អ្នក​ស្រុក​នៅ​ស្ទឹងត្រែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន

ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​ប្រកាស និង​បាន​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​កាប់​ឈើ​បោស​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ​កើត​ច្រើន​តំបន់​នោះ។
ដោយ រដ្ឋា វិសាល
2013.11.17

ទន្ទឹម​នេះ​ដែរ ប្រជាសហគមន៍​អ្នក​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​ក៏​បាន​ស្នើ​សុំ​ឲ្យ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ជាប់​ឆ្នោត ជួយ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​លុប​ចោល​គម្រោង​នេះ​តែម្តង។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ប្រមាណ ៨០​គ្រួសារ បាន​លើក​ដៃ​ព្រម​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ស្ថាពរ ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។

ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ជាប់​ឆ្នោត លោក សុន ឆ័យ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែគរ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​វិច្ឆិកា។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ អ្នក​ភូមិ​នៅ​តែ​មាន​បំណង​មិន​ចង់​ឲ្យ​សាងសង់​ទំនប់​នេះ​ទេ ដោយសារ​ការ​សាងសង់​ទំនប់​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ទាំង​បរិស្ថាន​ទន្លេ ធនធាន​ធម្មជាតិ មាន​ត្រី និង​ព្រៃ​ឈើ ជា​ពិសេស​ផល​ប៉ះពាល់​ភូមិឋាន ដីធ្លី ផល​ដំណាំ​ស្រែចំការ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នេះ៖ «កន្លែង​ណា​ក៏​អត់​ចង់​ទៅ កន្លែង​នេះ​កន្លែង​ធ្លាប់​នៅ ធ្លាប់​ដាំ​ដុះ​បន្លែបង្ការ ត្រី មាន​ទឹក​មាន​ពី​ដូន​ពី​តា​មក។ រឿង​ទំនប់​មិន​ចង់​ឃើញ​ដោយសារ​ខ្លាច​ស្លាប់ សង់​ក៏​អត់​ចង់​បាន​ដែរ អត់​យក​ទេ»

រាជរដ្ឋាភិបាល​កាល​ពី​ខែ​ចុង​ឆ្នាំ​២០១២ បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ឡូវើរ សេសាន ក្រោម​២ (Lower Sesan 2) ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ឈ្មោះ ឡាន ឆាន (Lan Chang) សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក រ៉ូយ៉ាល់ ហ្គ្រូប (Royal Group) សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ រដ្ឋ​សភា​ក៏​បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​សាងសង់​នេះ​ហើយ​ចាប់​ពី​ខែ​មេសា រហូត​មក ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (Ang & Associate Lawyer) បាន​ទទួល​សិទ្ធិ​កាប់​ព្រៃ​ឈើ​ប្រមាណ ៣​ម៉ឺន ៦​ពាន់​ហិកតារ ដើម្បី​បោស​សំអាត​ផ្ទៃ​អាង​សាងសង់​ទំនប់។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​បោស​សំអាត​ផ្ទៃ​អាង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឆ្លៀត​ឱកាស​ចលនា​ឲ្យ​មាន​ការ​កាប់​ឈើ​អនាធិបតេយ្យ​ក្រៅ​បរិវេណ​គម្រោង​ផ្ទៃ​អាង ហេតុ​នេះ​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ស្រោង​នៅ​ជាប់​នឹង​តំបន់​បោស​សំអាត​ផ្ទៃ​អាង​រាប់​ម៉ឺន​ដើម ត្រូវ​គេ​កាប់​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​សំអាត​អាង៖ «ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​នេះ​មិន​ថា​ភូមិ​ស្រែគរ​ទេ គឺ​ព្រួយ​បារម្ភ​ទាំង​អស់ កើត​ទុក្ខ​ទាំង​អស់។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សោកស្ដាយ​ដែរ ដី​ស្រែ​ដី​ចំការ​ផល​ដំណាំ។ កន្លង​មក​មាន​កាប់​ទាំង​បេង ទាំង​នាងនួន ទាំង​ឈូស​ឆាយ​ឈើ​ធនធាន​ធម្មជាតិ​អ្វី​ទាំង​អស់»

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​តាម​រយៈ​លោក​ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​អាណត្តិ​ទី​៥​នេះ លោក​នឹង​លើក​យក​សំណើ​នេះ​ដាក់​បញ្ជូន​ក្នុង​កម្មវត្ថុ​នៃ​កិច្ច​ពិភាក្សា ដើម្បី​សុំ​ឲ្យ​ភាគី​គណបក្ស​ប្រជាជន​លុប​ចោល​គម្រោង​នេះ៖ «ថ្ងៃ​នេះ​ខ្ញុំ​មក​ដឹង​មុន​ឲ្យ​ហើយ កុំ​ចាំ​តែ​យើង​ដោះស្រាយ​ហើយ កុំ​ចាំ​តែ​ដល់​នោះ​គេ​ឈូស​ឆាយ​កាន់​តែ​ខ្លាំង វាយ​បំបែក​ផ្ទះ​បង​ប្អូន កាប់​ដំណាំ​បង​ប្អូន​ចោល​អស់​ទៅ។ បើ​ទោះ​បី​យ៉ាង​ណា​ត​តាំង​ពី​ឥឡូវ​ឲ្យ​ហើយ យក​ករណី​ហ្នឹង​ជា​មូលដ្ឋាន​នៃ​ការ​តវ៉ា​ដោះស្រាយ ស្រុះស្រួល​នយោបាយ​ផង​ដែរ»

ដូច​គ្នា​នេះ​ដែរ អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន កត់​សម្គាល់​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង គឺ​ជា​បញ្ហា​ពិត​ដែល​បាន​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា នេះ​ជា​ឱកាស​សំខាន់​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​លើក​យក​បញ្ហា​របស់​ពលរដ្ឋ​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច។

លោក មៀច មាន៖ «នេះ​គឺ​ជា​សំឡេង​ពិត សម្ដី​ពិត​របស់​សហគមន៍ មិន​មែន​កាត់​ត មិន​មែន​ក្លែង​បន្លំ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គាត់​នៅ​តែ​តាំង​ចិត្ត​ថា គាត់​មិន​ចង់​ឃើញ​ចង់​បាន​ទំនប់​ទេ។តំណាងរាស្ត្រ​បាន​ស្ដាប់​ផ្ទាល់​ហើយ គឺ​ជា​ឱកាស​មួយ​នៃ​ការ​ប្រមូល​ផ្ដុំ​ព័ត៌មាន​គ្រប់​ទីកន្លែង។ នៅ​ក្នុង​វេទិកា​ចរចា​ក្នុង​រដ្ឋ​សភា​នៅ​ដំណាក់កាល​ណា​មួយ វា​នឹង​អាច​មាន​ការ​ពិភាក្សា​បាន​ល្អ​ប្រសើរ​ជាង​មុន»

ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​មាន​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន ៧ រង​ផល​ប៉ះពាល់​ផ្ទាល់ និង​ត្រូវ​ជម្លៀស​ចេញ​ទៅ​តាំង​ទី​លំនៅ​ថ្មី និង​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​គ្រួសារ​ទៀត​រង​ផល​ប៉ះពាល់​ដោយ​ប្រយោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។