ក្រសួង​អះអាង​ថា​តម្លៃ​ខ្សាច់​នឹង​មិន​ឡើង​ថ្លៃ​បន្ទាប់​ពី​ដេញ​ថ្លៃ​គ្រប់គ្រង​ការដ្ឋាន​បូម​ខ្សាច់

ដោយ ប្រាជ្ញ ចេវ
2015-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​រ៉ែ និង​ថាមពល និង​តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់ ជួប​ជុំ​គ្នា​បង្ហាញ​ឯកសារ​ដេញ​បូម​ថ្លៃ​ខ្សាច់ នា​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រសួង​រ៉ែ និង​ថាមពល និង​តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់ ជួប​ជុំ​គ្នា​បង្ហាញ​ឯកសារ​ដេញ​បូម​ថ្លៃ​ខ្សាច់ នា​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា ក្រោយ​ការ​ដេញ​ថ្លៃ​លើ​ការ​គ្រប់គ្រង​ការដ្ឋាន​បូម​ខ្សាច់​ទន្លេ​រួច​រាល់ តម្លៃ​ខ្សាច់​នៅ​លើ​ទីផ្សារ​មិន​ឡើង​ខ្ពស់​ឡើយ ហើយ​ការ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ជាង​មុន​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំនឿ​ពី​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ។

ក្រុម​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល អង្គុយ​ពិនិត្យ​សំណុំ​ឯកសារ​ម្តង​មួយៗ​របស់​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ដេញ​ថ្លៃ​លើ​អាជីវកម្ម​បូម​ខ្សាច់។ ក្រុមហ៊ុន​ដែល​បំពេញ​បែបបទ​ត្រឹមត្រូវ មាន​សិទ្ធិ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​វាយ​តម្លៃ​ដើម្បី​បាន​បូម​ខ្សាច់។ ដោយ​ឡែក​ក្រុមហ៊ុន​ដែល​បំពេញ​ពុំ​បាន​ត្រឹមត្រូវ គឺ​ត្រូវ​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា មាន​ប្រសាសន៍​ថា ការ​ប្រកួត​ប្រជែង​ត្រឹមត្រូវ​ច្បាប់ គឺ​ធ្វើ​ឲ្យ​តម្លៃ​ខ្សាច់​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាព។ លោក​បន្ត​ថា ទោះ​បី​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់ ប៉ុន្តែ​មិន​អនុវត្ត​ត្រឹមត្រូវ ក្រ​សូង​នឹង​លុប​អាជ្ញាប័ណ្ណ​ចេញ​វិញ៖ «យើង​សង្ឃឹម​ការ​ដេញ​ថ្លៃ នឹង​បង្កើត​ការងារ​ឲ្យ​មនុស្ស​មួយ​ចំនួន ដោយ​គាត់​អាច​ជួល​ក្បាល​បូម ឬ​ម៉ាស៊ីន​ទៅ​អ្នក​បូម​ខ្សាច់»

ក្រុមហ៊ុន​ចំនួន​៤០ បាន​ចុះ​បញ្ជី​ដេញ​ថ្លៃ​បូម​ខ្សាច់​ក្នុង​ឡូ​ចំនួន​៤ ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ចាម។ តាម​គោលការណ៍​ក្រសួង នៅ​ក្នុង​ឡូ​មួយ​អនុញ្ញាត​ឲ្យ​តែ​ក្រុមហ៊ុន​មួយ​ធ្វើ​សកម្មភាព​ប៉ុណ្ណោះ។ ការ​ដេញថ្លៃ​នេះ កំណត់​ឲ្យ​ក្រុមហ៊ុន​លក់​ខ្សាច់​ទៅ​ឲ្យ​ដេប៉ូ​ក្នុង​តម្លៃ ៣,៣​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប។

មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល ថា នៅ​ពេល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់ ក្រសួង​នឹង​ដាក់​ប្រព័ន្ធ ជី.ភី.អេស (GPS) ដើម្បី​តាម​សកម្មភាព​បូម​ខ្សាច់ បើ​ទោះ​ជា​សាឡង់​នោះ​ដឹក​ខ្សាច់​ប៉ុន្មាន​ដង ដឹក​ខ្សាច់​ប៉ុន្មាន​តោន ក៏​គេ​ដឹង​ដែរ។

នៅ​ក្នុង​សកម្មភាព​ដេញ​ថ្លៃ​ខ្សាច់​នា​ថ្ងៃ​ទី​៣ ខែ​មិថុនា មាន​ការ​រឹត​បន្តឹង​អ្នក​ចូលរួម កង​កម្លាំង​សមត្ថកិច្ច​ឈរ​នៅ​មាត់​ទ្វារ​ចេញ​ចូល។ អ្នក​ចូលរួម ឬ​អ្នក​កាសែត ប្រសិន​គ្មាន​ប័ណ្ណ​ចូលរួម​កម្មវិធី​ពី​ក្រសួង ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មិន​ទាន់​មាន​ជំនឿ​លើ​ដំណើរ​ការ​ដេញ​ថ្លៃ​នេះ ថា​មាន​តម្លាភាព​ក្នុង​ការ​ដេញ​ថ្លៃ​នៅ​ឡើយ​ទេ។ លោក​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ទីតាំង​បូម​ខ្សាច់ និង​ស្នើ​ផ្តល់​ព័ត៌មាន​ឲ្យ​ទូលំទូលាយ​ដល់​សាធារណជន​ពី​ការ​ដេញ​ថ្លៃ៖ «ត្រូវ​មាន​ការ​ប្រកាស​ឲ្យ​បាន​ត្រឹមត្រូវ បើ​ក្រុមហ៊ុន​ណា​ធ្វើ​ខុស ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អន្តរាគមន៍»

រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ឲ្យ​ដឹង​ថា តម្រូវ​ការ​ខ្សាច់​សម្រាប់​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ​ចំនួន ១៥.០០០​ម៉ែត្រ​គូប​សម្រាប់​វិស័យ​សំណង់។

ក្រោយ​ពិនិត្យ​ឯកសារ​ដេញ​ថ្លៃ មន្ត្រី​ជំនាញ​ក្រសួង​នឹង​យក​ឯកសារ​ទាំង​នោះ​ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ថា ក្រុមហ៊ុន​ណា​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់។ ទោះ​យ៉ាង​ណា ក្រសួង​ពុំ​ទាន់​កំណត់​ថ្ងៃ​ប្រកាស​លទ្ធផល​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល