សង្គម​ស៊ីវិល និង​ពលរដ្ឋ​បារម្ភ​ពី​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​សំបូរ​ក្នុង​ខេត្ត​ក្រចេះ

ដោយ សុ ជីវី
2018-09-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​នៅ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
ពលរដ្ឋ​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​នៅ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA

កម្ពុជា​គ្រោង​ទុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ​នឹង​កសាង​ទំនប់​វារី​អគ្គិសនី​ថ្មី​មួយ​នៅ​លើ​តួនៃ​ទន្លេ​មេគង្គ​នៅ​សំបូរ​ក្នុង​ខេត្ត​ក្រចេះ។ បើ​ទោះ​បី​ជា​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់​ពី​ដំណើរការ​ទំនប់​វារី​អគ្គិសនី​ក៏​ដោយ ក៏​មាន​ការអះអាង​ថា​គម្រោង​នេះ​មាន​​ដំណើរការ​តាម​ជំហាន​ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ចាប់​ផ្ដើម​ពី​ការជួលវិទ្យាស្ថាន​បរទេស​អោយស្រាវជ្រាវជំហាន​ដំបូង​ពី​ផលប៉ះពាល់​ និង​ជម្រើស​នានា​ពី​ទំនប់​នេះ ។ មន្រ្តី​រដ្ឋាភិបាល​ថា​ការសិក្សា​គម្រោង​នេះ​អាច​ប្រើ​ពេល​៣​ឆ្នាំ​ទៀត មុន​នឹង​ឈាន​ដល់​ការសម្រេច​ថា​នឹង​សាងសង់។ អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ពី​ផល​ប៉ះពាល់​ថា​អាច​មាន​ទំហំ​ធំធេង​ជាង​ទំនប់​វារី​អគ្គិសនី​ដទៃ​ទៀត​នៅ​កម្ពុជា។

តើ​គម្រោង​ទំនប់​វារីអគ្គិសនី​សំបូរ​អាច​នឹង​មាន​ផលប៉ះពាល់​យ៉ាងណា​ខ្លះ​ទៅ​លើ​បរិស្ថាន និង​សង្គម​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់?

គម្រោង​ទំនប់វារី​អគ្គិសនី​សំបូរ​ត្រូវ​អ្នកស្រាវជ្រាវ​ចាត់​ទុក​ថា​ ជា​ទំនប់​ធំ​ជាង​គេ​បំផុត​នៅ​លើ​តួ​ទន្លេ​មេគង្គ ប្រសិន​បើ​ទំនប់​នេះ​ត្រូវ​បាន​កសាង​ឡើង​តាម​ផែនការ​ដែល​គ្រោងទុក​នោះ​មែន ចំណែក​ផលប៉ះពាល់​ក៏​មាន​ទំហំ​ធំធេង​ទៅ​តាម​នោះ​ដែរ។

នាយកប្រតិបត្តិ​អង្គការបណ្ដាញការពារទន្លេ៣ លោក លាង ប៊ុនលាប មាន​ប្រសាសន៍​ថា លោក​បារម្ភ​ពី​ផលប៉ះពាល់​ដែល​អាច​នឹង​ធ្ងន់ធ្ងរ ម្យ៉ាង​ដោយសារ​ទំនប់​វារី​អគ្គិសនី​នេះ​មាន​ទំហំ​ធំ ហើយ​ម្យ៉ាង​ទៀត​គឺ​ទំនប់​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន ជា​ពិសេស​គឺ​ទំនប់​នេះ​នៅ​កៀក​នឹង​ខេត្ត​សំខាន់ៗ រួម​នឹង​រាជធានី​ភ្នំពេញ​ផង៖ «ហើយ​ប្រសិន​បើ​មាន​បញ្ហា​គ្រោះថ្នាក់​សួរថាតើ​ទីក្រុង​ភ្នំពេញ​ដែលជាបេះដូងនៃ ប្រទេស​កម្ពុជា ហើយ​នឹង​មនុស្ស​ដ៏​ណែនណាន់តាន់តាប់​រាប់​លាន​នាក់​​ចាប់​តាំង​ពីខេត្ត​កំពង់​ចាម ​កណ្ដាល និង​ភ្នំពេញ​ តើ​នឹង​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណា​ បើ​ប្រៀបធៀបទៅ​នឹង​ឡាវ​ដែល​នៅ​ក្នុង​ខេត្ត អាត្តាពឺ ប្រទេស​ឡាវ​​​ជា​តំបន់​ជាយ​ដែន​ តំបន់​ភ្នំផង​ខូចខាត​ប៉ុណ្ណឹង»

លោក​បន្ត​ថា​ការបាក់​ទំនប់​វារីអគ្គិសនី​សេពាន សេណាម​ណយ(Xe-Pian Xe-Namnoy)ក្នុង​ខេត្ត​អាត្តាពឺ(Attapeu)ប្រទេស​ឡាវ​បាន​សម្លាប់​មនុស្ស​ ៣៦​នាក់ និង​ជិត ​១០០​នាក់​បាត់​ខ្លួនគឺ​ជា​ឧទាហរណ៍​ជា​បទពិសោធន៍ និង​ជា​គំរូ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

ទំនប់​វារីអគ្គិសនី ក្នុង​ប្រទេស​ឡាវ​បាន​បាក់​នៅ​ពេល​មាន​ភ្លៀងធ្លាក់​ខ្លាំង​កាល​ពី​ខែ ​កក្កដា​កន្លង​ទៅ។ ទំនប់​នេះ​ផ្តល់​ថាមពលអគ្គិសនី​ទំហំ ៤១០ម៉េហ្គាវ៉ាត់ ពោល​គឺ​មាន​កម្លាំង​តូចជាង​គម្រោង​ទំនប់​វារី​អគ្គិសនី​សំបូរ​ដល់​ទៅ​ជាង​ ៦ដង។ លើសពី​នេះ​ទំនប់​នេះ​នៅ​មិន​ទាន់​បញ្ចប់​ការ​សាងសង់​នៅ​ឡើយ​ទេ និង​បាន​ដាក់​ឲ្យ​ដំណើរ​ជា​​បណ្តោះអាសន្ន​ចំនួន​ ២​តួប៊ីន កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ២០១៨។ ការ​សាង​សង់​ទំនប់​នេះ​ជាផ្នែក​មួយ​នៃ​គម្រោង​វារី​អគ្គិសនី​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន​ថាម​ពល​សេណាម​ណយ ​(Xe-Pian Xe-Namnoy Power Company) ដោយ​មាន​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ឈ្មោះ SK Engineering & Construction and Korea Western Power។ អ្នក​ជំនាញ​សង្ស័យ​ចំពោះ​មហន្តរាយ​នៃ​ទំនប់​នេះ​ថា អាច​មក​ពី​បញ្ហា​ក្នុង​ការសាងសង់ និង​កង្វះ​ការ តាមដាន​ត្រឹមត្រូវ រួម​នឹង​ការសិក្សា​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​មិន​គ្រប់គ្រាន់។

ចំពោះ​ទំនប់​វារី​អគ្គិសនី​សំបូរ​ត្រូវ​អ្នកស្រាវជ្រាវ​បញ្ជាក់​ថា​ធំ​ជាង​គេ​ក្នុង​ចំណោម​ទំនប់​ទាំង​ឡាយ​ដែល​គ្រោង​នឹង​សាងសង់ និង​បាន​សាងសង់​រួច​នៅ​លើ​តួទន្លេមេគង្គ​រាប់​ទាំង​ក្នុង​ប្រទេស​ឡាវ ទាំងក្នុង​​វៀតណាម។ វិទ្យាស្ថាន​កេរតំណែល​ធម្មជាតិ (National Heritage Institute)ដែល​មាន​ទីតាំង​នៅ​ក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ រដ្ឋ​កាលីហ្វនីញ៉ា សហរដ្ឋអាមេរិក​ ត្រូវ​ក្រសួង​រ៉ែ និង​ថាមពល​ជួល​អោយ​ស្រាវជ្រាវ​ពី​ស្ថានភាព និង​ជម្រើស​នៅ​សំបូរ ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០១៤។ វិទ្យាស្ថាន​នេះ​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧ បញ្ជាក់​ថា ទំនប់​វារី​អគ្គិសនី​សំបូរ​មាន​ទំហំ ​២.៦០០​មេហ្គាវ៉ាត់។ តាម​គម្រោង​នឹង​តម្រូវ​ឲ្យ​សាងសង់​ទំនប់​បេតុងកម្ពស់ ៣៣​ម៉ែត្រ និង ​១៨គីឡូម៉ែត្រ​កាត់​ទទឹង​ផ្ទៃ​ទន្លេ​មេគង្គ ត្រង់​តំបន់​មួយ​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មាន​ផ្ទៃ​បាត​អាង​ទំហំ​ដល់​ទៅ៨២គីឡូម៉ែត្រ។

អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​ថាមពល​ នៃ​ក្រសួង​រ៉ែ​ និង​ថាមពល លោក វិកទ័រ ហ្សូណា (Victor Jona) ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា​ថា រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​សិក្សា​ពី​លទ្ធភាព​សាងសង់​ទំនប់​វារី​អគ្គិសនី​បន្ថែម​ទៀត។ ចំណែក​រដ្ឋលេខាធិការ​​​នៃក្រសួង​រ៉ែ​និង​ថាមពល លោក អ៊ិត ប្រាំង​ បាន​ប្រាប់​កាសែត​អង់គ្លេស ដឹ ហ្គាឌៀន​ (The Guardian) ថា ការ​សម្រេច​ថាតើ​​សាងសង់​ឬ​មិន​សាងសង់​ទំនប់​សំបូរ​នឹង​ត្រូវ​ធ្វើ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ។

អាស៊ី​សេរី​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​ថាមពល​ នៃ​ក្រសួង​រ៉ែ​ និង​ថាមពល លោក វិកទ័រ ហ្សូណា (Victor Jona) ជាច្រើន​លើក​ច្រើនសារ ដើម្បី​សាកសួរ​ពត៌មាន​បន្ថែម ប៉ុន្តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។

ទាក់ទិន​នឹង​ការសិក្សា​គម្រោង​វារី​អគ្គិសនី នាយកប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ៣ លោក លាង ប៊ុនលាប លើក​ឡើង​ថា គ្រប់​សំណើរ​សុំ​សាង់សង់​ទំនប់​វារី​អគ្គិសនី សុទ្ធ​តែ​បាន​លើក​ឡើង​ពី​ផលចំណេញ​ដែល​ទទួល​បាន​ពី​ការ​សាងសង់​ទំនប់។ ប៉ុន្តែ​លោក​ថា ទំហំ​នៃ​ផល​ប៉ះពាល់​វិញ​ក៏​មិន​តូចតាច​ដែរ ពេល​ខ្លះ​អាច​លើសលប់​ជាង​ផល​ចំណេញ។ ករណី​នេះ​លោក​អំពាវ​អោយ​រដ្ឋាភិបាល​គិតគូរ​អោយ​បាន​ល្អិតល្អន់​ចំពោះ​គម្រោង​វារីអគ្គិសនី​ថ្មីៗ​ទាំង​ឡាយ ដោយ​សំឡឹង​មើល​ពី​ផល​ប៉ះពាល់​ដែល​កើត​ពី​គម្រោង ដែល​មាន​ស្រាប់ រួមទាំង​មហន្តរាយ​ដោយសារ​ទំនប់​វារី​អគ្គិសនី សេពាន សេណាមណយ(Xe-Pian Xe-Namnoy)«តើ​វារី​អគ្គិសនី​ហ្នឹង​ពិត​ជាបាន​ផ្ដល់​ផល​ប្រយោជន៍​មហាសាល​មែន​ដល់​សេដ្ឋកិច្ចជាតិ ដល់​ប្រាក់​ចំណូល​ជាតិ? ឬ​មួយ​ក៏វាអាចជាករណី​ដូច​ជា សេពាន​សេណាម​ណយ? ហើយ​នឹង​មួយដង​កាល​ពី​ឆ្នាំ​ ១៩៩៦ គឺ​នៅ​ឯទំនប់យ៉ាលី នៅ​ប្រទេស​វៀតណាម​មាន​ចម្ងាយ​ ៨០​គីឡូ​ពី​ព្រំ​ដែន​ដូចគ្នា​ហ្នឹង​ឯង ​ហើយ​ក៏​ធ្លាប់​បាក់​ និង​បង្ក​អោយ​មាន​ការ​ខូចខាត​ដូចគ្នា នេះ​គ្រាន់តែ​ទំនប់​វារី​អគ្គិសនី​ល្មមៗ​ ត្រឹម​ ៤០០​មេហ្គាវ៉ាត់»

ទន្លេមេគង្គ​ស្ថិត​ក្នុង​ចំណោម​ទន្លេ​ធំ​ៗ​​ក្នុង​ពិភព​លោក ដោយ​ហូរកាត់​ប្រទេស​ចិន ឡាវ ថៃ កម្ពុជា និង​វៀតណាម។ នៅ​ភាគ​ខាងលើ​គឺ​ភាគ​ដែល​ស្ថិត​ក្នុង​ប្រទេស​ចិន​ ដែល​ហៅ​ជា​ភាសា​ចិន​ថា​ឡានឆាង (Lanchang) នោះ​មាន​ទំនប់​វារី​អគ្គិសនី​ចំនួន​៧កំពុង​ដំណើរការ​ទាញ​យក​ថាមពល​អគ្គិសនី។

របាយការណ៍​ស្រាវជ្រាវ​នានា​ ឲ្យ​​ដឹង​ថា ប្រទេស​ចិន​បាន​សាងសង់​ទំនប់​ទាំង​នោះ​ដោយ​ពុំ​បាន​ប្រឹក្សា​យោបល់​នឹង​បណ្ដារប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ឡើយ លើសពី​នេះ​ទិន្នន័យ​ទាំងឡាយ​ក៏​ត្រូវ​បិទជិត។ ចំពោះ​ដង​ទន្លេ​ភាគ​ខាងក្រោម​វិញ ប្រទេស​​​ឡាវ កម្ពុជា វៀតណាម និង​ថៃ ​បាន​ដាក់​គម្រោង​ថា​នឹង​សាងសង់​ទំនប់​សរុប​ចំនួន​១១ ក្នុង​នោះ​ឡាវ​មាន​ទំនប់​ចំនួន​៩ ដើម្បី​បំពេញ​ក្ដី​សុបិន្ត​របស់​ប្រទេស​នេះ​ដែល​ចង់​ក្លាយ​ជា​ប្រទេស​មាន​ថមពល​ប្រចាំ​តំបន់​អាស៊ី ហើយ​គោលដៅ​ចម្បង​គឺ​ការ​ជម្រុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច។ បើទោះបី​ជាមិន​សិ្ថត​ក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ក៏​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេមគង្គ​ត្រូវ​សាងសង់​ដោយ​មាន​ភាគហ៊ុន នៃ​ក្រុមហ៊ុនរដ្ឋរបស់​ប្រទេស​ចិន​ដដែល។

នៅក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​កេរតំណែល​ធម្មជាតិ ​(National Heritage Institute)​ ឲ្យ​​ដឹង​ថា គម្រោង​ទនប់​វារី​អគ្គិសនី​សំបូរ​បាន​ស្នើ​ឡើង​ពីដំបូង​ដោយ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ ឆាយណា សៅធឺន​ ផៅវើ (China Southern Power Grid Company)

ដោយឡែក​រដ្ឋលេខាធិការ​​​នៃក្រសួង​រ៉ែ ​និង​ថាមពល លោក អ៊ិត ប្រាំង​ បាន​ប្រាប់​កាសែត​អង់គ្លេស ដឹ ហ្គាឌៀន​(The Guardian) ថារដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​សម្រេច​ប្រគល់​សិទ្ធិ​វិនិយោគ​គម្រោង​ទំនប់​វារី​អគ្គិសនី​សំបូរ​ទៅ​អោយ​ក្រុមហ៊ុនចិន​ឈ្មោះ ហាយដ្រូ​ឡាន​ឆាង ​អ៊ីន​ធឺណេសិន​ណល អ៊ិននើជី ​ (Hydrolancang International Energy) ដែល​បច្ចុប្បន្ន​មាន​ភាគហ៊ុន​៥១​ភាគរយក្នុង​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ដ៏​ចម្រូង​ចម្រាស​នៅ​ខេត្ត​ស្ទឹងត្រែង។

នៅ​មុន​ពេល​មាន​ការ​បែកធ្លាយ​ព័ត៌មាន​ពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សំបូរ​ដែល​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​កេរដំណែល​ធម្មជាតិ (National Heritage Institute) នេះ​ កាល​ពី​ចុង​ឆ្នាំ​២០១៦ អ្នក​សហគមន៍ និង​អ្នក​ការពារ​បរិស្ថាន​បាន​នាំ​គ្នា​តវ៉ា ដោយ​ដាក់​លិខិត​ទៅ​រដ្ឋសភា និង​ទៅ​ក្រសួង​ពាក់​ព័ន្ធ​អោយ​ផ្អាក​គម្រោង​សាងសង់​ទំនប់​មួយ​នេះ។

លោកស្រី ហេង គីន រស់នៅ​លើ​កោះ​ងាវ​ក្នុង​ស្រុក​សំបូរ និយាយ​ថា​ លោកស្រី​បាន​ឮ​តៗ​គ្នា​ថា​ភូមិ​អ្នកស្រី​គឺ​នៅ​កៀក​នឹង​តំបន់ ដែល​គេ​គ្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​សំបូរ។ លោកស្រី​ថា អ្នក​ភូមិ​ប្រមាណ​១៧០​គ្រួសារ​នៅ​កោះ​ងាវ​រស់នៅ​ពឹង​ផ្អែក​លើ​ទឹក​ទន្លេ​មេគង្គ ដើម្បី​ធ្វើ​ស្រែ​ចម្ការ និង​នេសាទ។ លោកស្រី​បារម្ភ​ថា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ នឹង​បណ្ដេញ​អ្នក​ភូមិ​ដោយ​បង្ខំ​ឲ្យ​ផ្លាស់​ទីលំនៅ​ដែល​នេះ​ជា​មូលហេតុ​ធ្វើ​អោយ​លោកស្រី​មិន​ចង់​បាន​ទំនប់​វារីអគ្គិសនី​នេះ​ទេ៖ «ប៉ះពាល់​ច្រើន​ណាស់ ដូចជា​ធនធាន​ធម្មជាតិ ដូចជា​ត្រី។ ពួក​ខ្ញុំ​សព្វថ្ងៃ​រស់នៅ​ដោយសារ​ត្រី​នៅ​លើ​ទឹក ដោយសារ​ស្រូវ និង​ភោគផល​ដំណាំ​ទាំងអស់។ បើ​គេ​ធ្វើ​វារីអគ្គិសនី​មែន ចឹង​ពួក​ខ្ញុំ​មិន​លិចលង់​បាត់បង់​អស់​ហើយ»

អ្នក​សហគមន៍​ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​របរ​នេសាទ​និយាយ​ថា ​ពួកគេ​នឹង​ពុំ​មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ការងារ​ធ្វើ​ទេ​ប្រសិន​បើ​ទំនប់​អគ្គិសនី​នេះ​ត្រូវ​សាងសង់។

បើ​ទោះ​បី​ជា​មាន​ការតវ៉ា​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ពី​ទំនប់​នេះ​ក៏​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​ពិភាក្សា​យោបល់​ជាមួយ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នៅ​ឡើយ ដែល​បញ្ហា​បែប​នេះ​តែង​កើត​ជាញឹកញាប់​ស្ទើរ​រាល់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី។

មិន​ខុស​ពី​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ទេ​របាយការណ៍​របស់វិទ្យាស្ថាន​កេរដំណែល​ធម្មជាតិបញ្ជាក់​ថា​ មាន​ពូជត្រី​ចំនួន​៣២៩​ស្មើ​នឹង​៤២​ភាគរយ នៃ​ពូជត្រី​ក្នុង​ទន្លេមេគង្គ​បាន​រកឃើញ​ថា​មាន​នៅ​សំបូរ ក្នុង​នោះ​ទៀត​មាន​៤០​ប្រភេទ​ពូជត្រី​កម្រ។ លើសពី​នេះ​តំបន់​នេះ​មាន​អន្លង់​ជម្រក និង​ជា​ទី​ពង​កូន​របស់​ផ្សោត ដែល​ជា​ប្រភេទ​ត្រី​ដែល​ស្ទើរ​នឹង​ដាច់​ពូជ​ទៅ​ហើយ។

នាយកប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ៣ លោក លាង ប៊ុនលាប មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ទំនប់​សំបូរ​ត្រូវ​បាន​សាងសង់​នៅ​ត្រង់​តំបន់ ដែល​បាន​ស្នើ​ឡើងនោះ​នឹង​បង្កវិនាសកម្ម​យ៉ាង​ធំធេង​ដល់​ធនធាន​ធម្មជាតិ​ក្នុង​អាង​ទន្លេ​មេគង្គ ដែល​គំរាម​កំហែ​ង​ដល់​សន្ដិសុខ​ស្បៀង​នៅ​ក្នុង​តំបន់​ព្រោះ​ទំនប់​នោះ​នឹង​រាំង​ខ្ទប់​ការ​ផ្លាស់​ទី​របស់​ត្រី​នៅ​ក្នុង​ប្រព័ន្ធ​ទន្លេ​មេគង្គ​ទាំងមូល។ លោក​ថា​ផល​ប៉ះពាល់​ពិត​ប្រាកដ​គឺ​កើត​ទៅ​លើ​ពលរដ្ឋក្រីក្រ៖ «ត្រីដែល​សំខាន់ៗ​គឺ​មាន​អន្លង់ត្រី​តែ​ពីក្រចេះ​រហូត​ទៅ​ប៉ែក​ខាង​លើ​ទេ​ដែល​មាន​អន្លង់ត្រី​​ដែល​ផ្ដល់​ពូជកូន​ត្រីទៅក្នុង​ទន្លេ​សាប​ ឬ​ក៏​ទន្លេ​ដទៃ​ៗ​ទៀត។ ប្រសិន​បើ​យើង​បិទនៅ​សំបូរ​ទៅ​វាបណ្ដាល​អោយ​ត្រី​ប្រភេទ​ត្រីស ដែល​ផ្លាស់​ទៅ​ខាង​លើ​នៅ​អន្លង់​ចាប់​ពី​ក្រចេះ​ ស្ទឹង​ត្រែង​​រតនគិរី មណ្ឌល​គិរី ទន្លេទាំង​៣ ដែល​មាន​អន្លង់​ជ្រៅៗ អន្លង់​ផ្សោត​អន្លង់​ពាម អន្លង់​ផ្តិល អន្លង់​ប៊ុងថ្មអីជាដើម​ផង គឺ​ត្រី​អស់​ហ្នឹង​លែង​បាន​ទៅ​ពង​ហើយ»

លោក​បន្ត​ទៀត​ថា បន្ថែម​លើ​នេះ​ទំនប់​សំបូរ​នឹង​រាំង​ខ្ទប់​លំហូរ​ដីល្បាប់​ដែល​នឹង​ប៉ះពាល់​ដល់​ការងារ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ភាគ​ខាង​ក្រោម​នៃ​ទន្លេ ក្នុង​នោះ​មាន​ទាំង​តំបន់​ដីសណ្ដរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង៖ «ព្រោះ​ថា​កាលណាយើង​បាន​បិទ​ទំនប់​សំបូរ​បាន​សេចក្ដី​ថា​ទឹក​ដែល​នៅ​ផ្នែក​ដីសណ្ដរ​នៃ ទន្លេ​មេគង្គ​នៃ​ប្រទេស​វៀតណាម​នឹង​អត់​ទឹក​ប្រើ ហើយ​នៅ​ទី​នោះ​មាន​​ប្រជាពលរដ្ឋធ្វើ​កសិកម្ម​យ៉ាង​ច្រើន ហើយ​ផល​ចំណេញ​បី​កសិកម្មហ្នឹង​គឺ​ច្រើន​រាប់​ពាន់​លាន។ ប្រសិន​បើ​មាន​ទំនប់​សំបូរ​បណ្ដាល​អោយទឹក​នៅ​ខាង​ក្រោម​អត់ ព្រោះរឿងវារី​អគ្គិសនី​​​ជារឿង​អាក្រក់ នៅ​ពេល​ដែល​យើង​ខ្វះ​ទឹក​គេ​បិទ​ទឹក​ប្រើ​ថែមធ្វើ​អោយ​យើង​កាន់​តែ​ខ្វះ ​ហើយ​នៅ​ពេល​ដែល​ទឹក​មាន​ច្រើនជន់​គេ​បើកទឹក​បន្ថែម​ទៅ​ពន្លិច។ នេះ​ហើយ​បច្ច័យ​អាក្រក់​ដែល​បណ្ដាល​មកពី​ទំនប់​វារី​អគ្គិសនី»

ផ្ទុយ​ពី​នេះ​ចំពោះ​លោក ហ៊ុន សែន ដែល​ចង់​អភិវឌ្ឍន៍​វារីអគ្គិសនី​តែងរិះគន់​ក្រុម​អ្នកបរិស្ថាន​ថា​ជាក្រុម​អ្នក​រារាំង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា។ លោក​បាន​ថ្លែង​បែប​នេះ​ជា​ថ្មី​ទៀត​នៅ​ក្នុង​ពេល​បិទ​ទ្វារ​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧៖ «ក៏ប៉ុន្តែ​លើ​ពិភព​លោក​នេះ​តើ​មាន​ការអភិវឌ្ឍណា ​ដែល​មិន​ប៉ះពាល់​បរិស្ថាន​នោះ?​ ចំណុច​នេះខ្ញុំ​គិត​ថា​អ្នកបរិស្ថាន​និយម​ជ្រុលមួយចំនួន​គួរ​តែត្រូវ​បាន​ត្រិះរិះ​ឡើងវិញ ម្ខាងខ្លួន​ទាមទារមានអគ្គិសនីប្រើប្រាស់ និង​តម្លៃ​ថោក​​​ តែ​ម្ខាង​ទៀតខ្លួន​តែង​តែ​ទៅ​រារាំង​ និង​ដើម្បីនឹង​បញ្ចៀសមិន​អោយ​មាន​ការអភិវឌ្ឍន៍​ដូច្នេះ​ន័យ​ពិត​ប្រាកដគឺ​អ្វី

របាយការណ៍​របស់វិទ្យាស្ថាន​កេរដំណែល​ធម្មជាតិ​ដដែល​បញ្ជាក់​ទៀត​ថា ផល​ត្រី​សរុប​ដែល​ប្រមូល​បាន​នឹងត្រូវ​ថយចុះ​ពី​ ២៦​% ទៅ​ ៤២មាន​ន័យ​ថា ​ទិន្នផល​ត្រី​ពី ៥៥ម៉ឺន​តោន​ (៥៥០.០០០តោន)​ទៅ​៨៨​ម៉ឺនតោន (៨៨០.០០០​តោន) នឹង​ត្រូវ​បាត់បង់។ ស្របគ្នា​នេះ​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី ដោយសារតែ​ទំនប់​វារីអគ្គិសនី​នេះ​នឹង​រាំង​ខ្ទប់​បន្លាស់​ទី​ត្រី​ពី​ទន្លេសាប ដែល​ជា​ដៃទន្លេ​មេគង្គ ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ និង​តំបន់​ផ្នែក​ខាងលើ​នៃ​ទន្លេ​នេះ។

បច្ចុប្បន្ន​កម្ពុជា​មាន​ទំនប់វារី​អគ្គិសនី​ធំៗ​ចំនួន៤ ដែល​សុទ្ធសឹង​ជា​គម្រោង​វិនិយោគ​របស់​​ក្រុម​ហ៊ុន​ចិន ដូច​ជា​ទំនប់​វារីអគ្គិសនី​កំចាយ​ (១៩៤​មេហ្កា​វ៉ាត់) ក្នុង​ខេត្ត​កំពត ទំនប់​ស្ទឹង​តាតៃ ​(២៤៦​មេហ្កា​វ៉ាត់) និង​ទំនប់​ឫស្សី​ជ្រុំ​ក្រោម (៣៣៨​មេហ្កាវ៉ាត់) ដែល​ទំនប់​ទាំង​ពីរស្ថិត​ក្នុង​ខេត្ត​កោះ​កុង ហើយ​​ចុង​ក្រោយគឺ​​ទំនប់​សេសាន​ក្រោម​ពីរ​ (៤០០​មេហ្កា​វ៉ាត់) ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៨​នេះ។ បើទោះ​ជាយ៉ាងណា​ទំហំ​នៃ​ទំនប់​វារីអគ្គិសនី​ទាំង​នៅ​នៅ​តូច​បើ​ប្រៀបធៀប​នឹង​ទំនប់​សំបូរ។

ចំពោះ​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​កេរតំណែល​ធម្មជាតិ​ (National Heritage Institute) ក៏​បាន​ ផ្ដល់​នូវ​ជម្រើស​មួយ​ចំនួន​សម្រាប់​កាត់​បន្ថយ​ផលប៉ះពាល់​ជាពិសេស​គឺ​ផល​ប៉ះពាល់​ទៅ​លើ​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​ដៃ​សំខាន់ៗ​របស់​ទន្លេ​នេះ លំហូរ​​ដីសណ្ដរ និង​បំលាស់​ទី​ត្រី​គ្រប់​ប្រភេទ។ ជម្រើស​ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​វិជ្ជមាន​ជា​រួម​ដល់​ប្រទេស​កម្ពុជា​គឺ ដំឡើង​ប្រព័ន្ធ​ស្រូប​ពន្លឺ​ព្រះអាទិត្យ នៅ​លើ​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២ ដែល​មាន​ស្រាប់ជំនួស​ឲ្យ​ការសាងសង់​ទំនប់​​វារីអគ្គិសនីសំបូរ​នេះ ដែល​នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ទ្វេដង គឺ​រហូតដល់​ជាង ៨០០ ម៉េហ្កាវ៉ាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល