ពលរដ្ឋ​នៅ​ពោធិ៍សាត់​បារម្ភ​ពី​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​របស់​វៀតណាម

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​សម្ដែង​ក្ដី​បារម្ភ​ពី​ការ​ហិនហោច​ធនធាន​មច្ឆាជាតិ និង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន ដោយសារ​តែ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម។
ដោយ ជិន ជេដ្ឋា
2014.01.07

ពលរដ្ឋ​បាន​អះអាង​ថា សកម្មភាព​ចិញ្ចឹម​ត្រី​ខុស​ច្បាប់​នេះ បាន​កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ហើយ​មក​ដល់​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​សកម្មភាព​ជីក​ស្រះ​ចិញ្ចឹម​បន្ថែម ក៏ប៉ុន្តែ​ពួកគាត់​មិន​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ចុះ​មក​ហាម​ឃាត់​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​មករា ថា ទីតាំង​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​ចំនួន ១០​កន្លែង និង​សកម្មភាព​ជីក​ស្រះ​បន្ថែម​មួយ​ចំនួន​ទៀត កំពុង​តែ​កើត​មាន​នៅ​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាលត្រាច។ ពួកគាត់​បន្ត​ថា ផ្ទៃ​ដី​ដែល​គេ​ជីក​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ទាំង​នោះ គឺ​កម្មសិទ្ធិ​របស់​អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ម្នាក់ ហើយ​បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដើម្បី​ចិញ្ចឹម​ត្រី​តាំង​ពី​ឆ្នាំ​២០១៣​មក។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ក្រឡាញ់ អ្នកស្រី រឿន សុន មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ឃើញ​សកម្មភាព​ជីក​ស្រះ​បន្ថែម​ចំនួន​ពីរ​ផ្សេង​ទៀត​នៅ​ក្បែរ​ដី​​លោក​អភិបាល​រង​ខេត្ត​នោះ ក៏​ប៉ុន្តែ​អ្នកស្រី​មិន​ដឹង​ច្បាស់​​ថា ស្រះ​ដែល​ជីក​ថ្មី​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​នរណា​ឡើយ៖ «លោកគ្រូ​ខ្ញុំ​អត់​បាន​ដឹង​ថា ជនជាតិ​វៀតណាម​ហ្នឹង​ប៉ុន្មាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ឃើញ​ជនជាតិ​វៀតណាម​ហ្នឹង គេ​ទៅ​ជួល​ស្រះ​ហ្នឹង​ប្រហែល​ជា​គេ​ហ៊ុន​គេ​ច្រើន ព្រោះ​អី​ក្នុង​ស្រះ​មួយ​ម្ចាស់​មួយៗ។ ចិញ្ចឹម​ត្រី​ហ្នឹង​គាត់​យក​ត្រី​ពី​ទន្លេ​ទាំង​ឡានៗ យក​មក​ធ្វើ​ជា​ចំណី​ត្រី​ហ្នឹង»

ចំណែក​ប្រជា​សហគមន៍​ម្នាក់​ទៀត លោក គុជ វេង បាន​បញ្ជាក់​ថា សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​នៅ​ក្នុង​ឃុំ​របស់​លោក បាន​កើត​មាន​ជា​យូរ​មក​ហើយ ក៏​ប៉ុន្តែ​លោក​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ចុះ​មក​បង្ក្រាប​ឡើយ។ លោក​ថា ប្រសិន​បើ​គេ​នៅ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​សកម្មភាព​ខុស​ច្បាប់​នេះ បន្ត​កើត​មាន​ទៀត នោះ​ធនធាន​មច្ឆា​ជាតិ​នឹង​ត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​លោក​បាន​ស្នើសុំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ចុះ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ​ជា​បន្ទាន់។

ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ ឬ​ត្រី​រ៉ស់ គឺ​ជា​សកម្មភាព​ខុស​ច្បាប់ និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​មច្ឆា​ជាតិ និង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន ដោយសារ​តែ​សកម្មភាព​ចាប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​​ទៅ​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ​នៅ​តាម​ស្រះ​ទាំង​នោះ ក្នុង​១​ថ្ងៃៗ​រាប់​រយ​គីឡូក្រាម។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន មាន​ប្រសាសន៍​ថា លោក​មិន​អាច​ក្ដាប់​បាន​អស់​នូវ​សកម្មភាព​ចិញ្ចឹម​ត្រី​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ឡើយ។

លោក​បន្ត​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ​ពិត​ជា​មាន​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​មែន ក៏ប៉ុន្តែ​បច្ចុប្បន្ន​សកម្មភាព​នេះ​ត្រូវ​បាន​បញ្ឈប់​ហើយ៖ «ចិញ្ចឹម​មិន​ដឹង​ចិញ្ចឹម​ត្រី​អី​ចិញ្ចឹម​ត្រី​ធម្មតា ឬ​ក៏​ធ្វើ​ស្រះ​ជួល​សម្រាប់​ឲ្យ​គេ​ចិញ្ចឹម។ ពី​មុន​មក​គេ​ចិញ្ចឹម​មួយ​សា​ទៅ​វា​ខាត​ទៅ វា​ឈប់​អស់​ហើយ ខ្ញុំ​មិន​សូវ​បាន​ទៅ​ហ្នឹង​ដែរ​ណា លឺ​សូរ​តែ​មេ​ភូមិ និង​ប្រជាពលរដ្ឋ​អី​គាត់​រាយការណ៍​មក»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់ លោក ភុំ វិមល ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​ឡើយ នៅ​ថ្ងៃ​ទី​៧ ខែ​មករា។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​ពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​ដែរ ដោយ​លោក​ប្រាប់​ថា មិន​បាន​ដឹង​អំពី​សកម្មភាព​ជីក​ស្រះ និង​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​ទាំង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។