ក្រុម​យុវជន​ថា ដើម​ឈើ​ធំៗ ធ្លាប់​បំបួស ត្រូវ​បាន​គេ​បំផ្លាញ​នៅ​តំបន់​អារ៉ែង

0:00 / 0:00

ដើម​ឈើ​ធំៗ ដុះ​អែប​ដង​ស្ទឹង​អារ៉ែង ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ជិះ​ទូក​ទស្សនា​កម្សាន្ត និង​គយ​គន់​ទេសភាព ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល នា​ខេត្តកោះកុង កំពុង​ទទួល​រង​ការ​កាប់​ផ្ដួល​ធ្វើ​អាជីវកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

ព្រះសង្ឃ និង​ក្រុម​យុវជន បាន​ចុះ​ដល់​ទីតាំង​នោះ ស្រក់​ទឹក​ភ្នែក​ស្ដាយ​ស្រណោះ ដើម​គគីរ និង​ឈើ​ទាល ដែល​ពួក​គាត់​បាន​បំបួស កាល​ពី​ឆ្នាំមុន ត្រូវ​គេ​កាប់​រំលំ ធ្វើអាជីវកម្ម។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង ក្រុម​ករុណា​ព្រៃ​អារ៉ែង​រក​ឃើញ​ភស្តុតាង​ជា​ថ្មី​ទៀត បង្ហាញ​ថា ដើម​ឈើ​ធំៗ ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ទៅ​ជ្រក​ម្លប់ និង ថត​រូបភាព បង្ហោះ​តាម​បណ្ដាញ​សង្គម​ត្រូវ​គេ​កាប់​ផ្ដួល​យក​ដើម ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​មក​ពី​ខាង​ក្រៅ។

ពួក​គាត់​សោកស្ដាយ ដើម​ឈើ ៤ដើម ខ្លះ​ឱប​គ្នា ៥នាក់​មិន​ជុំ និង​ដើម​ខ្លះ​ទៀត មាន​មុខ​កាត់​ជាង ២ម៉ែត្រ ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត របស់​ជនជាតិ​ដើម​ភាគ​តិច​ជង នឹង​លែង​មាន​វត្តមាន​នៅ​តំបន់​នោះ​ទៀត​ហើយ។

សមាជិក​ក្រុម​ករុណា​ព្រៃ​អារ៉ែង ព្រះតេជព្រះគុណ ជា វុទ្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ដើម​ឈើ ដែល​ព្រះអង្គ​បាន​បំបួស ដោយ​រុំ​ស្បង់​ចីពរ កាល​ពី​ឆ្នាំ​មុន តែ​ត្រូវ​បាន​គេ​កាប់​រំលំ ធ្វើ​អាជីវកម្ម កាល​ពី​ពេល​ថ្មីៗ នេះ។

ព្រះអង្គ​សោកស្ដាយ ដើម​គគីរ​ធំៗ ផ្តល់​ប្រយោជន៍​ច្រើន​ដល់​បរិស្ថាន ជីវចម្រុះ និង វិស័យ​ទេសចរណ៍ ត្រូវ​គេ​កាប់​ផ្ដួល ដោយ​គ្មាន​ការ​ទប់​ស្កាត់ ៖

ព្រះតេជ​ព្រះគុណ ជា វុទ្ធី៖ «ពលរដ្ឋ​ជា​អ្នក​កាន់​ពុទ្ធសាសនា នៅ​ពេល​គាត់​ឃើញ​ទ្រង់​ព្រះអរហន្ត ស្បង់​រុំ​ជាប់​ដើម​ឈើ អាត្មា​មិន​នឹក​ស្មាន​ថា គាត់​ហ៊ាន​បំផ្លាញ។ នៅ​ពេល​អាត្មា​មើល​ហើយ ស្រក់​ទឹក​ភ្នែក មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង ដែល​បាត់​ដើម​ឈើ​ធំៗ ហើយ​ដើម​ឈើ​គគីរ ជា​ដើម​ឈើ​ប្រណិត ហើយ​មាន​តម្លៃ តែ​ត្រូវ​បាន​ដួល​រលំ​ដល់​ដី​បាត់។

កាល​ពី​សប្ដាហ៍​មុន ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ក្រុម​ករុណា​ព្រៃ​អារ៉ែង ជាង ៣០នាក់ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​តំបន់​អារ៉ែង នៅ​ចំណុច ឃុំជំនាប់ និង​ឃុំ​ប្រឡាយ ស្រុកថ្មបាំង ប្រទះ​ឃើញ​ដើ​មឈើ​ធំៗ ត្រូវ​បាន​គេ​កាប់​រំលំ និង​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​ខុស​ច្បាប់។

បេសកកម្ម​នេះ ធ្វើឡើង រយៈ​ពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៥ ខែ កុម្ភៈ ក្នុង​បំណង​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ភ្ជាប់​ភស្តុតាង​ជា​ថ្មី​ទៀត ដើម្បី​ផ្ញើ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​វិធានការ​ដោះ​ស្រាយ វិបត្តិ​ព្រៃ​ឈើ​ទាំង​នេះ។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សុគុណ តុលា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​រ៉ៃ​អារ​ឈើ និង ទីតាំង តំបន់​បាត​អាង ដែល​អាជ្ញាធរ​កំពុង​ឈូស​ឆាយ​ព្រៃ ដើម្បី​សង​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​នោះ ដោយ​ក្រុម​ឈ្មួញ​កំពុង​ប្រើ​ល្បិច​ដឹក​ឈើ​ចូល​តំបន់​បាត​អាង ហើយ​បំប្លែង​ជា​ឈើ​ស្របច្បាប់។

