ក្រសួង​កសិកម្ម​និរាករណ៍​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៧​នៅ​ខេត្ត​ស្ទឹងត្រែង

ដោយ ម៉ម មុនីរតន៍
2015.01.21
អ៊ាង សុផល្លែត ៦២០ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់(រូប​កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី ២១ មករា ២០១៥។
RFA/Morm Moniroth

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​និរាករណ៍​ក្រុមហ៊ុន​ចំនួន​៧ ក្នុង​ចំណោម ១២​ក្រុមហ៊ុន លើ​ផ្ទៃ​ដី​ជិត ១៨​ម៉ឺន​ហិកតារ​នៅ​ខេត្ត​ស្ទឹងត្រែង ជា​ជំហាន​ដំបូង​បញ្ឈប់​មិន​ផ្ដល់​សិទ្ធិ​បន្ត​ទៀត​ឲ្យ​អភិវឌ្ឍ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច។

បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល ហៅ​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ ថា​គ្រាន់​តែ​ជា​ការ​បន្ទន់​ចិត្ត​អ្នក​រងគ្រោះ​ដោយ​ហិង្សា​ដីធ្លី​ឲ្យ​ស្ងប់​អារម្មណ៍​ប៉ុណ្ណោះ រឿង​ដែល​សំខាន់​នោះ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ប្រឆាំង​ការ​ធ្វើ​ឲ្យ​បាត់​បង់​ធនធាន​ធម្មជាតិ និង​មនុស្ស​រាប់​ពាន់​គ្រួសារ​គ្មាន​ជម្រក​សមរម្យ។

ក្រសួង​កសិកម្ម កំពុង​សិក្សា​ទៅ​លើ​គម្រោង​របស់​ក្រុមហ៊ុន ១៥០​ក្រុមហ៊ុន​ទៀត​លើ​ផ្ទៃ​ដី​សរុប​ចន្លោះ​ពី​ជាង ១​លាន ទៅ ១​លាន ២​សែន​ហិកតារ ដែល​កំពុង​ឋិត​ក្នុង​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​វាយ​តម្លៃ មុន​នឹង​ត្រូវ​សម្រេច​ថា តើ​គួរ​លុប​កិច្ច​ព្រមព្រៀង​បន្ត​ទៀត ឬ​យ៉ាង​ណា?

ជុំវិញ​គោល​នយោបាយ​នៃ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​បញ្ឈប់​ការ​ផ្តល់​ដី​ជា​ថ្មី​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​បន្ត​ការ​ដក​ហូត​ឲ្យ​រដ្ឋ​គ្រប់គ្រង​ឡើង​វិញ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ ដើម្បី​សម្រាល​បន្ទុក រដ្ឋាភិបាល​បាន​បន្ថយ​ឆ្នាំ​នៃ​ការ​ផ្តល់​រយៈពេល​ជិត ១០០​ឆ្នាំ​មក​នៅ​ត្រឹម ៥០​ឆ្នាំ​វិញ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មករា នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​បញ្ឈប់​ក្រុមហ៊ុន​ទាំង​៧ លើ​សិទ្ធិ​វិនិយោគ​នេះ បន្ទាប់​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច គឺ​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​រវាង​ក្រសួង​កសិកម្ម និង​ម្ចាស់​សាមី​ក្រុមហ៊ុន​ផ្ទាល់​នោះ​ទេ ជាពិសេស​នោះ ក្រុមហ៊ុន​ទាំង​នេះ​ថែម​ទាំង​ខក​ខាន​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ភូមិបាល​ទៀត​ផង។ លោក​បន្ត​ថា «ភាព​មិន​ប្រក្រតី​នោះ គឺ​ទី​មួយ ក្រុមហ៊ុន​មិន​បាន​គោរព​តាម​កិច្ច​សន្យា​ដែល​ខ្លួន​បាន​ចុះ ដែល​ខ្លួន​បាន​អះអាង។ ទី​ពីរ គឺ​ក្រុមហ៊ុន​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ភូមិបាល»

បើ​ទោះ​ជា​បែប​ណា លោក អ៊ាង សុផល្លែត បាន​បដិសេធ​រឿង​ការ​អនុវត្ត​គោល​នយោបាយ​ដែល​ប៉ះពាល់​ដី​ឧទ្យាន​ជាតិ។ លោក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​រឿង​នេះ​ទៅ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ផ្សេង​វិញ ហើយ​អះអាង​ថា វា​ពុំ​មែន​ជា​កាតព្វកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​ដើរ​តួ​ឡើយ។ នៅ​ក្នុង​សន្និសីទ​កាសែត លោក អ៊ាង សុផល្លែត មាន​ពេល​ខ្លះ​ហាក់​ផ្តល់​សិទ្ធិ​ឲ្យ​សារព័ត៌មាន ដើរ​តួ​ជា​អ្នក​ដឹង​រឿង​សព្វ​គ្រប់​ទៅ​វិញ។ នៅ​ពេល​ណា​អ្នក​កាសែត​សួរ​សំណួរ លោក​ស្នើ​ឲ្យ​បក​មក​មើល​ខ្លឹមសារ​ដើម​វិញ។

លិខិត​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៩ មករា របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​បញ្ជូន​មក​ឲ្យ​ក្រសួង​កសិកម្ម អនុវត្ត​ផ្ទាល់ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៧ ដែល​រដ្ឋាភិបាល​សម្រេច​និរាករណ៍​ចោល​នោះ រួម​មាន ក្រុមហ៊ុន បូណារីតា ស្ទឹងត្រែង ក្រុមហ៊ុន អ៊ុន អ៊ិនធើរ ត្រេឌីង និង ឌីវីឡុបមែន គ្រុប ក្រុមហ៊ុន គ្រីនស៊ី អ៊ិនឌឺទ្រី ក្រុមហ៊ុន​ផលិត​ម្សៅ​ដំឡូងមី​ចំកាត់ ក្រុមហ៊ុន ជីជី​វើល គ្រុប និង​ក្រុមហ៊ុន ខេមបូឌា រីសើច ម៉ាញនីង ឌីវីឡុបមែន។

បើ​តាម លោក អ៊ាង សុផល្លែត គិត​ចាប់​ពី​អាណត្តិ​ទី​៤ រហូត​ដល់​អាណត្តិ​ទី​៥ នេះ រដ្ឋាភិបាល​បាន​សម្រេច​និរាករណ៍​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​មាន​ចំនួន ៧១​ក្រុមហ៊ុន លើ​ផ្ទៃ​ដី​សរុប ៦៥​ម៉ឺន​ហិកតារ។ បើ​ទោះ​ជា​បែប​ណា លោក អ៊ាង សុផល្លែត ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​ម្ចាស់​វិនិយោគ​ទាំង​នោះ​អាច​នឹង​ត្រូវ​ប្រឈម​ចំពោះ​ច្បាប់​ដែរ ឬ​យ៉ាង​ណា ក្រោយ​ពី​បញ្ចប់​កុងត្រា ហើយ​រក​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ខូចខាត​ធនធាន​ធម្មជាតិ​នោះ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន លោក អ៊ាង សុផល្លែត អះអាង​យ៉ាង​ខ្លី​ថា នៅ​មិន​ទាន់​គិត​ដល់​រឿង​នេះ​នៅ​ឡើយ​ទេ។

បើ​ទោះ​ជា​បែប​ណា លោក អំ សំអាត មន្ត្រី​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ការ​អនុវត្ត​ត្រឹម​បញ្ចប់ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​ពី​ម្ចាស់​វិនិយោគ ហើយ​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ គឺ​នៅ​មិន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ព្រោះ​ភាគ​ច្រើន​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ​នៅ​កម្ពុជា ធ្វើ​នំ​អត់​ម្សៅ ក្រោយ​ពី​កាប់​ឈើ​អស់​ទុក​ដី​ទំនេរ ឬ​បើ​មិន​ដូច្នេះ​ទេ លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ផ្សេង​វិញ។ លោក​បន្ត​ថា «ក្រុមហ៊ុន​ខ្លះ​គាត់​ធ្វើ​នំ​ឥត​ម្សៅ បាន​ន័យ​ថា​ទទួល​គោលការណ៍​ពី​សម្បទាន​ដី​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​ហើយ គ្មាន​អ្វី​ក្រៅ​ពី​ការ​កាប់​ឈើ​លក់»

របាយការណ៍​របស់​អង្គការ​លីកាដូ រក​ឃើញ​ថា ផ្ទៃ​ដី​ដែល​រង​ផល​ប៉ះពាល់​ប្រមាណ ២​លាន​ហិកតារ ក្រោម​គោល​នយោបាយ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ទាំង​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​គ្រួសារ ត្រូវ​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។