តុលាការអាមេរិក លើកលែងការចោទប្រកាន់លោក គ្រី ម៉ះផល រឿងរត់ពន្ធស្វាក្ដាម

ដោយ មាន ឫទ្ធិ
2024.03.24
តុលាការអាមេរិក លើកលែងការចោទប្រកាន់លោក គ្រី ម៉ះផល រឿងរត់ពន្ធស្វាក្ដាម រដ្ឋលេខាធិការ​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សេន សុវណ្ណ [ឆ្វេង], អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស [កណ្តាល], និង​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល។
រូប៖ គណនី​ហ្វេសប៊ុក (Facebook) របស់​​លោក សេន សុវណ្ណ, លោក កែវ អូម៉ាលីស និង​លោក គ្រី ម៉ះផល

តុលាការ​អាមេរិក បាន​សម្រេច​លើកលែង​ការចោទប្រកាន់​លើ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ពី​បទ​សមគំនិត និង​រត់ពន្ធ​ស្វា​ក្ដាម។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​តុលាការ​សហព័ន្ធ​អាមេរិក​នៅ​ទីក្រុង​ម៉ៃអាមី (Miami) រដ្ឋ​ហ្លូរីដា (Florida) បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​របស់​លោក គ្រី ម៉ះផល នេះ​រយៈពេល ២សប្តាហ៍ ចាប់​ពី​ថ្ងៃទី១១ ដល់​ថ្ងៃ​ទី​២២ ខែ​មីនា​។

អង្គការ​ការពារ​សិទ្ធិ​សត្វ​ឈ្មោះ Peta ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ថា​សំណុំ​រឿង​នេះ ​បង្ហាញ​ឱ្យ​ឃើញ​ដ៏​កម្រ​ពី​អាជីវកម្ម​បែប​ពុករលួយ និង​ឃោរឃៅ​នៃ​ការ​នាំចូល​សត្វ​ស្វា​ទៅ​ក្នុង​សហរដ្ឋអាមេរិក។ អង្គការ​នេះ​ថា ភស្តុតាង​បង្ហាញ​ថា សត្វ​ស្វា​រាប់​មិន​អស់​ត្រូវ​បាន​គេ​ចាប់​ពី​ព្រៃ ហើយ​ត្រូវ​គេ​បន្លំ​ថា​ជា​ស្វា​ចិញ្ចឹម​ដើម្បី​អាច​នាំ​ចេញ​បាន។ អង្គការ​នេះ ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បិទ​ឧស្សាហកម្ម​នាំចូល​សត្វ​ស្វា​ទាំង​ស្រុង​ចាប់​ពី​ពេល​ឥឡូវ​នេះ​តទៅ។

លោក គ្រី ម៉ះផល វ័យ​៤៦​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy International Airport) ក្នុង​រដ្ឋ​ញូវយ៉ក (New York) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០២២ ក្នុង​ពេល​ដែល​លោក​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុតពូជ (សាយតេស-CITES) នៅ​ប្រទេស​ប៉ាណាម៉ា (Panama)។ កាលនោះ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក បាន​ចោទ​ប្រកាន់​លោក និង​ចៅហ្វាយ​នាយ​របស់​លោក ដែល​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ គឺ​លោក កែវ អូម៉ាលីស ព្រម​ទាំង​មនុស្ស​៦នាក់​ផ្សេង​ទៀត ពី​បទ​សមគំនិត​ និង​រត់ពន្ធ​ស្វា​ក្ដាម​ទៅ​សហរដ្ឋអាមេរិក។ ការ​សម្រេច​ក្តី​នេះ ធ្វើ​ឡើង​តែ​ចំពោះ​សំណុំ​រឿង​ប្រឆាំង​នឹង​លោក គ្រី ម៉ះផល ម្នាក់​ប៉ុណ្ណោះ ខណៈ​តុលាការ​អាមេរិក​នៅ​មិន​ទាន់​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​ចោទប្រកាន់​លើ​បុគ្គល​ដទៃ​ទៀត​នៅឡើយ​ទេ។

ករណី​ជួញ​ដូរ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ ក៏​ត្រូវ​បាន​គេ​សង្ស័យ​ដែរ​ថា មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នេះ ប្អូន​ស្រី​បង្កើត​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន សេងនី ក៏​​ជា​ម្ចាស់​​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ស្វា​កន្ទុយ​វែង​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។