ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​នៅ​កំពង់ចាម​បារម្ភ​ខ្លាច​ច្រាំង​ទន្លេ​បន្ត​បាក់

ដោយ សូត សុខប្រាថ្នា
2014-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រាំង​ទន្លេ​បាក់​​ក្បែរ​ស្ពាន​គីហ្សូណា (Kizuna Bridge) ខេត្ត​កំពង់ចាម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ច្រាំង​ទន្លេ​បាក់​​ក្បែរ​ស្ពាន​គីហ្សូណា (Kizuna Bridge) ខេត្ត​កំពង់ចាម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Saut Sokprathna

ពលរដ្ឋ​នៅ​តាម​ស្រុក​ជាច្រើន​ក្នុង​ខេត្ត​កំពង់ចាម រស់នៅ​តាម​មាត់​ទន្លេ ប្រឈម​នឹង​បាត់​បង់​ផ្ទះ​សម្បែង ឬ​ត្រូវ​រុះរើ​ពី​កន្លែង​ចាស់ ដោយសារ​តែ​ច្រាំង​ទន្លេ​បាក់​ជា​បន្តបន្ទាប់។ ពលរដ្ឋ​ថា ពួក​គាត់​មិន​មាន​ដី​ថ្មី​សម្រាប់​ទៅ​រស់នៅ​ឡើយ។

ទាក់ទង​បញ្ហា​នេះ អាជ្ញាធរ​ថា​នឹង​មាន​គោលការណ៍​ចំពោះ​អ្នក​មិន​មាន​ដី​ពិត​ប្រាកដ​ទាំង​នោះ ហើយ​អាជ្ញាធរ​កំពុង​រិះរក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​លើ​ចំពោះ​បញ្ហា​បាក់​ច្រាំង​ទន្លេ​នេះ។

ពេល​ថ្មីៗ​មក​នេះ នៅ​ខេត្ត​កំពង់ចាម ច្រាំង​ទន្លេ​បាក់​ជា​បន្តបន្ទាប់។ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នេះ គឺ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព។ យ៉ាង​ណា ពលរដ្ឋ​ដែល​មិន​ទាន់​ទៅ​រក​ទីតាំង​ថ្មី បារម្ភ​ថា​ច្រាំង​ទន្លេ​នឹង​បាក់​ដល់​ផ្ទះ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ ស្រប​ពេល​ដែល​ពួក​គាត់​មិន​មាន​ដីធ្លី​សម្រាប់​ទៅ​រស់នៅ​ផង​នោះ។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​បឹង​សាង​ខាង​កើត ឃុំ​សូរគង ស្រុក​កងមាស លោក ហុក សាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឃុំ​របស់​លោក ច្រាំង​ទន្លេ​បាក់​ជា​បន្តបន្ទាប់ ដោយសារ​តែ​ចរន្ត​ខ្សែ​ទឹក​ហូរ​នៅ​ទីនោះ​មក​បុក​រូង​ផ្ទៃ​ខាង​ក្នុង​ក្រោម​ដី។ លោក​បន្ត​ថា ឆ្នាំ​នេះ​ការ​បាក់​ស្រុត​នោះ​មាន​ច្រើន​ជាង​រាល់​ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​រុះរើ​ផ្ទះ​សម្បែង​ចេញ ហើយ​លោក​នឹង​ត្រូវ​រុះរើ​ចេញ​ក្នុង​ពេល​ខាង​មុខ​នេះ​ដែរ។ លោក​ចង់​ឲ្យ​អាជ្ញាធរ គប្បី​ចាត់​វិធានការ​ទប់ស្កាត់​លើ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ការ​បាក់​ច្រាំង​ត​ទៅ​ទៀត៖ «ដូចជា​មិន​ឃើញ​មាន​វិធានការ​ធំ​ដុំ​ទេ។ មាន​គ្រោះ​អ៊ីចឹង​មាន​កាកបាទ​ក្រហម ប៉ុន្តែ​វិធានការ​ការពារ​គឺ​គ្មាន។ ខ្ញុំ​ចង់​ថា បើ​សិន​គេ​មាន​លទ្ធភាព​ឲ្យ​គេ​ចាត់​ចែង​ដូច​កន្លែង​កំពង់ចាម អ៊ីចឹង​ទៅ។ បោះ​ថ្ម​អី​ទៅ បើ​បណ្តោយ​តាម​ដំណើរ បើ​គេ​អាច​ជួយ​អ៊ីចឹង​ក៏​អរ​ដែរ អ្នក​ស្រុក​អ្នក​ភូមិ ព្រោះ​អស់​ដី​អស់​ធ្លី​បាទ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ភូមិ​កោះត្រងោ លោក លាវ ប៊ុនថាត ឲ្យ​ដឹង​ដែរ​ថា ច្រាំង​ទន្លេ​នៅ​កន្លែង​លោក​រស់នៅ គឺ​បាក់​រាល់​ឆ្នាំ ពោល​គឺ​នៅ​ពេល​ទឹក​ឡើង​ក៏​បាក់ នៅ​ពេល​ទឹក​ស្រក​វិញ​ក៏​បាក់។ លោក​បន្ត​ថា ស្រប​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​រុះរើ​ទៅ​រក​ទីតាំង​ថ្មី​នោះ ដីធ្លី​ក៏​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ដែរ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​មិន​មាន​ដី​ផ្ទាល់​ខ្លួន​ពិបាក​រក​ដី​សម្រាប់​រស់នៅ៖ «បាទៗ ក្មេង​សា​ក្រោយ​ដូច​ពួក​ខ្ញុំ​មាន​ដី​របប​ឯណា​សម្រាប់​នៅ។ អ៊ីចឹង​មាន​តែ​ទិញ​គេ។ ហើយ​ដី​សព្វថ្ងៃ​ថ្លៃ​សឹង​រក​លុយ​ទិញ​មិន​បាន»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​កងមាស លោក មឿន ផា មាន​ប្រសាសន៍​ថា ច្រាំង​ទន្លេ​នៅ​ស្រុក​កងមាស បាក់​បី​លើក​មក​ហើយ។ លើក​ទី​មួយ នៅ​ឃុំ​ពាមជីកង និង​ឃុំ​សូរគង ធ្វើ​ឲ្យ​ផ្ទះ ៦៣​ខ្នង​ត្រូវ​រើ​ចេញ។ លើក​ទី​ពីរ នៅ​ឃុំ​សូរគង ម្តង​ទៀត បណ្ដាល​ឲ្យ​ផ្ទះ ២៩​ខ្នង ត្រូវ​រុះរើ និង​លើក​ទី​៣ កាល​ពី​ចុង​ខែ​វិច្ឆិកា បាក់​ច្រាំង​នៅ​ឃុំ​ព្រែកកុយ ធ្វើ​ឲ្យ​ផ្ទះ ៤​ខ្នង​រង​ផល​ប៉ះពាល់។ លោក​បន្ថែម​ថា យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជុំវិញ​បញ្ហា​នេះ ហើយ​ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជានិច្ច ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង៖ «គ្រាន់​ជម្រាប​ជូន​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ពេល​ភូមិ​ឃុំ​ពលរដ្ឋ​ដែល​មាន​បញ្ហា​អី ត្រូវ​ប្រាប់​ភ្លាម​ឲ្យ​យើង​ដឹង ព្រោះ​គ្រោះថ្នាក់​កន្លង​មក​មិន​មាន​អ្នក​ស្លាប់​ទេ មាន​ទាំង​កម្លាំង​អន្តរាគមន៍​របស់​ខ្ញុំ ប៉ូលិស ពលរដ្ឋ និង​ព្រះសង្ឃ​ទៀត យើង​រួម​គ្នា​ដើម្បី​ចុះ​ជួយ​ហ្នឹង»

មិន​មែន​មាន​តែ​ពលរដ្ឋ​នៅ​ស្រុក​កងមាស ទេ​ដែល​ជួប​បញ្ហា​នេះ ក៏ប៉ុន្តែ​មាន​ពលរដ្ឋ​នៅ​ស្រុក​ជាច្រើន​ទៀត ក៏​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​កំពង់ចាម បង្ហាញ​ឲ្យ​ដឹង​ថា ច្រាំង​ទន្លេ​បាក់​អំឡុង​ពេល​ទឹក​ជំនន់ និង​នៅ​ពេល​ទឹក​ស្រក​គិត​ត្រឹម​ថ្ងៃ​ទី​១ ធ្នូ គឺ​មាន​ស្រុក​ក្រុង​ចំនួន​៦ ទទួល​រង​ផល​ប៉ះពាល់ រួម​មាន ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម ស្រុក​ស្ទឹងត្រង់ ស្រុក​កងមាស ស្រុក​កោះសូទិន និង​ស្រុក​ស្រីសន្ធរ។ ស្រុក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​នោះ គឺ​ស្រុក​កងមាស ស្រុក​កោះសូទិន និង​ស្រុក​ស្រីសន្ធរ ដែល​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១៧៦​ខ្នង និង​ប៉ុស្តិ៍​នគរបាល​មួយ​កន្លែង ត្រូវ​រុះរើ​ទៅ​កាន់​កន្លែង​សុវត្ថិភាព ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់​បង់​ជីវិត​នោះ​ទេ។ ចំណែក​ច្រាំង​ទន្លេ​ដែល​បាក់ គឺ​មាន​ប្រវែង​សរុប​ជាង ៨​ពាន់​ម៉ែត្រ (៨.៣១៥​ម៉ែត្រ)។

អភិបាល​រង​ខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​ថា ច្រាំង​ទន្លេ​បាក់​កន្លង​មក​នេះ គឺ​ជា​គ្រោះ​ធម្មជាតិ បណ្ដាល​មក​ពី​ចរន្ត​ខ្សែ​ទឹក​ហូរ​ប៉ះ​ចំ​កន្លែង​ទាំង​នោះ ដោយ​មិន​មាន​កន្លែង​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​បូម​ខ្សាច់​នោះ​ឡើយ។ ដូច​នេះ អាជ្ញាធរ​ខេត្ត​មាន​ការ​ពិបាក​ទប់ស្កាត់​លើ​គ្រោះ​ធម្មជាតិ​មួយ​នេះ ប៉ុន្តែ​លោក​ថា ខាង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជូន​អ្នក​ជំនាញ​របស់​ខ្លួន​មក​សិក្សា​លើ​បញ្ហា​នេះ និង​សិក្សា​លើ​បណ្ដា​កោះ​មួយ​ចំនួន ដើម្បី​រក​វិធី​បញ្ចៀស​ចរន្ត​ខ្សែ​ទឹក​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ច្រាំង​ទន្លេ​ត​ទៅ​ទៀត។ លើស​ពី​នេះ អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ការងារ​ចំពោះ​មុខ​លើ​បញ្ហា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​កន្លង​មក​នោះ រួម​នឹង​បញ្ហា​មួយ​ចំនួន​ផង៖ «ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដី ខេត្ត​កំពុង​ស្រាវជ្រាវ​ឲ្យ​ស្រុក​ឃុំ​ធ្វើ​របាយការណ៍ ហើយ​ខេត្ត​នឹង​មាន​គោល​នយោបាយ​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច និង​រក​ដី​សម្បទាន​សង្គមកិច្ច​ជូន​គាត់។ ដោយ​ឡែក​នៅ​ក្រុង​កំពង់ចាម រាជ​រដ្ឋាភិបាល​សម្រេច​ឲ្យ​ធ្វើ​ច្រាំង​ទន្លេ​ឡើង​វិញ»

ត្បិត​តែ​អាជ្ញាធរ​ខេត្ត​មិន​អាច​ទប់ស្កាត់​នូវ​គ្រោះ​ធម្មជាតិ​នេះ​ឲ្យ​បាន​ទាំង​ស្រុង​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​រាជ​រដ្ឋាភិបាល ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ធំ​លើ​រឿង​នេះ​ដែរ។

អនុប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ចាត់ សុវ៉េត មាន​ប្រសាសន៍​ថា ច្រាំង​ទន្លេ​មេគង្គ​បាក់ គឺ​បណ្ដាល​មក​ពី​កត្តា​ពីរ​យ៉ាង គឺ​កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស ដូចជា​ការ​បូម​ខ្សាច់​ជាដើម។ លោក​បន្ត​ថា រាល់​ការ​ខូចខាត​របស់​ពលរដ្ឋ ក៏​នៅ​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ដដែល៖ «រដ្ឋាភិបាល​គេ​អាច​ដឹង​ពី​របៀប​នៃ​គ្រោះថ្នាក់​នេះ​ឯង។ ដូច​នេះ រដ្ឋាភិបាល​ត្រូវ​ត្រៀម​ទីតាំង​ត្រៀម​ទីកន្លែង ត្រៀម​ជំនួយ​ត្រៀម​រក​មធ្យោបាយ​ដោះ​ដូរ។ ត្រៀម​ពន្យល់​ពលរដ្ឋ​ឲ្យ​ជាក់​ជឿ ដើម្បី​ពន្យល់​ពី​គ្រោះ​មហន្តរាយ​ហ្នឹង​បាទ»

លោក​បន្ថែម​ថា កន្លង​មក​រាជ​រដ្ឋាភិបាល​ហាក់​ខ្វះ​បច្ចេកទេស ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​លើ​បញ្ហា​នេះ ឬ​ជួយ​ប្រជាពលរដ្ឋ និង​ខ្វះ​ការ​ត្រៀម​លក្ខណៈ​រក​ទីកន្លែង​សម្រាប់​ពួក​គាត់ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​កើត​ឡើង​ដោយ​គ្រោះ​ធម្មជាតិ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល