ពលរដ្ឋ​ស្រុក​រុក្ខគិរី​ជាង​១០០​នាក់​តវ៉ា​សុំ​ដក​តំណែង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ

ដោយ ហ៊ុំ ចំរើន
2015-11-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលា​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង សុំ​ដក​តំណែង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ការ​នៅ​ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលា​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង សុំ​ដក​តំណែង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ការ​នៅ​ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ប្រមាណ​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ស្រុក សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ដក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​នៅ​ឃុំ​ព្រៃស្វាយ ចេញ​ពី​តំណែង ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បំពេញ​ភារកិច្ច​ប្រកាន់​បក្ខពួក​និយម។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក ពុំ​ទាន់​សម្រេច​ទៅ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ។

ក្រុម​អ្នក​តវ៉ា​នៅ​ស្រុក​រុក្ខគិរី លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ស្រុក​មិន​ជួយ​អន្តរាគមន៍​ដក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ នៅ​ឃុំ​ព្រៃស្វាយ ចេញ​ពី​តំណែង​ទេ នោះ​ពួក​គេ​នឹង​រស់នៅ​គ្មាន​សេចក្ដី​សុខ​ឡើយ ពីព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រូប​នោះ តែង​ធ្វើ​ការ​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ជ្រុន ពុធ រស់នៅ​ឃុំ​ស្តុកប្រវឹក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ថ្លែង​ឆ្ការ​ដៃ​ឆ្ការ​ជើង​នៅ​ខាង​មុខ​សាលា​ស្រុក​ថា នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ការ​នៅ​ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ឈ្មោះ​លោក យូរ បញ្ញាវឌ្ឍន អនុវត្ត​ការងារ​ប្រកាន់​បក្ខពួក​និយម គឺ​ការ​បំពេញ​ភារកិច្ច​កន្លង​ទៅ លោក​តែង​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កាប់​រាន​ព្រៃ​ឈើ​បន្តិចបន្តួច​ដើម្បី​យក​ដី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ចំណែក​ឯ​មន្ត្រី​មាន​អំណាច មាន​ប៉ូលិស ទាហាន និង​បក្ខពួក​របស់​ខ្លួន​នៅ​ស្រុក​រុក្ខគិរី បណ្ដោយ​ឲ្យ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​សេរី៖ «មាន​ភូមិ មេ​ឃុំ និង​ទាហាន​សឹក​រង​ស្រុក​រុក្ខគិរី សង់​ផ្ទះ​នៅ​លើ​ដី​សហគមន៍ គ្មាន​មន្ត្រី​ណា​រុះរើ​ចេញ​ទេ តែ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ផ្ទះ​តូចតាច​គ្រាន់​ស្នាក់​អាស្រ័យ បែរ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ទៅ​រុះរើ​ចេញ​អស់​គ្មាន​សល់»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ ឃុំ​ព្រៃស្វាយ គឺ​លោក យូរ បញ្ញាវឌ្ឍន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា។

រីឯ​អភិបាល​រង​ស្រុក​រុក្ខគិរី អ្នកស្រី សេង ឌី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​អ្នកស្រី​ពុំ​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​បាន​ភ្លាមៗ​នោះ​ទេ។ ទោះ​យ៉ាង​នេះ អ្នកស្រី​អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​សំណើ​របស់​ប្រជាពលរដ្ឋ​រួច​រាល់​ហើយ ហើយ​ថា​នឹង​នាំ​រឿង​នេះ​ដាក់​ជូន​ទៅ​លោក​អភិបាល​ស្រុក​ដោះស្រាយ​បន្ត៖ «លោក​អភិបាល​ស្រុក​គាត់​មិន​នៅ​ទេ តែ​គាត់​ផ្ដាំ​ផ្ញើ​ខ្ញុំ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​គាត់​ចុះ​មក​មើល​ព្រៃ​សហគមន៍​ថ្ងៃ​នេះ ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​មាន​សំណើ​អ្វី ឲ្យ​ពួក​គាត់​ជួយ​ជជែក​គ្នា​ជាមួយ​មន្ត្រី​សហគមន៍​តែ​ម្ដង​ទៅ ហើយ​បើ​ប្រជាពលរដ្ឋ​មាន​សំណូមពរ​អ្វី សុំ​ឲ្យ​ខ្ញុំ​ទទួល​យក​ទុក​ឲ្យ​គាត់​សិន»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ស្នើ​ដក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​ការ​គ្រប់គ្រង​ព្រៃ​ឈើ​សហគមន៍​នោះ ហើយ​ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​ព្រៃ​អស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «អ៊ីចឹង​ដើម្បី​ឲ្យ​បញ្ហា​នេះ​ដោះស្រាយ​នេះ​បាន​ល្អ អាជ្ញាធរ​ខេត្ត​បាត់ដំបង ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ ដោយ​មាន​គណៈកម្មការ​រួម​ធ្វើ​ការ​ដោះស្រាយ និង​ពន្លឿន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស»

ព្រៃ​ឈើ​សហគមន៍​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី មាន​ផ្ទៃដី ១.៣៣២​ហិកតារ។ ប្រជាពលរដ្ឋ​អះអាង​ថា ក្នុង​ចំណោម​ផ្ទៃ​ដី​នោះ មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​រុក្ខគិរី បាន​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​អស់​ប្រមាណ ៥០០​ហិកតារ។ កន្លង​ទៅ អ្នក​ភូមិ​ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង បែង​ចែក​ដី​នៅ​សេសសល់​មួយ​ចំនួន​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ យក​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ ប្រជាពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​ទៅ​វិញ បន្ទាប់​ពី​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ស្រុក​រុក្ខគិរី ប្រមាណ ៦​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល