ពលរដ្ឋ​ជាប់​ព្រំដែន​ថៃ​រាប់​រយ​គ្រួសារ​ក្នុង​ស្រុក​អូរជ្រៅ​ខ្វះ​ទឹក​ប្រើប្រាស់

ដោយ មាន ឫទ្ធិ
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​បង្ហាញ​ស្រះ​ដែល​គ្មាន​ទឹក​នៅ​ក្បែរ​សាលា​បឋម​សិក្សា​ភូមិ​រុនថ្មី ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​បង្ហាញ​ស្រះ​ដែល​គ្មាន​ទឹក​នៅ​ក្បែរ​សាលា​បឋម​សិក្សា​ភូមិ​រុនថ្មី ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​ថៃ​ក្នុងស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ រាប់រាយ​គ្រួសារ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ។ នៅ​ក្នុង​រដូវរងា​នេះ ពួកគាត់​អាច​ទៅ​ដងទឹក​យក​មក​ប្រើ​បាន​ខ្លះ​ដែរ ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​ពី ៥០០​ម៉ែត្រ​ទៅជា​ង ២​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​ទៅ​ដងទឹក​ម្ដងៗ។

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ក្នុងស្រុក​អូរជ្រៅ​លើក​ឡើង​ថា ពួកគាត់​ជួប​ការ​លំបាក​ដោយ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ជាច្រើន​ខែ​មក​ហើយ គឺ​ពុំ​ស្ថាប័ន​ណា​អាច​ជួយ​ពួកគាត់​បាន​នោះ​ទេ។

ពលរដ្ឋ​រស់​ភូមិ​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ អ្នកស្រី សន ថែល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ធ្នូ ថា សព្វថ្ងៃ​ពួកគាត់​នៅ​តាម​ព្រំដែន​ជួប​ការ​លំបាក​ខ្លាំង​ជាង​គេ គឺ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ។ អ្នកស្រី​បន្ថែម​ថា គ្រួសារ​អ្នកស្រី​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ទឹក​ពី​គេ ដែល​ដឹក​តាម​គោយន្ត យក​មក​ប្រើ​ប្រាស់​ជា​រៀងរាល់​សប្ដាហ៍ ដោយ​ចំណាយ​ប្រាក់​អស់​ជិត ១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ៖ «នៅ​ខាង​ខ្ញុំ​នេះ​គេ​ជីក​អត់​ចេញ​ទេ គេ​ជីក​១៧០​ម៉ែត្រ​ហើយ​មិន​មាន​ទឹក​ចេញ​ផង។ សព្វថ្ងៃ​បើ​គ្រួសារ​ណា​មានលទ្ធភាព​គេ​ជីក​ស្រះ​ទឹកបាន​ប្រើ​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​គ្មាន​ប្រាក់​ជីក​ដូច​គេ​លំបាក​ណាស់»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ភូមិ​ទំនប់​ដាច់​ម្នាក់ទៀត អ្នកស្រី កឹម ស្រីតូច ថ្លែង​ថា សព្វថ្ងៃ​អ្នកស្រី​នៅ​អាច​ទៅ​ដឹក​ទឹកស្រះ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​យក​មក​ប្រើ​ប្រាស់​ខ្លួនឯង​បាន ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​ជាង ៥០០​ម៉ែត្រ ក៏ប៉ុន្តែ​អ្នកស្រី​អះអាង​ថា ទឹក​នេះ​អ្នកភូមិ​ខ្លះ​មិន​យក​មក​ប្រើ​ទេ ព្រោះ​ទឹក​មិនសូវ​ស្អាត ហើយ​ទឹក​នេះ យ៉ាង​យូរ​ប្រើ​បាន​កន្លះ​ខែ​ទៀត​អាច​នឹង​រីង​អស់ពី​ស្រះ​ជា​ពុំ​ខាន៖ «ខ្ញុំ​ចង់​ឲ្យ​បាន​ទឹក​ប្រើប្រាស់​ណាស់​កុំ​ឲ្យ​លំបាក​ទិញ​ទឹក​គេ​នាំ​ឲ្យ​អស់​ប្រាក់។ រាល់ថ្ងៃ​ពួក​ខ្ញុំ​លំបាក​ណាស់​រក​មួយថ្ងៃ​សម្រាប់​តែ​ដោះស្រាយ​មួយថ្ងៃ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ មេឃុំ​អូរបីជាន់​លោក សួង មឿន មាន​ប្រសាសន៍​ថា អ្នកភូមិ​នៅ​តំបន់​ជាប់​ព្រំដែន​ថៃ ក្នុង​ឃុំ​របស់​លោក​មួយ​ចំនួន​ធំ​មាន​ស្រះ​ទឹក និង​អណ្ដូងស្នប់​សម្រាប់​ប្រើប្រាស់​បាន​ប្រសើរ​ជាង​ជាង​ឆ្នាំ​មុនៗ។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ចំពោះ​ពលរដ្ឋ​នៅ​ភូមិ​ទំនប់​ដាច់ គឺ​ពួកគាត់​ពិតជា​ជួប​ការ​លំបាក ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រាកដ​មែន៖ «នៅ​ភូមិ​ទំនប់​ដាច់​មាន​ទឹកស្រះ​បន្តិចបន្តួច​ប៉ុន្តែ​អណ្ដូង​វា​ជីក​អត់​ចេញ​សោះ អត់​មាន​ប្រភព​ទឹក​នៅ​ខាងក្រោម។ យើង​ដឹង​ថា​ពួកគាត់​លំបាក​ដែរ​ប៉ុន្តែ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​មិច​ជួយ​ពួកគាត់​បាន ហើយ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​យក​គោយន្ត​កន្ត្រៃ​ដឹក​ទឹកស្រះ​របស់​អ្នកភូមិ​យក​ទៅ​លក់​ចែកចាយ​គ្នា»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា បញ្ហា​ពលរដ្ឋ​តាម​ព្រំដែន​ខ្វះ​ទឹក​ប្រើប្រាស់ គឺ​ដោយសារ​ខ្វះ​ការ​យក​ចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​មួយ​នេះ ពីព្រោះ​ពួកគាត់​ជួបប្រទះ​ខ្វះ​ទឹក​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​ពលរដ្ឋ​នោះ​ទេ៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​ហាក់​ដូច​ជា​មិនមែន​ជា​រឿង​ថ្មី​ទេ គឺជា​រឿង​ចាស់​ដដែលៗ នៅ​ខេត្ត​បន្ទាយមានជ័យ​ប្ដូរ​អភិបាលខេត្ត​មក​៤​ជំនាន់​ហើយ ដែល​យើង​ឃើញ​ប្រជាពលរដ្ឋ​ទទូច​ឲ្យ​ជួយ​ពួកគាត់​នៅ​កន្លែង​ព្រំដែន​នោះ​ជា​រៀងរាល់​ឆ្នាំ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ស្រែក​ទៀត លុះត្រាតែ​មន្ត្រី​ទាំង​ចុះទៅ​ជួយ​ពួកគាត់​ឲ្យ​បាន​សកម្ម​ជាង​សព្វ​ទើប​អាច​ជួយ​ពួកគាត់​បាន»

មេឃុំ​អូរ​បី​ជាន់​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ឃុំ​របស់​លោក ដែល​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង មាន​ប្រមាណ ៤០០​គ្រួសារ ជាពិសេស​នៅ​ភូមិ​ទំនប់​ដាច់​តែម្ដង។ ប៉ុន្តែ​លោក ស៊ុំ ច័ន្ទគា អះអាង​ថា ចំនួន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​មាន​ច្រើនជាង​នេះ ជាពិសេស​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បន្ទាត់​ព្រំដែន ហើយ​អាជ្ញាធរ​នៅ​មិនទាន់​ដោះស្រាយ​ជូន​បាន​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល