ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ត្រៀម​ទីទួល​បើ​ទំនប់​វារីអគ្គិសនី​សេសាន​ត្រូវ​បិទ​ទ្វារ​ទឹក

ដោយ ម៉ែន សុធីរ
2017.07.02
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ២០១៦ ៨៥៥ ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦
RFA

ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជាង ១០០​គ្រួសារ​ក្នុង​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស នៃ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បាន​ត្រៀម​ទីទួល​សុវត្ថិភាព​សម្រាប់​សង់​លំនៅឋាន ធ្វើ​កសិកម្ម និង​ចិញ្ចឹម​សត្វ បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពួក​គេ​បារម្ភ​ថា ផល​ដំណាំ​អ្នក​ភូមិ​ច្រើន​ហិកតារ​ប្រឈម​ទឹក​លិចលង់​ឆ្នាំ​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរចាស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កក្កដា ថា អ្នក​ភូមិ​ស្រែគរ ៩១​គ្រួសារ​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន​រួច​ហើយ​ស្ដីពី​ការ​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ថ្ងៃ​ទី​១៥ កក្កដា នេះ ហើយ​ពួក​គេ​ភាគច្រើន​បាន​ត្រៀម​ខ្លួន​ផ្លាស់​ទីលំនៅ​ដោយ​ខ្លួន​ឯង​ទៅ​កាន់​ទីទួល​រួច​រាល់​ហើយ។

ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង រស់នៅ​ឃុំ​ស្រែគរ លោក ឌី ម៉ៃ ប្ដេជ្ញា​ថា​នឹង​មិន​ចាកចេញ​ពី​ភូមិ​កំណើត​ដាច់ខាត បើ​ទោះ​បី​ជា​ភូមិ​កំណើត​របស់​ពួក​គេ​ក្លាយ​ជា​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្តី។ លោក​ថា អ្នក​ភូមិ​មិន​អាច​បោះបង់​សម្បត្តិ​ធម្មជាតិ ដូចជា​ព្រៃឈើ និង​ទន្លេ ដែល​ផ្តល់​ប្រភព​ទឹក និង​សន្តិសុខ​ស្បៀង​មិន​ចេះ​រីង​ស្ងួត​ដែល​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពួក​គេ​ច្រើន​ទសវត្សរ៍​មក​ហើយ។ លោក​បារម្ភ​ថា ទីតាំង​ថ្មី​ដែល​ក្រុមហ៊ុន​ផ្តល់​សំណង ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ និង​មិន​អាច​រក​ត្រី​សាច់​បរិភោគ​បាន ហើយ​ដី​កសិកម្ម​នៅ​កន្លែង​ខ្លះ​ក៏​មិន​អាច​ដាំ​ដុះ​បាន​ដែរ៖ «អ្នក​មាន​លុយ​ទើប​ទៅ​នៅ​ទីតាំង​ថ្មី​បាន ទឹក​ក៏​ទិញ ស្អី​ក៏​ទិញ​ដែរ តែ​អ្នក​ក្រ​ដូច​ខ្ញុំ​ទៅ​អត់​បាន​ទេ​ក្មួយ​អើយ! អ្នក​គេ​ចេញ​ទៅ​បាន​ម្នាក់ ១០​ពាន់​ទៅ ២០​ពាន់​ដុល្លារ​ធ្វើ​អី​គ្រាន់​ក្មួយ​អើយ»

ចំណែក​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាលរមាស លោក ដាំ សំណាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កក្កដា ថា អ្នក​ភូមិ​ខ្លះ​បាន​ត្រៀម​ទូក និង​ក្បូន​សម្រាប់​អន្តរាគមន៍​សង្គ្រោះ បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក។ ចំណែក​ទីទួល​សុវត្ថិភាព​របស់​ពួក​គេ​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​នោះ​ទេ ហើយ​ទីទួល​សុវត្ថិភាព​នោះ​ទំហំ​ច្រើន​ហិកតារ អាច​ផ្តល់​លទ្ធភាព​ឲ្យ​អ្នក​ភូមិ​ធ្វើ​កសិកម្ម ចិញ្ចឹម​សត្វ និង​សង់​លំនៅឋាន​បណ្ដោះអាសន្ន​បាន​គ្រប់គ្រាន់។ លោក​ថា អ្នក​ភូមិ​មួយ​ចំនួន​បាន​សាងសង់​លំនៅឋាន​លើ​ទីទួល​សុវត្ថិភាព​បាន​បណ្ដើរៗ​ហើយ និង​បាន​សង់​លំនៅឋាន​រួម​មួយ​សម្រាប់​ប្រជុំ​ពិភាក្សា​គ្នា ក៏ប៉ុន្តែ​លោក​បារម្ភ​ថា ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដែល​ពួក​គេ​មិន​អាច​ជម្លៀស​បាន រួម​មាន​ដី​កសិកម្ម ផ្ទះ ផល​ដំណាំ ផ្នូរ​កប់​សព និង​ព្រៃឈើ៖ «បើ​សិន​ជា​លិច​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​ហ្នឹង ហើយ​អំពាវនាវ​ឲ្យ​សាធារណជន​ដឹង​ថា ការ​អភិវឌ្ឍ​ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​ដល់​ពួក​គាត់»

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​ថា បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ កម្រិត​ទឹក​នឹង​ឡើង​ដល់ ៧២​ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរចាស់។ ក្រុមហ៊ុន​ចាត់​ទុក​ការ​បិទ​ទ្វារ​ទឹក​សាកល្បង គឺ​ជា​ទិសដៅ​នៃ​ការ​អនុវត្ត​គម្រោង ហេតុ​នេះ​ដើម្បី​បញ្ចៀស​ចលាចល​ណា​មួយ ទាមទារ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ឲ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០១៧។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ កក្កដា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​មិន​ផ្តល់​សំណង​ការ​ខូចខាត​ផល​ដំណាំ​ដាំដុះ​នៅ​ឆ្នាំ​នេះ​ដល់​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ ឬ​មិន​ព្រម​ទទួល​យក​សំណង​ដោះដូរ​នោះ​ទេ ហើយ​អាជ្ញាធរ​ខែត្រ​បាន​ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​ពលរដ្ឋ​សហការ​វាស់វែង​ច្រើនសា​មក​ហើយ និង​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង៖ «យើង​ចុះ​ដោះស្រាយ​បញ្ហា​ហ្នឹង​សិន មិន​មែន​ចេះ​តែ​បិទៗ​បាន​ទេ ហ្នឹង​ទស្សនៈ​របស់​ខ្ញុំ»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រៀម​ទុក​ជា​មុន​នូវ​មធ្យោបាយ​នានា ដើម្បី​អន្តរាគមន៍​ជា​បន្ទាន់​ក្នុង​ករណី​ចាំបាច់​នៅ​គ្រា​ដែល​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង។ លើស​ពី​នេះ អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​លំនៅឋាន​ត្រៀម​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​ជាង ១០០​គ្រួសារ ហើយ​ក្នុង​ករណី​ពលរដ្ឋ​បំបែក​គ្រួសារ អាជ្ញាធរ​ខែត្រ​បាន​រៀបចំ​គោល​នយោបាយ​ផ្តល់​សំណង​រួច​ហើយ៖ «ផ្សព្វផ្សាយ សាកល្បង​ដើម្បី​បិទ​ទ្វារ​ទំនប់​ទឹក​ហ្នឹង និង​ការ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ផ្តល់​ទស្សនៈ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ គួរ​តែ​បន្ទន់​ឥរិយាបថ​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​មក​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​បន្ត​ទៀត មុន​ពេល​បើក​ទ្វារ​ទឹក​សាកល្បង។ យ៉ាង​ណា​ក៏ដោយ លោក​មាន​ជំនឿ​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​ទាល់​តែ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ផ្ទាល់ ទើប​អាច​មាន​តម្រុយ​ពន្លឺ​លទ្ធផល តែ​បើ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​វិញ បើ​ទោះ​បី​បង្ខំ​ពលរដ្ឋ​យ៉ាង​ណា ក៏​ពួក​គេ​មិន​ស្តាប់​ដែរ៖ «ការ​ផ្តល់​សំណង​ពី​ក្រុមហ៊ុន​ទៅ​គាត់​តិច​ពេក មិន​អាច​ស្មើ​នឹង​ទំហំ​ដែល​គាត់​បាត់បង់​លំនៅឋាន​ចាស់ ហើយ​អ្នក​ដែល​ចាកចេញ គាត់​ឃើញ​មាន​ការ​លំបាក មុខ​របរ ហើយ​ការ​អាស្រ័យ​ផល​របស់​ពួក​គាត់»

រហូត​មក​ទល់​ពេល​នេះ ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ជិត​រួច​រាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ៩១​គ្រួសារ និង​ឃុំ​ក្បាលរមាស ៣០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។