ប្រជាពលរដ្ឋប្រតិកម្មចំពោះការបង្ហូរទម្លាក់ទឹកស្អុយពីតំបន់នានាក្នុងទីក្រុងភ្នំពេញ មកតំបន់ជនបទជាយទីក្រុង។ បញ្ហានេះ ធ្វើឲ្យប៉ះពាល់បរិស្ថាន សុខភាព និងបំផ្លាញតំបន់ដែនទឹកបឹងធម្មជាតិ ដែលពលរដ្ឋធ្លាប់អាស្រ័យផលនេសាទ ស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ភូមិត្រពាំងរាំងចាស់ ស្ថិតជាប់នឹងទំនប់កប់ស្រូវ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភាគខាងជើងជាយរាជធានីភ្នំពេញ។ តំបន់នេះបានគ្របដណ្ដប់ដោយក្លិនស្អុយឆ្អាបពេញភូមិ ដោយសារទឹកលូពីកណ្ដាលក្រុងលុកលុយចូល។
បរិយាកាសអួអាប់បែបនេះ បានអូសបន្លាយជាងមួយឆ្នាំមកហើយ ដែលធ្វើឲ្យពលរដ្ឋមានវិបត្តិធ្ងន់ធ្ងរ ដោយខ្វះទឹកស្អាតបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ ប្រឈមនឹងបញ្ហាសុខភាព។
ប្រជាពលរដ្ឋប្រមាណជិត ២០០គ្រួសារ ភាគច្រើនមានជីវភាពក្រីក្រ ផ្ទះឈើតូចៗសង់ជាប់ចិញ្ចើមផ្លូវលំចាក់ក្រួសក្រហម លយចូលទៅក្នុងវាលទំនាប ដែលលង់លិចដោយទឹកស្អុយនៅខាងក្រោមផ្ទះទាំងនោះ។
ស្ត្រីអ្នកភូមិម្នាក់វ័យប្រមាណជាង ៦០ឆ្នាំ ឈ្មោះ សុខ សូគីម អង្គុយហូបស្លាមុខផ្ទះអ្នកជិតខាងក្នុងភូមិត្រពាំងរាំងចាស់ នោះ។ ស្ត្រីរូបនេះ ហូបស្លាបណ្ដើររអ៊ូរទាំបណ្ដើរ ដោយយកដៃខ្ទប់ច្រមុះផង និងបង្ហាញពីអារម្មណ៍ធុញថប់នឹងក្លិនទឹកស្អុយនៅក្រោមផ្ទះ និងពុំមានទឹកស្អាតប្រើប្រាស់៖ «ទឹកហូរពីលើមកពីផ្សារដីហុយ មកតាមប្រឡាយ វាត្រូវទឹកស្អុយតាំងពីកាត់ធ្វើមុខលូហ្នឹងកាយមក អាទឹកហ្នឹងធ្លាក់ពីលើមកស្អុយ»។
លោកស្រីបន្តថា កាកសំណល់កខ្វក់ពីតំបន់អភិវឌ្ឍន៍ទីក្រុង ដូចជា នៅពោធិចិនតុង ក្នុងខណ្ឌដង្កោ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កំពុងហូរធ្លាក់មកញាំញីពលរដ្ឋនៅជាយក្រុងភាគខាងជើងតំបន់ទំនប់កប់ស្រូវ ធ្វើឲ្យពលរដ្ឋលែងមានទឹកស្អាតប្រើប្រាស់ដូចសព្វដង៖ «កាលពីមុនឯកជនបូមពីបឹងមក ដល់ពេលទឹកពីបឹងមកស្អុយតទៅទៀត បានមកដាក់ស្រះតាកៅនេះ ដល់ពេលឥឡូវទឹកស្អុយចូលទៀត បូមអាទឹកហ្នឹងមកដាក់តាមពាងវិញ»។
បឹងធម្មជាតិកប់ស្រូវ ឬហៅថាបឹងតាម៉ោក មានផ្ទៃធំល្វឹងល្វើយក្នុងសង្កាត់ព្រែកព្នៅ ដែលពួកគាត់ធ្លាប់ទាញយកទឹកប្រើប្រាស់ជាង ២០ឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវបំផ្លាញដោយទឹកលូដែលអាជ្ញាធររដ្ឋាភិបាល បង្ហូរចូលដើម្បីរំដោះទឹកលូដែលចាល់ពីតំបន់អភិវឌ្ឍន៍កណ្ដាលក្រុងភ្នំពេញក្នុងរយៈប្រមាណ ៣ឆ្នាំចុងក្រោយនេះ ធ្វើឲ្យទឹកបឹងនោះប្រើលែងកើត។
ពលរដ្ឋក៏ងាកមកប្រើទឹកក្នុងរណ្ដៅដីរបស់ឧកញ៉ាម្នាក់ ដែលរកស៊ីជីកអាចម៍ដីលក់ និងបឹងមួយចំនួនទៀតនៅខាងក្រោយភូមិ ដោយមានក្រុមហ៊ុនឯកជនបូមលក់ក្នុងតម្លៃ ៣ពាន់រៀលក្នុងមួយពាង ប៉ុន្តែក្នុងរយៈពេលជាងមួយឆ្នាំនេះ តំបន់ដែលមានទឹកប្រើប្រាស់ចុងក្រោយនោះ ក៏មានទឹកស្អុយដែលហូរចេញពីប្រឡាយមេទួលសំពៅ ទៅបំផ្លាញទឹកស្អាតទីនោះទៀត។ ផ្ទៃក្រោមផ្ទះពលរដ្ឋ ក៏លង់លិចដោយទឹកស្អុយខុសពីធម្មតាដែរ។
បុរសពលរដ្ឋម្នាក់ទៀតឈ្មោះ ហែម សារ៉ែន មានប្រសាសន៍ដោយក្តីកង្វល់ថា ការរស់នៅលើទឹកស្អុយប្រើទឹកកខ្វក់រាល់ថ្ងៃជាងមួយឆ្នាំកន្លងមកហើយនេះ ធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាសុខភាពមិនល្អ ឈឺថ្កាត់ជាញឹកញាប់៖ «ផ្នែកសុខភាពចាំបាច់ បងឯងសម្លឹងមើលក្មេង! ក្មេងនេះនៅក្នុងទីក្រុងដូចគេដែរ ប៉ុន្តែគេក្មេងគេសាច់ឈាមស្រស់ល្អ បងឯងសម្លឹងមើលក្មេងនេះមើលរមាស់ពេញដៃពេញជើង ស្បែក ផ្ដាសាយ ហៀរសម្បោរសព្វបែបយ៉ាង សុទ្ធតែអ្នកឈឺទាំងអស់ រមាស់ពីក្បាលដល់ចុងជើង ម៉ែឪទៅធ្វើការបាត់អស់ បណ្តោយកូននៅផ្ទះលេងទឹកខ្លុងខ្មៅដូចប្រេងម៉ាស៊ីនអ៊ីចឹង»។
លោកបន្តថា ពួកគាត់បានផ្ដិតមេដៃទាមទារឲ្យអាជ្ញាធរភូមិឃុំ ដោះស្រាយបញ្ហាទឹកនេះ និងបញ្ហាភ្លើងអគ្គិសនី ប៉ុន្តែពុំទាន់មានដំណោះស្រាយឆ្លើយតបនៅឡើយ។
ទាក់ទងបញ្ហានេះ ប្រធានភូមិត្រពាំងរាំង លោក ណឹប សារិន ទទួលស្គាល់ពីការខ្វះទឹកស្អាតប្រើប្រាស់នេះ។ លោកថា បញ្ហានេះដោយសារមានការសាងសង់ស្ថានីយបូមទឹកស្អុយទី២ ពីប្រឡាយទួលសំពៅ ទម្លាក់ទៅបឹងកប់ស្រូវនោះធ្វើមិនទាន់ហើយ ធ្វើឲ្យស្ទះមុខទឹក។ ដូច្នេះ អ្នកសាងសង់ត្រូវបង្វែរទឹកស្អុយពីប្រឡាយនោះ ទៅតំបន់ទំនាបក្រោមផ្ទះពលរដ្ឋ និងរណ្ដៅដីរបស់ឧកញ៉ា ញឹក ផន ដែលពលរដ្ឋធ្លាប់ទាញយកទឹកពីរណ្ដៅដីនោះមកប្រើនោះបណ្ដោះអាសន្ន៖ «ទឹកប្រើប្រាកដជាអត់ហើយ ពីមុនគេប្រើបឹង ដល់ពេលមានស្ថានីយមួយខាងកើតយើងប្រើបឹងលែងកើត យើងមកប្រើរណ្ដៅដីនេះ ពេលឥឡូវគេធ្វើស្ថានីយនេះមួយទៀត ទឹកហ្នឹងវាហូរចូលរណ្ដៅដីនេះដែរ យើងប្រើលែងកើតទាំងពីរ អាបឹងក៏ប្រើមិនបាន រណ្ដៅដីរបស់ឧកញ៉ា ញឹក ផន ក៏ប្រើមិនបាន»។
លោកបានឲ្យដឹងថា កាលពីថ្ងៃទី២១ កក្កដា កន្លងទៅនេះ លោកបានដាក់សំណើជាថ្មីទៀត ទៅសាលាខណ្ឌសែនសុខ តាមរយៈអាជ្ញាធរសង្កាត់ឃ្មួញ ដើម្បីឲ្យដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ ដែលសុំឲ្យដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ក្រោយពីប្រភពទឹកស្អាតទាំងពីរកន្លែង ត្រូវខូចដោយសារមានទឹកកខ្វក់ហូរពីតំបន់នានាក្នុងទីក្រុង សុទ្ធតែលាមក និងកាកសំណល់ផ្សេងៗហូរចូល និងស្នើឲ្យតភ្ជាប់ភ្លើងអគ្គិសនីរដ្ឋឲ្យពលរដ្ឋបានប្រើប្រាស់ផង។
ទាក់ទងសំណើនេះ អភិបាលរងទទួលបន្ទុករដ្ឋបាលខណ្ឌសែនសុខ លោក ម៉ៅ មានិត ពុំទាន់ដឹងថា មានលិខិតស្នើសុំនោះ ហើយត្រូវបញ្ជូនទៅខាងណានោះទេ ហើយក៏ពុំអត្ថាធិប្បាយចំពោះបញ្ហាទឹកស្អុយបំផ្លាញប្រព័ន្ធទឹកស្អាតប្រើប្រាស់នៅភូមិត្រពាំងរាំង នោះថាយ៉ាងណាទេ ដោយសារមិនចំជំនាញលោក។
លោក ហែម សារ៉ែន អ្នកភូមិត្រពាំងរាំង បានអធិប្បាយថា ការរំដោះទឹកស្អុយចេញពីតំបន់នានាក្នុងក្រុង មកបំផ្លាញប្រព័ន្ធទឹកស្អាតដែលពលរដ្ឋធ្លាប់ប្រើប្រាស់នោះ ដោយសារមានគម្រោងអភិវឌ្ឍន៍បុរីផ្ទះល្វែង ដោយមានការលុបបឹងធម្មជាតិ និងកន្លែងអាងស្តុកទឹកកខ្វក់ជាច្រើនកន្លែង។ លោកបន្តថា ភូមិគាត់ជាច្រើនឆ្នាំមកហើយ មិនដែលមានទឹកស្អុយជន់លិចដីស្រែចម្ការស្រះទឹកពលរដ្ឋប្រើនោះទេ៖ «អតីតយូរឆ្នាំមកហើយ មិនដែលទេ ទើបប្រមាណ៥ឆ្នាំមកនេះ តាំងពីចាក់ដីលុបបឹងបាយាប ពោងពាយ ចាក់ដីលុបបឹងនានាក្នុងរាជធានីនោះអស់ បានទឹកជន់លិចមកខាងនេះ ដូចផ្លូវនេះគោកទេ ដល់ពេលលិច លិចត្រឹមជង្គង់លើផ្លូវនេះ»។
ប្រឡាយរំដោះទឹកស្អុយដែលអ្នកភូមិហៅថាប្រឡាយសំរោងទាវ ឬ ទួលសំពៅ មានប្រវែងជាច្រើនគីឡូម៉ែត្រ ដោយគិតចាប់ពីពោធិចិនតុង តំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតមកដល់តំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅ ដែលទើបបំបែកចេញពីខណ្ឌឫស្សីកែវ នោះ បានប៉ះពាល់ផលប្រយោជន៍អ្នកភូមិជាច្រើនទៀត ដែលស្ថិតជុំវិញប្រឡាយនោះ ដូចជា មិនអាចទាញយកទឹកស្រោចស្រពដំណាំចម្ការស្រែដូចពេលមុនៗទៀត និងបំពុលបរិស្ថានដែលធ្លាប់តែស្រស់ស្រាយកាលពីកន្លងមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។