ពលរដ្ឋ​នៅ​ឧត្តរមានជ័យ​ត្អូញត្អែរ​បញ្ហា​បំផ្លាញ​បរិស្ថាន​ពី​ការ​ដុត​ឈើ​ធ្វើ​ធ្យូង

ការ​កាប់​ឈើ​ដុត​ធ្វើ​ជា​ធ្យូង កំពុង​កើត​មាន​នៅ​តាម​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ ការ​ដុត​ឈើ​ធ្វើ​ជា​ធ្យូង​ដើម្បី​លក់​ចេញ​ទៅ​ឱ្យ​ប្រទេស​ថៃ នេះ កំពុង​បំផ្លាញ​បរិស្ថាន និង​ព្រៃ​ឈើ​ផង ហើយ​ក៏​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​មួយ​ចំនួន ដោយសារ​តែ​ទទួល​រង​នូវ​ជាតិ​ផ្សែង​ហុយ​ពាសពេញ​ភូមិ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ផង។
ដោយ ហង្ស សាវយុត
2013.11.03

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​អំពិល នៃ​ស្រុក​បន្ទាយអំពិល កំពុង​ព្រួយ​បារម្ភ​អំពី​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​របស់​អ្នក​ភូមិ​ជាច្រើន​ទៀត​ថា អាច​នឹង​កើត​ជំងឺ​ផ្សេងៗ ដោយសារ​តែ​ទទួល​រង​ជាតិ​ផ្សែង​ហុយ​ចេញ​ពី​ឡ​ដុត​ធ្យូង​ជាច្រើន​ខែ​កន្លង​មក។

ក្រុម​អ្នក​ភូមិ បាន​ឱ្យ​ដឹង​ថា នៅ​តាម​បណ្ដា​ភូមិ​ជាច្រើន​ជាប់​និង​ព្រំដែន​ខ្មែរ-ថៃ នៃ​ស្រុក​បន្ទាយអំពិល គឺ​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​កាប់​ឈើ ហើយ​ធ្វើ​ជា​ឡ​ដុត​យក​ធ្យូង​ទៅ​លក់​ឱ្យ​ប្រទេស​ថៃ។

បុរស​ម្នាក់ គឺ​ជា​អ្នក​ភូមិ​ពងទឹក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២ ខែ​វិច្ឆិកា ថា នៅ​ភូមិ​របស់​គាត់ និង​ភូមិ​ជាច្រើន​ទៀត ដូច​ជា​ភូមិ​អំពិល បារាយណ៍ គោក​ធំ ភូមិ​ជប់គគីរ រហូត​ទៅ​ដល់​ភូមិ​រំដួល គឺ​កំពុង​មាន​ការ​កាប់​ឈើ​ដុត​ធ្វើ​ធ្យូង ដោយ​មិន​សូវ​ឃើញ​អាជ្ញាធរ​ចាត់​វិធាន​ការ​រារាំង​ទេ។ បុរស​ដដែល​បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​ផ្សែង​ជាច្រើន​ហុយ​ចេញ​ពី​ឡ​ធ្យូង រសាត់​ពេញ​ភូមិ ដែល​ធ្វើ​ឱ្យ​គាត់ និង​អ្នក​ភូមិ​ផ្សេង​ទៀត ពិបាក​ដក​ដង្ហើម និង​ពិបាក​ទ្រាំ។

គាត់​បញ្ជាក់​ថា អ្នក​ភូមិ​របស់​គាត់​ខ្លះ​បាន​កើត​ជំងឺ​ផ្ដាសាយ និង​ក្អក ទំនង​ជា​បង្ក​ពី​ជាតិ​ផ្សែង​ទាំង​នោះ៖ «ផ្សែង​ដូច​ចុះ​អ័ព្ទ​អ៊ីចឹង ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ក៏​ដូច​ជា​ចាស់​ជរា ដូច​ជា​ក្មេង គឺ​ឈឺៗ​មិន​ដឹង​មុខ​មិន​ដឹង​មាត់​ទេ រាករូស​ក្អក​កណ្ដាស់​ផ្ដាសាយ ហើយ​ការ​កាប់​បំផ្លាញ​នេះ លួច​កាប់​តាម​វាល​ស្រែ​គ្នា​ទៅ​វិញ​ទៅ​មក។ អា​ត្រូវ ដូច​ជា​ធ្នង់ ដូច​ជា​តាសេក នោះ គឺ​អារ​ធ្វើ​ជា​ដុំ​ដុត​ធ្យូង​បាន ក៏​ដាក់​បង្កប់​យក​ឈើ​ធ្នង់ បាន​ដាក់​ខាង​ក្នុង​ទៅ​ដឹក​ខាង​ច្រក​ធ្នង់ ០៣ ឯណោះ។ ចេញ​រាល់​តែ​ថ្ងៃ​ទាំង​ឡានៗ ហើយ​ឡាន​សុទ្ធតែ​កុងតឺន័រ​ធំៗ​ដឹក​ធ្យូង»

ប្រភព​ពី​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា ធ្យូង​ដែល​ដុត​បាន​ទាំង​នោះ​ត្រូវ​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ក្នុង ១​បាវ​តម្លៃ ៧.០០០​រៀល ហើយ​ដឹក​យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ​ថៃ។

ចាប់​តាំង​ពី​អំឡុង​ខែ​ឧសភា-មិថុនា មក ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​នៃ​ស្រុក​បន្ទាយអំពិល បាន​ប្រកប​របរ​ដុត​ធ្យូង​លក់ ក៏ប៉ុន្តែ​ចំនួន​អ្នក​ដុត​ធ្យូង​បាន​ថយ​ចុះ​បន្តិច​វិញ កាល​ពី​អំឡុង​ខែ​កញ្ញា កន្លង​ទៅ រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​ឡ​ដុត​ធ្យូង​ខ្លះ និង​ផ្លូវ​ចេញ​ចូល​ខ្លះ ត្រូវ​ទឹក​ជន់​លិច​មិន​អាច​ចូល​ទៅ​ដុត​ធ្យូង​បាន។

ប្រធាន​មណ្ឌល​សុខភាព​ឃុំ​អំពិល លោក ប៊ុន បុត បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​កើត​ជំងឺ​ផ្ដាសាយ ក៏ប៉ុន្តែ​លោក​មិន​ហ៊ាន​ថា​អាការៈ​នោះ​បណ្ដាល​មក​ពី​ទទួល​រង​ជាតិ​ផ្សែង​ខ្លាំង ឬ​យ៉ាង​ណា​ទេ គឺ​លោក​គ្រាន់​តែ​គិត​ថា ដោយសារ​តែ​ខែ​នេះ​បាន​ចាប់​ផ្តើម​ចូល​ដល់​រដូវ​រំហើយ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ដុត​ធ្យូង​នៅ​តាម​ភូមិ​ជាច្រើន​ជាប់​នឹង​តំបន់​ព្រំដែន​ខ្មែរ-ថៃ មែន ក៏ប៉ុន្តែ​សមត្ថកិច្ច​ក៏​តែង​តែ​ចុះ​ធ្វើ​ការ​ហាម​ឃាត់​ជា​ហូរហែ​ដែរ។

មេ​ឃុំ​អំពិល លោក ខ្លូត អ៊ីវ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក និង​រូប​លោក មាន​គម្រោង​នឹង​ចុះ​តាម​ភូមិ ដើម្បី​បញ្ឈប់​សកម្មភាព​ដុត​ធ្យូង​ជាច្រើន​នោះ៖ «យើង​បាន​ធ្វើ​ការ​ណែនាំ​ហើយ​ចាប់​ពី​ខែ​វិច្ឆិកា នេះ​ទៅ យើង​នឹង​មាន​វិធាន​ការ​ទប់ស្កាត់​កុំ​ឱ្យ​គាត់​មាន​បន្ត​ទៀត។ មុន​ដំបូង យើង​ផ្សព្វផ្សាយ​ឱ្យ​គាត់​យល់​សិន បើ​គាត់​មិន​ទាន់​យល់ យើង​បំផ្លាញ​របស់​គាត់​តែ​ម្ដង​វា​អត់​កើត»

អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា សមត្ថកិច្ច​តែង​ធ្វើ​ការ​ទប់ស្កាត់​មិន​ឱ្យ​កាប់​ឈើ​ដុត​ធ្យូង​នោះ​ជា​ហូរហែ​ដែរ ក៏ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ​មិន​មាន​របរ​ចិញ្ចឹម​ជីវិត ក៏​ចេះ​តែ​បន្ត​កាប់​ឈើ​ដុត​ធ្យូង​មិន​ទាន់​ឈប់​នៅ​ឡើយ។

គ្រូពេទ្យ​របស់​អង្គការ​លីកាដូ (Licadho) លោក​វេជ្ជបណ្ឌិត ញាណ សារិន បាន​ពន្យល់​ថា ផ្សែង​ដែល​កើត​ចេញ​ពី​ឡ​ធ្យូង ឬ​ក៏​ដុត​សំរាម​ជាដើម គឺ​មាន​ជាតិ​ពុល ប្រសិន​បើ​វា​រសាត់​ទៅ​ប៉ះពាល់​មនុស្ស បណ្ដាល​ឱ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ជាច្រើន ដូច​ជា​ឈឺ​ភ្នែក ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខ្លាំង​ជាង​គេ ហើយ​បើ​វា​រោល​ស្បែក នឹង​បង្ក​ឱ្យ​មាន​ជំងឺ​សើ​ស្បែក​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។