ភ្ញៀវ​ទេសចរ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចំពោះ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ

ដោយ ជាតិ ចំណាន
2017.12.28
សំរាម ទឹក​ស្អុយ ព្រះសីហនុ ៦២០ សំរាម និង​ទឹក​ស្អុយ​ដែល​ហូរ​ចូល​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥
RFA/Den Ayuthyea

ភ្ញៀវ​ទេសចរ​ភាគច្រើន ដែល​បាន​ចូល​ទៅ​កម្សាន្ត និង​ចុះ​ងូតទឹក​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បាន​អះអាង​ថា ទឹកសមុទ្រ​នៅ​ឆ្នេរ​កោះ​តូច​ពេលខ្លះ មាន​ក្លិនស្អុយ និង​ធ្វើ​ឲ្យ​រមាស់​ស្បែក ពេល​ពួកគេ​ចុះ​ងូតទឹក​សមុទ្រ នៅ​តាម​ឆ្នេរ​នេះ។

ភ្ញៀវ​ទេសចរ​ជាតិ បារម្ភ​ខ្លាច​បរិស្ថាន​ឆ្នេរ​ខ្សាច់​កោះ​តូច ត្រូវ​បំផ្លាញ និង​សំណូមពរ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​វិធានការ​ទប់ស្កាត់​ការ​សង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជាមុន ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។

ភ្ញៀវ​ទេសចរ​ជាតិ​ភាគច្រើន ដែល​បាន​ធ្វើដំណើរ​កម្សាន្ត មុន​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧-២០១៨ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​ខ្សាច់​កោះ​តូច មាន​ទីតាំង​នៅ​លើ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​បំផ្លាញ។ ពួកគេ​បាន​រអ៊ូរទាំ​ថា ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ តាម​ឆ្នេរ​នេះ ទឹកសមុទ្រ​មាន​ក្លិនស្អុយ និង​ជាពិសេស ពេល​ចុះ​ងូតទឹក​នៅ​នេះ ធ្វើ​ឲ្យ​ពួកគាត់​រមាស់​ស្បែក។ ភ្ញៀវ​ទេសចរ បាន​សំណូមពរ​ដល់ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​លុបបំបាត់​រាល់​សំណង់​រឹងមាំ​ដែល​បាន​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹកសមុទ្រ ជាពិសេស​នៅ​មាន​អាជីវករ​ខ្លះ​តាម​ឆ្នេរ​នេះ បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត ឲ្យ​បានជា​ស្ថាពរ។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ បង ពេជ្រ (Bong Pich) ដែល​បាន​នាំ​ក្រុម​គ្រួសារ​ធ្វើដំណើរ​កម្សាន្ត​តាម​ឆ្នេរ​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង និង​ចូល​ទៅ​ទស្សនា​ឆ្នេរ​កោះ​តូច ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​បង្ហោះ​សារ​ថា មក​ដល់​កោះរ៉ុង​ភ្លាម ក្លិនស្អុយ​បាន​ជះ​ចេញ​មក​ប៉ះ​រាងកាយ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា ជា​ក្លិន​អ្វី? មក​ពី​ណា​? ក្លិន​នេះ គឺ​ចេញ​មកពី​ឆ្នេរ​កោះ​ដ៏​ស្រស់​ស្អាត មាន​ខ្សាច់​សក្បុស ហើយ​ត្រូវ​បាន​ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​ហាង​លក់ទំនិញ​ជាដើម បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ។ ចំណុច​ដែល​មាន​ទឹក​ស្អុយ​នោះ​មាន​ឈ្មោះថា ឆ្នេរ​កោះ​តូច ព្រមទាំង​មាន​កំពង់ផែ​នៅ​លើ​ឆ្នេរ​ខ្សាច់​នេះ​ផង​ដែរ។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទួលស្គាល់​ថា ឆ្នេរ​កោះ​តូច ពិតជា​មានការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ដោយ​ការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ និង​មាន​ដាក់​តុ​កៅអី​លក់ដូរ គ្មាន​សណ្ដាប់ធ្នាប់​នៅ​លើ​ឆ្នេរ​ខ្សាច់​នោះ​ពិតមែន។ អ្នកឃ្លាំមើល​សង្គម​រូប​នេះ ស្នើសុំ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពិនិត្យ​បញ្ហា​បរិស្ថាន​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ប្រសើរ​ឡើងវិញ ដើម្បី​ឲ្យ​មាន​ប្រាក់ចំណូល និង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ នា​ថ្ងៃ​អនាគត៖ «យើង​សង្ឃឹម​ថា ឯកឧត្ដម​អភិបាលខេត្ត ក៏​ដូចជា​មន្ត្រី​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ជំនាញ​ទាំងអស់ នឹង​ធ្វើ​ការ​កោះ​ហៅ​ប្រជាពលរដ្ឋ មក​ជជែក​គ្នា​ជាមួយ​អាជីវករ​លក់ដូរ​នៅ​តាម​ឆ្នេរ​កោះ​តូច​ទាំង​អស់ហ្នឹង ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​តំបន់​ឆ្នេរ របស់​យើង​នៅ​តំបន់​កោះរ៉ុង ដែល​ភាគច្រើន​ភ្ញៀវ​ទេសចរ​កំពុងតែ​ចាប់អារម្មណ៍​នេះ ឲ្យ​មានការ​កែប្រែ​សោភ័ណភាព​ស្រស់​ស្អាត​ឡើងវិញ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​កម្សាន្ត​តំបន់​ឆ្នេរ​នេះ​តទៅទៀត​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ​ប្រសិនបើ​រដ្ឋបាល​ខេត្ត ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​មាន​ការ​កែ​សម្រួល​បរិស្ថាន​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង​នេះ​ទេ យើង​នឹង​បាត់បង់​ប្រាក់ចំណូល​ជាច្រើន ជាពិសេស​នឹង​ប៉ះពាល់​ដល់​មុខមាត់​ខេត្ត​ព្រះសីហនុ​ទាំងមូល»

ឆ្លើយតប​បញ្ហា​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នេះ ធ្លាប់​ហាមឃាត់​មិន​ឲ្យ​មានការ​សាងសង់​សំណង់​រឹងមាំ​ជា​ថ្មី​ទៀត នៅ​តាម​ឆ្នេរ​កោះ​តូច​ទៀត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​រួច ឬ​ជា​សំណង់​ចាស់ៗ ត្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន និង​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ខាងមុខ​ទៀត។

លោក យន្ត មីន បន្ត​ថា បញ្ហា​បរិស្ថាន​នៅ​ឆ្នេរ​កោះ​តូច​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាល​ក្រុង និង​អាជ្ញាធរ​សង្កាត់​កោះរ៉ុង បាន​ចុះ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ និង​ប្រតិបត្តិ​ករ​ទេសចរ​នៅ​តាម​ឆ្នេរ ឲ្យ​ជួយ​ការពារ​បរិស្ថាន​ជាប្រចាំ និង​បាន​ហាម​មិន​ឲ្យ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​យក​តុ​កៅអី​ដាក់​ដាក់​លក់​ចំណីអាហារ​នៅ​លើ​ឆ្នេរ​ខ្សាច់​នោះ​ទេ។

លោក យន្ត មីន ក៏​បាន​ស្នើ​ដល់​អ្នក​ប្រកប​របរ​ទទួលទាន​នៅ​តាម​ឆ្នេរសមុទ្រ​ទាំង​លើ​ដី​គោក និង​តាម​ឆ្នេរ​នៅ​លើ​ដី​កោះ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ឲ្យ​បានជា​ប្រចាំ ដោយ​មិន​ត្រូវ​លួច​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​ក្នុង​ទឹកសមុទ្រ ជាពិសេស​មិន​ត្រូវ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជាមុន​ទៀត​ទេ។

នា​ពេល​កន្លងទៅ បញ្ហា​បរិស្ថាន​ឆ្នេរ​កោះ​តូច​នេះ ត្រូវ​បាន​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ចុះ​ណែនាំ​ដល់​អាជីវករ ឬ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់ ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​កោះ​តូច​ជា​បន្តបន្ទាប់។ អាជ្ញាធរ​ក៏​បាន​ហាម​មិន​ឲ្យ​អាជីវករ​ទាំងនោះ​នាំ​យក​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​ដាក់​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់ដូរ​ចំណីអាហារ​ផ្សេងៗ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​ឆ្នេរ​នេះ។ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​ឆ្នេរ​កោះ​តូច បាន​ចូលរួម​អនុវត្ត​តែ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​តែប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ ភាព​អនាធិបតេយ្យ​នៃ​ការ​ដាក់​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ បាន​បន្ត​កើតមាន​ជា​បន្ត​ទៀត នៅ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង​នេះ។

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ដែល​ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។