ពលរដ្ឋ​រស់នៅ​ជនបទ​នា​ខេត្ត​តាកែវ​និង​ខេត្ត​កំពង់ស្ពឺ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ដោយ អ៊ុក សាវបូរី
2015.08.20
ស្រះ​ទឹក​កំពង់ស្ពឺ ៦២០ ស្រះ​ទឹក​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥
RFA/Sireymuny

អាកាស​ធាតុ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ខែ បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​កសិកម្ម​របស់​កសិករ​ច្រើន​ឃុំ​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ បញ្ហា​រាំង​ស្ងួត​នេះ ធ្វើ​ឲ្យ​ប្រជា​កសិករ​ទាំង​ពីរ​ខេត្ត​នេះ ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ស្បៀង​នៅ​ពេល​ខាង​មុខ។

អ្នក​រស់នៅ​ក្នុង​ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញត្អែរ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តំបន់​របស់​ពួក​គាត់​រស់នៅ​កាន់​តែ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់ និង​ទឹក​ធ្វើ​ស្រែ។ លោកស្រី នាង ចាន់ថា រស់នៅ​ភូមិ​ត្បែងទទឹង ឃុំ​តាភេម ស្រុក​ត្រាំកក់ ត្អូញ​បន្ត​ថា ក្នុង​រយៈពេល ២​ថ្ងៃ គាត់​ទិញ​ទឹក​តម្លៃ ១​ម៉ឺន ២​ពាន់​រៀល ចំណុះ ១​ពាន់​លីត្រ​សម្រាប់​ទទួល​ទាន​ផង និង​ឲ្យ​សត្វ​ពាហនៈ​ផឹក​ផង។ លោកស្រី​ថា ពន្លឺ​ថ្ងៃ​ចាំង​មក​លើ​ដី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ក្តៅ ធ្វើ​ឲ្យ​ទឹក​មាន​តិចតួច​នៅ​ក្នុង​ស្រះ និង​អណ្ដូង​ទឹក​ប្រែ​ជា​ស្ងួត​លឿន ហើយ​រីង​ខះ។ លោកស្រី​ថា ទឹក​រីង​ប្រែ​ពណ៌​ក្រហម​ដូច​ពណ៌​ស្នឹម ឬ​ហៅ​ថា​ច្រែះ មិន​អាច​ប្រើ​បាន ទើប​អ្នក​ស្រុក​នាំ​គ្នា​ទិញ​ទឹក​ដែល​គេ​ដឹក​មក​ពី​តំបន់​ឆ្ងាយ ដឹក​តាម​រថយន្ត​កែច្នៃ​ហៅ​ថា​គោ​យន្ត មក​លក់​ដល់​ភូមិ។

លោកស្រី​ថា រាល់​ឆ្នាំ​ឲ្យ​តែ​ខែ​សីហា នេះ ទឹក​មិន​ខ្វះ​ប្រើ​ទេ ប៉ុន្តែ​ឆ្នាំ​នេះ ខែ​សីហា បែរ​ជា​គាត់​ទិញ​ទឹក​សម្រាប់​ប្រើប្រាស់​ទាំង​មនុស្ស និង​សត្វ​ទៅ​វិញ៖ «ភូមិ​ខ្ញុំ​ទិញ​ទឹក។ ផ្ទះ​ខ្ញុំ ១​ថ្ងៃ​អស់​ទឹក អត់​ដល់​មួយ​រទេះ​ទេ។ មួយ​រទេះ គឺ ១​ពាន់​លីត្រ វា​ប្រើ​សព្វគ្រប់ ទឹក​គោ ទឹក​ជ្រូក ទឹក​មនុស្ស​ប្រើ​អី វា​អស់​ជាង​ពាក់​កណ្ដាល​ក្នុង ១​ពាន់​លីត្រ​ហ្នឹង ព្រោះ​អី​អង្គការ​ឲ្យ​អណ្ដូង​ប៉ុន្មាន​កន្លែង​ដែរ ប៉ុន្តែ​បុក​ដូច​ថា វា​អត់​ចំ​កន្លែង​ចេញ​យ៉ាង​ម៉េច​ទេ ហើយ​អត់​ទឹក​តែ​ហ្មង។ ឥឡូវ​រាំង​ស្ងួត សំណាប​អី​សាប​ហើយ​ងាប់​អស់​ហើយ តែ​ក្តៅ ២​ថ្ងៃ​ទៀត ប្រហែល​ជា​ផុត​ហើយ សំណាប​ហ្នឹង​លែង​អាច​កែ​បាន​ហើយ។ ឆ្នាំ​ទៅ​មិញ​រាំង​ដែរ​ហ្នឹង ប៉ុន្តែ​រាំង​ហើយ​នៅ​ចុង​ឆ្នាំ​មក​វា​មាន​ភ្លៀង​ខ្លាំង បាន​ស្រូវ​ខ្លះ បើ​ឆ្នាំ​នេះ​បែប​អត់​ទេ​តាម​មើល ដូច​ចង់​ជ្រុល​ពេល​ធ្វើ​ស្រែ​ហើយ»

ចំណែក លោក យ៉ែម ចាន់ថារស្មី នៅ​ភូមិ​មហាសេនា ឃុំ​តាភេម ដែរ​ឲ្យ​ដឹង​ថា ស្រះ​បុរាណ​នៅ​ក្នុង​ភូមិ​នោះ​មាន​ទឹក​តិចតួច ត្រូវ​អ្នក​ស្រុក​សម្រុក​ដង​ទឹក​នោះ​ប្រើ​ផង និង​បូម​ដាក់​ស្រូវ​ពង្រោះ​តាំង​ពី​ខែ​មិថុនា មក ប៉ុន្តែ​មក​ដល់​ខែ​សីហា នេះ ទឹក​ក្នុង​ស្រះ​មិន​អាច​បង្គ្រប់​ការ​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​បាន​ទេ។ លោក​ថា អ្នក​ស្រុក​ខ្លះ​ទិញ​ទឹក​ស្អាត​ប្រើ ឯ​អ្នក​ខ្លះ​មក​រង់ចាំ​ដង​ទឹក​អណ្ដូង ដែល​គាត់​ជីក​នៅ​មុខ​ផ្ទះ។ បច្ចុប្បន្ន ទឹក​អណ្ដូង​ក៏​រីង​ខ្លាំង អ្នក​ដង​ទឹក​ត្រូវ​រង់ចាំ ១​ម៉ោង​ទើប​អាច​សម្រេង​ទឹក​បាន ១​អម្រែក​យក​ទៅ​ប្រើ។ លោក​អះអាង​ថា ២​ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​ឃុំ​នោះ ខ្វះ​ទឹក​ប្រើប្រាស់​សម្រាប់​មនុស្ស និង​សត្វ។ សូម្បី​តែ​ស្មៅ​គោ​តាម​ភ្លឺ​ក៏​មិន​ដុះ ព្រោះ​គ្មាន​ទឹក ដោយសារ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ខែ​ពេក៖ «ទឹក​ស្រែ​អត់​មាន​ទេ ស្ងួត​រាំង​ដី​ស្រែ​ភ្ជួរ​មិន​មុត ឆ្នាំ​នេះ​ចប់​តែ​ម្តង ព្រោះ​អី​ដី​ស្ងួត​ទាំងអស់។ អា​ស្រូវ​ខ្ញុំ​ព្រោះ​ហើយ បែក​គុម្ព​ប៉ិនៗ​មេ​ជើង​អស់​ទី​ហើយ ដល់​ហើយ​ស្វិត​ទៀត​ឥឡូវ​ហ្នឹង វា​អត់​ទឹក​បូម។ បើ​បូម​ទឹក​ខ្លាច​អត់​ទឹក​ឲ្យ​គេ​ហូប។ បើ​ទឹក​ហូប ១​ថ្ងៃ​បាន​តែ​មួយ​អម្រែក កម្សត់​ខ្លាំង​ណាស់។ បើ​និយាយ​ពី​អណ្ដូង​នៅ​មុខ​ផ្ទះ បារម្ភ​ខ្លាច​អត់​មាន​ទឹក​ប្រើ មក​ពី​វា​អត់​ទឹក។ ឥឡូវ​ទឹក​ឡូ​មុខ​ផ្ទះ បូម​ឯណា បើ​វា​រីង​អស់​ហើយ»

ដូច​គ្នា​ដែរ កសិករ​នៅ​ឃុំ​តាំងក្រូច ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោក ស៊ន សឿន អះអាង​ថា ឃុំ​នោះ​ខ្វះ​ទឹក​ប្រើប្រាស់​ចាប់​ពី​ខែ​ច្រូត​ក្នុង​ឆ្នាំ​២០១៤ មក​ម្ល៉េះ។ អ្នក​ភូមិ​បាន​ទិញ​ទឹក​ស្អាត​ផឹក​ជិត ១​ឆ្នាំ​ហើយ។ ក្នុង​ឃុំ​នេះ​មាន​ច្រើន​ភូមិ ដែល​បាន​ទិញ​ទឹក​ប្រើ ព្រោះ​នៅ​ឆ្ងាយ​ពី​ប្រឡាយ​ទឹក៖ «ភ្លៀង​ប្រាវ​មក​ទឹក​មាន​នៅ​ក្នុង​ស្រែ។ តែ​បើ​រាំង ២​ថ្ងៃ គឺ​ក្តៅ​ដី​ហុយ​សំពោង។ រាំង គឺ​ស្ងួត​តែ​ម្តង ដោយសារ​តែ​កម្ដៅ​វា​ខ្ពស់​ពេក ហើយ​និង​ខ្យល់​ក៏​វា​ខ្លាំង ព្រោះ​នៅ​ខាង​ហ្នឹង​វា​អត់​មាន​ប្រភព​ទឹក​ទេ ទិញ​ទឹក​អូរគគីរ។ ការ​ទិញ​ទឹក​ហូប​ហ្នឹង វា​មាន​ភូមិ​អង្គកាតម៉ៅ ២ ភូមិ​ចំប៉ី ៣ ភូមិ​ទឹកល្អក់ ៤ ភូមិ​ចម្ការស្លែង ៥ ភូមិ​ស្ដៅពេន ៦ ភូមិ​ថ្មីឧត្តម ៧ ភូមិ​ពាម ៨ ភូមិ​គ្រឹះធំ ៩ ភូមិ​ចុងថ្នល់ ១០ ភូមិ​ទួលសុភី ១១ ភូមិ​ក្រាំងម្កាក់ ១២ ភូមិ​ពង្រ»

ពាក់ព័ន្ធ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​ធ្វើ​កសិកម្ម​នេះ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពន្យល់​ថា ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ ជា​តំបន់​ដែល​បាំង​ដោយ​ជួរ​ភ្នំ​ក្រវាញ ធ្វើ​ឲ្យ​ខ្យល់​មូសុង​បក់​ពី​ទិស​និរតី ទោះ​បី​ខ្យល់​នោះ​បក់​មក​ខ្លាំង​ក្តី​ខ្សោយ​ក្តី វា​ប៉ះ​ភ្នំ​ក្រវាញ នាំ​ឲ្យ​ខ្យល់​ប៉ោង​ឡើង នាំ​ទឹក​ភ្លៀង​ធ្លាក់​ហួស​មក​ខេត្ត​កណ្ដាល ឬ​ទៅ​ខេត្ត​កំពត ខេត្ត​កែប គឺ​វា​មិន​អាច​ឲ្យ​តំបន់​ហ្វឺន​នោះ​សម្បូរ​ទឹក​ច្រើន​ទេ ទើប​ក្រសួង​ធនធាន​ទឹក បាន​សង់​ទំនប់​ទឹក​ខ្ពប​ត្របែក ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ទំនប់​ទឹក​តាសាល ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ស្តុក​ទឹក​ភ្លៀង​ឲ្យ​កសិករ​មាន​ទឹក​ប្រើប្រាស់ និង​ទឹក​សម្រាប់​ធ្វើ​កសិកម្ម៖ «ហ្វឺន​មាន​ន័យ​ថា តំបន់​ដែល​មូសុង​និរតី​បក់​ចំ​ពី​និរតី​មក គឺ​វា​ប៉ះ​នឹង​ជួរ​ភ្នំ​ក្រវាញ ហើយ​ធ្វើ​ឲ្យ​ខ្យល់​ប៉ោង​ឡើង​ទម្រាំ​វា​ធ្លាក់​មក​វិញ គឺ​ធ្លាក់​រំលង​តំបន់​ហ្នឹង ហើយ​កន្លែង​ហ្នឹង​គេ​ហៅ​ថា​ជា​តំបន់​ហ្វឺន។ លុះត្រា​តែ​មូសុង​វា​ងាក​បញ្ឆិត​មក​រក​ទិស​ខាង​កើត​បន្តិច ទើប​បាន​នេះ​ទទួល​របប​ទឹក​ភ្លៀង​គ្រប់គ្រាន់ ហើយ​មិន​មែន​សម្រាប់​តែ​ឆ្នាំ​នេះ​ទេ គឺ​ជា​រៀង​រាល់​ឆ្នាំ​ដែល​តែង​តែ​ជួប​បាតុភូត​បែប​នេះ ដោយសារ​យើង ដូច​ដឹង​ស្រា​បើ​ហើយ​មូសុង​វស្សា​របស់​យើង គឺ​ខ្យល់​និរតី ហើយ​តំបន់​នេះ គឺ​បាំង​នឹង​ជួរ​ភ្នំ​ក្រវាញ»

លោក ចាន់ យុត្ថា ឲ្យ​ដឹង​ទៀត​ថា កសិករ​អាច​មាន​ទឹក​ធ្វើ​ស្រែ​គ្រប់គ្រាន់​នៅ​តំបន់​ហ្វឺន​នោះ ចាប់​ពី​ចុង​ខែ​សីហា នេះ​ទៅ។ លោក​ថា កង្វះ​ទឹក​បច្ចុប្បន្ន មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​បង្កបង្កើនផល​ទូទាំង​ប្រទេស​កម្ពុជា ទេ ព្រោះ​ក្នុង​ចំណោម​ដី​កសិកម្ម​ជាង ២​លាន ៤​សែន​ហិកតារ បាន​ដាំ​ដុះ ៧០% ទៅ ៨០% ហើយ៖ «គឺ​ថា​តំបន់​នេះ​ជា​តំបន់​ហ្វឺន ហើយ​កន្លង​មក​យើង​ទទួល​ខ្យល់​មូសុង​និរតី​ចំ ប៉ុន្តែ​ឥឡូវ​នេះ​ខ្យល់​ងាក​មក​ទិស​ខាង​កើត​បន្តិច អ៊ីចឹង​ក្នុង​រង្វង់​អាច​ពី​ជិត​ចុង​ខែ​៨ នេះ គឺ​តំបន់​នោះ​អាច​នឹង​ទទួល​របប​ទឹក​ភ្លៀង​ដូចជា​តំបន់​ដទៃ​ទៀត។ ហើយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​នោះ អាង​ទឹក​ខ្ពប​ត្របែក​របស់​យើង​ក៏​មាន​ទឹក​សម្រាប់​ជួយ​ត្រៀម​អន្តរាគមន៍ នៅ​ពេល​ដែល​មាន​បញ្ហា​ខ្វះខាត​ទឹក»

ទោះ​ជា​មាន​ការ​ពន្យល់​ពី​មន្ត្រី​ធនធាន​ទឹក​យ៉ាង​នេះ​ក្តី កសិករ​នៅ​ក្នុង​ស្រុក​ត្រាំកក់ ឲ្យ​ដឹង​ថា ស្រូវ​ពង្រោះ​ដែល​គាត់​ព្រោះ​គ្រាប់​ពូជ​ជា​លើក​ទី​២ នៅ​តែ​ក្រៀម​ងាប់ ហាក់​ដូច​ស្រទាប់​ទឹក​នៅ​ក្រោម​ដី​ស្រក​ចុះ​ជ្រៅ​ជាង​សព្វ​មួយ​ដង ទំនង​មក​ពី​ការ​ជីក​រ៉ែ​ជ្រៅៗ​តាម​ខេត្ត​ដែល​នៅ​ជាប់​ខេត្ត​តាកែវ នោះ ធ្វើ​ឲ្យ​ទឹក​ក្រោម​ដី​ហូរ​ទៅ​កន្លែង​ជ្រៅ។

ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ទឹក​ភ្លៀង​ធ្លាក់​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។