សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​​សមុទ្រ​នៅ​តែ​កើត​មាន​ក្នុង​​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2019-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ខាង​ក្រោយ​សណ្ឋាគារ និង​កាស៊ីណូ​ចិន​​​ឈ្មោះ សាន់សាញ បេ (Sunshine Bay) ដែល​មាន​​ទីតាំង​នៅ​លើ​ឆ្នេរ​ឯករាជ្យ​នៃ​ក្រុង​ព្រះសីហនុ ដែល​សកម្មជន​ជន​បរិស្ថាន​បង្ហោះ​នៅ​លើ​​​​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។
ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ខាង​ក្រោយ​សណ្ឋាគារ និង​កាស៊ីណូ​ចិន​​​ឈ្មោះ សាន់សាញ បេ (Sunshine Bay) ដែល​មាន​​ទីតាំង​នៅ​លើ​ឆ្នេរ​ឯករាជ្យ​នៃ​ក្រុង​ព្រះសីហនុ ដែល​សកម្មជន​ជន​បរិស្ថាន​បង្ហោះ​នៅ​លើ​​​​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ អង្គការ​មាតា​ធម្មជាតិ

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ទឹក​​កខ្វក់​នៅ​តែ​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ដដែល បើ​ទោះបី​ជា​អាជ្ញាធរ​​អះអាង​​ថា លែង​មាន​ករណី​បែប​នេះ​ត​ទៅ​ទៀត​ក៏​ដោយ​។ សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មើល​ករណី​នេះ និង​មាន​ចំណាត់​ការ​លើ​ក្រុម​ហ៊ុន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។

វីដេអូ​ជាង​២ នាទី ដែល​សកម្មជន​ជន​បរិស្ថាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១១ មេសា បង្ហាញ​ថា នៅ​ខាង​ក្រោយ​សណ្ឋាគារ និង​កាស៊ីណូ​ចិន​ដ៏​ធំ​មួយ​ឈ្មោះ សាន់សាញ បេ (Sunshine Bay) ដែល​មាន​​ទីតាំង​នៅ​លើ​ឆ្នេរ​ឯករាជ្យ​នៃ​ក្រុង​ព្រះសីហនុ មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់​ឆ្នេរ​ធ្ងន់ធ្ងរ។

យុវជន​ ម៉េង ហេង ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ទីតាំង​នោះ រៀប​រាប់​ថា ទឹក​កខ្វក់​មាន​ពណ៌ខ្មៅ និង​មាន​ក្លិន​ស្អុយ កំពុង​ត្រូវ​បាន​គេ​បង្ហូរ​ដោយ​ផ្ទាល់​ទៅ​លើ​ឆ្នេរ​ឯករាជ្យ ធ្វើ​ឱ្យ​ទឹក​សមុទ្រ​នៅ​ទីនោះ​ប្រែ​ជា​ល្អក់ និង​មិន​អំណោយ​ផល​ដល់​ការ​ចុះ​លេង​កម្សាន្ត​នោះ​ឡើយ៖ «បើ​យើង​ដើរ​ចូល​ក្នុង​តំបន់​ចុង​ខាង​ត្បូង​នៃ​ឆ្នេរ​ឯករាជ្យ យើង​នឹង​ចាប់​អារម្មណ៍​ឃើញ​ទាំង​ពណ៌ ទាំង​ក្លិន​របស់​ឆ្នេរ មាន​សភាព​ខុស​ពី​ធម្មតា ហើយ​បើ​យើង​ដើរ​ដល់​ពាក់​កណ្តាល​បរិវេណ​របស់​សណ្ឋាគារ និង​កាស៊ីណូ សាន់សាញ បេ នេះ យើង​ប្រាកដ​ជា​មិន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​មិន​មាន​ភ្ញៀវ​ទេសចរ​មក​មុជ​ទឹក​លេង​នៅ​តំបន់​នេះ»

យុវជន​រូប​នេះ មិន​ទាន់​ប្រាកដ​ទេ​ថា តើ​ទឹក​កខ្វក់​ទាំង​នោះ​ត្រូវ​បាន​បង្ហូរ​ចេញ​ពី​សណ្ឋាគារ និង​កាស៊ីណូ សាន់សាញ បេ (Sunshine Bay) ដោយ​ផ្ទាល់ ឬមួយ​ក៏​ចេញ​ពី​ប្រភព​នៅ​ក្បែរៗ នោះ ក៏​ប៉ុន្តែ​លោក​ច្បាស់​ថា ទឹក​កខ្វក់​នោះ​ត្រូវ​បាន​គេ​បង្ហូរ​ចូល​សមុទ្រ​ជា​រៀង​រាល់​ថ្ងៃ។ លោក​ថា ករណី​​នេះ បង្ហាញ​ថា អាជ្ញាធរ​មាន​ភាព​ឆក​ល្វែង​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ ឬ​អាច​ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​ឱ្យ​តម្លៃ​ដល់​បទ​បញ្ជា​របស់​អាជ្ញាធរ៖ «មិន​ត្រឹម​តែ​មាន​ទឹក​លូ​កខ្វក់​ហូរ​ចេញ​មក​ទេ គឺ​មាន​ទាំង​បង្គន់​អនាម័យ​នៅ​ពាស​ពេញ​ហ្នឹង​ទាំងអស់ ដែល​គេ​សាង​សង់​នៅ​លើ​ឆ្នេរ។ យើង​មាន​រូប​ភាព​ដែល​យើង​ចុះ​ទៅ​ពិនិត្យ។ ហើយ​មួយ​ទៀត យើង​សន្មត​ថា ទឹក​ហ្នឹង គឺ​មិន​មែន​ជា​ទឹក ដែល​គេ​ធ្វើ​ប្រតិកម្ម​ហើយ​នោះ​ទេ គឺ​ជា​ទឹក​កខ្វក់​ដែល​គេ​បង្ហូរ​ចេញ​មក​ពី​សណ្ឋាគារ និង​កាស៊ីណូ​ស្តែងៗ តែ​ម្ដង»

សកម្មជន​បរិស្ថាន​រូប​នេះ ​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​ដល់​ទីតាំង ហើយ​​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ពិតជា​បាន​ប្រព្រឹត្ត​ខុស​មែន​នោះ អាជ្ញាធរ​ត្រូវ​តែ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ម្ចាស់​​សណ្ឋាគារ និង​កាស៊ីណូ សាន់សាញ បេ (Sunshine Bay) ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ មេសា។

អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​កំពុង​ដោះស្រាយ​ជា​បណ្តើរៗ ហើយ​ចំពោះ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នេះ។ លោក​ថា អាជ្ញាធរ​ផ្ដោត​អាទិភាព​ទៅ​លើ​ទីតាំង ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​គេ ហើយ​មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​ដោះ​ស្រាយ​បាន​ចំនួន ៤ទីតាំង​ហើយ។ លោក​ថា បើ​ពិនិត្យ​ឃើញ​ទីតាំង​អាជីវកម្ម​ដែល​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ អាជ្ញាធរ​នឹង​ណែនាំ​ម្ចាស់​ទីតាំង​នោះ​ឱ្យ​​អនុវត្ត​តាម​ស្តង់ដារ​បច្ចេកទេស​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​មិន​យក​ផ្លូវ​ច្បាប់​ជា​ដំណោះស្រាយ​ទី​មួយ​នោះ​ឡើយ៖ «ពេល​ដែល​រក​ឃើញ​ហ្នឹង ក៏​នៅ​តែ​តម្រូវ​ឱ្យ​គាត់​អនុវត្ត​តាម​ការ​ណែនាំ តែ​ប៉ុណ្ណឹង​ទេ។ យើង​ក៏​ត្រូវ​កៀរគរ​អ្នក​ដែល​វិនិយោគ ដើម្បី​ឱ្យ​លោក​មាន​ឱកាស​បាន​វិនិយោគ និង​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន ហើយ​យើង​ក៏​ឱ្យ​គាត់​បំពេញ​តាម​សំណូម​ពរ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​វា​ប៉ះពាល់​ដល់​ការងារ​បរិស្ថាន​ហ្នឹង»

កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​ដី​ឆ្នេរ លោក ជា សុផារ៉ា បាន​អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ខេត្ត​ព្រះសីហនុ​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ទៀត​ហើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​លុប​ប្រព័ន្ធ​លូ​នៅ​តាម​ឆ្នេរ ដែល​ធ្លាប់​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ។ អាជ្ញាធរ​ថែម​ទាំង​បាន​កៀរគរ​មនុស្ស​រាប់​ពាន់​នាក់ ឱ្យ​ចុះ​មុជ​ទឹក​លេង​ថែម​ទៀត​ផង ដើម្បី​បង្ហាញ​ថា ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ។

សកម្មជន​បរិស្ថាន លោក ម៉េង ហេង សាទរ​ចំពោះ​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​ ក៏ប៉ុន្តែ​លោក​ថា នេះ គឺ​ជា​ការ​បន្លំ​ភ្នែក​សាធារណ​ជន​ប៉ុណ្ណោះ ព្រោះ​អាជ្ញាធរ​នាំ​មនុស្ស​ទៅចុះ​មុជទឹក​ និង​ថត​វីដេអូ​ផ្សព្វផ្សាយ​នៅ​ទីតាំង​ឆ្នេរ​អូរ​ត្រេះ ដែល​ជា​ឆ្នេរ​ស្អាត​ និង​គ្មាន​បញ្ហា ផ្ទុយ​ទៅវិញ ​អាជ្ញាធរ​មិន​បាន​នាំគ្នា​ទៅចុះ​លេង​ទឹក​នៅ​ទីតាំង​ឆ្នេរ​អូរ​ឈើ​ទាល ឆ្នេរសុខា ឬ​ឆ្នេរ​ឯករាជ្យ ដែល​រង​ការ​បំពុល​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល