ពលរដ្ឋ​១៩​ភូមិ​នៅ​រតនគិរី​ធ្វើ​ញត្តិ​ទាមទារ​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​បូម​ខ្សាច់

ដោយ រដ្ឋា វិសាល
2014.06.23

តំណាង​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ចំនួន ១៩​ភូមិ ក្នុង​ស្រុក​តាវែង ខេត្ត​រតនគិរី បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ភូមិ ឃុំ ធ្វើ​ញត្តិ​ទាមទារ​សុំ​ឲ្យ​បញ្ឈប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ទន្លេ​សេសាន​ពី​​ក្រុមហ៊ុន​ចិន ឈ្មោះ ហីង ឆាង។ អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​នេះ​មិន​បាន​បូម​ខ្សាច់​ដូច​ការ​សន្យា​នោះ​​​ទេ គឺ​ក្រុមហ៊ុន​ទំនង​បូម​រក​រ៉ែ​មាស​ក្នុង​ទន្លេ។

ការ​ជួប​ប្រជុំ​គ្នា​ធ្វើ​ញត្តិ​នេះ ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​អង្គការ​ទន្លេ​បី​ប្រចាំ​ស្រុក​តាវែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដោយ​មាន​ប្រជាពលរដ្ឋ​ជិត ៧​ពាន់​នាក់​ជា​អ្នក​គាំទ្រ។

​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តាវែងក្រោម លោក ត្រាំ ថាំង រៀប​រាប់​ថា អ្នក​ភូមិ​បាន​ឯកភាព​គ្នា​រួច​ហើយ​ថា នឹង​ដាក់​ញត្តិ​តវ៉ា​នេះ​ជូន​អាជ្ញាធរ​ឃុំ​ចុះ​ហត្ថលេខា និង​បញ្ជូន​ញត្តិ​ទៅ​អភិបាល​ស្រុក​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​មិថុនា។ លោក​បន្ត​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​តាម​កិច្ចសន្យា​ដែល​បាន​ផ្សព្វផ្សាយ​ជាមួយ​ពលរដ្ឋ ​និង​អាជ្ញាធរ​ពី​អាជីវកម្ម​បូម​ខ្សាច់ ក៏ប៉ុន្តែ​អ្នក​ភូមិ​ឃើញ​គ្រឿងចក្រ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ក្នុង​ទន្លេ​រាល់​​​ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​ដាក់​ការ​សង្ស័យ​ថា គ្រឿងចក្រ​ក្រុមហ៊ុន​បាន​បូម​រក​រ៉ែ​មាស។

លោក ត្រាំ ថាំង៖ «គេ​ឃើញ​បូម​ទៅ​មកៗ​រហូត ប៉ុន្តែ​កន្លែង​ដេប៉ូ​មាន​ខ្សាច់​តែ​បន្តិច​ទេ ហើយ​ក្នុង​ស្រុក​អត់​មាន​ចែកចាយ​​លក់​ទេ ប៉ុន្តែ​នៅ​ខេត្ត​អត់​មាន​ឡាន​ចេញ​ចូល​ដឹក​ទៅ​លក់​នៅ​ខេត្ត​ទេ។សហគមន៍ ១៩​ភូមិ ឃុំ​តាវែងលើ ឃុំ​តាវែងក្រោម គាត់​សង្ស័យ​ក្រុមហ៊ុន​អត់​បាន​បូម​ខ្សាច់​លក់​ទេ គឺ​បូម​មាស​តែម្ដង»

​មន្ត្រី​អាជ្ញាធរ​ស្រុក​តាវែង ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហ៊ីង ឆាង កាល​ពី​ឆ្នាំ​២០១៣ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​​​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​សម្រាប់​​ផ្គត់ផ្គង់​គម្រោង​សាង​សាង​ទំនប់​វារីអគ្គិសនី​ព្រែកលាង​១ និង​ព្រែកលាង​២ នៅ​ខេត្ត​រតនគិរី។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ចាប់​ពី​ក្រុមហ៊ុន​នេះ​ដាក់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ក្នុង​ទន្លេ ប្រជាពលរដ្ឋ​​មិន​ឃើញ​មាន​គំនរ​ខ្សាច់ ឬ​ការ​ដឹក​ជញ្ជូន​ខ្សាច់​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន​នេះ​ទេ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តា​វែង លោក ហេ ប៊ុនស៊ូ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ទទួល​​​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ព្រមព្រៀង​គ្នា​នឹង​ដាក់​ញត្តិ​តវ៉ា​នេះ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា ក្រុមប្រឹក្សា​ឃុំ​នឹង​ប្រជុំ​ពិនិត្យ​ករណី​នេះ ប្រសិន​ញត្តិ​បាន​ដាក់​ជូន​អាជ្ញាធរ​ឃុំ៖ «ឯកភាព​ទៅ​លើ​ញត្តិ​តវ៉ា​ផល​ប៉ះពាល់​ក្រុមហ៊ុន​ដែល​គេ​រុករក​រ៉ែ​ហ្នឹង យុត្តិធម៌ ឬ​មិន​ទាន់​យុត្តិធម៌​​ចាំ​មើល​មតិ​យោបល់​ប្រជាពលរដ្ឋ​តាម​ភូមិ​នីមួយៗ​សិន ក្រុម​អាជ្ញាធរ​យើង​នឹង​សម្រេច​តាម​ក្រោយ»

​វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែង​រក​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា។

​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រដ្ឋ​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​ញត្តិ​តវ៉ា ក៏ប៉ុន្តែ​កន្លង​ទៅ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​បាន​សិក្សា​ផល​ប៉ះពាល់ និង​​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​រួច​ហើយ ទើប​ក្រសួង​ឧស្សាហកម្ម​ផ្តល់​​​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​អាច​ចូល​រួម​ពិនិត្យ​មើល​​​សកម្មភាព​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បាន ប្រសិន​ប្រជាពលរដ្ឋ​សង្ស័យ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​ណា​មួយ​ផ្ទុយ​ទៅ​នឹង​អាជ្ញាប័ណ្ណ។

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តាវែងលើ និង​តាវែង​ក្រោម បាន​ធ្វើ​ការ​តវ៉ា​បី​ដង​ហើយ បន្ទាប់ពី​ការ​ផ្តល់​​​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​មិន​បាន​ពិគ្រោះ​​​យោបល់​ពី​ផល​ប៉ះពាល់​​ប្រជាពលរដ្ឋ​មូលដ្ឋាន។

​មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រួត​ពិនិត្យ​ការ​តវ៉ា​​​របស់​ប្រជាពលរដ្ឋ។ លោក​កត់​សំគាល់​ថា កន្លង​ទៅ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទទួល​បាន​​​អាជ្ញាធរ​ប័ណ្ណ​បូម​ខ្សាច់ ប៉ុន្តែ​​ក្រុមហ៊ុន​នាំ​ចូល​គ្រឿងចក្រ​បូម​រក​រ៉ែ​មាស​ក្នុង​ទន្លេ​បង្ក​ផល​ប៉ះពាល់​​​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ទឹក​ទន្លេ។

លោក មៀច មាន៖ «មិន​មែន​ជា​រឿង​ត្រូវ​បិទ​បាំង​ទេ ព្រោះ​សកម្មភាព​នៅ​កៀក​ជាប់​នឹង​ទី​រួម​ស្រុក។នេះ​គឺ​ជា​បញ្ហា​មួយ អាជ្ញាធរ​ដែនដី​ជួយ​ត្រួត​ពិនិត្យ​មើល​ផង ព្រោះ​កាលណា​ធ្វើ​រ៉ែ​វា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​សារធាតុ​​គីមី​មួយ​ចំនួន។ ធ្លាប់​មាន​បទពិសោធន៍​ខ្លះៗ​ពី​ខាង​ឡាវ បូម​យក​រ៉ែ​អ៊ីចឹង វា​ធ្វើ​ឲ្យ​ពំនូក​ថ្ម​គរ​ឡើង​ពេញ​​ទន្លេ អ៊ីចឹង​កន្លែង​ខ្លះ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ការ​ប្រើប្រាស់​ទឹក​អ្នក​ខាង​ក្រោម​ក៏​មាន​ផល​ប៉ះពាល់​​ផង​ដែរ»

​កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន ឈ្មោះ Discovery Investment ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លើ​ទីតាំង​ទំហំ​ជាង ៥៩​ហិកតារ នៅ​តំបន់​ព្រំប្រទល់​ឃុំ​​តាវែង និង​ឃុំ​កោះប៉ង់ ក៏ប៉ុន្តែ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​បាន​សម្រេច​លប់​ចោល​អាជ្ញាប័ណ្ណ​នោះ​វិញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​តវ៉ា​និង​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ប្រើ​ឧបករណ៍​រក​រ៉ែ​លោហៈ​ធ្ងន់​ក្នុង​ទន្លេ​ខុស​ទៅ​នឹង​អាជ្ញាប័ណ្ណ​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។