ក្រុម​យុវជន​ជិះកង់​ដើម្បី​បរិស្ថាន​មក​ដល់​រាជធានី​ភ្នំពេញ

ដោយ សុជីវី
2024.05.14
ក្រុម​យុវជន​ជិះកង់​ដើម្បី​បរិស្ថាន​មក​ដល់​រាជធានី​ភ្នំពេញ ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជិះកង់ ១ពាន់ (១.០០០) គីឡូម៉ែត្រ ដើម្បី​បរិស្ថាន បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ទី១៤ ឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក CYN

នៅ​ថ្ងៃទី៩ នៃ​ព្រឹត្តិការណ៍​ជិះកង់ ១ពាន់ (.០០០) គីឡូម៉ែត្រ ដើម្បី​បរិស្ថាន ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ហើយ​នៅ​រសៀល​ថ្ងៃ​ទី១៤ ឧសភា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ឧសភា ពួកគេ​បាន​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​ជាង ៧០គីឡូ​ម៉ែត្រ ចេញ​ពី​ទី​រួម​ស្រុក​បាធាយ ខេត្ត​កំពុង​ចាម តាម​ផ្លូវ​ជាតិ​លេខ ៦ និង​បន្ត​តាម​បណ្ដោយ​វិថី​ឈ្នះៗ ឆ្ពោះ​ទៅ​សហគមន៍​សំរោង​ត្បូង ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​អាជ្ញាធរ ដើម្បី​យក​ដី​ឲ្យ​អ្នកមាន​លុយ​មាន​អំណាច នៅ​សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃនេះ ពួក​គេ​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​ជិះកង់ មាន​អាវ​ពណ៌​ទឹក​ក្រូច ដែល​ពួក​គេ​បាន​សរសេរ​ថា «ជិះកង់ ១.០០០គីឡូម៉ែត្រ ដើម្បី​បរិស្ថាន»

មន្ត្រី​គម្រោង​ជាន់​ខ្ពស់ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក រស់ សុថេន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ទោះ​បី​ជា​ការ​ជិះ​កង់​ចម្ងាយ​រាប់​រយ​គីឡូ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ ប៉ុន្តែ​ក្រុម​យុវជន បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ដំណើរ​រហូត​ដល់​គោលដៅ ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ ជាពិសេស យុវជន ឲ្យ​ចូលរួម​ការពារ​បរិស្ថាន ដើម្បី​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ។

លោក រស់ សុថេន៖ «បងប្អូន​មើល​មក​ពួក​យើង​ថា ពួក​យើង​ជិះ​ក្រោម​កម្ដៅ​ថ្ងៃ​បង​ប្អូន ដែល​នៅ​តាម​ដង​ផ្លូវ​បងប្អូន​ស្រែក​ថា​ក្ដៅ​ណាស់​ហេតុ​អី ក៏​ជិះ​កើត ប៉ុន្តែ ពួក​យើង​នៅ​តែ​បន្ត​ទៅ​មុខ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​បើ​សិន​ជា​យើង​មិន​ចាប់​ផ្ដើម​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ការពារ អភិរក្ស​ធនធាន​ធម្មជាតិ ​ព្រៃឈើ​នៅ​ពេល​នេះ​ទេ ថ្ងៃក្រោយ គឺ​នឹង​មាន​ការ​កើន​ឡើង​កម្ដៅ​នៅ​លើ​ភព​ផែនដី​កាន់​តែ​ខ្លាំង ការ​កាប់​បំផ្លាញ​ហិនហោច​ប្រយោជន៍​ជាតិ យើង​កាន់​តែ​ខ្លាំង នៅ​ពេល​នោះ យើង​ក៏​វិនាស​ដូចគ្នា​ដែរ»

ព្រឹត្តិការណ៍​ជិះកង់​ចម្ងាយ ១ពាន់ (.០០០) គីឡូម៉ែត្រ ក្នុង​រយៈ​ពេល ២០ថ្ងៃ ពី​ខេត្តរតនគិរី ឆ្ពោះ​ទៅ​កាន់​ខេត្តកំពត រៀប​ចំឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន ១៤ស្ថាប័ន ដើម្បី​ត្រៀម​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក ឆ្នាំ២០២៤ នៅថ្ងៃទី៥ មិថុនា ខាង​មុន​នេះ ក្រោម​ប្រធានបទ «សុខុមាលភាព​ពិភព​លោក ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង»។ គិត​មក​ត្រឹម​ថ្ងៃ​ទី១៤ ឧសភា ក្រុម​យុវជន​បាន​ធ្វើ​ដំណើរ​ដល់​គោលដៅ​ទី២ គឺ​ដល់​រាជធានី​ភ្នំពេញ ដែល​ពួកគេ​បាន​ធ្វើដំណើរ​ចម្ងាយ​ជិត ៧រយ​គីឡូម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។