ក្រុម​យុវតី​ការពារ​បរិស្ថាន​នាំគ្នា​ទៅ​កាយ​ដី​ចេញពី​ឆ្នេរ​ព្រែកត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ សុ ជីវី
2019-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជនយុវនារី​ការពារ​បរិស្ថាន នាំ​គ្នា​​កាយ​​ដី​ដែល​គេ​ចាក់​លុប​ឆ្នេរ​​ព្រែក​ត្រែង ខេត្ត​ព្រះសីហនុ នោះ​ចេញ​វិញ នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។
យុវជនយុវនារី​ការពារ​បរិស្ថាន នាំ​គ្នា​​កាយ​​ដី​ដែល​គេ​ចាក់​លុប​ឆ្នេរ​​ព្រែក​ត្រែង ខេត្ត​ព្រះសីហនុ នោះ​ចេញ​វិញ នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។
រូប​ថត៖ ហ្វេសប៊ុក Sreysor Pheng

យុវតី​មួយ​ក្រុម​នាំគ្នា​ទៅ​កាយ​ដី​ចេញពី​សមុទ្រ​នៅត្រង់​កន្លែង ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចាក់​ដី​​លុប​ឆ្នេរសមុទ្រ នៅ​ល្ងាច​ថ្ងៃទី ១១ ខែ​មេសា​។ សកម្មភាព​របស់​ពួកគេ​នៅ​ពេលនេះ​បន្ទាប់ពី​ពួកគេ​បាន​ចំនួន​នាំគ្នា​ផលិត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទាក់ទង​ការ​ចាក់ដី​លុប​ឆ្នេរសមុទ្រ នៅ​តំបន់​ព្រែកត្រែង​អស់​ជាច្រើន​ខែ​មក​ហើយ តែ​ពុំ​មាន​អាជ្ញាធរ​អើពើ​ដោះស្រាយ។

កញ្ញា ផេង ស្រីស ស្ថិត​ក្នុង​ចំណោម​យុវតី​ប្រមាណ​១០​នាក់​នៅ​ក្នុង​ក្រុម​របស់​នាង ដែល​នាំគ្នា​ទៅ​កាយ​ដី​ចេញពី​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ព្រែកត្រែង​ឱ្យដឹង​ថា នោះ​គឺជា​ជម្រើស​ចុងក្រោយ នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​រួចហើយ​ថា គប្បី​មាន​ការ​​កាយ​ដី​ចេញ​ពី​កន្លែង ដែល​គេ​បាន​លុប​រំលោភ​យក​ឆ្នេរសមុទ្រ​នោះ​វិញ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​វិធានការ​បែប​ណាមួយ​នៅ​ឡើយ។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ២០១៨ ឱ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​នេះ​គឺ​លោក ជា សុផារ៉ា ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ភូមិ​៤ ឃុំ អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​កាយ​យក​ដី ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ។

ភ្លាមៗ​នោះ​លោក ជា សុផារ៉ា បាន​ចុះទៅ​ដល់​ទីតាំង​នៃ​ឆ្នេរ​ព្រែកត្រែង ប៉ុន្តែ​អស់​ជាច្រើន​ខែ​មកនេះ​ក៏​នៅតែ​មិនទាន់​មាន​ភាគី​ណាមួយ គឺ​ទាំង​ក្រុមហ៊ុន​ទាំង​អាជ្ញាធរ​មិនទាន់​ទៅ​កាយ​ដី​នោះ​ចេញ​នៅ​ឡើយ។

កញ្ញា ផេង ស្រីស្រស់ បាន​និយាយ​ពី​ទីតាំង​ព្រែកត្រែង​នៅ​ពេល​ពួកគេ​កំពុង​ចុះទៅ​កាយ​ដី ថា​រយៈពេល​៧​ខែ​ហើយ ដែល​អាជ្ញាធរ​បាន​បញ្ឈប់​ការ​ចាក់​ដី​រំលោភ​យក​ឆ្នេរ​ព្រែកត្រែង​នេះ ហើយ​ក្រុម​របស់​នាង​ក៏បាន​ធ្វើ​វីដេអូ​ពី​រឿង​នេះ​ជាច្រើន​ខែ​មក​ហើយ​ដែរ។ នាង​ថា រឿង​នេះ​គួរតែ​អាជ្ញាធរ​ដោះស្រាយ៖ «អ្វី​ទាំងអស់​នេះ​អាច​ចាត់ទុកថា​ជា​តួនាទី ជា​កាតព្វកិច្ច​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ដែល​ត្រូវ​ដោះស្រាយ វា​មិនមែន​ជា​ពួក​ខ្ញុំ​ជា​យុវជន​មក​ពី​កំពង់ចាម​ផង ពី​ភ្នំពេញ​ផង​ត្រូវ​ចុះ​មក​ធ្វើ​ទេ។ ប៉ុន្តែ​នេះ​ជា​ឆន្ទៈ ជា​ទឹកចិត្ត​របស់​យុវជន​។ ឥឡូវនេះ​យើង​ធ្វើ​បាន​ខ្លះ​ហើយ យើង​នឹង​ព្យាយាម​ធ្វើ​បន្ត​ទៀត»

ទាក់ទង​នឹង​ការ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នេះ ស្រី ស លើកឡើង​ថា នាង​ក៏​មិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ដែល​ក្រុមហ៊ុន​ឯកជន ដែល​គេ​ស្គាល់​ជា​របស់​យាយ​ភូ​នេះ មិន​កាយ​ដី​ចេញ​វិញ​នោះ​ទេ។ តែ​នាង​កត់សម្គាល់​ថា ក្រុមហ៊ុន​បែបនេះ​អាច​នឹង​មាន​អ្នក​មាន​អំណាច​នៅ​ខាងក្រោយ​ខ្នង។

មន្ត្រី​នាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​ថា លោក មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​យុវតី​ទៅ​កាយ​ដី​នៅ​ឆ្នេរ​ព្រែកត្រែង​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​ថា កន្លងទៅ​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្លាប់​មាន​វិធានការ​ករណី​នេះ​រួចហើយ៖ «ក្រុមការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​មាន​ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ចុះ​ផ្ទាល់​ដល់​ទី​តាំង និង​បាន​បញ្ជា​ផ្ទាល់​ឱ្យ​ម្ចាស់​ដី​ហ្នឹង​គាត់​កាយ​ដី​ចេញ​នៅ​ពេល​ហ្នុង។ ក្រោយមក​អាជ្ញាធរ​មូលដ្ឋាន​គាត់​ចុះទៅ​កាយ​ម្ដងទៀត ហើយ​មកដល់ពេលនេះ​ក៏​ពុំ​មាន​សកម្មភាព​អ្វី​ទៀត​ទេ​នៅ​ខាង​ក្រុមហ៊ុន​ហ្នឹង។ ខ្ញុំ​គិត​ថា ដី​ដែល​នៅ​សេសសល់​គឺជា​ដី​ចាស់ ដែល​មាន​ពីមុន​យូរ​មក​ហើយ»

ក្រុម​យុវតី​អះអាង​ថា ពួកគេ​នឹង​បន្ត​សកម្មភាព​របស់​បន្ដ​ទៀត ដើម្បី​ចង្អុល​បង្ហាញ​អាជ្ញាធរ​ពី​បញ្ហា​បរិស្ថាន​ក្នុង​ខេត្ត​នេះ ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ។

បើទោះជា​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ថា អាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ ការ​ចាប់ខ្លួន ឬ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ពី​សកម្មភាព​តស៊ូ​មតិ​របស់​ខ្លួន​នេះ​ក៏​ក្រុម​យុវតី​ទាំងនេះ​នៅតែ​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​ទស្សន​រួម​មួយ​ថា ប្រសិនបើ​ពួកគេ​មិន​ខំប្រឹង​ការងារ​បរិស្ថាន ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​នេះ​ទេ នោះ​នឹង​មាន​មាន​អ្វី​បន្សល់ទុក​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។ លើសពីនេះ​ផល​ប៉ះពាល់​នឹង​កើតមាន​ត​ជំនាន់ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ដែល​នឹង​កើត​ចេញពី​បម្រែបម្រួល​អាកាសធាតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល