ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង​នាំ​គ្នា​មក​នេសាទ​នៅ​ទំនប់​សាលា​តា​អន

ដោយ សុជីវី
2022.11.07
ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង​នាំ​គ្នា​មក​នេសាទ​នៅ​ទំនប់​សាលា​តា​អន រូបភាពសកម្មភាពនេសាទនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ខេត្តបាត់ដំបង នាំ​គ្នា​នេសាទ​ត្រី​នៅ​ទំនប់​ទឹក​សាលា​តា​អន​ក្នុង​ស្ទឹង​សង្កែ។ ក្រុម​យុវជន​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ឆ្នាំ​បន្ទាប់ ដោយសារ​ពលរដ្ឋ​ខ្លះ លួច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​អាជ្ញាធរ​ជលផល​ឱ្យ​ចុះ​ពិនិត្យ និង​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ការ​នេសាទ​ដោយ​ត្រឹមត្រូវ ដើម្បី​ចៀស​វាង​ការ​នេសាទ ដែល​ធ្វើ​ឱ្យ​ត្រី​កាន់តែ​ខ្សត់​ទៅ។

ទំនប់​សាលា​តា​អន នៅ​លើ​ស្ទឹង​សង្កែ ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង មិន​ដែល​ធ្លាប់​ជា​កន្លែង​ដើរ​កម្សាន្ត​លំហែ ពេល​នេះ​បាន​ក្លាយ​ជា​ផ្សារ​លក់​ត្រី​ស្រស់​មាន​សភាព​អ៊ូអរ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​នេសាទ​បាន​ក្នុង​បរិវេណ​ទំនប់​នេះ បន្ទាប់​ពី​ទិន្នផល​ត្រី​បាន​ហក់​ឡើង​កាល​ពី​សប្ដាហ៍​មុន។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​សំរោង​ក្នុង ស្រុក​ឯកភ្នំ លោក រី សីហា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧វិច្ឆិកាថា លោក​នេសាទ​ត្រី​នៅ​ទំនប់​សាលា​តា​អន​ជាមួយ​អ្នក​ភូមិ​ដទៃ​ទៀត បន្ទាប់​ពី​មាន​ការ​ផ្អើល​តៗ គ្នា​ថា នៅ​ទី​នោះ​សម្បូរ​ត្រី។ លោក​បន្ត​ថា លោក​អាច​រក​ត្រី​បាន​ប្រមាណ​ពី ៥០ ទៅ ៦០គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ និង​លក់​ទៅ​ឱ្យ​អតិថិជន ដែល​រង់ចាំ​ទិញ​នៅ​លើ​ខ្នង​ទំនប់​នោះ បានជាង១០ម៉ឺនរៀង។ ទោះ​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា មាន​អ្នក​នេសាទ​ខ្លះ បាន​លួច​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូចជា​ស្បៃ​អ៊ុយ និង​អួន​ក្រឡា​ញឹក។ លោក​ថា ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នេះ នេសាទ​បាន​ត្រី​ទាំង​តូច​ទាំង​ធំ ចន្លោះពីជាង៥រយគីឡូក្រាម ទៅ​មួយ ១តោន​ក្នុង​មួយ​ថ្ងៃ ដែល​ភាគ​ច្រើន​ជា​កូន​ត្រី​តូចៗ។ ទោះ​ជា​ការ​នេសាទ​ទទួល​បាន​ផល​ច្រើន​ក្ដី ក៏​លោក​មាន​ការ​បារម្ភ​ពី​ផល​នេសាទ​ឆ្នាំ​មុខ​អាច​នឹង​ធ្លាក់​ចុះ បណ្ដាល​មក​ពី​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នេះ៖
«
បង​ប្រុស​ខ្ញុំ​យក​សំណាញ់​ទៅ​បង់ គេ​អត់​ឱ្យ​បង់​ទេ គេ​ថា ខ្លាច​ត្រី​ផ្អើល​ចេញ​ពី​អ៊ុយ​គេ គេ​អត់​ឱ្យ​បង់​ទេ​លើ​ទំនប់​ហ្នឹង»

ដោយឡែក អាជីវករ​លក់​ត្រី​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ ឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​លោកស្រី និង​អាជីវករ​ដទៃ​ទៀត​លក់​ត្រី​បាន​ប្រមាណ ១០០ ទៅ ២០០គីឡូ​ក្រាម ដោយ​ក្នុង​មួយ​គីឡូ​ក្រាម​មាន​តម្លៃ ១ពាន់ ៥រយ​រៀល (.៥០០)។ លោកស្រី​ឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ធ្វើ​នេសាទ​ដោយ​ប្រើ​ថ្នង​ដង​ត្រី ដោយ​មិន​ហ៊ាន​ប្រើ​ស្បៃ​អ៊ុយ​ដូច​អ្នក​ផ្សេង​នោះ​ឡើយ ព្រោះ​វា​ជា​ឧបករណ៍​ខុស​ច្បាប់។ ទន្ទឹម​គ្នា​នេះ លោកស្រី​ស្នើ​មន្ត្រី​ជលផល​ឱ្យ​មក​ត្រួត​ពិនិត្យ និង​ហាមឃាត់​អ្នក​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​នេះ ព្រោះ​ត្រី​ធម្មជាតិ​ទាំង​នោះ​ជា​សម្បត្តិ​រួម និង​ត្រូវ​នេសាទ​ដោយ​ឧបករណ៍​ស្រប​ច្បាប់​ដូច​គ្នា៖
«
ខ្ញុំ​សុំ​គេ​ដង ឈរ​ដង​តិចៗ ទៅ បើ​ដាក់​អ៊ុយ​គេ​អត់​ឱ្យ​យើង​ដាក់​ទេ បើ​ដាក់​គេ​ចាប់»

ទំនប់​សាលា​តា​អន ស្ថិត​ក្នុង​ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ដែល​បាន​ចាប់​ផ្ដើម​សាងសង់ កាល​ពី​ដើម​ឆ្នាំ២០១៩ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ។ ទំនប់​នេះ​បាន​ក្លាយ​ជា​តំបន់​ទេសចរ​មួយ​ក្នុង​ស្រុកឯកភ្នំ ដែល​មាន​ពលរដ្ឋ​បាន​មក​ដើរ​កម្សាន្ត និង​លំហែ​កាយ​នៅ​ពេល​សម្រាក​ពី​ការងារ។ ចាប់​ពី​ដើម​ខែវិច្ឆិកា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​មក​នេសាទ​នៅ​ក្នុង​បរិវេណ​ទំនប់​នេះ ដោយ​មាន​អ្នក​ខ្លះ ប្រដាប់​ដោយ​ទូក បង់សំណាញ់ ប្រើ​ថ្នង​ធ្វើ​ពី​ស្បៃ​មុង នេសាទ​ត្រី និង​មួយ​ចំនួន​ទៀត​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូចជា ស្បៃ​អ៊ុយ និង​អួន​ក្រឡា​ញឹក។ ការ​នេសាទ ដែល​ទទួល​បាន​ផល​ច្រើន​នេះ បាន​ផ្លាស់ប្ដូរ​ទំនប់​សាលា​តា​អន ពី​កន្លែង​ដែល​ធ្លាប់​លក់​តែ​អាហារ​បរិភោគ ប្រែ​ក្លាយ​ជា​ផ្សារ​លក់​ត្រី ដែល​​​​​​ពោរពេញ​ដោយ​ក្លិន​ឆ្អាប។ អតិជន ដែល​មក​ទិញ​ត្រី​នៅ​តំបន់​នោះ ភាគ​ច្រើន​ទិញ​ត្រី ដើម្បី​ទុក​ធ្វើ​ផ្អក ប្រហុក ដើម្បី​លក់​នៅ​រដូវ​ប្រាំង។

Fishing_at_Sala_Ta_Orn_Hydrodam_Battambang_Bigwave_110722_3.JPG
រូបភាពសកម្មភាពនេសាទនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ



ទោះ​យ៉ាង​នេះ​ក្ដី យុវជន​ដែល​ស្រឡាញ់​បរិស្ថាន មើល​ឃើញ​ថា ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​ទំនប់​សាលា​តា​អន​នេះ កំពុង​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆជាតិ​ឱ្យ​កាន់តែ​ហិនហោច។

យុវតី​ម្នាក់​រស់នៅ​ក្នុង​ស្រុក​ឯកភ្នំ កញ្ញា សា ឌីណា ឱ្យ​ដឹង​ថា កញ្ញា​ឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ច្រើន​នាក់​នាំ​គ្នា​ទៅ​នេសាទ​ត្រី​នៅ​ទំនប់​សាលា​តា​អន ប្រៀប​បាន​នឹង​ផ្សារ​ត្រី​មួយ​ទៅ​ហើយ ដោយ​មាន​ម៉ូតូ​រ៉ឺម៉ក​ចេញ​ចូល​ដឹក​ហូរហែ។ កញ្ញាថា ត្បិត​ពេល​នេះ​ការ​នេសាទ​ត្រី ត្រូវ​បាន​បើកឡើង​វិញ តែ​ត្រី​ទាំង​នោះ​ភាគ​ច្រើន​ជា​កូន​ត្រី​តូចៗ មិន​ទាន់​គ្រប់​អាយុ​នេសាទ​នៅ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​​​នៅតែ​បន្ត​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ កញ្ញា​បារម្ភ​ថា ការ​នេសាទ​ត្រី​របស់​ពលរដ្ឋ​នេះ នឹង​ធ្វើ​ឱ្យ​ធនធាន​ត្រី​ក្នុង​ស្ទឹង​សង្កែ ទន្លេ​កាន់តែ​ហិនហោច​ទៅៗ ជាក់​ជា​មិន​ខាន។
«
ជា​ធម្មតា​ខែ​នេះ​គឺ គេ​បើក​ឱ្យ​នេសាទ​ហើយ តែ​នៅ​មាន​ការ​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ដូចជា ការ​ឆក់ ការ​ដាក់​អ៊ុយ ឬក៏​របស់​​ប្រើប្រាស់​នេសាទ​ផ្សេងៗ ទៀត ដែល​គេ​ហាមឃាត់ តែ​នៅ​តែ​មាន​ប្រជាជន​ប្រើប្រាស់​ធម្មតា»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​នាយក​រដ្ឋបាល​ជលផល លោក ជួង សុភា និង​អភិបាល​ស្រុក​ឯកភ្នំ លោក ម៉ិល សុផល ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី៧ វិច្ឆិកា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មើល​ឃើញ​ថា ទំនប់​សាលា​តា​អន​ជា​បណ្ដុំ​នៃ​មុខ​ទឹក​ទើប​បណ្ដាល​ឱ្យ​ត្រី​ឡើង​មក​កកកុញ​នៅ​កន្លែង​នោះ។ លោក​បន្ត​​​​​ថា ការ​នេសាទ​ក្នុង​ចំនួន​ច្រើន​លើសលប់ និង​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់ គឺ​ជា​ឧបសគ្គ​រារាំង​ពពួក​ត្រី​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ស្ទឹង និង​ទន្លេ​បាន​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ត្រី​កាន់តែ​មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ជលផល ចុះ​ផ្សព្វផ្សាយ អប់រំ​ពី​ការ​នេសាទ​ស្រប​ច្បាប់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ថែរក្សា​តុល្យភាព​ចំនួន​ត្រី​ឱ្យ​នៅ​គង់វង្ស​បាន​យូរ ជា​ជាង​នេសាទ​តាម​ការ​លោភលន់ ដែល​ទទួល​ផល​បាន​មួយ​គ្រាៗ៖
«
ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ត្រូវ​មាន​វិធានការ​អប់រំ ដាក់​ពិន័យ​ឱ្យ​គាត់​ដក​ចេញ​នូវ​ឧបករណ៍​ល្មើស​ច្បាប់​ផ្សេងៗ ហើយ​ប្រសិន​បើ​គាត់​មិន​រាងចាល​ទេ ត្រូវ​កសាង (សំណុំរឿង) បទ​ល្មើស​របស់​ពួក​គាត់​ទៅ​តុលាការ ព្រោះ​អំពើ​នេះ នឹង​ធ្វើ​ឱ្យ​បាត់បង់​ផល​នេសាទ​នៅ​ពេល​ខាង​មុខ»

ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន​មាន​ទីតាំង​ស្ថិត​លើ​ស្ទឹង​សង្កែ​នេះ ដែល​ជា​ទំនប់​ធំ​មួយ ក្នុង​ចំណោម​ទំនប់​ចំនួន​បី គឺ​ទំនប់​កង្ហត ក្នុង​ស្រុកបាណន់ និង​ទំនប់​ពហុ​បំណង​សេកសក ក្នុង​ស្រុក​រតនៈមណ្ឌល។

បន្ទាប់​ពី​ទឹក​ជំនន់​ចាប់​ផ្ដើម​ស្រក​ទៅ​វិញ ក្នុង​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ ទិន្នផល​នៅ​ទីតាំង​ទំនប់​សាលា​តា​អន​បាន​ហក់​ឡើង​យ៉ាង​ច្រើន។ ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសៗ គ្នា ដោយ​អ្នក​ខ្លះ​ប្រើ​ថ្នង​ដង ខ្លះ​បង់​សំណាញ់ បណ្ដែត​មង តែ​អ្នក​ខ្លះ​នៅ​តែ​បន្ត​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់ ដូច​ជា ស្បៃ​អ៊ុយ​ជា​ដើម៕

Fishing_at_Sala_Ta_Orn_Hydrodam_Battambang_Bigwave_110722_1.jpg

ក្នូងរូបភាពនេះ ឧបករណ៍​លប​ស្បៃ​ ហៅ ស្បៃអ៊ុយ​ ដែល​អាជ្ញាធរ​ចាត់ទុក​ថា ជាឧបករណ៍​ខុស​ច្បាប់ ត្រូវ​បាន​អ្នក​នេសាទ​ប្រើ​ចាប់​ត្រី នៅ​ទីតាំង​ទំនប់​សាលា​តា​អន ដង​ស្ទឹង​សង្កែ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។