អាជ្ញាធរ​កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​ថា ត្រូវ​ទាមទារ​ឲ្យ​ឡាវ​ទទួល​ខុស​ត្រូវ​ប៉ះពាល់​ដោយសារ​បាក់​ទំនប់​វារី​អគ្គិសនី

ដោយ សន ចាន់រដ្ឋា
2018-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹកជំនន់លិច​ភូមិអ្នក​ស្ទឹងត្រែង ដោយសារ​ការ​បាក់​ទំនប់​វារី​អគ្គិសនី​សេពាន សេណាមណយ ប្រទេស​ឡាវ នៅ​ចុង​ខែ​កក្កដា ឆ្នាំ ២០១៨។
ទឹកជំនន់លិច​ភូមិអ្នក​ស្ទឹងត្រែង ដោយសារ​ការ​បាក់​ទំនប់​វារី​អគ្គិសនី​សេពាន សេណាមណយ ប្រទេស​ឡាវ នៅ​ចុង​ខែ​កក្កដា ឆ្នាំ ២០១៨។
រូប៖ រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង

អ្នកភូមិ​មួយ​ចំនួន​រស់​នៅ​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​រង​គ្រោះ​ដោយសារ​ការ​បាក់​ទំនប់​វារី​អគ្គិសនី សេពាន សេណាម​ណយ (Xe Pien-Xe Namnoy) ក្នុង​ខេត្ត​អាត្តពឺ (Attapeu) ប្រទេស​ឡាវ​កន្លង​ទៅ បារម្ភ​ពី​វិបត្តិ​ខ្វះ​ស្បៀង​អាហារ​ចិញ្ចឹម​ជីវិត បន្ទាប់​ពី​ស្រូវ​កសិកម្ម​រដូវ​វស្សា​ខូច​ខាត​ទាំង​ស្រុង​ដោយសារ​ទឹក​ជំនន់។ អ្នក​ភូមិ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ប្រឹក្សា​ជាមួយ​សហគមន៍​រង​គ្រោះ ដើម្បី​ទាមទារ​ឲ្យ​ឡាវ​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​រស់​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ជាង ១​ពាន់ ២​រយ​គ្រួសារ ស្មើ និង​ជាង ៥​ពាន់​នាក់ ដែល​ជម្លៀស​ពី​លំនៅឋាន ក្រោយ​ពី​កើត​មាន​គ្រោះ​មហន្តរាយ​បាក់​ទំនប់​វារី​អគ្គិសនី សេពាន សេណាម​ណយ (Xe Pien-Xe Namnoy) បាន​វិល​ទៅ​រស់នៅ​លំនៅឋាន​របស់​ពួក​គេ​រៀងៗ ខ្លួន​អស់​ហើយ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​មិន​ស្ងប់​អារម្មណ៍ ពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ផល​ដំណាំ និង​សត្វ​ចិញ្ចឹម​ជា​ដើម។

ពលរដ្ឋ​រស់​នៅ​ភូមិ​សៀមប៉ាង ឃុំ​សេកុង លោក ចម្រើន សំបូរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ សីហា​ថា គ្រោះ​មហន្តរាយ​នេះ បង្ក​ឲ្យ​ខូចខាត​ស្រូវ​កសិកម្ម​របស់​លោក​អស់ ៣​ហិកតារ ប៉ះពាល់​សត្វ​ចិញ្ចឹម និង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ទៅ​កាន់​ទី​សុវត្ថិភាព​ជា​ដើម។ លោក​ចាត់​ទុក​ឆ្នាំ ២០១៨​នេះ ជា​ឆ្នាំ​អាក្រក់ ដែល​អ្នក​ភូមិ​មិន​ដែល​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​នេះ​ទាល់​តែ​សោះ​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា អ្នក​ភូមិ​ខ្លះ ក៏​ចង់​ទាមទារ​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ឡាវ​ទទួល​ខុស​ត្រូវ​ដែរ ក៏​ប៉ុន្តែ​មិន​ដឹង​ថា គួរ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​វិធី​ណា៖ «លិច​អស់​ហ្នឹង​ហើយ វា​លិច​ហ្នឹង​វា​ខ្វះ​ខាត​ស្បៀង​អាហារ​តែ​ម្តង ធ្វើ​ស្រែ​ពីរ​បី​ឆ្នាំ​ហើយ មាន​តែ​លិច​នៅ​ឆ្នាំ ២០១៨​នេះ»

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជា​ជន​បង្គោល រស់នៅ​ឃុំ​សេកុង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ពិភាក្សា​ទាមទារ​សំណង ជាមួយ​អ្នក​ភូមិ​រងគ្រោះ​នៅ​ឡើយ​ទេ។ លោក​បារម្ភ​ថា អ្នក​ភូមិ​រងគ្រោះ​បញ្ហា​នេះ​ហាក់​មិន​ហ៊ានសម្តែងពីក្តីកង្វល់របស់ខ្លួនឲ្យបានពេញលេញ ពីការខូចខាត និង ការទាមទារសំណង ព្រោះពួកគេខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ«H080718KT-A2អត់សូវមានជំនឿចិត្តហ្នឹង គេគិតតែរឿងបក្សគេ ដោយសារគុណបក្សគេដែលអាចមានអំណោយ។ ផលប៉ះពាល់បើអត់បាក់ទំនប់ខ្មែរយើងក៏អត់មានបញ្ហាដែរ រហូតដល់ស្លាប់ទាហានម្នាក់ ប៉ះពាល់ច្រើនណាស់ »

មេឃុំសេកុង លោក ចាន់ សុខា មាន​ប្រសាសន៍​ថា នៅ​ឃុំ​សេកុង មាន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាង ៤​រយ​គ្រួសារ និង​ប៉ះពាល់​ស្រូវ​ជាង ៤​រយ​ហិកតារ។ លោក​ថា បន្ទាប់​ពី​កើត​មាន​គ្រោះ​មហន្តរាយ​នេះ អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ិវិល​បាន​ចែក​អំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​នៅ​ឃុំ​សេកុង​គ្រប់​ក្រុម​គ្រួសារ។ លោក​បន្ថែម​ថា ពលរដ្ឋ​រង​គ្រោះ​មួយ​ចំនួន បាន​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ ឬ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឡាវ​ឲ្យ​ទទួល​ខុស​ត្រូវ​ដែរ«ប្រជាជន​មក​ស្នើសុំ​មក​អាជ្ញាធរ​ឃុំ ហើយ​អាជ្ញាធរ​ឃុំ​ស្នើសុំ​ទៅ​ថ្នាក់​ស្រុក ជា​ធម្មតា​មិន​ដែល​មាន​ទំនប់​វារី​អគ្គិស​នៅ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ទេ»

នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចេញ​សេចក្តី​ថ្លែងកាណ៍​ជាក់លាក់​មួយ ដើម្បី​ផ្តល់​ដំណឹង​ទៅ​ក្រុមហ៊ុន​ទំនប់ និង​អាជ្ញាធរ​ឡាវ ឲ្យ​ជ្រាប​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា មក​លើ​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ អនុលោម​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​គណៈកម្មាធិការ​ទន្លេ​មេគង្គ (MRC) ឆ្នាំ ១៩៩៥«ទំនប់​ផ្តល់​ប្រយោជន៍​ដល់​ឡាវ តែ​អ្នក​រងគ្រោះ​ប្រជាជន​កម្ពុជា ដែល​រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន រួមទាំង​អ្នក​ផ្តល់​ថវិការ​សម្រាប់​គម្រោង​នេះ ឲ្យ​ពួក​ទាំង​នោះ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ខូចខាត​ទាំង​អស់​នេះ»

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ឡាវ នាំ​ឲ្យ​ទឹកទន្លេ​សេពាន ហក់​ឡើង​លឿន បណ្តាល​ឲ្យ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាម​ណយ ឋិត​ក្នុង​ស្រុក​សាណាមសៃ ខេត្ត​អត្តពឺ (Attapeu) ប្រទេស​ឡាវ បង្ក​ឲ្យ​ពលរដ្ឋ​ឡាវ​ស្លាប់​កើន​ឡើង ៣០ និង​ជាង ២០​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ចំនួន​អ្នក​បាត់​ខ្លួន ៣៣១​នាក់ ប៉ុន្តែ​ប្រភព​ខ្លះ​ថា ចំនួន​បាត់​ខ្លួន​មាន​ច្រើនជាង​នេះ។ គ្រោះ​មហន្តរាយ​នេះ​បង្ក​ប៉ះពាល់​ភូមិ​ឡាវ​ចំនួន ១២ និង​មនុស្ស​ជាង ៣​ពាន់​នាក់ (.០៦០) ស្មើ ៨៥១​គ្រួសារ​បាត់បង់​ទី​ជម្រក។ ឥទ្ធិពល​ការ​បាក់​ទំនប់​នេះ ធ្វើ​ឲ្យ​ពលដ្ឋ​រស់​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ជាង ១​ពាន់ ២​រយ​គ្រួសារ​ស្មើ​នឹង​ជាង ៥​ពាន់​នាក់​ត្រូវ​ជម្លៀស​ពី​លំនៅឋាន ខូចខាត​ដំណាំ​កសិកម្ម​រាប់​រយ​ហិកតារ ផ្លូវ​ថ្នល់ និង​មាន​មន្ត្រី​យោធា​ម្នាក់​ស្លាប់​ក្នុង​បេសកម្ម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ជាដើម។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​៥ សីហា​ថា កិច្ច​ព្រមព្រៀង​គណៈកម្មាធិការ​ទន្លេ​មេគង្គ មាត្រា​៨ បាន​ចែង​ពី​ការ​ទទួល​ខុស​ត្រូវ​ប្រទេស​ជា​សមាជិក រាល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ភស្តុតាង​បញ្ជាក់​ជាក់​ស្តែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល