កម្ពស់​ទឹក​ឡើង​ហួស​ពី​ការ​ប្រកាស​អាសន្ន​ក្នុង​ខេត្ត​៣​នា​ភាគ​ឦសាន

ដោយ ម៉ម មុនីរតន៍
2017-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្មេងៗ​ហែល​ទឹក​លេង​នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
ក្មេងៗ​ហែល​ទឹក​លេង​នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
រូបថត​អង្គការ​ពន្លក​ខ្មែរ

លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​១​នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ខេត្ត​ចំនួន​៣ ដែល​នៅ​ជាប់​ដៃ​ទន្លេ​មេគង្គ​លើ កម្ពស់​ទឹក​បាន​ឡើង​ហួស​ពី​ការ​ប្រកាស​អាសន្ន ដែល​គណៈកម្មការ​គ្រប់គ្រង​គ្រោះអន្តរាយ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា កន្លង​ទៅ។

​លោក ញឹម វណ្ណដា ថ្លែង​ថា ទឹក​ភ្លៀង​ដែល​បង្ក​ដោយ​ព្យុះ​ទី​៨ បាន​គំរាមកំហែង​ខេត្ត​មួយ​ចំនួន ស្ថិត​នៅ​ភូមិភាគ​ឦសាន រួម​មាន​ខេត្ត​មណ្ឌលគិរី ជាដើម បណ្ដាល​ឲ្យ​ទឹក​ជំនន់​ឡើង​ហួស​ពី​ការ​ប្រកាស​អាសន្ន​ទៅ​ទៀត។ លោក​បន្ត​ថា ក្រៅ​ពី​នេះ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ កម្ពស់​ទឹក​ឡើង​មិន​ដល់​ការ​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា៖ «ខេត្ត​ដែល​ជាប់​ទន្លេ​មេគង្គ គឺ​រតនគិរី ស្ទឹងត្រែង និង​ក្រចេះ ដូច​ជា​ខេត្ត​រតនគិរី បាន​លើស​ពី​ការ​ប្រកាស​អាសន្ន​កាល​ពី​ម្សិលមិញ។ ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ មិន​ដល់​ការ​ប្រកាស​អាសន្ន​ទេ នៅ​បន្តិច​ទៀត។ បើ​ពិនិត្យ​មើល​ប៉ែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ ព្យុះ​ទី៨​អាច​ថយ»

លោក ញឹម វណ្ណដា ឲ្យ​ដឹង​ទៀត​ថា ព្យុះ​ទី​៨ ដែល​គំរាម​កំហែង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បណ្ដាល​ឲ្យ​មនុស្ស ២​នាក់ នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ត្រូវ​បាត់បង់​ជីវិត ហើយ​បង្ក​ឲ្យ​ផល​ដំណាំ និង​ផ្លូវ​ថ្នល់​ត្រូវ​ខូចខាត។ ប៉ុន្តែ​ស្ថានភាព​ទឹក​ជំនន់​មក​ដល់​ពេល​នេះ ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត ​រួម​មាន​ខេត្ត​កំពង់ធំ ជាដើម បាន​ស្រក​ជា​បណ្ដើរៗ​ហើយ។

លោក​បន្ត​ថា ស្រប​ពេល​ព្យុះ​ទី​៨ ដែល​គ្របដណ្ដប់​ស្ទើរ​ទូទាំង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ តាម​ការ​ព្យាករ ព្យុះ​ទី​៩ ដែល​មាន​ឈ្មោះ​ថា នេសាទ នឹង​វាយ​លុក​ប្រទេស​កម្ពុជា បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី​២៩ កក្កដា។ បើ​តាម​លោក ញឹម វណ្ណដា ព្យុះ​ទី​៩ ដែល​មាន​ឈ្មោះ​ថា នេសាទ នេះ​ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តិច ហើយ​បង្ក​គ្រោះ​រាំង​ស្ងួត​យូរ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល