ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​បង្ហូរ​ទម្លាក់​ទឹក​ស្អុយ​ពី​ភ្នំពេញ​ចូល​តំបន់​ជនបទ

ដោយ សេក បណ្ឌិត
2014-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការ​បង្ហូរ​ទម្លាក់​ទឹក​ស្អុយ​ពី​តំបន់​នានា​ក្នុង​ទីក្រុង​ភ្នំពេញ មក​តំបន់​ជនបទ​ជាយ​ទីក្រុង។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន សុខភាព និង​បំផ្លាញ​តំបន់​ដែន​ទឹក​បឹង​ធម្មជាតិ ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​នេសាទ ស្រោចស្រព​ដំណាំ​កសិកម្ម និង​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

ភូមិ​ត្រពាំងរាំង​ចាស់ ស្ថិត​ជាប់​នឹង​ទំនប់​កប់​ស្រូវ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ភាគ​ខាង​ជើង​ជាយ​រាជធានី​ភ្នំពេញ។ តំបន់​នេះ​បាន​គ្រប​ដណ្ដប់​ដោយ​ក្លិន​ស្អុយ​ឆ្អាប​ពេញ​ភូមិ ដោយសារ​ទឹក​លូ​ពី​កណ្ដាល​ក្រុង​លុក​លុយ​ចូល។

បរិយាកាស​អួអាប់​បែប​នេះ បាន​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដោយ​ខ្វះ​ទឹក​ស្អាត​បរិភោគ និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ប្រឈម​នឹង​បញ្ហា​សុខភាព។

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០០​គ្រួសារ ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ ផ្ទះ​ឈើ​តូចៗ​សង់​ជាប់​ចិញ្ចើម​ផ្លូវ​លំ​ចាក់​ក្រួស​ក្រហម លយ​ចូល​ទៅ​ក្នុង​វាល​ទំនាប ដែល​លង់​លិច​ដោយ​ទឹក​ស្អុយ​នៅ​ខាង​ក្រោម​ផ្ទះ​ទាំង​នោះ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​វ័យ​ប្រមាណ​ជាង ៦០​ឆ្នាំ ឈ្មោះ សុខ សូគីម អង្គុយ​ហូប​ស្លា​មុខ​ផ្ទះ​អ្នក​ជិត​ខាង​ក្នុង​ភូមិ​ត្រពាំងរាំង​ចាស់ នោះ។ ស្ត្រី​រូប​នេះ ហូប​ស្លា​បណ្ដើរ​រអ៊ូរទាំ​បណ្ដើរ ដោយ​យក​ដៃ​ខ្ទប់​ច្រមុះ​ផង និង​បង្ហាញ​ពី​អារម្មណ៍​ធុញ​ថប់​នឹង​ក្លិន​ទឹក​ស្អុយ​នៅ​ក្រោម​ផ្ទះ និង​ពុំ​មាន​ទឹក​ស្អាត​ប្រើប្រាស់៖ «ទឹក​ហូរ​ពី​លើ​មក​ពី​ផ្សារ​ដី​ហុយ មក​តាម​ប្រឡាយ វា​ត្រូវ​ទឹក​ស្អុយ​តាំង​ពី​កាត់​ធ្វើ​មុខ​លូ​ហ្នឹង​កាយ​មក អា​ទឹក​ហ្នឹង​ធ្លាក់​ពី​លើ​មក​ស្អុយ»

លោកស្រី​បន្ត​ថា កាក​សំណល់​កខ្វក់​ពី​តំបន់​អភិវឌ្ឍន៍​ទីក្រុង ដូចជា នៅ​ពោធិចិនតុង ក្នុង​ខណ្ឌ​ដង្កោ និង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ កំពុង​ហូរ​ធ្លាក់​មក​ញាំញី​ពលរដ្ឋ​នៅ​ជាយ​ក្រុង​ភាគ​ខាង​ជើង​តំបន់​ទំនប់​កប់​ស្រូវ ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ទឹក​ស្អាត​ប្រើប្រាស់​ដូច​សព្វដង៖ «កាល​ពី​មុន​ឯកជន​បូម​ពី​បឹង​មក ដល់​ពេល​ទឹក​ពី​បឹង​មក​ស្អុយ​ត​ទៅ​ទៀត បាន​មក​ដាក់​ស្រះ​តាកៅ​នេះ ដល់​ពេល​ឥឡូវ​ទឹក​ស្អុយ​ចូល​ទៀត បូម​អា​ទឹក​ហ្នឹង​មក​ដាក់​តាម​ពាង​វិញ»

បឹង​ធម្មជាតិ​កប់​ស្រូវ ឬ​ហៅ​ថា​បឹង​តាម៉ោក មាន​ផ្ទៃ​ធំ​ល្វឹងល្វើយ​ក្នុង​សង្កាត់​ព្រែកព្នៅ ដែល​ពួក​គាត់​ធ្លាប់​ទាញ​យក​ទឹក​ប្រើប្រាស់​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ បច្ចុប្បន្ន​ត្រូវ​បំផ្លាញ​ដោយ​ទឹក​លូ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល បង្ហូរ​ចូល​ដើម្បី​រំដោះ​ទឹក​លូ​ដែល​ចាល់​ពី​តំបន់​អភិវឌ្ឍន៍​កណ្ដាល​ក្រុង​ភ្នំពេញ​ក្នុង​រយៈ​ប្រមាណ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ទឹក​បឹង​នោះ​ប្រើ​លែង​កើត។

ពលរដ្ឋ​ក៏​ងាក​មក​ប្រើ​ទឹក​ក្នុង​រណ្ដៅ​ដី​របស់​ឧកញ៉ា​ម្នាក់ ដែល​រកស៊ី​ជីក​អាចម៍​ដី​លក់ និង​បឹង​មួយ​ចំនួន​ទៀត​នៅ​ខាង​ក្រោយ​ភូមិ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​បូម​លក់​ក្នុង​តម្លៃ ៣​ពាន់​រៀល​ក្នុង​មួយ​ពាង ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ តំបន់​ដែល​មាន​ទឹក​ប្រើប្រាស់​ចុង​ក្រោយ​នោះ ក៏​មាន​ទឹក​ស្អុយ​ដែល​ហូរ​ចេញ​ពី​ប្រឡាយ​មេ​ទួល​សំពៅ ទៅ​បំផ្លាញ​ទឹក​ស្អាត​ទីនោះ​ទៀត។ ផ្ទៃ​ក្រោម​ផ្ទះ​ពលរដ្ឋ ក៏​លង់​លិច​ដោយ​ទឹក​ស្អុយ​ខុស​ពី​ធម្មតា​ដែរ។

បុរស​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ហែម សារ៉ែន មាន​ប្រសាសន៍​ដោយ​ក្តី​កង្វល់​ថា ការ​រស់នៅ​លើ​ទឹក​ស្អុយ​ប្រើ​ទឹក​កខ្វក់​រាល់​ថ្ងៃ​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​នេះ ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​មិន​ល្អ ឈឺ​ថ្កាត់​ជា​ញឹកញាប់៖ «ផ្នែក​សុខភាព​ចាំបាច់ បង​ឯង​សម្លឹង​មើល​ក្មេង! ក្មេង​នេះ​នៅ​ក្នុង​ទីក្រុង​ដូច​គេ​ដែរ ប៉ុន្តែ​គេ​ក្មេង​គេ​សាច់​ឈាម​ស្រស់​ល្អ បង​ឯង​សម្លឹង​មើល​ក្មេង​នេះ​មើល​រមាស់​ពេញ​ដៃ​ពេញ​ជើង ស្បែក ផ្ដាសាយ ហៀរ​សម្បោរ​សព្វ​បែប​យ៉ាង សុទ្ធ​តែ​អ្នក​ឈឺ​ទាំងអស់ រមាស់​ពី​ក្បាល​ដល់​ចុង​ជើង ម៉ែ​ឪ​ទៅ​ធ្វើ​ការ​បាត់​អស់ បណ្តោយ​កូន​នៅ​ផ្ទះ​លេង​ទឹក​ខ្លុង​ខ្មៅ​ដូច​ប្រេង​ម៉ាស៊ីន​អ៊ីចឹង»

លោក​បន្ត​ថា ពួក​គាត់​បាន​ផ្ដិត​មេដៃ​ទាមទារ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ ដោះស្រាយ​បញ្ហា​ទឹក​នេះ និង​បញ្ហា​ភ្លើង​អគ្គិសនី ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ឆ្លើយ​តប​នៅ​ឡើយ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ភូមិ​ត្រពាំងរាំង លោក ណឹប សារិន ទទួល​ស្គាល់​ពី​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នេះ។ លោក​ថា បញ្ហា​នេះ​ដោយសារ​មាន​ការ​សាងសង់​ស្ថានីយ​បូម​ទឹក​ស្អុយ​ទី​២ ពី​ប្រឡាយ​ទួលសំពៅ ទម្លាក់​ទៅ​បឹង​កប់​ស្រូវ​នោះ​ធ្វើ​មិន​ទាន់​ហើយ ធ្វើ​ឲ្យ​ស្ទះ​មុខ​ទឹក។ ដូច្នេះ អ្នក​សាងសង់​ត្រូវ​បង្វែរ​ទឹក​ស្អុយ​ពី​ប្រឡាយ​នោះ ទៅ​តំបន់​ទំនាប​ក្រោម​ផ្ទះ​ពលរដ្ឋ និង​រណ្ដៅ​ដី​របស់​ឧកញ៉ា ញឹក ផន ដែល​ពលរដ្ឋ​ធ្លាប់​ទាញ​យក​ទឹក​ពី​រណ្ដៅ​ដី​នោះ​មក​ប្រើ​នោះ​បណ្ដោះអាសន្ន៖ «ទឹក​ប្រើ​ប្រាកដ​ជា​អត់​ហើយ ពី​មុន​គេ​ប្រើ​បឹង ដល់​ពេល​មាន​ស្ថានីយ​មួយ​ខាង​កើត​យើង​ប្រើ​បឹង​លែង​កើត យើង​មក​ប្រើ​រណ្ដៅ​ដី​នេះ ពេល​ឥឡូវ​គេ​ធ្វើ​ស្ថានីយ​នេះ​មួយ​ទៀត ទឹក​ហ្នឹង​វា​ហូរ​ចូល​រណ្ដៅ​ដី​នេះ​ដែរ យើង​ប្រើ​លែង​កើត​ទាំង​ពីរ អា​បឹង​ក៏​ប្រើ​មិន​បាន រណ្ដៅ​ដី​របស់​ឧកញ៉ា ញឹក ផន ក៏​ប្រើ​មិន​បាន»

លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២១ កក្កដា កន្លង​ទៅ​នេះ លោក​បាន​ដាក់​សំណើ​ជា​ថ្មី​ទៀត ទៅ​សាលា​ខណ្ឌ​សែនសុខ តាម​រយៈ​អាជ្ញាធរ​សង្កាត់​ឃ្មួញ ដើម្បី​ឲ្យ​ដោះស្រាយ​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ក្រោយ​ពី​ប្រភព​ទឹក​ស្អាត​ទាំង​ពីរ​កន្លែង ត្រូវ​ខូច​ដោយសារ​មាន​ទឹក​កខ្វក់​ហូរ​ពី​តំបន់​នានា​ក្នុង​ទីក្រុង សុទ្ធ​តែ​លាមក និង​កាក​សំណល់​ផ្សេងៗ​ហូរ​ចូល និង​ស្នើ​ឲ្យ​ត​ភ្ជាប់​ភ្លើង​អគ្គិសនី​រដ្ឋ​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ផង។

ទាក់ទង​សំណើ​នេះ អភិបាល​រង​ទទួល​បន្ទុក​រដ្ឋបាល​ខណ្ឌ​សែនសុខ លោក ម៉ៅ មានិត ពុំ​ទាន់​ដឹង​ថា មាន​លិខិត​ស្នើសុំ​នោះ ហើយ​ត្រូវ​បញ្ជូន​ទៅ​ខាង​ណា​នោះ​ទេ ហើយ​ក៏​ពុំ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​ទឹក​ស្អុយ​បំផ្លាញ​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ភូមិ​ត្រពាំងរាំង នោះ​ថា​យ៉ាង​ណា​ទេ ដោយសារ​មិន​ចំ​ជំនាញ​លោក។

លោក ហែម សារ៉ែន អ្នក​ភូមិ​ត្រពាំងរាំង បាន​អធិប្បាយ​ថា ការ​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​តំបន់​នានា​ក្នុង​ក្រុង មក​បំផ្លាញ​ប្រព័ន្ធ​ទឹក​ស្អាត​ដែល​ពលរដ្ឋ​ធ្លាប់​ប្រើប្រាស់​នោះ ដោយសារ​មាន​គម្រោង​អភិវឌ្ឍន៍​បុរី​ផ្ទះ​ល្វែង ដោយ​មាន​ការ​លុប​បឹង​ធម្មជាតិ និង​កន្លែង​អាង​ស្តុក​ទឹក​កខ្វក់​ជាច្រើន​កន្លែង។ លោក​បន្ត​ថា ភូមិ​គាត់​ជាច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​ទឹក​ស្អុយ​ជន់​លិច​ដី​ស្រែ​ចម្ការ​ស្រះ​ទឹក​ពលរដ្ឋ​ប្រើ​នោះ​ទេ៖ «អតីត​យូរ​ឆ្នាំ​មក​ហើយ មិន​ដែល​ទេ ទើប​ប្រមាណ​៥​ឆ្នាំ​មក​នេះ តាំង​ពី​ចាក់​ដី​លុប​បឹង​បាយាប ពោងពាយ ចាក់​ដី​លុប​បឹង​នានា​ក្នុង​រាជធានី​នោះ​អស់ បាន​ទឹក​ជន់​លិច​មក​ខាង​នេះ ដូច​ផ្លូវ​នេះ​គោក​ទេ ដល់​ពេល​លិច លិច​ត្រឹម​ជង្គង់​លើ​ផ្លូវ​នេះ»

ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ដែល​អ្នក​ភូមិ​ហៅ​ថា​ប្រឡាយ​សំរោងទាវ ឬ ទួលសំពៅ មាន​ប្រវែង​ជាច្រើន​គីឡូម៉ែត្រ ដោយ​គិត​ចាប់​ពី​ពោធិចិនតុង តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រហូត​មក​ដល់​តំបន់​ទំនប់​កប់​ស្រូវ ក្នុង​ខណ្ឌ​ព្រែកព្នៅ ដែល​ទើប​បំបែក​ចេញ​ពី​ខណ្ឌ​ឫស្សីកែវ នោះ បាន​ប៉ះពាល់​ផល​ប្រយោជន៍​អ្នក​ភូមិ​ជាច្រើន​ទៀត ដែល​ស្ថិត​ជុំវិញ​ប្រឡាយ​នោះ ដូចជា មិន​អាច​ទាញ​យក​ទឹក​ស្រោចស្រព​ដំណាំ​ចម្ការ​ស្រែ​ដូច​ពេល​មុនៗ​ទៀត និង​បំពុល​បរិស្ថាន​ដែល​ធ្លាប់​តែ​ស្រស់ស្រាយ​កាល​ពី​កន្លង​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បងប្អូនជាទីស្រលាញ់ ខ្ញយល់ថាបងប្អូនពិបាកៗទ្រាំណាស់ តែដឹង​ធ្វើមេចបើគេថា ទីក្រុងស្អាតៗៗគេអត់ដែលនិយាយថា​ជនបទ​ស្អាតផង ដល់អញ្ចឹងលិចអី៏លិចទៅ ស្អុយអីក៏ស្អុយទៅអោយតែ​ទីក្រុងបានស្អាត់ តែមិនអញ្ចឹងផងទីក្រុងខ្លះស្អុយស្រដៀងនិង​បង្គន់ដែរ ព្រោះតែកាកសំណល់ដឺកមិនទាន់ តែដឹងធ្វើមេចបើគេយល់​ថា​ធ្វើ​​អញ្ចឹងល្អទៅហើយ។

Jul 29, 2014 10:08 PM

Kim

ពី Baden-Württemberg

តាមរយៈមនុស្សអវិជ្ជាគ្មានគំនិតគ្មានយោបលយួនពង្រីកគោលនយោបាយខ្មៅក្រខ្វក់របស់គេតាមវិធីបំពក់បំពុលប្រជារាស្ត្រខ្មែរដោយការបើកបង្ហូរទឹកស្អុយពោរពេញទៅដោយក្អែលគម្រង់និងមេរោគច្រើនជំពូកឱ្យជ្រាបរាលដាលដល់ជនបទដើម្បីសម្លាប់បំបាត់ពូជខ្មែរតទៅទៀតដល់លំដាប់ចុងបំផុតដូចនេះឯង។

Jul 29, 2014 01:34 PM

គេហទំព័រ​ទាំងមូល