ពលរដ្ឋបារម្ភពីភាពហិនហោចធម្មជាតិខណៈវៀតណាមចង់ឲ្យមានការបើកច្រកព្រំដែន

ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជាវៀតណាម ខែត្ររតនគិរីបារម្ភអំពីការបាត់បង់ធនធានធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋប្រសិនបើកម្ពុជា និងវៀតណាមបើកច្រកព្រំដែននៅក្នុងតំបន់ដែលសំបូរដោយព្រៃឈើ និងធនធានរ៉ែផ្សេងទៀតនោះ។
ជនជាតិដើមភាគតិចចារ៉ាយ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខែត្ររតនគិរី ឲ្យដឹងថា ភាគីវៀតណាមមានមហិច្ឆតាចង់ឲ្យកម្ពុជាបើកច្រកព្រំដែនចំនួន ៣កន្លែងទៀត ដែលឋិតនៅចំណុចបង្គោលព្រំដែនលេខ ០៤/០២ លេខ ១០ និង១៣ ដើម្បីងាយស្រួលដល់ប្រជាជនវៀតណាមចូលមកក្នុងទឹកដីកម្ពុជាធ្វើអាជីវកម្មឈើខុសច្បាប់។
ជនជាតិដើមភាគតិចរស់នៅជិតព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកអណ្តូងមាស លោក សល់ ហ្នើយ បារម្ភថា ប្រសិនបើអាជ្ញាធរខ្មែរយល់ព្រមឲ្យវៀតណាម បើកច្រកព្រំដែននៅចំណុចបង្គោលព្រំដែនទាំងនេះមែន វានឹងបង្កលក្ខណៈងាយស្រួល ឲ្យប្រជាជនវៀតណាមចូលមកកាប់ឈើ និងដឹកជញ្ជូនឈើ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច។
លោកថា ច្រកព្រំដែនដែលវៀតណាមបិទកាលពីពេលថ្មីៗនេះ ចំនួន ៤ទីតាំងផ្សេងគ្នា ឋិតនៅចំណុចបង្គោលព្រំដែនលេខ ១៧. ១៨. ១៩ និង ១៩/៥ ក៏ជាច្រកដែល ពលរដ្ឋខ្មែរមួយចំនួនធ្វើដំណើរ និងដឹកកសិផលដែរ។ «»
កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ស្នងការខែត្ររតនគិរី លោក ងួន គឿន បានផ្ញើរបាយការណ៍ទៅស្នងការនគរបាលជាតិ ស្ដីពីការបិទផ្លូវធ្វើដំណើរចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែនខែត្រកន្ទួម របស់វៀតណាម និងប៉ុស្តិ៍ការពារព្រំដែនខែត្ររតនគិរី។ របាយការណ៍នោះបញ្ជាក់ថា ជាលើកទី ២ហើយ ដែលកងទ័ពការពារព្រំដែនខែត្រកន្ទួម របស់វៀតណាម បិទផ្លូវធ្វើចេញចូលព្រំដែនប្រទេសទាំងពីរ ខណៈដែលលើកទី១ វៀតណាមបានជីកប្រឡាយ ផ្ដាច់ផ្លូវត្រង់ចំណុចបង្គោលព្រំដែនលេខ ០៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧។ ការបិទផ្លូវចេញចូលទាំង៤កន្លែងនេះ បានធ្វើឲ្យរាំងខ្ទប់ការចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន របស់កម្ពុជាលេខ ៥០៥ និងប៉ុស្តិ៍ការពារព្រំដែនលេខ ៧០៣ របស់វៀតណាម។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង ស្នងការខែត្ររតនគិរី លោក ងួន គឿន ដើម្បីសុំការបំភ្លឺបន្ថែមបញ្ហានេះបានទេ នៅថ្ងៃទី៨ មករា។
មន្ត្រីសម្របសម្រួលស្ដីទីសមាគមអាដហុក (Adhoc) ខែត្ររតនគិរី លោក ឌិន ខន្នី យល់ថា គោលបំណងរបស់វៀតណាមបិទច្រកនេះ ទំនងដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរខែត្ររតនគិរីឯកភាពសំណើរបស់ខ្លួន ដែលចង់បើកច្រកព្រំដែនសំបូរដោយធនធានធម្មជាតិ ឬព្រៃឈើ។ លោកថា ប្រសិនបើអាជ្ញាធរខែត្ររតនគិរី បើកច្រកតាមសំណើរបស់វៀតណាមមែន នឹងផ្ដល់ភាពងាយស្រួលឲ្យប្រជាជនវៀតណាម ចូលកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។ «»
លោក ឌិន ខន្នី បន្ថែមថា ច្រកព្រំដែនដែលវៀតណាមស្នើសុំកម្ពុជា ឲ្យបើកជាផ្លូវការនោះ ពុំផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាទេ ផ្ទុយទៅវិញនឹងនាំឲ្យកម្ពុជាខាត់ប្រយោជន៍ធ្ងន់ធ្ងរ រួមមានការបាត់បង់ធនធានធម្មជាតិ ជីវភាពរស់នៅរបស់ពលរដ្ឋ និងការកើនឡើងបទល្មើសព្រៃឈើ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរខែត្ររតនគិរី និងអាជ្ញាធរខែត្រកន្ទួម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន ៤ ក៏ប៉ុន្តែអាជ្ញាធរខែត្រជាប់ព្រំដែន ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាតែ ១ចំណុច គឺត្រង់ចំណុចបង្គោលលេខ ១៩។ រីឯនៅសេសសល់ ៣ទីតាំងទៀតអាជ្ញាធរខែត្ររតនគិរី បានបដិសេធដោយលើកហេតុផលថា តំបន់នោះឋិតនៅក្នុងព្រៃជ្រៅ ពុំមានពលរដ្ឋខ្មែររស់នៅ និងឆ្លងកាត់៕