ការថែទាំសុខភាពសិស្សនៅក្នុងសាលារៀន គឺជាកត្តាចម្បង បន្ទាប់ពីការផ្តល់ចំណេះវិជ្ជា និងអប់រំមនុស្សឲ្យមានសុជីវធម៌ និងមានចំណេះជំនាញអាចបន្តការសិក្សា ឬទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ។ ការសាងសង់បង្គន់អនាម័យនៅក្នុងសាលា បានជួយឲ្យសិស្សស្រីៗនៅក្នុងម៉ោងរៀន អាចចូលប្រើប្រាស់បាន ប្រសិនបើមានការសម្អាត ហើយមានអនាម័យស្អាត។
យុវសិស្ស ឈឿន សុនិតា៖ «និយាយរួមទៅ អនាម័យគឺស្អាតគ្រប់ពេល អត់មានពីណាគេបោះចោលក្រៅធុងសំរាមទេ។ ធុងសំរាមមានគ្រប់បន្ទប់រៀន នៅទីធ្លាខាងក្រៅហ្នឹង ក៏មានគ្រប់កន្លែងដែរ»។
នេះគឺជាការថ្លែងរបស់យុវសិស្ស ឈឿន សុនិតា ស្ដីពីអនាម័យនៅវិទ្យាល័យព្រែកឯង។ យុវសិស្សរូបនេះ បានថ្លែងថា ក្រៅពីបង្គន់ សាលាក៏មានធុងសំរាមសម្រាប់ទុកដាក់កាកសំណល់ ដែលសិស្សបានទទួលទាន ឬប្រើប្រាស់រួចបោះដាក់ក្នុងនោះដែរ៖ «ខ្ញុំចង់ឲ្យបងប្អូនយើងដែលឡើងមកក្រោយៗហ្នឹង គាត់ជួយថែរក្សាអនាម័យក្នុងសាលាយើងឲ្យបានស្អាតទាំងអស់គ្នា កុំឲ្យមានអ្នកណាបោះចោលសំរាមនៅក្រៅធុង ត្រូវបោះចោលក្នុងធុង ហើយចំពោះអនាម័យវិញ ចង់ឲ្យស្អាតគ្រប់ពេលវេលាទាំងអស់»។
សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកឯង ម្នាក់ទៀត កញ្ញា មុំ លក្ខិណា ថ្លែងថា ក្រៅពីមានបង្គន់អនាម័យងាយស្រួលសម្រាប់សិស្សស្រីប្រើប្រាស់ នាយកសាលាបានរៀបចំបណ្ដើរៗនូវឥដ្ឋការ៉ូ រៀបនៅតាមផ្លូវដើរឲ្យងាយស្រួលដើរទៅកាន់បង្គន់ និងថ្នាក់រៀនដែរ។ កញ្ញាអះអាងថា កាលពីមុន សាលានេះមានទឹកលិច ទីធ្លាសាលាមិនអាចមានអនាម័យទេ។ ប៉ុន្តែការរៀបចំចេះតែធ្វើបន្តិចម្តងៗ ទើបសាលាមានសោភណភាពស្អាតបែបនេះ។ កញ្ញាបន្ថែមថា ដោយសារតែសិស្សទើបប្រឡងឆមាសចប់ ហើយគ្រូបានផ្អាកបង្រៀនរយៈពេល ៣ថ្ងៃ នៅក្នុងទីធ្លាសាលាមានស្លឹកឈើ និងផ្កាឈើជ្រុះធ្លាក់រាយក្នុងទីធ្លា។
កញ្ញាថានឹងសុំលោកនាយកសម្អាត ព្រោះសាលាជាថ្នាលសម្រាប់បណ្ដុះចំណេះដឹងដល់សិស្សទាំងអស់។ សិស្សត្រូវសងគុណ ឬដឹងគុណអ្នកខិតខំបង្កើតសាលារៀននេះ ហើយសិស្សគួរតែរួមគ្នាថែទាំសាលារៀន ទុកឲ្យអ្នកជំនាន់ក្រោយបានរៀនសូត្រ ហើយមានអនាម័យជាងបច្ចុប្បន្នទៀត៖ «មានការងាយស្រួល ទឹកប្រើគ្រប់គ្រាន់ និងមានអនាម័យ។ ពីមួយឆ្នាំទៅមួយឆ្នាំ សាលាកែលំអដូចជា រៀបបន្ទប់អនាម័យ ហើយនិងរៀបកាឡាឲ្យមានការងាយស្រួលកុំឲ្យមានទឹកដក់ ឬក៏ស្អី ឬពេលភ្លៀងប៉ប៉ិចប៉ប៉ាច់»។
នាយកវិទ្យាល័យព្រែកឯង លោក ប៉ាង វិសុទ្ធ ថ្លែងថា ក្រសួងអប់រំបានផ្តល់ប្រាក់ខ្លះឲ្យសាលានេះកែច្នៃបរិស្ថាននៅក្នុងសាលាពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ថែទាំសុខភាពសិស្ស និងបង្កើនអនាម័យនៅក្នុងសាលារៀន។ លោក ប៉ាង វិសុទ្ធ បន្តថា គណៈគ្រប់គ្រងក្នុងសាលា ក៏ខិតខំបង្កើនចំណេះដឹងដល់សិស្សឲ្យចេះថែរក្សា និងស្រឡាញ់ភាពស្អាត ដើម្បីរួមគ្នាសម្អាតសំរាមក្នុងទីធ្លាសាលា។
លោក ប៉ាង វិសុទ្ធ៖ «វិទ្យាល័យព្រែកឯង យើង មានកង្វះខាតខ្លះផ្នែកបន្ទប់អនាម័យ។ ប៉ុន្តែការខ្វះខាតនេះ ដោយសារតែអ្វីដែលមានស្រាប់ ហើយវាទ្រុឌទ្រោម ហើយក្រោយមកយើងកែលំអបាន ១៥បន្ទប់។ ១៥បន្ទប់នោះ បើសិនជាការប្រើប្រាស់ ខ្ញុំថាគ្រប់គ្រាន់។ ហើយថ្មីៗនេះទៀត ដោយមានការយកចិត្តទុកដាក់តាមរយៈលោកប្រធានមន្ទីរ ក៏ដូចជាអង្គការជប៉ុន ហៅថាអង្គការរ៉ៃស្មាតអន្តរជាតិ ហើយនិងឡាយអិនក្លឹប និងគាត់បានឧបត្ថម្ភបន្ទប់អនាម័យថ្មីៗនេះក្នុង១ខែមុន ឲ្យខ្ញុំចំនួន ១៣បន្ទប់ថែមទៀត ដែលអស់ទឹកប្រាក់ ១០,៤០០ដុល្លារ។ បន្ទប់នេះយើងឃើញថាសមស្របនឹងទីតាំងវិទ្យាល័យណាស់ មានលក្ខណៈសមរម្យ ហើយវាឆ្លើយតបនឹងតម្រូវការរបស់លោកគ្រូ អ្នកគ្រូ។ វាក៏ឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្សដែលកំពុងតែបានជួបប្រទះ ហើយយើងឃើញថា បញ្ហាអនាម័យសព្វថ្ងៃនេះ វាអត់មានជួបបញ្ហាទេទាក់ទងនឹងបន្ទប់ ប៉ុន្តែវាប៉ះពាល់បញ្ហាបរិស្ថានបន្តិចបន្តួច ហើយយើងកំពុងតែនាំគ្នាកែលំអជាប្រចាំ»។
លោកនាយកបន្ថែមថា ក្រៅពីអនាម័យ គ្រូៗក៏បានខិតខំផ្តល់បទពិសោធន៍ដល់គ្រូគ្នាឯង តាមរយៈការប្រជុំប្រចាំខែ ហើយយកបច្ចេកទេសប្លែកៗនេះទៅបង្រៀនសិស្ស។ លោក ប៉ាង វិសុទ្ធ បន្តថា ទោះបីជាមានការខិតខំប្រឹងប្រែងពន្យល់លោកគ្រូ អ្នកគ្រូ យ៉ាងណាក្តី ភាពចន្លោះប្រហោងអាចនឹងមានខ្លះ៖ «គោលការណ៍បញ្ហាប្រាក់ភីប៊ី គឺជាគោលការណ៍មួយណែនាំរបស់មន្ទីរ ក៏ដូចជារបស់សាលា គឺមានការអង្កន់ជាកញ្ចប់ គឺថាមួយកញ្ចប់នេះ ត្រូវប្រើលើស្អី អីចឹងតាមការណែនាំឲ្យអនុវត្តន៍នោះ គឺមានប្រសិទ្ធភាព។ ប៉ុន្តែ បើថាអ្វីដែលយើងបានធ្វើ ពេលខ្លះដូចថា បញ្ហាបរិស្ថានជាបញ្ហាចម្បងមួយ។ អីចឹងយើងអាចច្បិចយកពីខាងណាមួយទៅដាក់ក្នុងខ្ទង់នោះឲ្យវាលើសគេ ដើម្បីទាក់ទាញសិស្ស ព្រោះថាក្នុងសាលារៀនខ្វះបរិស្ថាន ខ្វះអនាម័យមិនប្រក្រតី វាធ្វើឲ្យសិស្សមានការអាប់អួរអីចឹង បញ្ហាប្រាក់ភីប៊ី ទី១ ដាក់មកគឺរឿងបរិស្ថាន និងយើងយកជាអាទិភាព»។
ទោះជាមានការខិតខំសម្អាតអនាម័យ មានទាំងបង្គន់ចំនួន ៩បន្ទប់ សម្រាប់ឲ្យសិស្សស្រីប្រើប្រាស់ក្តី នៅក្នុងទីធ្លាវិទ្យាល័យព្រែកឯង នោះ នៅមានកាកសំណល់ថង់ប្លាស្ទិកបោះចោលក្នុងទីធ្លាសាលា និងស្លឹកឈើជ្រុះរាយប៉ាយគ្មានការសម្អាត រួមទាំងស្មៅដុះច្រើននៅឡើយជុំវិញអគារសិក្សា។
លោកនាយកវិទ្យាល័យព្រែកឯង ឲ្យដឹងថា សាលានេះបានទទួលការជួយផ្នែកអនាម័យពីអង្គការក្នុង និងក្រៅរដ្ឋាភិបាលផង និងពីក្រសួងអប់រំផង ទើបសាលានេះមានថវិកាយកទៅកែប្រែទីធ្លា និងថែទាំសុខភាព និងអនាម័យក្នុងសាលាបានប្រសើរ។ លោកបានឲ្យដឹងថា ក្នុងវិទ្យាល័យនេះ មានគ្រូ ១៤២នាក់ និងមានសិស្ស ២,០១១នាក់ ហើយសិស្សថ្នាក់ទី១២ ចំនួន ៩ថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។