ព្រះសង្ឃ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ជនល្មើស​លួច​ដាក់​អន្ទាក់​ចាប់​សត្វ​ស្វា​ក្នុង​ព្រៃ​សង្ឃ​រុក្ខវ័ន

ដោយ​ សន ចាន់រដ្ឋា
2019-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ព្រះសង្ឃ និង​មន្ត្រី​សង្គមស៊ីវិល ចុះ​ល្បាត​ព្រៃ​ឈើ​សង្ឃ​រុក្ខវ័ន ខេត្ត​ឧត្ដរមានជ័យ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
ទិដ្ឋភាព​ព្រះសង្ឃ និង​មន្ត្រី​សង្គមស៊ីវិល ចុះ​ល្បាត​ព្រៃ​ឈើ​សង្ឃ​រុក្ខវ័ន ខេត្ត​ឧត្ដរមានជ័យ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨។
រូបថត៖ ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង

ព្រះសង្ឃ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​អ្នក​លួច​ដាក់​អន្ទាក់​ចាប់​សត្វ​ស្វា​នៅ​​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន។ ការ​ស្នើ​សុំ​នេះ​ ដោយ​សារ​តែ​​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ចុះ​ល្បាត​ព្រៃ​ ​ប្រទះ​ឃើញ​​ជនល្មើស​មួយ​ក្រុម​បាន​ចូល​លួច​ចាប់​សត្វ​ស្វា​ក្នុង​ព្រៃ​ការពារ​ ហើយ​​នាំ​គ្នា​រត់​ចូល​គេច​ខ្លួន​បាត់​ កាល​ពី​ថ្ងៃ​ទី​២៧​និង​ថ្ងៃ​ទី​២៨​មីនា​កន្លង​ទៅ។

ប្រធាន​សង្ឃ​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខវ័ន​ នៅ​ឧត្ដរមានជ័យ ព្រះតេជ​គុណ ប៊ុន សាលួត មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤មេសា​ថា ជនល្មើស​មាន​គ្នា​២នាក់​បាន​ប្រើ​មង​សំណាញ់​ដាក់​ចាប់​សត្វ​ស្វា​ក្នុង​ព្រៃ​សហគមន៍​ស្ថិត​នៅ​ភូមិ​គោកក្ដាន់ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង​​កាល​បី​ថ្ងៃ​ទី​២៨​មីនា​។ព្រះតេជគុណ​បន្ត​ថា នៅ​ពេល​ព្រះសង្ឃ​​ល្បាត​ព្រៃ​ទៅ​ដល់​ជនល្មើស​បាន​រត់​គេចខ្លួន​ចូល​ព្រៃ​ ហើយ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ​៦​នាក់​មិន​ហ៊ាន​ដេញ​តាម​ចាប់​ពួកគេ​នោះ​ទេ​ ប៉ុន្តែ​ប្រមូល​បាន​ឧបករណ៍​របស់​ព្រាន​យក​ទៅ​កម្ទេច​ចោល។ព្រះ​តេជគុណ​បន្ថែម​ទៀត​ថា ក្រុម​ព្រានព្រៃ​ទាក់​ចាប់​ចំពោះ​តែ​ប្រភេទ​ស្វា​ព្រាម​ដែល​ជា​ស្វា​កម្រ​លក់​បាន​ថ្លៃ​ដែល​មាន​តម្លៃ​​មួយ​ក្បាល​ប្រមាណ​១៥០​ដុល្លារ​អាមេរិក​ ព្រោះ​នៅ​ទី​នោះ​សំបូរ​សត្វ​ស្វា​គ្រប់​ប្រភេទ៖ «វា​បើក​កាណូត​ស្មាច់​មក​លួច​វាយ​លុប​ ដោយ​វា​រោយ​ស្រូវ​ដាក់​ឱ្យ​ស្វា​ស៊ី​ពីរ​បី​ថ្ងៃ​ហើយ​បាន​វា​ចាប់​ផ្ដើម​វាយ​លុប​ អាត្មា​កំពុង​តែ​បារម្ភ​ពី​នឹង​ឯង​ព្រោះ​អី​ទើប​តែ​មាន​សត្វ​ចូល​មក​រស់​នៅ​ក្នុង​ព្រៃ​ស្រាប់​តែ​អ្នក​ចូល​មក​លួច​ចាប់​សត្វ​ព្រៃ​ដូច្នេះ​ ថ្ងៃ​មុន​អាត្មា​ចុះ​ទៅ​វា​ឃើញ​យើង​មុន​ពួក​ព្រាន​ព្រៃ​រត់​គេច​អស់​​ ហើយ​ចាប់​វា​អត់​បាន​ យើង​បាន​តែ​សំណាញ់​លុប​ ហើយ​វា​ដាក់​លាត​សំណាញ់​រួច​មាន​ខ្សែ​សម្រាប់​ទាញ​ ហើយ​ពេល​ស្វា​វា​មក​ស៊ី​ច្រើន​គេ​ទាញ​ខ្សែ​ទៅ​សំណាញ់​វា​គ្រប​ពី​លើ​សត្វ​រត់​មិន​រួច​ទេ»

ព្រះ​តេជ​គុណ​បន្ត​ថា ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មិន​អាច​ការពារ​សត្វ​ស្វា​ឱ្យ​បាន​គង់វង្ស​បាន​ទេ ព្រោះ​ព្រៃ​សហគមន៍​មាន​ផ្ទៃ​ដី​ធំធេង​ ស្រប​ពេល​ដែល​អ្នក​ការពារ​មាន​កម្លាំង​តិច​មិន​អាច​ចុះ​ល្បាត​ឱ្យ​បាន​គ្រប់​ទីកន្លែង​បាន​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ​លោក ភួង លីណា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ពុំ​មាន​​អ្នក​លួច​ដាក់​អន្ទាក់​ចាប់​សត្វ​ស្វា​នោះ​នៅ​ព្រៃ​សង្ឃ​រុក្ខវ័ន​នោះ​ទេ​​ ដោយសារ​ខាង​លោក​តែងតែ​ចុះ​ល្បាត​ព្រៃ​ញឹកញាប់​។លោក​អះអាង​ថា កន្លង​មក​ ខាង​លោក​ចាប់​បាន​ជនល្មើស​ជា​ច្រើន​នាក់​ដែល​លួច​ដាក់​អន្ទាក់​សត្វ​ព្រៃ​នៅ​តំបន់​ការពារ ហើយ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ដាក់​ទៅ​តុលាការ​ទៀត​ផង៖ «យើង​ទទួល​ស្គាល់​នៅ​មាន​ការ​លប​បរបាញ់​ មាន​ការ​លួច​ដាក់​អន្ទាក់​សត្វ​ក្នុង​ព្រៃ​សង្ឃ​រុក្ខវ័ន​ ប៉ុន្តែ​មន្ត្រី​យើង​ជា​រៀង​រាល់​ខែ​យើង​បាន​ដើរ​សារ​អន្ទាក់​ដែល​ព្រាន​បាន​ដាក់​នោះ​ បាន​ជា​ច្រើន​ណាស់​ទាំង​ ខាង​មន្ត្រី​ខាង​មន្ត្រី​បរិស្ថាន សហគមន៍​និង​ព្រះសង្ឃ​ក៏​យើង​បាន​ដើរ​សារ​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc)ខេត្ត​ឧត្ដរមានជ័យ​លោក ស្រី ណា រ៉េន លើក​ឡើង​ថា បទល្មើស​ព្រៃ​ឈើ​និង​ការ​លួច​​ទាក់​សត្វ​​ក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័ន កើត​មាន​ជា​ញឹក​ញាប់ ដោយសារ​​សមត្ថកិច្ច​អនុវត្ត​ច្បាប់​​ធូររលុង។លោក​ថា ករណី​នេះ​ជា​តួនាទី​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​​ត្រូវ​ទទួល​ខុស​ត្រូវ​ការពារ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​ឱ្យ​បាន​គង់វង្ស​ ហើយ​​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ប្រជាពលរដ្ឋ​និង​ព្រះ​សង្ឃ​ការពារ​ព្រៃឈើ​បែប​នេះ​ទេ​ ព្រោះ​អាជ្ញាធរ​ទទួល​ប្រាក់​ដែល​ពលរដ្ឋ​បង់ពន្ធ​ជូន​រដ្ឋ​ ដែល​ខុស​ពី​ពលរដ្ឋ​និង​ព្រះ​សង្ឃ​គ្មាន​ប្រាក់​ខែ​ ហើយ​នាំ​គ្នា​ការពារ​ព្រៃឈើ​ដូច​សព្វ​ថ្ងៃ​នោះ៖ «អ៊ីចឹង​បើ​ទៅ​យាម​គាត់​គ្រាន់​តែ​យាម​ទៅ​ដោយ​មិន​ដឹង​ថា​អ្វី​ជា​បទ​ល្មើស​កើត​ឡើង​ផង​ ដល់​អ៊ីចឹង​យើង​ពិបាក​ណាស់​និយាយ​រួម​វា​អត់​មាន​ឆន្ទៈ​ជួយ​ការពារ​ធនធាន​ធម្មជាតិ​ទេ​។ព្រៃ​ប៉ុណ្ណឹង​បើ​សិន​ជា​គាត់​មាន​មុខ​ងារ​ការ​ពារ​ហើយ​គាត់​នៅ​តែ​បណ្ដែតបណ្ដោយ​គឺ​យើង​មាន​ការ​សោកស្ដាយ​ណាស់​ ហើយ​យើង​សុំ​ឱ្យ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ជា​ពិសេស​មន្ត្រី​បរិស្ថាន​ និង​ខាង​មេព្រៃ​នឹង​គឺ​គាត់​ត្រូវ​តែ​ដាក់​កម្លាំង​បន្ថែម​ទៀត​ទៅ​ បើ​ពឹង​តែ​លើ​ព្រះ​សង្ឃ​ប្រហែល​អស់​លទ្ធភាព​ហើយ»

ព្រះ​តេជ​គុណ ​ប៊ុន សាលួត​ មាន​ថេរៈ​ដីកា​ថា ព្រៃ​សង្ឃ​រុក្ខវ័ន​មាន​ផ្ទៃ​ដី​ជាង​៣ម៉ឺន​ហិកតារ(៣០.០០០)​ ស្ថិត​ក្នុង​ស្រុក​ សំរោង អន្លង់វែង​ និង​ស្រុក​ចុងកាល។ព្រះអង្គបន្តថា ​​ព្រៃ​មួយ​នេះ​ សំបូរ​​ព្រៃឈើ​ជាង​គេ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​មាន​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​រស់​នៅ​យ៉ាង​ច្រើន​កុះករ​ ​មាន​ដូច​ជា​ សត្វ​ទន្សោង ខ្ទីង​ ប្រើស ខ្លា សត្វ​តូច​ និង​ស្វា​ជា​ដើម។ ព្រះតេជគុណ ព្រួយបារម្ភ​ថា សត្វ​ទាំង​អស់​នេះ​ ប្រឈម​នឹង​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​មិន​ជួយ​ទប់ស្កាត់​ឱ្យ​បាន​តឹងរ៉ឹង​​ ហើយ​នៅ​តែ​​បណ្ដោយ​ឱ្យ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ការពារ​ទៀត​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល