សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ពិនិត្យ​ផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២

ដោយ ម៉ែន សុធីរ
2015-07-30
Share
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ៦២០ សកម្មភាព​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Men Sothyr

អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា ជំរុញ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​២។ ការ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​នេះ នឹង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​មាន តំណាង​សហគមន៍ តំណាង​ក្រុមហ៊ុន តំណាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល គោល​បំណង​ដើម្បី​ពង្រឹង​យន្តការ​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រកប​ដោយ​មាន​តម្លាភាព ព្រម​ទាំង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន ចូលរួម​ត្រួត​ពិនិត្យ និង​ផ្តល់​ព័ត៌មាន​ពី​ការ​ប្រែប្រួល​ទឹក។

មន្ត្រី​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា ចាត់​ទុក​ថា សារប្រយោជន៍​នៃ​ការ​បង្កើត​គណៈកម្មាធិការ​ចម្រុះ អាច​នឹង​ផ្តល់​ឱកាស​បើក​ទូលាយ​សម្រាប់​ការ​សន្ទនា​ក្នុង​ចំណោម​សហគមន៍ ក្រុមហ៊ុន និង​រដ្ឋាភិបាល អំពី​ទុក្ខ​កង្វល់​របស់​សហគមន៍​ទាក់ទិន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​មូលដ្ឋាន​សំខាន់​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្រប​សម្រួល និង​ដោះស្រាយ។

ភាព​ចម្រូងចម្រាស​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​របស់​រដ្ឋាភិបាល ទាក់ទិន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​តែ​ជា​ប្រធានបទ​ក្រៅ​សម្រាប់​សហគមន៍​រង​ផល​ប៉ះពាល់ ភាគ​ច្រើន​ជនជាតិ​ដើម​ភាគ​តិច។ ពួក​គាត់​នៅ​តែ​បារម្ភ​ពី​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន ការ​បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច ដី​ផ្នូរ​កប់​សព ដី​ព្រៃ​សហគមន៍ ដី​ស្រែ​សម្រាប់​ធ្វើ​កសិកម្ម ការ​ប្រមូល​អនុផល​ព្រៃ​ឈើ និង​ការ​នេសាទ​ត្រី​តាម​ដង​ទន្លេ ជាដើម។

បញ្ហា​ទាំង​នេះ គឺ​ជា​ប្រធានបទ​យ៉ាង​សំខាន់ ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន ហាក់​នៅ​មិន​ប្ដូរ​ឥរិយាបថ​ចាក​ចេញ​ពី​ភូមិ​កំណើត ហើយ​ពួក​គេ​បាន​លើក​យក​កត្តា​ទាំង​នេះ​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​គម្រោង​នេះ​ឡើង​វិញ ទោះ​បី​ជា​គម្រោង​នេះ​បាន​សាងសង់​សម្រេច​បាន​ជាង ៣០​ភាគរយ​ទៅ​ហើយ​ក្តី។ ចំណែក​សហគមន៍​ដែល​យល់ព្រម​ទទួល​យក​សំណង ស្នើ​ឲ្យ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធានា​គុណភាព​សំណង់ ព្រម​ទាំង​ចុះ​កិច្ចសន្យា​ជាក់លាក់ ដែល​ធានា​គុណភាព​កម្រិត​បទដ្ឋាន​ស្តង់ដារ​រយៈពេល​ជិត ១០​ឆ្នាំ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះពាល់​មក​ពី​ឃុំ​ក្បាលរមាស ឃុំ​ស្រែគរ ឃុំ​ភ្លុក និង​មក​ពី​ខេត្ត​រតនគិរី លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​នោះ​ទាក់ទិន​ទុក្ខ​កង្វល់ និង​ផល​អវិជ្ជមាន​ផ្សេងៗ នៅ​ពេល​ដែល​ទំនប់​នេះ​ដំណើរ​ការ ដូចជា​ការ​ប្រែប្រួល​ចរន្ត​ទឹក ការ​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ផ្នែក​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ ជាដើម។ សហគមន៍​ទាំង​នោះ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​នូវ​ការ​គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ នៅ​ពេល​ទំនប់​បើក​ឲ្យ​ដំណើរ​ការ ដូចជា​ការ​គ្រប់គ្រង​ការ​ប្រែប្រួល​ទឹក ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ជលផល និង​ទទួល​ខុស​ត្រូវ​រាល់​ការ​បញ្ចេញ​កាក​សំណល់​ចូល​ទន្លេ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក ដែល​ជា​ដើម​ចម​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ទឹក​ទន្លេ​ផ្នែក​ខាង​ក្រោម៖ «កាត់​ចេញ​ពី​ផែនការ បាន​ន័យ​ថា មិន​បាន​ទទួល​ខុស​ត្រូវ​ទេ ប្រសិន​បើ​មាន​ការ​លិចលង់​មិន​ទទួល​ខុស​ត្រូវ ពួក​យើង​នៅ​តែ​ព្រួយ​បារម្ភ។ ឧទាហរណ៍ ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ភូមិ​ដទៃ​ដែល​មិន​លិច​ទឹក ស្រាប់​តែ​ពេល​សាងសង់​បែរ​ជា​លិច»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ស្រ៊ុន ស្រៀន បារម្ភ​ថា យន្តការ​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​រដ្ឋាភិបាល រួម​ទាំង​តំណាង​ក្រុមហ៊ុន ហាក់​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ មាន​ជំនឿ​ចិត្ត​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​នៅ​តែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​សំណង ការ​ចុះ​ស្រង់​ព័ត៌មាន​ពី​ផល​ប៉ះពាល់​ទ្រព្យ​សម្បត្តិ ការ​ចុះ​ផ្សព្វផ្សាយ​គោល​នយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្តល់​សំណង ដូចជា​ផ្ទះ ដី​លំនៅឋាន ទីតាំង​ដី​កសិកម្ម ដី​ព្រៃ​សមូហភាព និង​ដី​ផ្នូរ​កប់​សព។ លោក​ថា សហគមន៍​នឹង​មិន​ព្រម​ចាក​ចេញ​ជា​ដាច់​ខាត បើ​ទោះ​បី​បាន​វាស់វែង​ទៅ​ហើយ ប្រសិន​បើ​ការ​ផ្តល់​សំណង​ធ្វើ​ឡើង​មិន​ច្បាស់លាស់៖ «ប្រជាពលរដ្ឋ​ចង់​ទាមទារ​ឲ្យ​គាត់​ធានា​គោល​បំណង​នៃ​ការ​សាងសង់​ឲ្យ​បាន​រឹងមាំ គាត់​ថា​អត់​ទេ​ចាំ​ជួប​ក្រុមហ៊ុន​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ​ទៀត បើ​ចឹង​មាន​តែ​ជន​រងគ្រោះ​ក្នុង​វារីអគ្គិសនី​សេសាន​ក្រោម​២ ហ្នឹង នៅ​តែ​រង់ចាំ​រហូត»

មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា រដ្ឋាភិបាល​ផ្តល់​ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​ដោះស្រាយ​ផល​ប៉ះពាល់​ចម្រុះ ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូចជា​តំណាង​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ ជាដើម ដើម្បី​ស្វែងរក​យន្តការ​ជាក់លាក់​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ដំណើរ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ឲ្យ​មាន​តម្លាភាព ព្រម​ទាំង​កាន់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​ធនធាន​ជលផល ជាដើម។ បន្ថែម​ពី​លើ​នេះ ការ​កំណត់​ឲ្យ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​នេះ គេ​នៅ​មិន​ទាន់​កំណត់​រយៈពេល​ជាក់លាក់​នៅ​ឡើយ​ទេ។

មន្ត្រី​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា បញ្ជាក់​ថា ការ​ផ្តល់​ឱកាស​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​ទាក់ទិន​បញ្ហា​ដំណោះស្រាយ​ផល​ប៉ះពាល់ ដើម្បី​រក​យន្តការ​ដោះស្រាយ​រួម ធ្វើ​យ៉ាង​ណា​ធានា​នូវ​ការ​ដោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​ឈរ​លើ​មូលដ្ឋាន​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុមហ៊ុន​សាងសង់ ដូចជា​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​ការ​ផ្តល់​សំណង​ទូទាត់ រួម​ទាំង​ទទួល​ខុស​ត្រូវ​ការ​ប្រែប្រួល​របស់​ទឹក​ទន្លេ។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ិត ប្រាំង ថ្លែង​ថា ក្រុមហ៊ុន​ត្រូវ​តែ​ធានា​គុណភាព​សំណង់ និង​ការ​ផ្តល់​សំណង​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​កំណត់។ លោក​បញ្ជាក់​ថា គម្រោង​នេះ​មិន​អាច​បង្អាក់​ឡើយ ព្រោះ​វា​ជា​គម្រោង​ថ្នាក់​ជាតិ ហើយ​អ្វី​ដែល​សំខាន់ សហគមន៍​ត្រូវ​សហការ​ជាមួយ​ក្រសួង គណៈកម្មាធិការ​ដោះស្រាយ​ផល​ប៉ះពាល់ អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ផ្តល់​ព័ត៌មាន​ពី​ភាព​ចន្លោះ​ប្រហោង​របស់​ក្រុមហ៊ុន ការ​ផ្តល់​សំណង និង​ការ​ប្រែប្រួល​ចរន្ត​ទឹក គោល​បំណង​ដើម្បី​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ជជែក​ពិភាក្សា​ដោះស្រាយ​កែលំអ និង​សម្រប​សម្រួល​ដោយ​ឈរ​លើ​គោល​នយោបាយ​រដ្ឋាភិបាល​ជា​មូលដ្ឋាន ជាមួយ​សហគមន៍​រង​ផល​ប៉ះពាល់ និង​សង្គម​ស៊ីវិល។ លោក​ថា ក្រុមហ៊ុន​ត្រូវ​ធានា​ការ​ប្រែប្រួល​ទឹក ប្រសិន​បើ​គម្រោង​ដំណើរ​ការ បើ​ផល​ប៉ះពាល់​លើស​ពី​ការ​រំពឹង​ទុក៖ «អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី គឺ ២០​ម៉ែត្រ​គុណ ៥០​ម៉ែត្រ សម្រេច​ពេល​ដែល​អនុវត្ត​គម្រោង​នេះ ឲ្យ​សង​ជូន​ប្រជាជន​យ៉ាង​ម៉េច​ខ្លះ គោល​នយោបាយ​សំណង​ហ្នឹង គឺ​សម្រេច​ដោយ​គណៈរដ្ឋមន្ត្រី ប្រជុំ​គណៈរដ្ឋមន្ត្រី»

វេទិកា​សាធារណៈ​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រៀបចំ​ដោយ​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
វេទិកា​សាធារណៈ​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រៀបចំ​ដោយ​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Men Sothyr

ការ​ជ្រើស​ទីតាំង​ដី​កសិកម្ម គឺ​ជា​មូលដ្ឋាន​សំខាន់​ដែល​សហគមន៍​រង​ផល​ប៉ះពាល់ ដែល​ព្រម​ទទួល​យក​សំណង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តំណាង​ក្រុមហ៊ុន ផ្តល់​ទីតាំង​ប្រភេទ​ដី​ដែល​ធានា​ពី​និរន្តរភាព​នៃ​ការ​ធ្វើ​កសិកម្ម​នៅ​ថ្ងៃ​អនាគត។

មន្ត្រី​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ផ្តល់​ទស្សនៈ​ថា សារប្រយោជន៍​នៃ​វេទិកា​នេះ នឹង​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បញ្ចេញ​មតិ​យោបល់​ពី​ទុក្ខ​កង្វល់​ផ្សេងៗ ស្ដីពី​ផល​ប៉ះពាល់​ទាក់ទិន​ដំណើរ​ការ​នៃ​ការ​សាងសង់​ទំនប់ ដើម្បី​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ចងក្រង​ជា​ឯកសារ និង​របាយការណ៍​ដើម្បី​យក​មក​ជជែក​ពិភាក្សា​បន្ត​ទៀត ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ជាដើម។ លោក​មាន​ជំនឿ​ថា ការ​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​មាន​សារសំខាន់​ក្នុង​ការ​បន្ត​ការ​ពិភាក្សា​ឲ្យ​លម្អិត ស្ដីពី​ការ​ត្រួត​ពិនិត្យ​គុណភាព​ទឹក គួរ​បង្កើត​ឲ្យ​មាន​ជា​ប្រចាំ ទាក់ទិន​ផល​ប៉ះពាល់ ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គោល​បំណង​ដើម្បី​រក​យន្តការ​ក្នុង​ការ​ដោះស្រាយ និង​កែលំអ​ពី​ចំណុច​អវិជ្ជមាន៖ «វេទិកា​ថ្ងៃ​នេះ​បាន​ន័យ​ថា គ្រប់​ភាគី​ឯកភាព​គ្នា គួរ​មាន​យន្តការ​មួយ និង​បន្ត​ការ​ពិភាក្សា​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ទំនប់​សេសាន​ក្រោម​២ ហើយ​ជា​លទ្ធផល យើង​ឃើញ​ខាង​រដ្ឋាភិបាល​គួរ​មាន​គណៈកម្មាធិការ​រួម​មួយ»

បន្ទាប់​ពី​ការ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នេះ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​ការ​ដោះស្រាយ​របស់​តំណាង​រដ្ឋាភិបាល និង​សហគមន៍ នៅ​តែ​មាន ឬ​មិន​អាច​ដោះស្រាយ​បញ្ចប់​បាន​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​ទន្លេ​បី លោក មៀច មាន យល់​ថា ការ​បង្កើត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ជា​សាធារណៈ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ចំណុច​សំខាន់ ដើម្បី​ផ្តល់​ឱកាស​ដល់​សហគមន៍​រង​ផល​ប៉ះពាល់ បាន​លើក​ឡើង​ដោយ​បើក​ចំហ​ពី​ផ្នត់​គំនិត​របស់​សហគមន៍​នូវ​ទុក្ខ​កង្វល់​ផ្សេងៗ ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ ពិសេស​រដ្ឋាភិបាល ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា។ លោក​បន្ត​ថា ចំណុច​សំខាន់​ដែល​រដ្ឋាភិបាល រួម​ទាំង​អ្នក​ពាក់ព័ន្ធ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​សម្រប​សម្រួល​ដោះស្រាយ​នោះ ត្រូវ​ឈរ​លើ​គោលការណ៍​ផ្នែក​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​សំខាន់៖ «ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​សិទ្ធិ​ដាច់​ដោយឡែក ការ​ដែល​យើង​តម្រូវ​ឲ្យ​គាត់​រុះរើ​ចេញ ឬ​ការ​ស្នើសុំ​ចេញ​នោះ វា​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ផ្ទាល់ ខ្ញុំ​គិត​ថា រាជ​រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់»

ផ្ទះ​ដែល​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សង់​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស ឋិត​នៅ​ភូមិ​អូរផ្លិត ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
ផ្ទះ​ដែល​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សង់​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស ឋិត​នៅ​ភូមិ​អូរផ្លិត ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Men Sothyr

លោក មៀច មាន រក​ឃើញ​ថា ចំណុច​សំខាន់​ដែល​ក្រុមហ៊ុន ហាយដ្រូ ផៅវឺ ឡូវឺ សេសាន​២ (Hydro Power Lower Sesan 2) លំបាក​ទាក់ទិន​ដំណើរ​ការ​កសាង​ប្រឡាយ​ទឹក​ចាស់ ដើម្បី​ស្ដារ​ឡើង​វិញ​បង្វែង​ការ​បន្លាស់​ធនធាន​ត្រី និង​ធ្វើ​ការ​ចរាចរ​ត្រី គឺ​ជា​បញ្ហា​ចម្បង​ដែល​ក្រុមហ៊ុន​អាច​នឹង​ពិបាក​ក្នុង​ការ​ដោះស្រាយ ព្រោះ​អាច​កាត់​បន្ថយ​កម្លាំង​ទឹក​ដែល​បុក​ចំ​ទំនប់​វារីអគ្គិសនី។ លោក​ថា អង្គការ​លោក​កំពុង​អង្កេត​តាម​ដាន​ពី​យន្តការ​ក្នុង​ការ​បង្កើត​ប្រឡាយ​ទឹក​របស់​ក្រុមហ៊ុន​កសាង​ទំនប់ ដែល​បង្វែង​ទំនប់​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ជលផល ដែល​ធានា​ថា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ត្រី​ធ្វើ​បន្លាស់​ទី​បាន។ លោក មៀច មាន ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​តាម​ដាន​សកម្មភាព​កសាង​ប្រឡាយ​ទឹក​របស់​ក្រុមហ៊ុន ឬ​បើក​ការ​ជជែក​ពិភាក្សា​ឲ្យ​បាន​លម្អិត​អំពី​បញ្ហា​នេះ ព្រោះ​វា​ជា​មូលដ្ឋាន​សំខាន់ ប្រសិន​បើ​មាន​ការ​ធ្វេសប្រហែស អាច​បាត់បង់​ធនធាន​ជលផល​ធំ​សម្បើម ព្រម​ទាំង​ប្រភេទ​ត្រី​កម្រ​ជាច្រើន​អាច​នឹង​ផុត​ពូជ។

របាយការណ៍​សិក្សា​ផល​ប៉ះពាល់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៣ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​ក្នុង​ស្រុក​សេសាន ចម្ងាយ​ប្រមាណ​ជិត ២០​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គ្រោង​ចំណាយ​ថវិកា​សរុប ៩៧៧​លាន​ដុល្លារ​អាមេរិក អាច​ផលិត​ថាមពល​អគ្គិសនី ៤០០​មេហ្គាវ៉ាត់ និង​គ្រោង​សាងសង់​ឲ្យ​រួច​រាល់​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន​ឈ្មោះ ឡាន ឆាង ហាយដ្រូ ផៅវឺ ឆាយណា អេឡិចត្រិច (Lang chhang Hydro Power China Electric)។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក ទំនប់​នេះ​បើក​ឲ្យ​ដំណើរ​ការ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល