ពលរដ្ឋ​នៅ​ស្វាយរៀង​ចងក្រង​សហគមន៍​ដើម្បី​អភិរក្ស​ព្រៃឈើ

ដោយ មុំ សុផុន
2014.12.07
អភិរក្ស​ព្រៃ ស្វាយរៀង ៦២០ ប្រជាពលរដ្ឋ​អ្នក​អភិរក្ស​ព្រៃ​សហគមន៍​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដើរ​ល្បាត​ព្រៃ​ឈើ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Mom Sophon

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​នាំ​គ្នា​ចង​ក្រង​សហគមន៍​ដើម្បី​អភិរក្ស​ព្រៃឈើ​របស់​សហគមន៍​មួយ​កន្លែង​ទុក​បម្រើ​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​ឃុំ។ ពលរដ្ឋ​ដែល​ជា​អ្នក​ការពារ​ព្រៃឈើ​ទាំង​នោះ ឲ្យ​ដឹង​ថា ព្រៃឈើ​ទាំង​នោះ ក្រៅ​តែ​ពី​មាន​ប្រយោជន៍​ផ្នែក​បរិស្ថាន​វា​ក៏​ជា​ទីកន្លែង​ដែល​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​អាច​ទាញ​យក​អនុផល​ព្រៃឈើ​ផង​ដែរ។

ពលរដ្ឋ​ជា​សកម្មជន​ស្រលាញ់ និង​ការពារ​ព្រៃឈើ​ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​ដើរ​មើល​ព្រៃ​សហគមន៍ ដែល​ពួក​គាត់​បាន​ស្នើសុំ​ពី​អាជ្ញាធរ​ដើម្បី​អភិរក្ស​នៅ​ក្នុង​ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ព្រៃឈើ​សហគមន៍​ក្រសាំង​ដែល​មាន​ទំហំ​ប្រមាណ​ជាង ៥០០​ហិកតារ​នេះ គឺ​ពួក​គាត់​បាន​ថែរក្សា​រយៈពេល ៥​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ។

លោក ប៊ូ សាមុជ ជា​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ក្រសាំង នេះ​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​គឺ​ពលរដ្ឋ​ដែល​នៅ​ជុំ​វិញ​ព្រៃ​ក្រសាំង​នេះ គឺ​បាន​នាំ​គ្នា​ការពារ​ដូច​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​វា​នៅ​គងវង់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មាន​ព្រៃ​ឈើ​ប្រើប្រាស់៖ «បើ​យើង​រង់ចាំ​ដី​នេះ​ឲ្យ​បាន​មក​សហគមន៍​ដោយ​ស្រប​ច្បាប់​នោះ​វា​មិន​ងាយ​ទេ ប៉ុន្តែ​យើង​ពង្រីក​សមាជិក​សហគមន៍ ឬ​គណៈកម្មការ​ឲ្យ​ជួយ​ការពារ​ដី​គ្នា។ ក្រុម​មន្ត្រី​ផ្ដាំ​មក​ថា ត្រូវ​តែ​ការពារ​ហើយ​ពួក​គាត់​ក៏​ជួយ​ដែរ»

ព្រៃ​សហគមន៍​ក្រសាំង​នេះ ជា​ព្រៃ​ដែល​មាន​ប្រភេទ​ឈើ​ធំៗ​ល្មម​អាច​កាប់​ដើម្បី​សាងសង់​ផ្ទះ​សម្បែង​បាន​នៅ​ពេល​អនាគត។ ម្យ៉ាង​ទៀត​ពលរដ្ឋ​ដែល​នៅ​ជុំ​វិញ​នោះ គឺ​អាច​រក​អនុផល​ពី​ព្រៃ​សហគមន៍​ការពារ​ទាំង​នោះ​បាន​ដែរ។

អ្នកស្រី គឹម ផល រស់​នៅ​ក្នុង​ភូមិ​ព្រៃផ្ដៀក ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ថ្លែង​ថា បើ​គិត​ពី​បច្ចុប្បន្ន​គឺ​ព្រៃ​សហគមន៍​ជា​ដង្ហើម​រស់​របស់​ពលរដ្ឋ​ជា​ច្រើន​ដូច​ជា​កន្លែង​សម្រាប់​សត្វ​ពាហនៈ ហើយ​អាច​ទាញ​យក​ផល​នានា ពី​ព្រៃឈើ​មក​ចិញ្ចឹម​ជីវភាព​បាន​ផង៖ «ព្រៃ​ឈើ​នេះ​ទុក​សម្រាប់​កូន​ចៅ​ទៅ​ជំនាន់​ក្រោយៗ​ផង កុំ​ឲ្យ​វា​ចេះ​តែ​បាត់​បង់​ដី​ព្រៃ​អ៊ីចឹង គឺ​ទុក​ឲ្យ​វា​នៅ​យូរ​អង្វែង។ ទុក​ព្រៃ​នេះ​គ្រាន់​ឃ្វាល​គោ​ក្របី ឬ​បោច​វល្លិ៍​ជា​ដើម»

ពលរដ្ឋ​អ្នក​ស្រលាញ់​ព្រៃឈើ​សហគមន៍​ក្រសាំង កំពុង​ដើរ​មើល​ព្រៃ​ឈើ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤។
ពលរដ្ឋ​អ្នក​ស្រលាញ់​ព្រៃឈើ​សហគមន៍​ក្រសាំង កំពុង​ដើរ​មើល​ព្រៃ​ឈើ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤។
RFA/Mom Sophon
,/p>

 

ទោះ​យ៉ាង​ណា​ពលរដ្ឋ​ដែល​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ​សហគមន៍​នោះ គឺ​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​ងាយ​រងគ្រោះ​សម្រាប់​ព្រៃ​សហគមន៍ ដោយសារ​តែ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។

លោក ពៅ ឈឹន ជា​ក្រុមប្រឹក្សា​ឃុំ​ក្រសាំង បាន​ថ្លែង​ថា កន្លង​មក​មាន​ក្រុមហ៊ុន ឬ​ឈ្មួញ​ឯកជន​ចេះ​តែ​មក​ហាក់​ចង់​ទិញ​ដី​ព្រៃ​ទាំង​នោះ ក៏​ប៉ុន្តែ​មិន​មាន​អ្នក​ណា​អាច​ហ៊ាន​លក់​បាន​ឡើយ ហើយ​ម្យ៉ាង​ទៀត​ពលរដ្ឋ​ដែល​នៅ​ក្នុង​សហគមន៍​គឺ​ប្ដេជ្ញា​ការពារ​ព្រៃ​ឲ្យ​គង់៖ «បាទ! កន្លង​មក​ក្រុមហ៊ុន​ចេះ​តែ​ចូល​មក​ចង់​បាន​ដី​របស់​សហគមន៍​ហ្នឹង។ តាម​ពិត​ដី​របស់​សហគមន៍​គឺ​មាន​តាំង​ពី​ដើម​មក ប៉ុន្តែ​មិន​ទាន់​ជា​ផ្លូវ​ការ មាន​ច្បាប់​ទម្លាប់​អី​ត្រឹម​ត្រូវ ប៉ុន្តែ​ឥឡូវ​យើង​បាន​ទទួល​ស្គាល់​ដល់​ស្រុក​ហើយ»

បើ​សិន​ជា​មាន​ការ​អភិវឌ្ឍ​នោះ គឺ​ពលរដ្ឋ​នៅ​ជុំ​វិញ​ព្រៃ​សហគមន៍​ក្រសាំង និង​រងគ្រោះ​ខ្លាំង ហេតុ​ដូច្នេះ​ហើយ​ទើប​ពលរដ្ឋ​ត្រូវ​អភិរក្ស​ទុក​ប្រើប្រាស់​ជា​សមូហភាព។ លោក ប៊ូ សាមុជ ជា​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ក្រសាំង នេះ​បាន​បញ្ជាក់​បន្ថែម៖ «ដូច​លោក​ដឹង​ស្រាប់​ហើយ បើ​បាន​ដី​ទៅ​ក្រុមហ៊ុន​វិញ​នោះ គឺ​សូម្បី​តែ​សត្វ​ក្របី គោ ឬ​មនុស្ស​ដែល​ធ្លាប់​ទទួល​ផល​អនុផល​ព្រៃឈើ នោះ​គឺ​អត់​បាន​ចូល​ទៀត​​ទេ គឺ​មិន​បាន​ចូល​កាត់​ដី​គេ​ទៀត​ទេ ហើយ​មិន​ដឹង​ទៅ​រក​អ្វី​ថែម​ទៀត​បើ​អស់​ព្រៃ​ទៅ​ហើយ​នោះ។ ម្យ៉ាង​ទៀត​គេ​ចាប់​ក្របី ឬ​គោ ត្រូវ​ពរលដ្ឋ​បង់​លុយ​កាក់​ឲ្យ​គេ​ទៀត។ ធនធាន​ព្រៃឈើ​របស់​យើង​គឺ​កាន់​តែ​រេចរឹល​ទៅ​ ជា​ពិសេស​គឺ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នេះ គឺ​នៅ​សល់​តិច​បំផុត»

ផល​ប៉ះពាល់​ប្រសិន​បើ​មិន​មាន​ការ​អភិរក្ស​ព្រៃឈើ​ក្រសាំង នេះ ត្រឹមត្រូវ​ទេ ក្រៅ​ពី​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ គឺ​ប៉ះពាល់​ដល់​សត្វ​ព្រៃ​ផ្សេងៗ​ទៀត​ដែល​កំពុងតែ​ឈាន​ដល់​ផុតពូជ​នៅ​ពេល​ខាង​មុខ​ផង។

លោក​បញ្ជាក់​ទៀត​ថា សត្វព្រៃ​ចាប់​ផ្ដើម​សំបូរ​ឡើង​វិញ​ខ្លះៗ​ហើយ ក្រោយ​ពេល​ដែល​អ្នក​ភូមិ​ជួយ​ការពារ​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ៖ «ពលរដ្ឋ​គឺ​ពឹង​លើ​អនុផល​ព្រៃ​ឈើ​ហ្នឹង​ហើយ បេះ​ផ្លែឈើ​បន្លែបង្ការ​ជា​ដើម គឺ​មាន​នៅ​​ក្នុង​ព្រៃ​នេះ ហើយ​ផល​ប្រយោជន៍​គឺ​នៅ​សល់​សត្វព្រៃ​ដើម្បី​ឲ្យ​កូន​ក្មេង​ជំនាន់​ក្រោយ​បាន​មើល និង​ស្គាល់​ផង»

ទោះ​យ៉ាង​ណា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ព្រៃឈើ​សហគមន៍​នេះ​សង្ឃឹម​ថា កូន​ៗ​របស់​ពួក​គាត់​នឹង​នៅ​តែ​ស្គាល់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹង​ក្ដី​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។