ពលរដ្ឋ​នៅ​ព្រៃវែង​បារម្ភ​ខ្លាច​ក្រុមហ៊ុន​យក​ថ្ម​អស់ពី​ភ្នំ​ឈើកាច់

ប្រជាពលរដ្ឋ​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ព្រួយ​បារម្ភ​ពី​សកម្មភាព​គាស់​បំបែក​ថ្ម​ភ្នំ​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​​​​​ថ្ម​នៅ​ភ្នំ​ឈើកាច់ ដែល​បាន​ព្យាយាម​វាយ​កម្ទេច​ភ្នំ​បំបែក​យក​ថ្ម​ទៅ​លក់​​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។
ដោយ ហ៊ុំ ចំរើន
2014-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​រថយន្ត​ដឹក​ជញ្ជូន​ថ្ម​នៅ​ភ្នំ​ឈើកាច់ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៧ មករា ឆ្នាំ​២០១៤។
សកម្មភាព​រថយន្ត​ដឹក​ជញ្ជូន​ថ្ម​នៅ​ភ្នំ​ឈើកាច់ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៧ មករា ឆ្នាំ​២០១៤។
RFA

ប្រជាពលរដ្ឋ​អះអាង​ថា សកម្មភាព​របស់​​ក្រុមហ៊ុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែ​មាន​សភាព​ខ្លាំង​ឡើយ​ជា​បន្តបន្ទាប់។ ហើយ​បញ្ហា​នេះ​វា​អាច​ធ្វើឲ្យ​រលាយ​បាត់​ភ្នំ​ទាំង​មូល​ក្នុង​ពេល​ឆាប់ៗ​​ ប្រសិន​បើ​អាជ្ញាធរ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ។

រថយន្ត​ដឹក​ថ្ម​តូច​ធំ​របស់​ក្រុមហ៊ុន​ ព្រម​ទាំង​ឧបករណ៍​​គ្រឿងចក្រ​ផង បាន​ដាក់​តម្រៀប​គ្នា​ហូរហែ​ មមាញឹក​គាស់កកាយ​ថ្ម​ពី​ភ្នំ​ឈើកាច់ រួច​ដឹក​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​កិន​ថ្ម​ធ្វើ​អាជីវកម្ម​ថ្ម​មាន​គ្រប់​ខ្នាត គ្រប់​ប្រភេទ​ទៅ​តាម​តម្រូវ​ការ​របស់​ទី​ផ្សារ។ ក្នុង​នោះ ក៏​មាន​រោងចក្រ​កិន​ថ្ម​របស់​ក្រុមហ៊ុន​ជា​ច្រើន​ ដែល​បាន​ដំណើរការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ក្បែរ​ជើង​ភ្នំ។ ហើយ​រោងចក្រ​ទាំង​នោះ​ធ្វើ​អាជីវកម្ម​កិន​ថ្ម​ក្នុង​មួយ​ថ្ងៃៗ​បាន​រហូត​ដល់​រាប់​ម៉ឺន​ម៉ែត្រ​គូប​ក៏​មាន។ ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​ភ្នំ​ឈើកាច់​ អះអាង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​​កិន​ថ្ម​នៅ​តំបន់​នោះ​ សុទ្ធសឹងតែ​ជា​អ្នក​មាន​ឥទ្ធិពល​​​​និង​មាន​ខ្នង​ក្រាស់ ជា​សែស្រឡាយ​របស់​អ្នក​ធំ។

ប្រជាពលរដ្ឋ​វ័យ​ ៤០​ឆ្នាំ​ប្លាយ​ម្នាក់​រស់​នៅ​ភូមិ​បឹងរការ នៃ​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ លោក សឿន ឡឹក ថ្លែង​បញ្ជាក់​ថា​ រូប​លោក​ក៏​ដូច​ជា​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជើង​ភ្នំ គឺ​ម្នាក់ៗ​មាន​ការ​សោក​ស្ដាយ​នៅ​ពេល​ដែល​ឃើញ​សកម្មភាព​របស់​ក្រុម​ហ៊ុន​កិន​ថ្ម​បាន​គាស់​រំលើង​យក​ថ្ម​ភ្នំ​យ៉ាង​គគ្រឹកគគ្រេង ​យក​ទៅ​ធ្វើ​ជា​អាជីវកម្ម​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​អើពើ​ទប់​ស្កាត់​សកម្មភាព​​របស់​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នេះ​ឡើយ។

លោក​ សឿន ​ឡឹក ថ្លែង​បន្ត​ថា​​ មិន​យូរ​មិន​ឆាប់ ភ្នំ​ឈើកាច់ វា​នឹង​បាត់​ឈ្មោះ​គ្មាន​ស្រមោល​ពី​ទឹក​ដី ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ​រូប​រាង​ដ៏​ស្រស់​ស្អាត​របស់​ភ្នំ​មួយ​នេះ​​ដែល​ជា​ភ្នំ​នៃ​ស្រុក​កំណើត​ប្រវត្តិ​សាស្ត្រ​របស់​នេន​ទុំ ទៅ​​ថ្ងៃ​ខាង​មុខ​ទៀត​ឡើយ៖ «ធ្វើ​អ៊ីចឹង​រលាយ​អស់​ហើយ កូន​ចៅ​ជំនាន់​ក្រោយ​លែង​ស្គាល់​ព្រៃ លែង​ស្គាល់​ភ្នំ​ឈើកាច់​ទៀត​ហើយ។ មិន​យូរ​ប៉ុន្មាន​ទេ ប្រហែល​ជា ១០​ឆ្នាំ​ទៀត​យ៉ាង​យូរ នឹង​រលាយ​ហើយ។ ក្នុង​ក្រុមហ៊ុន​ម្នាក់ ដូច​ក្រុមហ៊ុន ហ៊ុន តូ ថ្មីៗ​នេះ គឺ​ថ្ម​គាត់​បាញ់​យក​មក​ចាក់​ចេញ​ម្ដង​មួយ​ម៉ឺន​គូប ហើយ​ក្នុង​មួយ​ថ្ងៃ​មិន​ដឹង​គាត់​កិន​ប៉ុន្មាន​ម៉ឺន​គូប ហ្នឹង​ក្រុមហ៊ុន ហ៊ុន តូ។ ចុះ​ក្រុមហ៊ុន​ផ្សេង​ក្រៅ​ពី​ក្រុមហ៊ុន ហ៊ុន តូ នៅ​តាណា នៅ​តាវ៉ាត នៅ​តាហុង ជា​ដើម អី​ផ្សេង​ទៀត មិន​ដឹង​ជា​ប៉ុន្មាន​ម៉ឺន​គូប​ក្នុង​មួយ​ថ្ងៃ។ គេ​យក​ទៅ​លក់​ថ្ម ក៏​គេ​លក់ អា​ថ្ម​កាប់​សីស ក៏​គេ​លក់ អា​ថ្ម​ល្អិត ក៏​គេ​លក់​ អា​ថ្ម​ធំ ហើយ​អា​ដី​ខ្សាច់​ជីក​ក្នុង​ដី​នោះ គេ​យក​ទៅ​លក់​ក្នុង​មួយ​ឡាន ៥​ម៉ឺន ទៅ ៦​ម៉ឺន។ អ៊ីចឹង​មិន​មែន​ធម្មតា​ទេ បាន​ផលប្រយោជន៍​តែ​ក្រុមហ៊ុន​មួយ​ក្ដាប់​តូច ហើយ​អ្នក​មាន​អំណាច តែ​ប្រជាពលរដ្ឋ​នៅ​តែ​អត់​ដដែល នៅ​តែ​ក្រ​ដដែល នៅ​តែ​អត់​ផ្លូវ​ដើរ​ដដែល»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​ឈើកាច់ ម្នាក់​ទៀត លោក ស៊ា វុទ្ធី ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​នៅ​ភ្នំ​ឈើកាច់ ពុំ​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​តំបន់​ភ្នំ​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ចាប់​តាំង​ពី​មាន​ក្រុមហ៊ុន​ចុះ​មក​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​​នៅ​ភ្នំ​ឈើកាច់​មក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ពឹង​ផ្អែក​របរ​វាយ​ថ្ម​លក់​ចិញ្ចឹម​ជីវិត​នោះ ពួកគាត់​បាន​បាត់​បង់​ការងារ​របស់​ខ្លួន ដោយ​ពុំ​អាច​វាយ​ថ្ម​យក​ទៅ​លក់​បាន​​​ប្រាក់​កម្រៃ​ដូច​ពេល​មុនៗ​​បាន​ទៀត​ឡើយ។

លោក ស៊ា វិទ្ធី ថ្លែង​បន្ត​ថា​ មិន​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ធ្វើ​ថ្ម​ទាំង​នោះ​ថែម​ទាំង​បាន​បង្ក​ផល​លំបាក​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​ទៀត​ផង ជាពិសេស គឺ​ផល​លំបាក​បង្ក​ដោយ​រថយន្ត​ ដឹក​ដី​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​​ទាំង​នោះ​គ្មាន​ស្លាក​លេខ​តែម្ដង៖ «ខ្នង​ក្រាស់ៗ​ណាស់​បង! សូម្បី​តែ​ឡាន​​រាល់​ថ្ងៃ ខ្ញុំ​ជា​អ្នក​បើក​បរ​ដែរ ប៉ុន្តែ​ខ្ញុំ​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ឡាន​ហ្នឹង​តែម្ដង វា​អត់​សណ្ដាប់​ធ្នាប់​ បើ​សិន​មាន​គ្រោះ​ថ្នាក់​ហើយ គឺ​ដោះ​ស្រាយ​មិន​ដែល​ឈ្នះ​គេ​ទេ ...ដោយសារ​ខ្នង។ មនុស្ស​ថ្ងៃ​មុន​ហ្នឹង​ឃើញ​បុក​ប៉ះ​ដៃ​មួយ​ជើង​មួយ​ហ្នឹង​ឡាន​ ឥឡូវ​ដោះស្រាយ​មិន​ទាន់​ចេញ​ផង។ ឃើញ​ដូច​ថា មនុស្ស​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​ហ្នឹង ខ្លះ​ស្លាប់​បាត់​អ៊ីចឹង​ទៅ ខ្លះ​គ្រោះ​ថ្នាក់​មើល​លុយ​ឯង បែរ​ជា​សម្ភារៈ​នៅ​លើ​ដៃ​ប៉ូលិស​គេ​យក​ប្រើ​ប្រាស់​ទៅ។ យើង​មាន​ប្រយោជន៍​អី​សម្រាប់​រង​គ្រោះ​ទទេ ហើយ​ត្រូវ​ជា​បង​ប្អូន​ខ្ញុំ​ដែរ។ ខ្ញុំ​សំណូម​ពរ​គួរ​តែ​បំបែរ​ទិស​ទៅ​រក​ស៊ី​កន្លែង​ណា​ផ្សេង​ទៅ​ ទុក​ឲ្យ​ថ្ម​ទុក​ឲ្យ​ខ្សាច់​ហ្នឹង​វា​មាន​ប៉ុន​ហ្នឹង​ ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ស្គាល់​ភ្នំ​ស្គាល់​ថ្ម​ផង ហើយ​បើ​ថា​អ៊ីចឹង​ទេ រលាយ​អស់ ក្រុមហ៊ុន​ហ្នឹង​បើ​ថា​មិន​ជួយ​អភិវឌ្ឍន៍​ទេ កុំ​មក​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៀត»

វិទ្យុ​អាស៊ីសេរី​ ពុំ​ទាន់​អាច​ទាក់​ទង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​ពន្យល់​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ​អភិបាល​ស្រុក​បាភ្នំ លោក​ ទេព​ ភិរុណ មាន​ប្រសាសន៍​បញ្ជាក់​ថា​ ក្រុមហ៊ុន​ធ្វើ​ថ្ម​ទាំង​នោះ​គេ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ថ្ម​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រឹម​ត្រូវ ហើយ​ចំពោះ​ចំនួន​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នៅ​ភ្នំ​ឈើកាច់​ នោះ​ លោក​ថា លោក​ទើប​តែ​មក​កាន់​តំណែង​ជា​អភិបាល​ស្រុក​ថ្មី​ពុំ​ទាន់​​បាន​ដឹង​ពី​ចំនួន​ក្រុមហ៊ុន​ពិត​ប្រាកដ​ដែល​ធ្វើ​អាជីវកម្ម​​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។

លោក ទេព ភិរុណ៖ «ខ្ញុំ​មក​ក្រោយ ខ្ញុំ​ដឹង​អត់​ទាន់​ច្បាស់​ ប៉ុន្តែ​ អាជ្ញាប័ណ្ណ​គេ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ហ្នឹង គឺ​ដើម្បី​ធ្វើ​ផ្លូវ​ធ្វើ​អី​ផ្សេង​នៅ​ក្នុង​ស្រុក​ក៏​មាន ហើយ​និង​ធ្វើ​ផ្លូវ​នៅ​ក្នុង​ខេត្ត​ទាំង​អស់ ស្រុក​ហ្នឹង​ ហើយ​និង​ធ្វើ​ផ្លូវ​នៅ​តាម​ខេត្ត​ផ្សេងៗ។ បញ្ហា​ហ្នឹង មែន​ទែន​ទៅ​មិន​មែន​តែ​ប្រជាពលរដ្ឋ​ខ្ញុំ​ផ្ទាល់​ខ្លួន​ឯង ខ្ញុំ​មក​ទី​នេះ ក៏​ខ្ញុំ​បារម្ភ​រឿង​ហ្នឹង​ដែរ។ អ៊ីចឹង​ក៏​​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ ហើយ​ការ​សម្រេច​នេះ​មិន​មែន​ត្រឹម​ស្រុក​ទេ ជម្រាប​ថា​អ៊ីចឹង​រឿង​ហ្នឹង»

តែ​យ៉ាង​ណា​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​កិន​ថ្ម​ធំៗ ចំនួន​ ៤​ដែរ​ ​ រួម​មាន​ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ ក្រុមហ៊ុន លោក ឡុង​ ណាំ លោក​ សូ​ សាវ៉ាត និង​ក្រុមហ៊ុន​អាជីវកម្ម​ថ្ម​របស់​លោក តា ហុង ជា​ដើម ដែល​ក្រុមហ៊ុន​ទាំង​នោះ កំពុង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​ទឹក​ដី​នៃ​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ហើយ​​ក្រុមហ៊ុន​នីមួយៗ​ ប្រដាប់​ដោយ​ឧបករណ៍​ទាន់​សម័យ​ មាន​គ្រឿងចក្រ​ និង​រថយន្ត​ជា​ច្រើន​គ្រឿង​​សម្រាប់​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ ទៀត​ផង។ ក្នុង​នោះ​ មាន​ក្រុមហ៊ុន​ខ្លះ​​ អាច​ផលិត​ថ្ម​បាន​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ទៅ​​រាប់​ម៉ឺន​ម៉ែត្រ​គូប​ទៀត​ផង​ក៏​មាន។ ចំណែក​ឯ​ថ្ម​ដែល​​ក្រុមហ៊ុន​ទាំង​នោះ​ផលិត​បាន​គេ​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ធ្វើ​សំណង់​អាគារ​នានា នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

kosal

ពី neak loeung

អស់ហើយៗ លក់អស់ហើយ លក់ខ្ទេចលក់ខ្ទី លក់ទាំងអស់ឲ្យតែត្រូវការ។​ សម្បទានដី ព្រៃដេញរាស្ត្រ រាស្ត្រទឹកភ្នែក ហូរស្ទើរលេចប្រថពី។ ឥឡូវភ្នំជិតបាត់រូបរាងទៀត សូម្បីពពូកអារុក្ខអារក្ស អ្នកតា​ក៏គ្មានជំរកដែរ។

Jan 31, 2014 01:48 AM

អ្នក​អាន​អនាមិក

ការគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន វាសមល្មមនឹងអាចបំផ្លាញប្រទេសជាតិមួយបានហើយ ពេលប្រទេសយើងរលាយពីផែនទីពិភពលោក គឺមកពីពលរដ្ធប្រទេសនោះ

Jan 24, 2014 11:12 PM

អ្នក​អាន​អនាមិក

តើអ្នកណាខ្លះអាចដោះស្រាយបញ្ហានេះបាន បើម្នាក់ៗគិតតែបំផ្លាញយ៉ាងនេះ?មិនត្រឹមតែបំផ្លាញសម្រាប់ជំនាន់នេះទេ បំផ្លាញទាំងជំនាន់ក្រោយរបស់ខ្លួនឯងទៀត!ខ្ញុំយល់ថាមានតែពេលវេលាទេ ដែលអាចធ្វើឲ្យធម្មជាតិបំផ្លាញមនុស្សវិញ!

Jan 21, 2014 10:24 PM

អ្នក​អាន​អនាមិក

ជូនចំពោះអ្នកឈឺកាច់បាភ្នំ។ នៅពិភពលោកនេះការបាត់ភ្នំគឺជារឿងធម្មតា។ ជប៉ុនគេរំលាយភ្នំ យកថ្មទៅចាក់ក្នុងសមុទ្ធដើម្បីពង្រីកផ្ទៃដី។ដូចនេះគេចំណេញពីរ។ បានពង្រីកដីទៅក្នុងសមុទ្រ និងផ្ទៃ ដីអតីតភ្នំក្លាយជាទីក្រុងថ្មី។ តើសមមិត្តយល់ទេ?

Jan 20, 2014 10:39 PM

សោកស្តាយ

ជិតអស់ហើយ

Jan 20, 2014 07:39 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល