ក្រសួង​សាធារណការ​គ្រោង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ទៅ​កាន់​សមុទ្រ

ដោយ វ៉ែន សុមេធ
2019-01-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​កខ្វក់​ហូរ​ចេញ​ពី​សណ្ឋាគារ​ជាប់​ឆ្នេរ​អូរឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨។
ទឹក​កខ្វក់​ហូរ​ចេញ​ពី​សណ្ឋាគារ​ជាប់​ឆ្នេរ​អូរឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of CNRO

ក្រសួង​សាធារណការ គ្រោង​នឹង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​រួមមាន​ទឹក​លូ ទឹក​ស្អុយ​ដែល​ត្រូវ​បាន​បង្ហូរ​ចេញពី​បន្ទន់​សណ្ឋាគារ ដែល​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​គ្មាន​ការគ្រប់គ្រង​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ងូតទឹក​សមុទ្រ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អះអាង​ថា ក្រសួង​គ្រោង​នឹង​សាងសង់​អាង​ចម្រោះ​ទឹក​កខ្វក់​នេះ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្ត​នេះ។លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បរិមាណ​នៃ​ការ​បញ្ចេញ​ទឹក​កង្វក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចន្លោះ​ពី ២​ម៉ឺន ទៅ​៤​ម៉ឺន​ម៉ែត្រ​គុប​ក្នុង​មួយថ្ងៃ ខណៈ​សមត្ថភាព​អាង​ស្តុក​ទឹក​នៅ​ខេត្ត​នេះ​អាច​បន្សុទ្ធ​ទឹក​កខ្វក់​ក្នុង​មួយថ្ងៃ បាន​ត្រឹមតែ​៦​ពាន់​ម៉ែត្រគុប​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ កំពុង​សាងសង់​ស្ថានីយ​បូម​ទឹក​កខ្វក់​ចំនួន​៤​កន្លែង​ទៀត សម្រាប់​បូម​កាកសំណល់​រាវ​បញ្ជូន​ទៅកាន់​អាង​ចម្រោះ មុននឹង​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ទៅដល់​ម្ចាស់​ទីតាំង​ឧស្សាហកម្ម​ទេសចរណ៍ ម្ចាស់​អាគារ​ពាណិជ្ជកម្ម​ធំៗ ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន ទាំងអស់​ឲ្យ​រួមគ្នា​អនុវត្ត​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់​របស់​ខ្លួន មុន​និង​បង្ហូរ​ចូល​ទៅ​សមុទ្រ។

កាល​ពី​ពេល​ថ្មីៗ​នេះ សកម្មជន​បរិស្ថាន​បាន​រកឃើញ​ថា មានការ​បង្ហូរទឹក​កខ្វក់​គ្មាន​ការ​ចម្រោះ​ជាច្រើន​កន្លែង ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល នៃ​ខេត្ត​ព្រះសីហនុ។ សកម្មជន​បរិស្ថាន​អះអាង​ថា ទឹក​កខ្វក់​ទាំងនោះ បាន​ហូរ​តាម​ប្រព័ន្ធ​លូ​ចេញពី​ទីតាំង​អាជីវកម្ម ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ និង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន និង​សុខភាព​ភ្ញៀវ​ទេសចរ​ដែល​ចុះ​មុជទឹក​លេង​កម្សាន្ត។

អ្នកឃ្លាំមើល និង​ការពារ​បរិស្ថាន​រូប​នេះ ព្រមាន​ថា ប្រសិនបើ​ករណី​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​ទេ​នោះ ការខូចខាត​បរិស្ថាន​តំបន់​ឆ្នេរ និង​ទឹកសមុទ្រ នឹង​កើត​មាន​ឡើង​ជាក់​ជា​ពុំ​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល