​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​បឋម​នៅ​ឆ្នាំ​២០០៧ និង​សិក្សា​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ពេញ​លេញ​ក្នុង​ឆ្នាំ​២០០៩ និង​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ជា​លំដាប់​រហូត​មក​ដល់​បច្ចុប្បន្ន​ក្តី ក៏ប៉ុន្តែ​គម្រោង​នេះ​នៅ​មាន​បញ្ហា​មួយ​ចំនួន ទាក់ទង​នឹង​តម្លាភាព​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន និង​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​គម្រោង រួម​មាន​ដូចជា ការ​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក ផែនការ​តាំង​ទី​លំនៅ​ថ្មី ព្រម​ទាំង​ផែនការ​សំណង​ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទទួល​បាន​សំណង ជាដើម។

របាយការណ៍​បង្ហាញ​ថា ទំនប់​សេសាន​ក្រោម​២ មាន​ផ្ទៃ​អាង​ស្តុក​ទឹក​ទំហំ​ប្រមាណ​ជា ៣​ម៉ឺន ៦​ពាន់​ហិកតារ ហើយ​ការ​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​ក្រុមហ៊ុន​ឈ្មោះ អាង អែន អាសូស៊ីអេស៊ិន ឡយ័រ (ANG & Association Lawyer Co., Ltd)។ តែ​ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ភាគ​ច្រើន​ដែល​ឋិត​នៅ​ទីតាំង​ទំនប់​វារីអគ្គិសនី មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ឡើយ ហើយ​ពលរដ្ឋ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ឲ្យ​ផ្អាក​រាល់​សកម្មភាព​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ទាំងអស់ ហើយ​ឈើ​ដែល​ពលរដ្ឋ​មាន ត្រូវ​តែ​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​មួយ​ដែល​ក្រុមហ៊ុន​បាន​កំណត់។

របាយការណ៍​បន្ត​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​កាប់​ឈើ​ជា​បណ្ដោះអាសន្ន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ ក្តី តែ​សកម្មភាព​កាប់​ឈើ​នៅ​តែ​មាន ដោយ​គេ​បាន​ប្ដូរ​ពី​រូបភាព​ពី​ការ​កាប់​ផ្ទាល់ ទៅ​ជា​ការ​បំផុសបំផុល​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃ​កាប់​ឈើ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ។ ចំណែក​ផែនការ​តាំង​ទី​លំនៅ​ថ្មី និង​សំណង ក៏​មិន​មាន​ភាព​ច្បាស់​លាស់​ឡើយ​រហូត​មក​ទល់​ពេល​នេះ បើ​ទោះ​ជា​មាន​ក្រុម​ការងារ​បច្ចេកទេស​បាន​ចុះ​ទៅ​សិក្សា​ទី​កន្លែង​តាំង​ទី​លំនៅ​ថ្មី​របស់​អ្នក​ភូមិ តាំង​ពី​ចុង​ឆ្នាំ​២០១៣ ក្តី។

ប្រជាពលរដ្ឋ​ជនជាតិ​ព្នង ម្នាក់​ឈ្មោះ តាយ តួន មក​ពី​ភូមិ​ក្បាលរមាស ដែល​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​៣​ផ្សេង​ទៀត រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ដែរ​នោះ ឲ្យ​ដឹង​ក្នុង​ពេល​ដែល​លោក​ចូលរួម​សិក្ខា​សាលា​ថា លោក​ពុំ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​គម្រោង​ឡើយ ពិសេស​អំពី​ទីកន្លែង​តាំង​ទី​លំនៅ​ថ្មី និង​អំពី​សំណង​តែ​ម្តង៖ «អត់​ទាន់​មាន​ដំណឹង​អី​សោះ​រឿង​សំណង​អ្វី​ពិត​ប្រាកដ ក៏​មិន​ទាន់​ជាក់លាក់ ដូច​ថា អ្វី​ដែល​ឲ្យ​ទៅ ហុច​ទៅ​ហុច​មក​អ៊ីចឹង​ណា ដូច​ថា​ឲ្យ​ច្បាស់​អ៊ីចឹង។ ប្រជាពលរដ្ឋ​គេ​ចង់​ឲ្យ​ច្បាស់​អ៊ីចឹង។ កុំ​ឲ្យ​ឮ​ថា​តែ​មាត់ៗ ហើយ​វារីអគ្គិសនី​សេសាន​ក្រោម​២ ចេះ​តែ​សាងសង់។ ដល់​អ៊ីចឹង សំណង​ហ្នឹង​ក៏​អត់​ដឹង​ថា​ទៅ​ឯណា​ឯ​ណី​ទេ ចុះ​បើ​សង់​ហើយ​លិច តើ​ប្រជាពលរដ្ឋ​ទៅ​នៅ​ឯណា? បើ​នៅ​ដី​ថ្មី​ខ្ញុំ​ចង់​ថា​ដី​នោះ​ឲ្យ​វា​បាន​ពិត​ប្រាកដ កុំ​ឲ្យ​ដូច​ថា​មាន​ពាក់ព័ន្ធ ឬ​ប៉ះ​ចំ​ក្រុមហ៊ុន​អ៊ីចឹង​ណា អត់​ចង់​ទេ»

អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ទទួល​បន្ទុក​ការងារ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន លោក ទា ជុប ដែល​ចូលរួម​ក្នុង​សិក្ខា​សាលា​ដែរ​នោះ​ថ្លែង​ថា ប្រសិន​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ រដ្ឋាភិបាល​នឹង​មិន​អភិវឌ្ឍ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​កំពុង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ ក្នុង​នោះ​រួម​មាន ការ​ស្វែងរក​ទីតាំង​ថ្មី​សម្រាប់​ផ្លាស់ទី ស្វែងរក​ដី​កសិកម្ម​ដែល​មាន​ជីជាតិ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​សហគមន៍​ថ្មី និង​សំណង​ផ្សេងៗ​ទៀត។

លោក ទា ជុប៖ «ដូច្នេះ​គាត់​ត្រូវ​ធ្វើ​មន្ទីរពេទ្យ គាត់​ត្រូវ​ធ្វើ​សាលា​រៀន គាត់​ត្រូវ​ធ្វើ​សាលា​ឃុំ គាត់​ត្រូវ​ធ្វើ​ថ្នល់ គាត់​ត្រូវ​ជីក​អណ្ដូង គាត់​ធ្វើ​អ្វី​ហៅ​ថា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​នោះ​បាន មិន​មែន​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ផ្សេង ហើយ​ក្រ​ជាង​មុន​ទេ ឲ្យ​គាត់​ទៅ​ពី​កន្លែង​ចាស់​រើ​ទៅ​កន្លែង​ថ្មី ឲ្យ​គាត់​រស់នៅ​បាន​ជីវភាព​ខ្ពស់​ជាង​មុន គឺ​អភិវឌ្ឍ​ដើម្បី​រំដោះ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ»

របាយការណ៍​ស្រាវជ្រាវ​សហគមន៍​បង្ហាញ​ថា ពលរដ្ឋ​គ្រាន់​តែ​បាន​ដឹង​ថា ពួក​គាត់​នឹង​ទទួល​សំណង​ក្នុង​មួយ​គ្រួសារ​ផ្ទះ​មួយ​ខ្នង ដី​ផ្ទះ​ទំហំ ៥០​ម៉ែត្រ គុណ​នឹង ១០០​ម៉ែត្រ ដី​ស្រែ ៥​ហិកតារ និង​ដី​ចម្ការ ១​ហិកតារ ប៉ុន្តែ​មិន​ដឹង​ថា​នៅ​ឯណា ឬ​ពេល​ណា​នឹង​ត្រូវ​ចាក​ចេញ​ពី​កន្លែង​ចាស់​នោះ​ទេ។ ចំណែក​ដី​ព្រៃ​អារក្ស ឬ​ព្រៃ​កប់​ខ្មោច​ដូនតា ក៏​មិន​ដឹង​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​ដែរ។

គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​គម្រោង​ធំ​ជាង​គេ​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​ចំណាយ​ទុន​សាងសង់​ពី ៨០០ ទៅ ១​ពាន់​លាន​ដុល្លារ និង​អាច​ផលិត​ថាមពល​ដល់ ៤០០​មេហ្គា​វ៉ាត់។ បើ​តាម​រដ្ឋាភិបាល នៅ​ពេល​ទំនប់​នេះ​ចាប់​ផ្តើម​ដំណើរ​ការ កម្ពុជា អាច​នឹង​រក​ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ចំនួន​ប្រមាណ ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។