កញ្ញា​បារម្ភ​ថា ព្រៃ​អារ៉ែង​ដ៏​ស្រស់​ស្អាត ដែល​ជនជាតិ​ដើម​ជង​អាស្រ័យ​ផល កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ​កាន់តែ​ខ្លាំង​ឡើង នៅ​ចំពោះ​មុខ​អាជ្ញាធរ៖

កញ្ញា សុគុណ តុលា៖ «ឈើ​ដែល​នាំ​ចូល​ហើយ យក​ទៅ​ទម្លាក់​ក្នុង​ហ្នឹង ហើយ​គេ​ថា ឈើ​គេ​បាន​ស្ដារ​បាត​អាង​ហើយ។ អ៊ីចឹង​មាន​ន័យ​ថា ឈើ​ដែល​ស្តារ​បាត​អាង ជា​ឈើ​ស្រប​ច្បាប់ គេ​យក​ទៅ​លក់ ដើម្បី​ឱ្យ​ឈើ​ដែរ​គេ​ស្តារ ជា​ឈើ​មាន​តម្លៃ​ថ្លៃ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី និង​អភិបាល​ខេត្តកោះកុង​អ្នកស្រី មិថុនា ភូថង បាននៅឡើយទេនៅថ្ងៃទី៩ ខែកុម្ភៈ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា បំណង​របស់​លោក ចង់​រក្សា​តំបន់​អារ៉ែង ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជា​អ្នក​សម្រេច​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?

ការ​លើក​ឡើង​នេះ គឺ ស្រប​ទៅ​នឹង​អ្វី​ដែល​ក្រុម​យុវជន ចង់​រក្សា​តំបន់​ព្រៃ​ភ្នំ​អារ៉ែង​នេះ ឲ្យ​គង់​វង្ស និង​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​យូរ​អង្វែង។

ជុំវិញ​រឿង​នេះ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង លោក វ៉ែន វ៉ន បារម្ភ​ថា ប្រជា​សហគមន៍​គ្មាន​សមត្ថភាព​ការពារ​ព្រៃ​នៅ​តំបន់​អារ៉ែង ឱ្យ​គង់វង្ស​ទេ ដរាបណា អាជ្ញាធរ​នៅ​តែ​បើក​ដៃ​ឱ្យ​ឈ្មួញ​កាប់​ឈើ ដោយ​ក្នុង​មួយ​ម៉ែត្រ​គូប​មាន​តម្លៃ ៨០០ ទៅ ១.២០០ដុល្លារ។

លោក​ថា ព្រៃ​អារ៉ែង​កំពុង​ឋិត​ក្នុង​ភាព​គ្រោះថ្នាក់ ខណៈ​បច្ចុប្បន្ន​ដើម​គគីរ និង​ដើម​ឈើ​ទាល​ជា​ដើម​ដុះ​តាម​បណ្ដោយ​ដង​ស្ទឹង​អារ៉ែង ដែល​ជា​អត្តសញ្ញាណ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​កំពុង​ប្រឈម​ការ​បាត់បង់។

លោក វ៉ែន វ៉ន៖«ដើម​ឈើ​ហ្នឹង​ពី​មុន​មក យើង​តែងតែ​ទុក​វា​តាម​មាត់​ស្ទឹង ការពារ​បាក់​ដី​ផង ហើយ​ជា​ជម្រក​សត្វព្រៃ​ពពួក​ស្វា​មាន​នៅ​តាម​ដើម​ឈើ​ធំៗ តាម​មាត់​ស្ទឹង។ មក​ដល់​ពេល​នេះ​គេ​កាប់ ខ្ញុំ​ក៏​សោកស្ដាយ​ដែរ ធ្វើ​ឱ្យ​បាត់បង់​ជម្រក​សត្វ​ព្រៃ ទឹក​ក្ដៅ ត្រី​ក៏​ថយ​ចុះ​ដែរ»

សមាជិក​សហគមន៍​តំបន់​អារ៉ែង​រូប​នេះ​ចាត់​ទុក ការបាត់បង់ ដើម​ឈើ​ដុះ​តាម​ដង​ស្ទឹង​អារ៉ែង នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​អត្តសញ្ញាណ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ជង ប៉ះពាល់​ជម្រក​ត្រី ក្រពើ​ភ្នំ ត្រី​នាគ និង​ជីវភាព​ពលរដ្ឋ ដែល​អាស្រ័យ​ផល​ព្រៃ​ឈើ។

ជ្រលង​អារ៉ែង គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ខេត្តកោះកុង ដែល​មាន​ប្រភេទ​សត្វព្រៃ​ដ៏​កម្រ អម​ដោយ​ព្រៃ​ឈើ​ដ៏​ស្រស់​ត្រកាល សល់​ចុង​ក្រោយ​នៅ​កម្ពុជា។

តំបន់​នោះ​ជា​កន្លែង ដែល​ជនជាតិ​ដើម​ភាគ​តិច​ជង​ជាង ១.៥០០នាក់ កំពុង​រស់នៅ។

អ្នក​ភូមិ​បារម្ភ​ថា ប្រសិនបើ​ព្រៃ​ឈើ​ត្រូវ​គេ​កាប់​អស់ សត្វ​ព្រៃ​កម្រ ដូចជា ដំរី ស្វា ខ្ទីង ត្រី​នាគ និង ក្រពើ​ភ្នំ​នឹង​លែង​មាន​វត្តមាន​នៅ​តំបន់​នោះ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។