ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ស្រុក​ចិត្របុរី​ខែត្រ​ក្រចេះ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់

ដោយ ម៉ែន សុធីរ
2017-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ភូមិ​ព្រែកកូវ ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ដង​ទឹក​ទៅ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided
ពលរដ្ឋ​ភូមិ​ព្រែកកូវ ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ដង​ទឹក​ទៅ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ពលរដ្ឋ​រស់នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ក្រោយ​ពី​ប្រភព​ទឹក​សំខាន់ៗ​នៅ​មូលដ្ឋាន​ដែល​ពលរដ្ឋ​ធ្លាប់​ប្រើប្រាស់ បាន​ហួតហែង​ជា​បណ្ដើរៗ។ រីឯ​ទឹក​អណ្ដូង​មាន​តិច​ប្រើប្រាស់​ពុំ​គ្រប់គ្រាន់ និង​ឋិត​នៅ​ឆ្ងាយ​ពី​លំនៅឋាន​អ្នក​ភូមិ។

ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​នៃ​ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ កំពុង​មាន​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ អ្នក​ភូមិ​ខ្លះ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​ដង​ពី​បាត​ស្រះ​ដែល​ល្អក់ ព្រោះ​តែ​ពុំ​មាន​ជម្រើស។ ពលរដ្ឋ​ខ្លះ​ទៀត​ដើរ​ទៅ​ដង​ទឹក​ប្រើប្រាស់​នៅ​ឆ្ងាយ​ពី​ផ្ទះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកកូវ ឃុំ​បុសលាវ លោកស្រី រ៉ន ស្រីម៉ាច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មីនា ថា តំបន់​នេះ​ស្ទើរ​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​រដូវ​ប្រាំង អ្នក​ភូមិ​ភាគច្រើន​ជួប​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់ បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ជិត ២​គីឡូម៉ែត្រ​រៀង​រាល់​ថ្ងៃ ដើម្បី​ដង​ទឹក​នៅ​ស្រះ ហើយ​ទឹក​ស្រះ​ដែល​ពួក​គាត់​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ ក៏​កំពុង​រីង​បណ្ដើរៗ​ដែរ។

លោកស្រី​បារម្ភ​ថា ស្ថានភាព​ទឹក​អ្នក​ភូមិ​ប្រើប្រាស់​បច្ចុប្បន្ន​ល្អក់​ខ្លាំង អាច​ប៉ះពាល់​សុខភាព ខណៈ​អ្នក​ភូមិ​ពុំ​សូវ​ប្រើប្រាស់​ធុង​ចម្រោះ និង​ដាំ​ទឹក​មុន​ពេល​ប្រើប្រាស់​នោះ​ទេ៖ «អណ្ដូង​ក៏​ឆ្ងាយ ទឹក​ក៏​អត់​ល្អ​ផឹក ម្យ៉ាង​ហូប​ទៅ​មាន​ជំងឺ​រាករូស មាន​ជំងឺ​សព្វ​មុខ សូម្បី​រមាស់​ខ្លួន​ក៏​មុជ​អត់​បាន​ដែរ។ បើ​ចឹង​ហើយ​សុំ​ស្នើ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សុំ​ឲ្យ​លោក​ជួយ​ប្រជាជន​យើង​ខ្ញុំ​ដែល​អត់​អណ្ដូង​ប្រើ»

ឃុំ​បុសលាវ ស្រុក​ចិត្របុរី មាន​ពលរដ្ឋ​រស់នៅ​ជាង ១.៨០០​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជាង ៩​ពាន់​នាក់។ កាល​ពី​ឆ្នាំ​២០១៦ ឃុំ​នេះ​មាន​ពលរដ្ឋ​ច្រើន​គ្រួសារ​ធ្លាប់​ជួប​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​រាំង​ស្ងួត។

មេ​ឃុំ​បុសលាវ លោក ណៃ ធី ទទួល​ស្គាល់​ថា អ្នក​ភូមិ​ប្រមាណ ២០​គ្រួសារ​ពិត​ជា​ខ្វះខាត​ទឹក​ប្រើប្រាស់ តែ​ករណី​នេះ​ពុំ​ទាន់​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ​គ្រោង​កសាង​អណ្ដូងទឹក​ចំនួន​ពីរ​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ។ លើស​ពី​នេះ នៅ​តំបន់​នោះ​ក៏​មាន​ស្ថានីយ​សម្រាប់​លក់​ទឹក​ជូន​ពលរដ្ឋ​ដែរ មាន​តម្លៃ ១.៥០០​រៀល​ក្នុង​មួយ​ធុង​ធំ៖ «ឥឡូវ​យើង​កំពុង​រក​ទីតាំង​ខួង​អណ្ដូង​ឲ្យ​គាត់​ថែម​ទៀត តែ​យើង​មាន​ពីរ​ហើយ តែ​ខាង​តាយ៉ាំ ថា​ចង់​ឲ្យ​អណ្ដូង​មួយ​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​រក​មធ្យោបាយ​ផ្គត់ផ្គង់​ទឹក​ដល់​សហគមន៍​រង​ផល​ប៉ះពាល់​រៀង​រាល់​ឆ្នាំ ដោយ​ត្រូវ​បញ្ចូល​ជា​អាទិភាព​ក្នុង​កម្មវិធី​វិនិយោគ​របស់​ឃុំ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​មតិ​ថា បើ​ពលរដ្ឋ​បារម្ភ​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ដែល​ជា​កត្តា​ប្រឈម និង​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ ពលរដ្ឋ​អាច​ស្នើ​ទៅ​អាជ្ញាធរ​ឃុំ ដើម្បី​ឲ្យ​ឃុំ​លើក​ជា​សំណើ​ទៅ​ថ្នាក់​ជាតិ និង​យក​ថវិកា​អភិវឌ្ឍន៍​ឃុំ​ប្រចាំ​ឆ្នាំ​ដែល​មាន​កំណត់​ក្នុង​ផែនការ​វិនិយោគ យក​ទៅ​អភិវឌ្ឍ​ដោយ​ជីក​អណ្ដូងទឹក ឬ​ស្ដារ​ស្រះ​ទឹក​ដែល​មាន​ស្រាប់​ឡើង​វិញ៖ «បញ្ហា​នេះ​វា​បាន​កើត​ឡើង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ ជា​យោបល់​ខ្ញុំ ប្រជាពលរដ្ឋ​ត្រូវ​តែ​នៅ​ពេល​ដែល​ឃុំ​លើក​ផែនការ ឬ​មួយ​ក៏​ពេល​រៀបចំ​ផែនការ​អភិវឌ្ឍន៍​មូលដ្ឋាន ពលរដ្ឋ​ត្រូវ​លើក​ឡើង​ថា ពលរដ្ឋ​ត្រូវការ​អណ្ដូងទឹក​ត្រូវការ​អី​ហ្នឹង។ ត្រូវ​ស្នើសុំ និង​ត្រូវ​ជំរុញ​ដាក់​បញ្ចូល​បញ្ហា​នេះ​ជា​អាទិភាព​ទៅ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជា​យូរ​មក​ហើយ»

កាល​ពី​ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​អាសន្ន​ពី​កម្ដៅ​ផែនដី ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត និង​បាន​ដាក់​ចេញ​នូវ​កម្មវិធី​រក្សា​ទឹក​ទុក ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​បំផុស​ឲ្យ​ពលរដ្ឋ​ជីក​ស្រះ ឬ​ស្ដារ​ស្រះ​ទឹក​ដែល​មាន​ស្រាប់ ដើម្បី​ផ្គត់ផ្គង់​ទឹក​នៅ​រដូវ​ក្តៅ​រយៈពេល​វែង​ខុស​ធម្មតា ដោយសារ​បម្រែបម្រួល​អាកាសធាតុ ក្នុង​ទិសដៅ​ត្រៀម​លក្ខណៈ​ផ្គត់ផ្គង់​ទឹក​ពេល​មាន​គ្រោះ​រាំង​ស្ងួត​កើត​មាន ក៏ប៉ុន្តែ​ចលនា​នោះ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ពុំ​សូវ​ទទួល​បាន​លទ្ធផល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល