អ្នក​ភូមិ​នៅ​ខេត្ត​សៀមរាប​ខក​ចិត្ត​នឹង​អាជ្ញាធរ​ចំពោះ​បញ្ហា​ក្លិន​ស្អុយ​សំរាម

ដោយ ហង្ស សាវយុត
2014.06.06
គំនរ​សំរាម សៀមរាប ៦១០ ៦-មិថុនា-២០១៤៖ កន្លែង​ស្តុក​សំរាម​របស់​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា (GAEA) ក្នុង​ភូមិ​ខ្នារថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប។
RFA/Hang Savyouth

ក្រុម​អ្នក​ភូមិ​ខ្នារថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជាង ៥០​គ្រួសារ នៅ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ក្លិន​ស្អុយ ដែល​ភាយ​ចេញ​កន្លែង​ស្តុក​សំរាម​របស់​ក្រុមហ៊ុន នៅ​ជិត​លំនៅឋាន​របស់​ពួក​គេ​ឱ្យ​បាន​ឆាប់​រហ័ស។

ក្រុម​អ្នក​ភូមិ​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ក្រុម​អាជ្ញាធរ​ក្រុង និង​ខេត្ត​សៀមរាប ដែល​បាន​ចុះ​ទៅ​ពិនិត្យ​គំនរ​សំរាម ហើយ​បាន​ត្រឹម​តែ​សន្យា​ដោះស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត។

អាជ្ញាធរ​ក្រុង និង​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា គេ​ទុក​រយៈពេល​៣​ខែ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឈ្មោះ ហ្កាអ៊ីយ៉ា (GAEA) រិះរក​វិធី​យ៉ាង​ណា ដើម្បី​បំបាត់​ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​សំរាម បណ្ដាល​ឱ្យ​ប៉ះពាល់​លើ​ពលរដ្ឋ​ច្រើន​គ្រួសារ​ជា​រៀង​រាល់​ថ្ងៃ​នោះ។

ការ​ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​នេះ នៅ​ពេល​ដែល​អាជ្ញាធរ​ចម្រុះ​ថ្នាក់​ខេត្ត ក្រុង សង្កាត់ និង​ភូមិ ព្រម​ទាំង​មន្ត្រី​ជំនាញ​បរិស្ថាន បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ដល់​កន្លែង​ហើយ រក​ឃើញ​ការ​ប៉ះពាល់​ជាច្រើន ដោយសារ​តែ​ក្លិន​ស្អុយ។

អភិបាល​ស្ដីទី​ក្រុង​សៀមរាប គឺ​លោក សូ ប្លាតុង។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា អាជ្ញាធរ​ខេត្ត​សៀមរាប ក្រុង សង្កាត់ និង​ភូមិ រួម​ទាំង​មន្ត្រី​ជំនាញ​បរិស្ថាន ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ស្ដុក​សំរាម​ទំហំ​កន្លះ​ហិកតារ​របស់​ក្រុមហ៊ុន​ហ្កាអ៊ីយ៉ា ដែល​នៅ​ក្នុង​ទីក្រុង​នោះ។

លោក សូ ប្លាតុង ទទួល​ស្គាល់​ថា គំនរ​សំរាម​ដែល​ប្រមូល​ពី​តាម​ផ្ទះ និង​ផ្សារ​នានា ទៅ​ស្ដុក​ទុក​បណ្ដោះអាសន្ន​រង់ចាំ​ការ​ដឹក​ចេញ​ពី​ទីក្រុង​នោះ គឺ​ពិត​ជា​កំពុង​ភាយ​ក្លិន​ស្អុយ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​មែន៖ «យើង​ទទួល​ស្គាល់​ថា​មាន​ក្លិន ប៉ុន្តែ​យើង​បាន​ណែនាំ​ឱ្យ​ខាង​ក្រុមហ៊ុន​រក​បច្ចេកទេស ដោយ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​យន្តការ​កាត់​បន្ថយ​ក្លិន ដូចជា បន្ថយ​ការ​យក​សំរាម​ទៅ​ចាក់​នៅ​កន្លែង​ស្តុក​ហ្នឹង។ យើង​បាន​ឯកភាព​គ្នា សម្របសម្រួល ទី​១ គឺ​ទុក​រយៈពេល ៣​ខែ​ឱ្យ​ក្រុមហ៊ុន ធ្វើ​យ៉ាង​ណា​បំបាត់​ក្លិន​សំរាម​ដែល​កំពុង​ប៉ះពាល់​នេះ»

នេះ​ជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប សន្យា​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ក្លិន​ស្អុយ​របស់​សំរាម​នៅ​ក្នុង​ទីក្រុង ក៏ប៉ុន្តែ​ដំណោះស្រាយ​ពិត​ប្រាកដ​យ៉ាង​ណា គឺ​មិន​ទាន់​ឃើញ​នៅ​ឡើយ។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ធ្លាប់​ប្ដឹង​ជុំវិញ​បញ្ហា​ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​គំនរ​សំរាម​នេះ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ម្ដង​មក​ហើយ។ ក៏ប៉ុន្តែ កាល​ណោះ​អភិបាល​រង​ខេត្ត​សៀមរាប លោក នូ ផល្លា បាន​ត្រឹម​តែ​ចាត់​វិធានការ​តាម​លិខិត ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​តែ​ជញ្ជូន​សំរាម​ចេញ​ពី​កន្លែង​ស្ដុក​ឱ្យ​អស់​ជា​រៀង​រាល់​ថ្ងៃ និង​ប្រើ​ថ្នាំ​កម្ចាត់​ក្លិន​ស្អុយ​តាម​បច្ចេកទេស ព្រម​ទាំង​ធ្វើ​លូ​បង្ហូរ​ទឹក​ស្អុយ និង​ត្រូវ​ចាក់​បេតុង​នៅ​កន្លែង​ប្រតិបត្តិការ​ចាំបាច់​ប៉ុណ្ណោះ។ ដោយសារ​តែ​អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​ក្ដៅ​ក្នុង​រឿង​ក្លិន​ស្អុយ​ពី​គំនរ​សំរាម​នេះ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​តែ​ទទួល​រង​ការ​ប៉ះពាល់​ដដែល។

ទោះ​យ៉ាង​ណា នាយក​ក្រុមហ៊ុន​សំរាម​ហ្កាអ៊ីយ៉ា លោក ផូ ផល្គុណ មិន​បាន​ទទួល​ទូរស័ព្ទ​ដើម្បី​អធិប្បាយ​បញ្ហា​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ប៉ុន្តែ អ្នក​គ្រប់គ្រង​ការដ្ឋាន​ចាក់​សំរាម​ម្នាក់ ឱ្យ​ដឹង​ថា ក្នុង​១​ថ្ងៃៗ គឺ​មាន​សំរាម​ប្រហែល ១២០​តោន ដឹក​យក​ទៅ​ស្តុក​ទុក​នៅ​ទីនោះ។

ក្លិន​ស្អុយ​ពី​គំនរ​សំរាម​នេះ គឺ​បាន​បង្ក​ការ​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​ជុំវិញ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ប្រជាពលរដ្ឋ​ខ្លះ​ធ្លាប់​សន្លប់​នៅ​ពេល​ដែល​ខ្យល់​បក់​នាំ​យក​ក្លិន​ស្អុយ​ខ្លាំង​មក​ប៉ះ​ចំ​ម្ដងៗ។

ក្រុម​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ រស់នៅ​ក្នុង​ភូមិ​ខ្នារថ្មី ដែល​កំពុង​ទទួល​រង​ក្លិន​ស្អុយ​ជា​ប្រចាំ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត ក្រុង​សៀមរាប ដែល​ចេះ​តែ​ប្រើ​វិធី​ពន្យារ​ពេល​ដោះស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត។

បុរស​ម្នាក់​ដែល​រស់នៅ​ជិត​កន្លែង​គំនរ​សំរាម​បំផុត មាន​ប្រសាសន៍​ថា គាត់​មិន​ចង់​ឮ​ការ​ដោះស្រាយ​ដែល​ទុក​ពេល​ម្ដង​ហើយ​ម្ដង​ទៀត ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​បំបាត់​ក្លិន​ស្អុយ​ទាំង​នោះ​ទេ គឺ​គាត់​ចង់​ឱ្យ​អាជ្ញាធរ​ដោះស្រាយ ដោយ​ប្ដូរ​ទីតាំង​កន្លែង​ស្តុក​សំរាម​នោះ​ចេញ៖ «១​ខែ​៣០​ថ្ងៃ​ស្អុយ​រហូត ហិត​ក្លិន​រហូត។ សំណូមពរ​ឱ្យ​ក្រុមហ៊ុន​គាត់​ចាក​ចេញ​ឱ្យ​ឆាប់ៗ»

ចំណែក​ស្ត្រី​ម្នាក់​ទៀត​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​គំនរ​សំរាម តែង​រំខាន​ដល់​ប្រជាពលរដ្ឋ មិន​ថា​យប់​ឬ​ក៏​ថ្ងៃ និង​ពេល​ទទួល​ទាន​អាហារ​ទេ៖ «ខ្យល់​មក អូយ! ស្អុយ​ណាស់ ជួន​កាល​អត់​ខ្យល់​ហប់​ឈឹង ហើយ​ក្លិន​មក​ទៀត ពិបាក​ទ្រាំ​ណាស់។ តំបន់​នេះ​ជា​តំបន់​អភិវឌ្ឍន៍​មួយ​ដែរ ប៉ុន្តែ​កន្លែង​ស្អុយ​រលួយ​មក​នៅ​កណ្ដាល​អ៊ីចឹង វា​អត់​សម។ រាល់​ថ្ងៃ​ចង់​ឱ្យ​គេ​ផ្លាស់​ប្ដូរ​ទៅ​ឆ្ងាយ​ដែល​មិន​សូវ​មាន​មនុស្ស​រស់នៅ កុំ​ឱ្យ​វា​នៅ​កណ្ដាល​ក្រុង​វា​អត់​ល្អ​ទេ»

ប្រធាន​ស្ដីទី​របស់​មន្ទីរ​បរិស្ថាន លោក ភួង លីណា ពន្យល់​ថា ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​បំបាត់​ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​គំនរ​សំរាម​នោះ ដោយ​ការ​ប្រើ​បច្ចេកទេស​គីមី​ទេ។ លោក ភួង លីណា បញ្ជាក់​ថា តាម​ជំនាញ​របស់​លោក ដំណោះស្រាយ​ប្រសើរ​មាន​តែ​ផ្លាស់​ប្ដូរ​ទីតាំង​គំនរ​សំរាម ចេញ​ឱ្យ​ឆ្ងាយ​ពី​ទីក្រុង៖ «ខាង​ខ្ញុំ​ជំនាញ​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ ព្រោះ​ផល​ប៉ះពាល់​ហ្នឹង យើង​សង្កេត​ឃើញ​មាន​បញ្ហា​ច្រើន ហើយ​វា​មិន​មែន​ជា​រឿង​ទើប​នឹង​កើត​ទេ។ ប៉ុន្តែ​ការ​ចូលរួម​ដោះស្រាយ យើង​មាន​ស្ថាប័ន​ច្រើន យើង​មាន​ក្រុង យើង​មាន​ខេត្ត មាន​ក្រុមហ៊ុន និង​តំណាង​ប្រជាពលរដ្ឋ​បណ្ដឹង។ អ៊ីចឹង​អត់​ដឹង​ថា​ក្រុម​ការងារ​ហ្នឹង គេ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​ទេ»

បច្ចុប្បន្ន​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប មាន​បញ្ហា​ក្លិន​ស្អុយ​សំរាម​នៅ​២​កន្លែង គឺ​នៅ​ផ្សារ​សាមគ្គី និង​នៅ​គំនរ​ស្តុក​សំរាម​របស់​ក្រុមហ៊ុន​ក្នុង​ភូមិ​ខ្នារថ្មី។

ជាច្រើន​ឆ្នាំ​មក​ហើយ អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ខិតខំ​ប្រឹងប្រែង​ខាង​ផ្នែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឱ្យ​ចូល​មក​ទស្សនា ក៏ប៉ុន្តែ​បញ្ហា​សំរាម​ហាក់​ដូច​ជា​មិន​សូវ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​ធំ​ដុំ​នៅ​ឡើយ។

គ្រូពេទ្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​វេជ្ជបណ្ឌិត ញាណ សារិន ពន្យល់​ថា ឥទ្ធិពល​នៃ​ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​សំរាម គឺ​មាន​ជាតិ​ពុល​ម្យ៉ាង បើ​កាល​ណា​មនុស្ស​ដក​ដង្ហើម ហើយ​ស្រូប​ចូល​ទៅ​ក្នុង​សួត ក្រៅ​តែ​ពី​បណ្ដាល​ឱ្យ​កើត​រោគ​ផ្សេងៗ វា​ក៏​កើត​ជំងឺ​ចម្បងៗ​មួយ​ចំនួន ដូចជា ជំងឺ​ផ្លូវ​ដង្ហើម រលាក​សួត ជំងឺ​មហារីក​សួត និង​ជំងឺ​រលាក​ចម្រុះ ព្រម​ទាំង​បណ្ដាល​ឱ្យ​កើត​ផ្ដាសាយ​រ៉ាំរ៉ៃ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។