មន្ត្រី​ជំនាញ​ថា​ពុំ​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​បារម្ភ​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ច្រើន​នៅ​ឡើយ

ដោយ រាជ វិញ្ញូ
2017.07.23
ទឹក​ភ្លៀង​លិច​ក្រុង​ព្រះសីហនុ ៨៥៥ ២០១៦ ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា ពុំ​មាន​ខេត្ត-ក្រុង​ណា​មួយ​ត្រូវ​ជន់​លិច​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​ឡើយ បើ​ទោះ​បី​ជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​ក្ដី។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កម្ពុជា កំពុង​ទទួល​រង​សម្ពាធ​ទាប ដែល​នាំ​ឲ្យ​អាកាសធាតុ​អួអាប់ និង​មាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​ខុស​ធម្មតា ដែល​បង្ក​ឡើង​ដោយសារ​កូន​ព្យុះ​តាឡាស (TS TALAS)

ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ កក្កដា មេឃ​ពុំ​សូវ​បើក​ថ្ងៃ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា បញ្ហា​អាកាសធាតុ​បែប​នេះ​មិន​ទាន់​បង្កើត​ឲ្យ​មាន​បញ្ហា​ធំដុំ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ពលរដ្ឋ​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​ដោយសារ​ទឹក​ជំនន់​ឡើយ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា តំបន់​ដែល​ត្រូវ​ជួប​បញ្ហា​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​ជាង​គេ​ដោយសារ​ឥទ្ធិពល​របស់​កូន​ព្យុះ​តាឡាស ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​មាន​តែ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ស្ថិត​នៅ​តាម​មាត់​សមុទ្រ ដូចជា​ខេត្ត​ព្រះសីហនុ កោះកុង និង​ខេត្ត​កំពត ដែល​មាន​ទូក​នេសាទ​បួន​ប្រាំ​គ្រឿង​ត្រូវ​លិច​ដោយសារ​ទឹក​រលក​បោកបក់ និង​ផ្ទះ​ជាង ២០០​ខ្នង ត្រូវ​ខ្យល់​បោក​រលំ។

លោក​បន្ថែម​ថា ចំណែក​ផ្លូវ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ខ្លះ​ដែល​ត្រូវ​ជន់​លិច​ដោយសារ​ទឹកភ្លៀង គឺ​កើត​មាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ត្រូវ​ស្រក​ទៅ​វិញ៖ «អា​ហ្នឹង​វា​ជា​ជំនន់​ទឹកភ្លៀង​ទេ ហើយ​វា​អាច​លិច​ក្នុង​រយៈពេល​ខ្លី ហើយ​ស្រក​ទៅ​វិញ ដូចជា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ និង​វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធំដុំ​ទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​លិច​ស្រែ​មួយ​ចំនួន ដូចជា​នៅ​ក្នុងខេត្ត​ព្រៃវែង តែ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ចេញ​ពីស្រែ​ទាំងអស់​នោះ»

លោក កែវ វី បន្ត​ថា តាម​ការ​ព្យាករ​ដំបូង គឺ​នៅ​ឆ្នាំ​២០១៧ នេះ ទឹក​ទន្លេ​មេគង្គ​ចតុមុខ នឹង​អាច​ឡើង​ដល់​ចំនួន ៩,៨០​ម៉ែត្រ ដែល​ចំនួន​នេះ​មិន​ទាន់​ដល់​កម្រិត​ខ្ពស់​ត្រូវ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រយ័ត្ន​ឡើយ ព្រោះ​ទឹក​ទន្លេ​មេគង្គ​ចតុមុខ​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន គឺ​នៅ​ពេល​ឡើង​ដល់​កម្ពស់ ១០​ម៉ែត្រ​កន្លះ៖ «គេ​ថា​ការ​រងគ្រោះ​ធ្ងន់ធ្ងរ យើង​អត់​ទាន់​មាន​ទេ តែ​បើ​និយាយ​អំពី​ព្យុះ​កើត​ឡើងតាំង​ពីដើម​ឆ្នាំ​២០១៧ គឺ​មានអ្នក​ស្លាប់​ពីរ​បី​នាក់ និង​រង​របួស​សាម​សែសិប​នាក់»

កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​តាម​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ ព្រម​ទាំង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ទាំង​បី​នេះ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​ទន្លេ​ដែល​បន្ត​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ពី ៤ ទៅ ៥​ថ្ងៃ។ ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​ទៀត​ថា កូន​ព្យុះ​ឈ្មោះ តាឡាស (TS TALAS) ដែល​ជា​ព្យុះ​ទី​៤ ប្រចាំ​ឆ្នាំ​២០១៧ នេះ បាន​កើត​ឡើង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​បាន​រំកិល​ខ្លួន​ចូល​ទៅ​ឈូង​សមុទ្រ​តុងកឹង នៃ​ប្រទេស​វៀតណាម រួច​បន្ត​ដំណើរ​ទៅ​ដល់​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា កន្លង​ទៅ​នេះ។ ឥទ្ធិពល​របស់​កូន​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ​នេះ។ ក្រសួង​ធនធាន​ទឹក ក៏​បាន​បញ្ជាក់​ទៀត​ថា តំបន់​ទំនាប​មួយ​ចំនួន​ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេ​មេគង្គ​ខាង​លើ​នៃ​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ចាម អាច​នឹង​ត្រូវ​ជន់​លិច។

ទោះ​ជា​យ៉ាង​ណា លោក កែវ វី មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ កក្កដា ស្ថានភាព​អាកាសធាតុ​បាន​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ឥទ្ធិពល​សម្ពាធ​ទាប​បង្ក​ឡើង​ដោយសារ​កូន​ព្យុះ​តាឡាស ក៏​ចាប់​ផ្ដើម​បន្ថយ​ឥទ្ធិពល​ជិត​អស់​ហើយ​ដែរ។

លោក​ក៏​បញ្ជាក់​ទៀត​ថា បើ​និយាយ​អំពី​បញ្ហា​ខ្យល់​បោកបក់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ នៅ​ឆ្នាំ​២០១៧ នេះ ក៏​នឹង​អាច​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ រីឯ​កម្ពស់​ទឹក​ទន្លេ​ចតុមុខ​ឡើង​ដល់​ចំនួន ៩,៨០​ម៉ែត្រ​ក្នុង​ឆ្នាំ​២០១៧ នេះ ក៏​ជា​អំណោយ​ផល​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។