អាជ្ញាធរបានច្រានចោលរបាយការណ៍គោលនយោបាយសំណងសេសានក្រោម២ របស់ក្រុមស្រាវជ្រាវឯករាជ្យ ដោយលើកឡើងថា របាយការណ៍នេះនៅមានចំណុចខ្វះខាត មិនឯករាជ្យ ទិន្នន័យមួយចំនួនមិនច្បាស់លាស់ និងមានកំហុសអក្ខរាវិរុទ្ធជាដើម។ ចំណែកតំណាងក្រុមស្រាវជ្រាវចាត់ទុកការច្រានចោលរបស់អាជ្ញាធរនៅពេលនេះ ថានឹងប៉ះពាល់ដល់សហគមន៍កាន់តែខ្លាំង។
អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីក្រសួងបរិស្ថាន មន្ត្រីក្រសួងរ៉ែ និងថាមពល ច្រានចោលទាំងស្រុងលើលទ្ធផលសិក្សាស្រាវជ្រាវឯករាជ្យរបស់លោកបណ្ឌិត កែម ឡី ដែលរកឃើញថា គោលនយោបាយសំណងសេសានក្រោម២ របស់រដ្ឋាភិបាលផ្ដល់ជូនពលរដ្ឋមានតម្លៃទាបជាងទីផ្សារ ហើយកំពុងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសង្គមកិច្ច និងបរិស្ថានមានទំហំធំធេង។
ការច្រានចោលរបស់អាជ្ញាធរខេត្តស្ទឹងត្រែង និងមន្ត្រីក្រសួងពាក់ព័ន្ធនៅពេលនេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អង្កេតគោលនយោបាយសំណង និងតម្លៃទ្រព្យតាមទីផ្សារនៃគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលរៀបចំឡើងនៅថ្ងៃទី៩ ខែធ្នូ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ អះអាងថា របាយការណ៍នេះមាននិន្នាការនយោបាយទិន្នន័យរបាយការណ៍មិនអាចប្រើប្រាស់បាន ពិសេសមិនបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រដ្ឋាភិបាលកន្លងមកនោះឡើយ៖ «ប្រព័ន្ធខ្លឹមសារនៃការបកស្រាយវាអត់គ្រប់ជ្រុងជ្រោយ អត់ទាន់ស្របអ្វីដែលរដ្ឋាភិបាល និងក្រុមហ៊ុនសិក្សាស្រាវជ្រាវ ដូច្នេះខ្លឹមសារក្នុងរបាយការណ៍នេះ យើងមិនអាចយកវានោះទេ»។
លោកបញ្ជាក់ដែរថា ពលរដ្ឋដែលទទួលរងផលប៉ះពាល់ចំនួន ៦ភូមិ ជិត ១.០០០គ្រួសារ រហូតមកដល់ពេលនេះ រដ្ឋាភិបាល និងក្រុមហ៊ុនបានទូទាត់សំណងជាថវិកាបានរួចរាល់ទាំងស្រុងជូនពលរដ្ឋបាន ៣ភូមិហើយ នៅសល់តែ ៣ភូមិទៀតប៉ុណ្ណោះ ដែលរដ្ឋាភិបាលកំពុងសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យផលប៉ះពាល់ដើម្បីទូទាត់សំណងបន្ថែមទៀត។
ទីប្រឹក្សាឯករាជ្យ និងជាតំណាងក្រុមអ្នកស្រាវជ្រាវការសិក្សាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែមានសេចក្ដីក្លាហានហ៊ានទទួលយកការពិត មិនគួរច្រានចោលរបាយការណ៍យ៉ាងឆាប់រហ័សពេកនោះទេ ដើម្បីឲ្យពលរដ្ឋដែលរងផលប៉ះពាល់ទទួលបានផលពិតប្រាកដ៖ «ប្រសិនបើគាត់មានសេចក្ដីក្លាហានទទួលយកការពិត គាត់មានឱកាសនឹងកែ ប៉ុន្តែបើគាត់មិនមានសេចក្ដីក្លាហានទទួលយកការពិតនោះទេ គាត់មិនអាចដោះស្រាយបញ្ហាពលរដ្ឋជាក់ស្ដែងមានប្រសិទ្ធភាពនោះទេ»។
របាយការណ៍អង្កេតគោលនយោបាយសំណង និងតម្លៃទ្រព្យតាមទីផ្សារនៃគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលបានស្ទង់មតិពលរដ្ឋចំនួនជិត៤០០នាក់ មកពី៩ភូមិ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឬដោយផ្ទាល់ពីការសាងសង់ទំនប់សេសានក្រោម២ ក្នុងស្រុកសេសាន កាលពីឆ្នាំ២០១៤ បង្ហាញថា ជាង ៩០% នៃពលរដ្ឋទទូចឲ្យលុបចោលការសាងសង់គម្រោងទំនប់នេះ។
របាយការណ៍ដដែលរកឃើញទៀតថា សំណង់ដែលផ្ដល់ឲ្យមិនទាន់សមស្របតាមតម្លៃទីផ្សារ និងមិនបានគិតដល់ការចំណាយបែបប្រពៃណីនៅឡើយ។ ជាក់ស្ដែងសំណងប្រពៃណីមិនបានគិតដល់ការចំណាយលើពិធីសែនព្រេនពេលផ្លាស់ទីលំនៅ ដែលជាមធ្យមក្នុង ១គ្រួសារចំនួន ១.០០០ ទៅ ២.០០០ដុល្លារ និងក្នុងសហគមន៍មួយត្រូវចំណាយប្រមាណ ៣.០០០ ទៅ ៤.០០០ដុល្លារ។
ចំណែកឯតំណាងសហគមន៍រងផលប៉ះពាល់ពីការសាងសង់ទំនប់សេសានក្រោម២ ក្នុងស្រុកសេសាន លោក ស្រី លីបិ ថ្លែងថា លទ្ធផលនៃការស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋរងគ្រោះ។ លោកអះអាងថា កន្លងមកសំណងដែលផ្ដល់ឲ្យមិនបានឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋទាំងអស់នោះទេ៖ «សំណងខ្លះ ផ្ដល់ឲ្យចំពោះអ្នកដែលមានផលតិចហ្នឹង គេត្រូវទទួលយកតិច គេទទួលយកដោយរីករាយ វាអត់អីទេ តែបើអ្នកដែលមានផលច្រើន ដីច្រើនផលដំណាំច្រើន គេមិនចង់បានទេ និងទទួលយកនោះទេ»។
អាជ្ញាធរអះអាងថា គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានកម្លាំងផលិតថាមពល ៤០០មេហ្គាវ៉ាត់ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៨០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់នៅដើមខែមេសា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។