ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ ខេត្តព្រៃវែងបារម្ភជាថ្មីទៀត ពីសកម្មភាពចាក់ដីលយចូលផ្ទៃបឹងស្នេហ៍ ធ្វើឱ្យផ្ទៃបឹងរួមតូចជារៀងរាល់ឆ្នាំ ប៉ះពាល់ប្រភពទឹកស្រោចស្រពស្រូវកសិកម្ម និង ទីកន្លែងនេសាទរបស់សហគមន៍។ ពួកគាត់ចោទ មេប៉ូលិសខេត្តតាកែវម្នាក់ថា មានជាប់ពាក់ព័ន្ធ សកម្មភាពចាក់ដីលុបតំបន់អភិរក្សនេះ ខុសច្បាប់។
ពលរដ្ឋរស់នៅភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ និងអាជ្ញាធរមូលដ្ឋានខេត្តព្រៃវែង ចាត់ទុកការចាក់ដីលយចូលផ្ទៃបឹងស្នេហ៍ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់អ្នកឥទ្ធិពលជាបន្តបន្ទាប់ គឺជាដំបៅសង្គមរ៉ាំរ៉ៃ ដែលអាជ្ញាធរខេត្តនេះ មិនអើពើដោះស្រាយ ជាច្រើនឆ្នាំមកហើយ។ អ្នកភូមិរស់នៅតំបន់នោះភាគច្រើន មិនហ៊ានរិះគន់បញ្ហានេះទេ ព្រោះខ្លាចមានបញ្ហាដល់ខ្លួន និងក្រុមគ្រួសារ។
ពលរដ្ឋរស់នៅខេត្តព្រៃវែង ថ្លែងសុំមិនបញ្ចេញឈ្មោះ និងសំឡេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ មករាថា បច្ចុប្បន្នផ្ទៃបឹងស្នេហ៍ឋិតនៅចំណុចភូមិកំពង់ស្នេហ៍ នៅតែទទួលរងការរំលោភបំពាន ចាក់ដីលុបច្រាំងលយចូលផ្ទៃទឹក ចន្លោះពី ១០ម៉ែត្រ ដល់ ២០ម៉ែត្រ បណ្ដោយចន្លោះពីជាង ១០០ម៉ែត្រ ដល់ជាង ៣០០ម៉ែត្រ ដោយមានរបងសំណង់ហ៊ុមព័ទ្ធ។
លោកថា អ្នកភូមិ និងអាជ្ញាធរឃុំ បានកំណត់អត្តសញ្ញាណ មេប៉ូលិសម្នាក់ ឈ្មោះ វង្ស ណាវុធ មានជាប់ពាក់ព័ន្ធករណីនេះ ហើយពួកគាត់បានស្នើឱ្យអាជ្ញាធរស្រុកដោះស្រាយ ក៏ប៉ុន្តែគ្មានបានផលឡើយ។
រីឯអ្នកភូមិខ្លះទៀត ដែលមានដីស្រែចម្ការ ជាប់បឹងនេះ នៅតែបន្តលួចចាក់ដីលុបច្រាំងលយចូលផ្ទៃទឹក ដើម្បីយកដីធ្វើជាកម្មសិទ្ធ ធ្វើឱ្យផ្ទៃបឹងកាន់តែរួមតូច។
កាលពីដើមឆ្នាំ២០២២ អាជ្ញាធរឃុំធាយ និង ពលរដ្ឋបានធ្វើលិខិតអញ្ជើញ មេប៉ូលិសម្នាក់ ដែលមានតួនាទីជា ស្នងការរងខេត្តតាកែវ គឺលោក វង្ស ណាវុធ ដើម្បីដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែគ្មានប្រសិទ្ធភាពនៅឡើយទេ។
សមាជិកក្រុមប្រឹក្សាឃុំធាយ មិនពេញចិត្តចំពោះសកម្មភាពនេះ ហើយចាត់ទុកថា ជាការបំផ្លាញសម្បត្តិជាតិ និងសេចក្ដីសុខ របស់អ្នកភូមិ។
សមាជិកក្រុមប្រឹក្សាឃុំធាយ លោក នេត សារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា សកម្មភាពចាក់ដីលយចូលផ្ទៃបឹងស្នេហ៍ នៅតែកើតមានជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ គ្មានយន្តការដោះស្រាយឱ្យជ្រះស្រឡះទាល់តែសោះ។
លោកថា អាជ្ញាធរស្រុកបានដឹងឮករណីនេះដែរ ក៏ប៉ុន្តែនៅតែដោះស្រាយមិនចេញ ធ្វើឱ្យពលរដ្ឋ និងអាជ្ញាធរឃុំពិបាកចិត្ត ខ្លាចក្រែង ផ្ទៃបឹងស្នេហ៍កាន់តែរួមតូច។ លោកបញ្ជាក់ថា ទីតាំងដីដែលចាក់លុបនោះ ជាតំបន់អភិរក្ស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោក នេត សារិទ្ធ៖ «គាត់ចាក់ហ្នឹង គាត់ដាំដើមចេក ដាំទៅៗ មិនដោះស្រាយឱ្យបានត្រឹមត្រូវវាចេះទៅទៀត ដូចដែលគាត់ធ្វើរបងថ្ម។ កាលណាបាត់ទឹកមួយ បាត់ផលត្រីដែលអាស្រ័យផល សម្រាប់បងប្អូនធ្វើស្រែ ហើយវាជាគំរូមួយមិនល្អ សម្រាប់អ្នកផ្សេងគេយកគំរូតាម»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺ ជុំវិញការចោទប្រកាន់នេះ ពីស្នងការរងខេត្តតាកែវ គឺលោក វង្ស ណាវុធ បាននៅឡើយទេ នៅថ្ងៃទី៣០ មករា។
ចំណែកមេឃុំធាយ លោក ស្រី សម័យ បដិសេធបំភ្លឺរឿងនេះ ដោយលោកថា កំពុងជាប់រវល់។ រីឯប្រធានស្ដីទីសហគមន៍ទួលព័ន្ធតាឡីបឹងស្នេហ៍ លោក ព្រំ សុផាត ក៏បដិសេធមិនបំភ្លឺរឿងនេះដែរ ដោយលោកបានបង្វែរឱ្យសួរ អាជ្ញាធរស្រុកវិញ។

សមាជិកក្រុមប្រឹក្សាឃុំធាយ លោក នេត សារិទ្ធ បន្ថែមថា ក្រោយពីចាក់ដីលយចូលផ្ទៃបឹងអស់រាប់សិបម៉ែត្រ ធ្វើឱ្យលំហូរទឹកប្រែប្រូល រាំងស្ទះការធ្វើនាវាចរ និងបាត់បង់ទីកន្លែងនេសាទ។ លោកថា បឹងនេះផ្ដល់ប្រភពទឹកយ៉ាងសំខាន់ដល់វិស័យកសិកម្ម និងជាទីតាំងអភិរក្សជីវចម្រុះ ប្រសិនបើបញ្ហានេះ មិនដោះស្រាយទេ នឹងប៉ះពាល់ដល់វិស័យកសិកម្ម។
លោក នេត សារិទ្ធ៖ «ខ្លះយកចំហៀង ខ្លះយកពីក្រោយទៅ ផ្លូវទឹក និងផ្លូវកាណូត មកជាប់គល់ស្ពានស្នេហ៍ ចាក់ដីពេញហ្នឹង គ្មានអ្នកដោះស្រាយចេញ ដល់ពេលគេសួរដេញដោល។ ដល់ពេលអ៊ីចឹង អានេះថា នាំគ្នាធ្វើបាន ចេះតែធ្វើរហូតទៅ»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកទង្វើនេះ ជាគំរូដ៏អាក្រក់មួយ ដែលរដ្ឋាភិបាលគួរតែចាត់វិធានការ ដោះស្រាយជាបន្ទាន់។ លោកថា ករណីនេះ ជាចំណុចអវិជ្ជមាន ប៉ះពាល់ជីវភាពប្រជាជន និងធនធានធម្មជាតិ។
លោក យង់ គិមអេង៖ «មន្ត្រីគួរតែប្រឹងប្រែងការពារសម្បត្តិធនធានធម្មជាតិ តំបន់បឹងដែរអភិរក្ស យើងឃើញហើយថា ពលរដ្ឋត្រូវការ យកទឹកប្រើប្រាស់ ឬជីវចម្រុះ សម្រាប់គ្នាអាស្រ័យផល ជីវភាពប្រចាំថ្ងៃ»។
កាលពីដើមឆ្នាំ២០២១ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ បង្កើតតំបន់ដីសើម ទួលព័ន្ធតាឡីបឹងស្នេហ៍ ជាកន្លែងអភិរក្សជីវចម្រុះដែលគ្រប់គ្រង ដោយក្រសួងបរិស្ថាន។ តំបន់នេះមានផ្ទៃទឹក និងដីជាង ៣ពាន់ ៥រយហិកតារ (៣.៥៥៧) នៅរដូវវស្សាហើយនៅរដូវប្រាំងមានផ្ទៃទឹកទំហំជាង ២ពាន់ហិកតារ។
ទំហំដីព្រៃលិចទឹកអ្នកភូមិតំបន់នោះហៅថា ទួលព័ន្ធតាឡីជាកន្លែងអភិរក្សសត្វស្លាប ដែលមានទំហំជិត ១០០ហិកតារ។
តំបន់អភិរក្សនេះ មានភូមិសាស្ត្រជាប់ស្រុកចំនួន៣ និងក្រុងមួយ គឺស្រុកបាភ្នំ ស្រុកពាមរ ស្រុកស្វាយអន្ទរ និងក្រុងព្រៃវែង ដែលមានពលរដ្ឋចំនួន ២៣ភូមិ ឬស្មើពលរដ្ឋ ៤ពាន់គ្រួសាររស់នៅព័ទ្ធជុំវិញ ហើយទទួលប្រយោជន៍ពីតំបន់អភិរក្សមួយនេះ តាមរយៈវិស័យទេសចរណ៍ធ្វើកសិកម្ម និងនេសាទត្រី។
អ្នកភូមិថា សកម្មភាពចាក់ដីរំលោភយកផ្ទៃបឹងស្នេហ៍ និងច្រាំងអមសងខាងបឹង នៅតែកើតមានស្ទើរគ្រប់តំបន់ ដែលភាគច្រើន គឺអ្នកមានលុយមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
