ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ចោទ​មេ​ប៉ូលិស​ម្នាក់​ថា ចាក់​ដី​​ចូល​ផ្ទៃ​បឹង​ស្នេហ៍​ធ្វើ​ជាកម្មសិទ្ធិ

0:00 / 0:00

ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ ខេត្ត​ព្រៃវែង​បារម្ភ​ជាថ្មី​ទៀត​ ពី​សកម្មភាព​ចាក់​ដី​លយ​ចូល​ផ្ទៃ​បឹង​ស្នេហ៍ ធ្វើឱ្យ​ផ្ទៃបឹង​រួមតូច​ជា​រៀង​រាល់​ឆ្នាំ ប៉ះពាល់​ប្រភព​ទឹក​ស្រោច​ស្រព​ស្រូវ​កសិកម្ម និង ទី​កន្លែង​នេសាទ​របស់​សហគមន៍។ ពួកគាត់​ចោទ មេប៉ូលិស​ខេត្ត​តាកែវ​ម្នាក់​ថា មាន​ជាប់​ពាក់ព័ន្ធ​ សកម្មភាព​ចាក់​ដី​លុប​តំបន់​អភិរក្ស​នេះ ខុសច្បាប់។

ពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្តព្រៃវែង ចាត់​ទុក​ការ​ចាក់​ដី​លយ​ចូល​ផ្ទៃបឹង​ស្នេហ៍ ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ ពី​សំណាក់​អ្នក​ឥទ្ធិពល​ជា​បន្ត​បន្ទាប់ គឺ​ជា​ដំបៅ​សង្គម​រ៉ាំរ៉ៃ ដែល​អាជ្ញាធរ​ខេត្ត​នេះ មិន​អើពើ​ដោះ​ស្រាយ ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នកភូមិ​រស់​នៅ​តំបន់​នោះ​ភាគ​ច្រើន មិន​ហ៊ាន​រិះគន់​បញ្ហា​នេះ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន និង​ក្រុម​គ្រួសារ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣១ មករា​ថា បច្ចុប្បន្ន​ផ្ទៃ​បឹង​ស្នេហ៍​ឋិត​នៅ​ចំណុច​ភូមិ​កំពង់​ស្នេហ៍ នៅតែ​ទទួល​រង​ការ​រំលោភ​បំពាន ចាក់​ដី​លុប​ច្រាំង​លយ​ចូល​ផ្ទៃ​ទឹក ចន្លោះ​ពី ១០ម៉ែត្រ ដល់ ២០ម៉ែត្រ បណ្ដោយ​ចន្លោះ​ពី​ជាង ១០០ម៉ែត្រ ដល់​ជាង ៣០០ម៉ែត្រ ដោយ​មាន​របង​សំណង់​ហ៊ុមព័ទ្ធ។

លោក​ថា អ្នក​ភូមិ និង​អាជ្ញាធរ​ឃុំ បាន​កំណត់​អត្តសញ្ញាណ មេ​ប៉ូលិស​ម្នាក់ ឈ្មោះ វង្ស ណាវុធ មាន​ជាប់​ពាក់ព័ន្ធ​ករណី​នេះ ហើយ​ពួក​គាត់​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រុក​ដោះ​ស្រាយ ក៏​ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ។

រីឯ​អ្នកភូមិ​ខ្លះ​ទៀត ដែល​មាន​ដី​ស្រែ​ចម្ការ ជាប់​បឹង​នេះ នៅតែ​បន្ត​លួច​ចាក់​ដី​លុប​ច្រាំង​លយ​ចូល​ផ្ទៃទឹក ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ធ្វើ​ឱ្យ​ផ្ទៃ​បឹង​កាន់​តែ​រួម​តូច។

កាល​ពី​ដើម​ឆ្នាំ២០២២ អាជ្ញាធរ​ឃុំធាយ និង ពលរដ្ឋ​បាន​ធ្វើ​លិខិត​អញ្ជើញ មេ​ប៉ូលិស​ម្នាក់ ដែល​មាន​តួនាទី​ជា ស្នងការ​រង​ខេត្ត​តាកែវ គឺ​លោក វង្ស ណាវុធ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏​ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំធាយ មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​នេះ ហើយ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​សម្បត្តិ​ជាតិ និង​សេចក្ដី​សុខ របស់​អ្នក​ភូមិ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំធាយ លោក នេត សារិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សកម្មភាព​ចាក់​ដី​លយ​ចូល​ផ្ទៃបឹង​ស្នេហ៍ នៅតែ​កើត​មាន​ជា​បន្ត​បន្ទាប់ ជា​រៀង​រាល់​ឆ្នាំ គ្មាន​យន្តការ​ដោះ​ស្រាយ​ឱ្យ​ជ្រះ​ស្រឡះ​ទាល់​តែ​សោះ។

លោក​ថា អាជ្ញាធរ​ស្រុក​បាន​ដឹង​ឮ​ករណី​នេះ​ដែរ ក៏ប៉ុន្តែ​នៅ​តែ​ដោះ​ស្រាយ​មិន​ចេញ ធ្វើ​ឱ្យ​ពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​ពិបាក​ចិត្ត ខ្លាចក្រែង ផ្ទៃបឹង​ស្នេហ៍​កាន់​តែ​រួម​តូច។ លោក​បញ្ជាក់​ថា ទីតាំង​ដី​ដែល​ចាក់​លុប​នោះ ជា​តំបន់​អភិរក្ស ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

លោក នេត សារិទ្ធ៖ «គាត់​ចាក់​ហ្នឹង គាត់​ដាំ​ដើម​ចេក ដាំ​ទៅៗ មិន​ដោះស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​វា​ចេះ​ទៅ​ទៀត​ ដូច​ដែល​គាត់​ធ្វើ​របង​ថ្ម។ កាល​ណា​បាត់​ទឹក​មួយ បាត់​ផល​ត្រី​ដែល​អាស្រ័យ​ផល សម្រាប់​បង​ប្អូន​ធ្វើ​ស្រែ ហើយ​វា​ជា​គំរូ​មួយ​មិន​ល្អ សម្រាប់​អ្នក​ផ្សេង​គេ​យក​គំរូ​តាម»។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ពី​ស្នងការ​រង​ខេត្តតាកែវ គឺ​លោក វង្ស ណាវុធ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ មករា។

ចំណែក​មេឃុំ​ធាយ លោក ស្រី សម័យ បដិសេធ​បំភ្លឺ​រឿង​នេះ ដោយ​លោក​ថា កំពុង​ជាប់​រវល់។ រីឯ​ប្រធាន​ស្ដីទី​សហគមន៍​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ លោក ព្រំ សុផាត ក៏​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ដែរ ដោយ​លោក​បាន​បង្វែរ​ឱ្យ​សួរ អាជ្ញាធរ​ស្រុក​វិញ។

Boeung_Snae_Prey_Veng_GG_013123_1.jpg
ទីតាំងដី ដែល​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំធាយ ខេត្តព្រៃវែង ចោទ​ថា មេ​ប៉ូលិស​ម្នាក់ ចាក់​ដី​រំលោភ​យក​បឹង​ស្នេហ៍ ថតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

សមាជិក​ក្រុម​ប្រឹក្សា​ឃុំធាយ លោក នេត សារិទ្ធ បន្ថែម​ថា ក្រោយ​ពី​ចាក់​ដី​លយ​ចូល​ផ្ទៃ​បឹង​អស់​រាប់​សិប​ម៉ែត្រ ធ្វើ​ឱ្យ​លំហូរ​ទឹក​ប្រែប្រូល រាំងស្ទះ​ការ​ធ្វើ​នាវា​ចរ និង​បាត់បង់​ទី​កន្លែង​នេសាទ។ លោក​ថា បឹង​នេះ​ផ្ដល់​ប្រភព​ទឹក​យ៉ាង​សំខាន់​ដល់​វិស័យ​កសិកម្ម និង​ជា​ទីតាំង​អភិរក្ស​ជីវចម្រុះ ប្រសិន​បើ​បញ្ហា​នេះ មិន​ដោះស្រាយ​ទេ នឹង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម។

លោក នេត សារិទ្ធ៖ «ខ្លះ​យក​ចំហៀង ខ្លះ​យក​ពី​ក្រោយ​ទៅ ផ្លូវ​ទឹក និង​ផ្លូវ​កាណូត មក​ជាប់​គល់​ស្ពាន​ស្នេហ៍ ចាក់​ដី​ពេញ​ហ្នឹង គ្មាន​អ្នក​ដោះស្រាយ​ចេញ ដល់​ពេល​គេ​សួរ​ដេញ​ដោល។ ដល់​ពេល​អ៊ីចឹង​ អា​នេះ​ថា នាំ​គ្នា​ធ្វើ​បាន ចេះ​តែ​ធ្វើ​រហូត​ទៅ»។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចាត់​ទុក​ទង្វើ​នេះ ជា​គំរូ​ដ៏​អាក្រក់​មួយ ដែល​រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ ដោះស្រាយ​ជា​បន្ទាន់។ លោក​ថា ករណី​នេះ ជា​ចំណុច​អវិជ្ជមាន ប៉ះពាល់​ជីវភាព​ប្រជាជន និង​ធនធាន​ធម្មជាតិ។

លោក យង់ គិមអេង៖ «មន្ត្រី​គួរ​តែ​ប្រឹងប្រែង​ការពារ​សម្បត្តិ​ធន​ធាន​ធម្មជាតិ តំបន់​បឹង​ដែរ​អភិរក្ស​ យើង​ឃើញ​ហើយ​ថា ពលរដ្ឋ​ត្រូវ​ការ យក​ទឹក​ប្រើប្រាស់ ឬ​ជីវ​ចម្រុះ សម្រាប់​គ្នា​អាស្រ័យផល​ ជីវភាព​ប្រចាំ​ថ្ងៃ»។

កាល​ពី​ដើម​ឆ្នាំ២០២១ លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ បង្កើត​តំបន់​ដី​សើម ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ជា​កន្លែង​អភិរក្ស​ជីវចម្រុះ​ដែល​គ្រប់គ្រង ដោយ​ក្រសួង​បរិស្ថាន។ តំបន់​នេះ​មាន​ផ្ទៃ​ទឹក និង​ដី​ជាង ៣ពាន់ ៥រយ​ហិកតារ (៣.៥៥៧) នៅ​រដូវ​វស្សា​ហើយ​នៅ​រដូវប្រាំង​មាន​ផ្ទៃ​ទឹក​ទំហំ​ជាង ២ពាន់​ហិកតារ។

ទំហំដី​ព្រៃ​លិច​ទឹក​អ្នក​ភូមិ​តំបន់​នោះ​ហៅ​ថា ទួល​ព័ន្ធ​តា​ឡី​ជា​កន្លែង​អភិ​រក្ស​សត្វ​ស្លាប ដែល​មាន​ទំហំ​ជិត ១០០​ហិកតារ។

តំបន់​អភិរក្ស​នេះ មាន​ភូមិសាស្ត្រ​ជាប់​ស្រុក​ចំនួន៣ និង​ក្រុង​មួយ គឺ​ស្រុក​បាភ្នំ ស្រុក​ពាមរ ស្រុក​ស្វាយ​អន្ទរ និង​ក្រុង​ព្រៃ​វែង ដែល​មាន​ពលរដ្ឋ​ចំនួន ២៣ភូមិ ឬ​ស្មើ​ពលរដ្ឋ ៤ពាន់​គ្រួសារ​រស់នៅ​ព័ទ្ធ​ជុំវិញ ហើយ​ទទួល​ប្រយោជន៍​ពី​តំបន់​អភិ​រក្ស​មួយ​នេះ តាម​រយៈ​វិស័យ​ទេសចរណ៍​ធ្វើ​កសិកម្ម និង​នេសាទ​ត្រី។

អ្នកភូមិ​ថា សកម្មភាព​ចាក់​ដី​រំលោភ​យក​ផ្ទៃ​បឹង​ស្នេហ៍ និង​ច្រាំង​អម​សង​ខាង​បឹង នៅតែ​កើត​មាន​ស្ទើរ​គ្រប់​តំបន់ ដែល​ភាគ​ច្រើន គឺ​អ្នក​មាន​លុយ​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។