ពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត​ត្អូញត្អែរ​ថា ពួក​គាត់​រងគ្រោះ​ដោយ​ទឹក​ជំនន់​ស្ទើរ​រៀងរាល់​ឆ្នាំ

ដោយ ខែ សុណង
2021.10.26
ពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត​ត្អូញត្អែរ​ថា ពួក​គាត់​រងគ្រោះ​ដោយ​ទឹក​ជំនន់​ស្ទើរ​រៀងរាល់​ឆ្នាំ ផ្ទះ​ពលរដ្ឋ​​នៅ​សង្កាត់​គងនយ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែលទឹក​ជន់​ពី​ស្ទឹង​ព្រែក​ត្នោត ជន់លិច​ផ្ទះ​ នៅ​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​ទឹក​ជំនន់​ជន់​លិច​តំបន់​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ កំពុង​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។ ពួក​គាត់​ឲ្យ​ដឹង​ថា​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​រង​ផល​ប៉ះពាល់​មុខរបរ អាជីវកម្ម ផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម និង​ផល​ដំណាំ​ពលរដ្ឋ​រាប់​រយ​ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ជូន​ពលរដ្ឋ​ជា​បន្ទាន់​ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់។

លំនៅឋាន​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ដែល​ជាប់​សណ្ដារ​ស្ទឹង​ព្រែក​ត្នោត ត្រូវ​បាន​ទឹក​ជន់​លិច​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​កន្លង​មក​នេះ ដោយ​​សារ​ជំនន់​ទឹក​​ភ្លៀង។ ក្រុម​គ្រួសារ​ពលរដ្ឋ​រងគ្រោះ បាន​នាំ​គ្នា​ជម្លៀស​ចេញ​បណ្ដើរៗ ហើយ នៅ​ថ្ងៃ​ទី២៦ ខែតុលា ស្រប​ពេល​ស្ថានភាព​កម្ពស់​ជំនន់​ទឹក​ភ្លៀង​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។

ពលរដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​នៅ​សង្កាត់​គងនយ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោកស្រី ស៊ីម សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៦ ​តុលា​ថា ទឹក​ជន់​លិច​ផ្ទះ​របស់​លោកស្រី​តាំង​ពី​ថ្ងៃ​ទី២៤ ខែតុលា បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​ជា​ច្រើន​គ្រួសារ​ជម្លៀស​រក​ទី​ទួល​សុវត្ថិភាព ដោយ​ប្រក់​តង់​កៅស៊ូ​តាម​បណ្ដោយ​ថ្នល់ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទឹក​មិន​ទាន់​ស្រក​នៅ​ឡើយ​ទេ។ ស្រ្តីវ័យ ៣៩ឆ្នាំរូបនេះ ព្រួយបារម្ភ​ខ្លាច​គ្មាន​ស្បៀង​អាហារ​អំឡុង​ពេល​នេះ ព្រោះ​ចាប់​តាំង​ពី​ទឹក​លិច​ផ្ទះ​មក​គ្រួសារ​លោកស្រី​មិន​អាច​លក់ដូរ និង​ប្រកប​មុខ​របរ​អ្វី​បាន​ឡើយ។ លោកស្រី​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​ផ្តល់​ស្បៀងអាហារ សម្ភារៈ និង​មន្ត្រី​សុខាភិបាល​ក៏​នៅ​មិន​ទាន់​ចុះ​អប់រំ​សុខភាព​ពលរដ្ឋ​នៅ​ឡើយ​ដែរ៖ «នៅ​កន្លែង​នេះ​អត់​មាន​អ្នក​ចុះ​មក​ជួយ​អី​ទេ ឆ្នាំ​មុន​ចុះ​លឿន​ឆ្នាំ​នេះ អត់​មាន​អ្នក​ចុះ អ៊ីចឹង​មាន​បញ្ហា​សំណូម​ពរ​ដល់​គាត់​ជួយ​បន្តិចបន្តួច​ដល់​ពួក​ខ្ញុំ​ដែល​លិច​ទឹក និង​តង់​យក​ទៅ​បិទ​បាំង​ឱ្យ​បាន​ស្រួល​បួល ជួយ​សម្រួល​ដល់​ជីវភាព ទឹក​លិច​ហ្នឹង​យើង​មិន​បាន​រក​អី»

ស្រដៀងគ្នានេះដែរ ពលរដ្ឋ​រង​គ្រោះ​ទឹក​ជំនន់ម្នាក់ទៀត ​នៅសាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី សោម សុភ័ណ្ឌ រៀបរាប់ថា កម្ពស់ទឹកជំនន់ឆ្នាំនេះហក់ឡើងលឿនជាងឆ្នាំមុន ដែលបណ្តាលឱ្យផ្ទះលោកស្រី និងពលរដ្ឋផ្សេងទៀត លិចរហូតដល់កម្ពស់ជាង ១ម៉ែត្រ ក្នុងរយៈពេលតែ ២ថ្ងៃ ហើយ​គ្រួសារ​លោកស្រី​សម្រេច​ជម្លៀស​ទៅ​សង់​តង់​នៅ​លើ​ផ្លូវ​ជាតិ​ភ្លាមៗ ខណៈ​ស្ថានភាព​កម្ពស់​ទឹក​បន្ត​ហក់​ឡើង​ខ្លាំង។ ស្រ្តីវ័យ ៤២ឆ្នាំរូបនេះ ត្អូញត្អែរ​ថា រឿង​ជំនន់​ទឹក​ភ្លៀង​នេះ កើត​ឡើង​ស្ទើរ​រាល់​ឆ្នាំ​បណ្ដាល​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដោយ​មិន​អាច​ឱ្យ​ពលរដ្ឋ​ប្រកបមុខរបរ ខូចខាត​ទ្រព្យ​សម្បត្តិ ជា​ពិសេស លោកស្រី​ព្រួយ​បារម្ភ​កូន​តូចៗ ងាយ​ប្រឈម​លង់​ទឹក ប៉ះពាល់​ជីវភាព និង​ជំងឺ​អាសន្ន​រោគ​ផ្សេងៗ។ លោកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ចិត្ត​ទុក ចំពោះ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា៖ «លិច​ខ្លាំង​ហើយ​ព្រោះ​ផ្ទះ​ខ្ញុំ​តៀម​អ៊ីចឹង​ខ្ញុំ​មក​ឡើង​លើ​ហើយ​ហ្នឹង​ចង់​ឱ្យ​គាត់​ផ្តល់​ស្បៀង​អី​ខ្លះ ព្រោះ​យើង​នៅ​ផ្ទះ ទឹក​លិច​អ៊ីចឹង​ទៅ​ណា​អត់​រួច​ទេ​ណា​មួយ​ឆ្នាំ​នេះ​ទឹក​ក៏​ធំ ទឹក​បន្ត​តែ​ឡើង អត់​អូប័រ​ជិះ​ទេ អ៊ីចឹង​ចង់​បាន​អូប័រ​ជិះ ដើម្បី​ចុះទៅ​យក​ខោ​អាវ​ឡើង​មក​វិញ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​លោក ចាន់ យុត្ថា និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ លោក ឃុន សុខា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៦ តុលា ដោយ​ទូរស័ព្ទ​ចូល​ដែល​ពុំ​មាន​អ្នក​ទទួល។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ប្រកាស​អំពាវនាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) កាលពីថ្ងៃទី២៥ តុលា ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន ​ជាពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ​ ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ទំនប់​ស្ទឹង​ព្រែក​ត្នោត។ ការ​អំពាវនាវ​នេះ ​ក្នុង​ពេល​លោក​ បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ ជួយ​ទប់ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ ដែល​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​ខ្លាំង។

ជាមួយ​គ្នា​នេះ​ដែរ អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា​រហូតមកដល់ថ្ងៃទី២៦ តុលា​នេះ ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ប៉ះពាល់​នៅ​ឃុំ​មួយ​ចំនួន នៃស្រុក​កណ្ដាល​ស្ទឹង ដែល​ហូរ​ពី​ស្ទឹង​ព្រែក​ត្នោត​មក ប៉ុន្តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ ដោយ​អាជ្ញាធរ​អាច​គ្រប់​គ្រង​ស្ថានការណ៍​នេះ​បាន ។ លោក​បញ្ជាក់​ថា ​អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​កង​ទ័ព ទូក ជំនួយ​ស្បៀងអាហារ​ដើម្បី​អន្តរាគមន៍​ និង​សង្គ្រោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​​ជំនន់​រួច​ហើយ។ អភិបាល​ខេត្ត​រូប​នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ស្ទឹង​ព្រែក​ត្នោត ព្រមទាំង​តំបន់​ផ្នែក​ខាង​ក្រោម​ ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រោះ​ថ្នាក់​ជាប្រចាំ៖ «សូម​ឱ្យ​បង​ប្អូន​ប្រយ័ត្ន​ប្រយែង​ការ​ងូត​ទឹក ព្រោះ​ទឹក​កំពុង​ហូរ ហើយ​តាម​ផ្លូវ​ទំនប់​ខ្លះ​វា​ក៏​ជ្រៅ​ វា​រាក់​តាម​ការ​ប្រែ​ប្រួល​។ អ៊ីចឹង​ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បង​ប្អូន ហើយ​បើ​មាន​ការ​លិច​លង់​ គឺ​សូម​ឱ្យ​បង​ប្អូន​សហការ​ជា​មួយ​សមត្ថកិច្ច​របស់​យើង​ដែល​សម្ភារៈ​ ឧបករណ៍​ដើម្បី​ជម្លៀស​បង​ប្អូន​ឱ្យ​មក​ទី​ទួល​សុវត្ថិភាព។ បើ​មាន​ការ​ឈឺ​អី​មាន​គ្រូ​ពេទ្យ​របស់​យើង​នឹង​ចុះ​ទៅ​ជួយ​ចុះ​ត្រួត​ពិនិត្យ​បញ្ហា​សុខ​ភាព»

រីឯ​អភិបាល​ខេត្ត​កំពង់ស្ពឺ ​លោក វី សំណាង ​ប្រាប់​អាស៊ី​សេរី​ថា រហូត​ព្រឹក​ថ្ងៃ​ទី២៦ ខែតុលា ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ស្ទឹង​ព្រែកត្នោត ដែល​លិច​សង្កាត់ និង​ឃុំ​មួយ​ចំនួន​ហាក់​នៅ​ទ្រឹង​ និង​អាច​គ្រប់គ្រង​បាន​ដដែល។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ​អាជ្ញាធរ​មិន​ទាន់​បូកសរុប​អំពី​ផល​ប៉ះពាល់​ជា​ផ្លូវការ​នៅឡើយ ប៉ុន្តែ​ពុំ​មាន​ករណី​ពលរដ្ឋ​ស្លាប់​ដោយសារ​ទឹក​ជំនន់​នោះ​ដែរ។ ​លោក​ឱ្យ​ដឹង​ថា​មន្ត្រី​ជំនាញ​ខេត្ត កំពុងតាមដានស្ថានភាពទឹកភ្លៀងនៅថ្ងៃទី២៧ និង ២៨ ខែតុលា នេះ ហើយ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ខាង​មុន​នេះ ​នឹង​ធ្វើ​ឲ្យ​កម្រិត​​ទឹកស្ទឹង​ហក់​ឡើង​កាន់តែ​ខ្ពស់​បណ្ដាល​ឲ្យ​ជន់​លិច​ផ្ទះ​សម្បែង​ និង​ផលដំណាំ​ ដូច្នេះ​អាជ្ញាធរ​នឹង​ជូន​ដំណឹង និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ទៅ​រក​ទី​ទួល​សុវត្ថិភាព។

ស្ថាន​ភាព​ទឹក​ជំនន់​ទឹក​ភ្លៀង​តាម​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​ខ្លាំង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ដូច​ជា​សង្កាត់​គងនយ សង្កាត់​សាក់សំពៅ នៃ​ខណ្ឌ​ដង្កោ និង​សង្កាត់​បឹងធំ សង្កាត់​ប្រទះឡាង​នៃ​ខណ្ឌ​កំបូល រួម​ទាំង​ស្រុក និង​ក្រុង​មួយ​ចំនួន​នៃ​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ បាន​ជន់​លិច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ខ្នង ទ្រព្យសម្បត្តិ ផលដំណាំ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ជាប់ៗ គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ តែ​មក​ដល់​ពេល​នេះ អាជ្ញាធរ​ជាតិ​មិន​ទាន់​បង្ហាញ​របាយការណ៍​អំពី​ចំនួន​ខូច​ខាត​នៃ​ទ្រព្យសម្បត្តិ ឬ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​មនុស្ស​សត្វថា មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី២៦ តុលា អំពី​ស្ថានភាព​អាកាសធាតុ​ដោយ​ព្យាករ​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប ចាប់​ពី​ថ្ងៃ​ទី២៧ ដល់ ២៨ តុលា ដែល​បណ្ដាល​ឱ្យ​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្ដាល​មួយ​ចំនួន អាច​មាន​ភ្លៀង​ធ្លាក់ ដូចជា ខេត្ត​ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ។ ក្រសួង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​យក​ចិត្ត​ទុក និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​​​​​ប្រសាសន៍​​​​​ថា ពលរដ្ឋ​តែងតែ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ទឹក​ភ្លៀង​ស្ទើរ​រាល់​ឆ្នាំ ដោយ​សារ​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​គិត​គូរ​ពី​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ដែល​មិន​ស្រប​ជាមួយ​អភិបាលកិច្ច​ធនធាន​ជាតិ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​នោះ នឹង​ប្រឈម​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង ដោយ​សារ​ផល​ប៉ះពាល់​ដំណើរ​ការ​មុខ​របរ ឬ​អាជីវកម្ម ខូចខាត​ទ្រព្យ​សម្បត្តិ ផលដំណាំ ខណៈ​ពួក​គាត់​កំពុង​រងគ្រោះ​ដោយ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។ លោក​មើល​ឃើញ​ពលរដ្ឋ​រង​គ្រោះ​កំពុង​ប្រឈម​ខ្វះខាត​ស្បៀង សុខភាព ជាពិសេស ប្រឈម​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ផង​ដែរ ដូច្នេះ​លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ប្រញាប់ប្រញាល់ ឆ្លើយ​តប​ឱ្យ​បាន​ច្បាស់លាស់ និង​ទាន់​ពេល​វេលា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ៖ «ពេល​ផ្ទះ​របស់​ពួក​គាត់​ប្រឈម​ការ​ជន់​លិច​គាត់​ត្រូវ​ជម្លៀស​សមាជិក​គ្រួសារ ទាំង​សត្វ​ត្រូវ​មក​ទី​ទួល​សុវត្ថិភាព​ហើយ​ការ​រស់​បែបនេះ​ហើយ​ត្រូវ​ការ​ជំនួយ បែប​នេះ​ហើយ​យើង​គិត​ថា​វិធាន​ការ​បង្ការ​ចាំ​បាច់​ត្រូវ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ជាមួយ​តម្រូវ​ការ​និង​បញ្ហា​ប្រឈម​ជាក់​លាក់​របស់​ប្រជាពលរដ្ឋ »

ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត តែង​ត្អូញត្អែរ​ថា ពួក​គាត់​រងគ្រោះ​ដោយ​ទឹកជំនន់​ស្ទើរ​រៀងរាល់​ឆ្នាំ ​ដែល​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង​ និង​ដំណាំ​កសិកម្ម​ និង​សត្វ​ចិញ្ចឹម​ជា​ដើម ប៉ុន្តែ​អាជ្ញាធរ ​ពុំ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ។ ពួក​គាត់​អះអាង​ថា ទឹកជំនន់​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​រដ្ឋាភិបាល សម្រុក​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​លុប​បឹង​ធម្មជាតិ​ជា​ច្រើន​កន្លែង ​រួមមាន​បឹង​ជើង​ឯក​ ជាដើម ដែល​បឹង​ទាំង​នេះ ធ្លាប់​ជា​កន្លែង​ស្តុក​ទឹក និង​រំដោះ​ទឹក​ដ៏​សំខាន់​នា​ពេល​កន្លង​មក៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។