"អាជ្ញាធរ​គួរ​ស៊ើប​អង្កេត​លើ​រដ្ឋមន្ត្រី​កសិកម្ម​ដែល​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់"

ដោយ ទីន ហ្សាការីយ៉ា
2019.08.18
វេង សាខុន ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
Photo courtesy of MAFF.gov.kh

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឱ្យ​គណៈកម្មការ​ជាតិ និង​តំណាង​អយ្យការ​ខេត្ត មណ្ឌលគិរី បើក​ការស៊ើបអង្កេត និង​នាំ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ឱ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ករណី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់ ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី បណ្ដាល​ឱ្យ​បាត់បង់​ព្រៃឈើ​ធំធេង ក្នុង​តំបន់​អភិរក្ស និង​ប៉ះពាល់​ដែន​ជម្រក​សត្វព្រៃ។

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ក្រុមហ៊ុន​ចំនួន ៦ ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​កសិកម្ម វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ម៉ឺន​ហិកតារ ឋិត​ក្នុងស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី គឺជា​ឃាតក​លាក់​មុខ បំផ្លាញ​ព្រៃឈើ​ធំធេង ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ដោយ​ខុសច្បាប់​។ ពួកគេ​អះអាង ប្រភព​ចម្បង នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​សហគមន៍ គឺ​ផ្ដើម​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ផ្សំ​គំនិត និង​អនុញ្ញាត​ឱ្យ​មាន​ភាព​មិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ខុសច្បាប់​ជាប់​ព្រៃ​អភិរក្ស​ដោយ​លួចលាក់។

សកម្មជន​បរិស្ថាន​ដែល​ចុះ​អង្កេត​រឿង​នេះ លោក ហេង ស្រស់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ សីហា​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ពី​សំណាក់​ក្រសួង​កសិកម្ម គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត គឺ​ដើម្បី​កាប់​រំលំ​ដើមឈើ​ធំៗ​ យក​លក់​ទៅ​ប្រទេស​វៀតណាម​ទៅវិញ​ទេ​។ លោក​ថា ពលរដ្ឋ​មូលដ្ឋាន និង​សកម្មជន​បរិស្ថាន បាន​ស្រែក​ឱ្យ​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ជា​ញឹកញាប់ ក៏ប៉ុន្តែ​ក្រសួង​មិនបាន​អើពើ​ទេ គឺ​បាន​ត្រឹម​តែ​ឆ្លើយ​ដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ​។ លោក​ថា ក្រុមហ៊ុន​ទាំង ៦ នោះ ពុំបាន​ដាំ​ដំណាំ​អ្វី​ជា​ដុំ​កំភួន​​ទេ មាន​តែ​បង្កើត​ទីតាំង​អារ​ឈើ និង​ឃ្លាំង​ប្រមូល​ឈើ​ប៉ុណ្ណោះ​៖ «ចំពោះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វិញ សម្រាប់​ខ្ញុំ​មិនដែល​ចាត់​ទុក​គាត់​ជា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ធ្វើ​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​ជាតិ​ទេ បែរជា​គាត់​ស៊ីញេ​ឱ្យ​មានការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុម​ឧកញ៉ា​មួយ​ចំនួន ហាក់បីដូចជា​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ជន​ទាំងនោះ មានលទ្ធភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ប្រមូល​លុយ​ចេញពី​ការ​ការ​បំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ​ទៅវិញ»

សកម្មជន​បរិស្ថាន​រូប​នេះ ទាមទារ​ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស៊ើប​អង្កេត លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​រដ្ឋមន្ត្រី​រូប​នេះ​ជា​អ្នក​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ រកស៊ី​កាប់​ឈើ​ដោយ​ស្របច្បាប់ ដោយមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ជា​អ្នក​ចូល​ដៃជើង​ជាមួយ​ក្រុមហ៊ុន​៖ «ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​គឺ​អត់​មាន​អ្វី​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ទេ នៅ​ស្រុក​កោះ​ញែក​ហ្នឹង សូម្បីតែ​ដាំ​ដើមឈើ​អ្វី ដែល​តបស្នង​មក​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ខ្មែរ​មួយ​ដើម​ក៏​អត់​មាន​ទេ​។ គ្រាន់តែ​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​យក​ឈើ លក់​យក​លុយ​រាប់​លាន​ដុល្លារ​។ ហេតុអ្វី​មិន​បង្ក្រាប​អ្នក​ដើមចម ផ្ដល់​លទ្ធភាព​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោកស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក នៅ​ថ្ងៃ​ទី១៨ សីហា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី និយាយ​យ៉ាង​ខ្លី​ថា គណៈកម្មការ​ជាតិ​បាន​បញ្ជូន​សំណុំរឿង​ករណី​នេះ ទៅ​អយ្យការ​អម​សាលា​ដំបូង​​ខេត្ត​មណ្ឌលគិរី​រួច​អស់ហើយ​។ ហេតុនេះ​លោក​បង្វែរ​សំណួរ​ទៅ​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី​វិញ​៖ «អាហ្នឹង​សួរ​ទៅ​ខាង​អយ្យការ ព្រោះ​យើង​បញ្ជូន (​សំណុំរឿង​)​អស់ហើយ​។ ប្រសិន​ខាង​សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​គាត់​យល់ឃើញ​ម៉េច​? ឱ្យ​សួរ​ទៅ​ខាង​អយ្យការ»

អាស៊ីសេរី​ព្យាយាម​ទាក់ទង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត លោក មាស ប្រុស ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​ដែរ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក​នៅ​ថ្ងៃ​ដដែល​នេះ​។​

កាលពីដើម​ខែ​សីហា​កន្លង​ទៅ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​បាន​កោះហៅ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជនជាតិ​ចិន និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រមាណ ២០​នាក់​ទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អំឡុង​ចុងខែ​សីហា​នេះ។ មក​ទល់​ពេល​នេះ តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ២​នាក់ ឈ្មួញ​ឈើ ៣​នាក់ និង​ជនជាតិ​ចិន ៣​នាក់​ទៀត សរុប​ទាំងអស់ ៨​នាក់​។ លើស​ពី​នេះ ថ្មីៗ​នេះ តុលាការ​ខេត្ត​ក្រចេះ បានសម្រេច​ឃុំខ្លួន ឧកញ៉ា គង់ ក្រឹង និង​បក្ខពួក​ម្នាក់ទៀត​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ។

មន្ត្រី​ជាន់ខ្ពស់​សមាគម ​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា បើ​ទោះ​បី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​មូលដ្ឋាន បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន​រាប់មិនអស់ តាមរយៈ​ការ​ចុះ​ហត្ថលេខា​​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន បំប្លែង​ឈើ​ខុសច្បាប់​ឱ្យ​ទៅជា​ឈើ​ស្របច្បាប់​ក្តី ក៏​ពុំ​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បញ្ជា​ឱ្យ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​នោះ​ទេ​។ លោក​ថា រដ្ឋមន្ត្រី​រូប​​​​​នេះ គឺជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់​ចំពោះ​វិនាសកម្ម​ព្រៃឈើ​ធំ​សម្បើម​នេះ​។ លោក​អះអាង​ថា មុន​ពេល​គណៈកម្មការ​ជាតិ​ចុះ​អនុវត្ត​ច្បាប់ ក្រុមហ៊ុន​ទាំង ៦ នៅ​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ និង​កាប់​ឈើ​ក្រៅ​ក្រុមហ៊ុន ជាច្រើន​ឆ្នាំ​មក​ហើយ​៖ «វា​ពិតជា​មានការ​ពាក់ព័ន្ធ បើ​ពុំ​មាន​ការ​ពាក់ព័ន្ធ​ទេ បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ក៏​មិន​អាច​សម្រេច​បាន​ដែរ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​ក៏​មិន​អាច​លាក់លៀម​នូវ​សកម្មភាព​បណ្ដែតបណ្ដោយ​បានទេ ព្រោះ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមដាន​ជាប់​រហូត​ហើយ​រយៈ​ប៉ុន្មាន​ឆ្នាំ គឺ​មាន​ការផ្សាយ​ច្រើន​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ពាក់ព័ន្ធ​ឧកញ៉ា សឹង្ហ សំអុល និង​ឧកញ៉ា គង់ ក្រឹង។ អ៊ីចឹង​យើង​មិន​ជឿ​ថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក​មិន​ដឹង​ទេ»

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ហាញ​ថា ក្រុមហ៊ុន​ចំនួន ៦ ប្រឈម​ដក​អាជ្ញាប័ណ្ណ​រួមមាន ក្រុមហ៊ុន​ម៉ាស្ទ័រ​ខេសិន ក្រុមហ៊ុន​ចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុន​វិជ្ជរី ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និង​ក្រុមហ៊ុន​ណេងណា។

សកម្មជន​បរិស្ថាន​អះអាង​ថា វត្តមាន​ក្រុមហ៊ុន​ទាំងនេះ បណ្ដាល​ឱ្យ​ដែន​ជម្រក​សត្វ​ស្នួល មាន​ភូមិសាស្ត្រ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​ស្នូល​ខេត្ត​ក្រចេះ រហូត​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ រលាយ​ទាំងស្រុង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​បាត់បង់​ទំហំ​ព្រៃឈើ​ធំធេង​នេះ របប​ក្រុងភ្នំពេញ​មិន​បាន​ស៊ើបអង្កេត និង​ជំរុញ​ឱ្យ​ស្ថាប័ន​ណាមួយ​ទទួលខុសត្រូវ​នោះ​ទេ ហើយ​បាន​ប្រកាស​រំសាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។