យុវជន​ខេត្ត​បាត់ដំបង​ជិះ​កង់​ផ្សព្វផ្សាយ​ពី​តម្លាភាព​ព័ត៌មាន​ពី​ការ​គ្រប់គ្រង​រ៉ែ​និង​ថាមពល

ដោយ ហ៊ុំ ចំរើន
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ជាង ១០០​នាក់​នៅ​ខត្ត​បាត់ដំបង ជិះ​កង់​សាមគ្គី​ដើម្បី​ផ្សព្វផ្សាយ​អំពី​តម្លាភាព​ទទួល​បាន​ព័ត៌មាន​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
យុវជន​ជាង ១០០​នាក់​នៅ​ខត្ត​បាត់ដំបង ជិះ​កង់​សាមគ្គី​ដើម្បី​ផ្សព្វផ្សាយ​អំពី​តម្លាភាព​ទទួល​បាន​ព័ត៌មាន​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

ក្រុម​យុវជន​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា នាំ​គ្នា​ជិះ​កង់​សាមគ្គី​ជុំវិញ​ក្រុង​បាត់ដំបង ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​អំពី​តម្លាភាព​ព័ត៌មាន ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល​របស់​រដ្ឋាភិបាល។ ក្រុម​យុវជន​ទាំង​នោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​អំពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ជិះ​កង់​ដង្ហែ​តាម​ដង​ផ្លូវ​ក្នុង​សម្លៀកបំពាក់​អាវ​យឺត​ដៃ​ខ្លី​ពណ៌​ត្រួយ​ចេក ដោយ​មាន​សរេសរ​ខាង​ក្រោយ​ខ្នង​ថា រួម​គ្នា​បើក​ចំហ​ព័ត៌មាន​ក្នុង​វិស័យ​រ៉ែ ប្រេង​កាត និង​ឧស្ម័ន​នៅ​កម្ពុជា។

តំណាង​យុវជន​ស្ម័គ្រ​ចិត្ត​ម្នាក់ កញ្ញា ជូ ចិត្រា ថ្លែង​ថា ពួក​គេ​ជិះ​កង់​នេះ​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង យល់​ដឹង​អំពី​ការ​រីក​ចម្រើន​វិស័យ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​យុវជន​ចូលរួម ដើម្បី​ឲ្យ​មាន​តម្លាភាព​ចំណូល និង​ចំណាយ​ពី​វិស័យ​នេះ។ កញ្ញា​បន្ត​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពួក​គេ​ជិះ​កង់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​អំពី​តម្លាភាព​ព័ត៌មាន​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល​របស់​រដ្ឋ​នោះ៖ «ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សកម្មភាព​សង្គម​ឲ្យ​បាន​ច្រើន ព្រោះ​ប្រជាពលរដ្ឋ និង​យុវជន​មាន​តួនាទី​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន បើ​សិន​ជា​ប្រជាពលរដ្ឋ​អត់​យល់​ដឹង​ពី​បញ្ហា​នេះ​ទេ នោះ​ប្រទេស​របស់​យើង​នឹង​មិន​រីក​ចម្រើន​ទៅ​មុខ​ទេ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។

កន្លង​ទៅ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​សណ្ឋាគារ​ខេមរា​បាត់ដំបង ថា ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ចំណែក​រក្សា​ការពារ​ធនធាន​រ៉ែ ថាមពល និង​ចែក​រំលែក​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ទាំងអស់​គ្នា។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អាច​ផ្ដល់​ព័ត៌មាន​ភាព​មិន​ប្រក្រតី​ពី​ការ​រុក​រក​រ៉ែ និង​ថាមពល​ដោយ​ខុស​ច្បាប់ ទៅ​ដល់​មន្ត្រី​រ៉ែ និង​ថាមពល តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ឬ​ហៅ​ថា ហ៊តឡាញ (Hotline) លេខ ២៧២៧៖ «បាទ! ការ​បង្ក្រាប​បទល្មើស គឺ​ត្រូវ​ចំណាយ​ពេល និង​ថវិកា​ច្រើន ទើប​អាច​ធ្វើ​ទៅ​បាន​ឆាប់​រហ័ស។ ដូច្នេះ បើ​យើង​ចេញ​ទៅ​បង្ក្រាប​ដោយ​មិន​ច្បាស់ គឺ​ជា​ការ​ចំណាយ​ឥត​ប្រយោជន៍ ហើយ​គ្មាន​ប្រសិទ្ធភាព​ទេ»

កម្មវិធី​ជិះ​កង់​សាមគ្គី​របស់​ក្រុម​យុវជន​នេះ ពុំ​មាន​ការ​រារាំង ឬ​បង្អាក់​ដំណើរ​ពី​សំណាក់​សមត្ថកិច្ច​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី គាំទ្រ​កម្មវិធី​ជិះ​កង់​ផ្សព្វផ្សាយ​អំពី​តម្លាភាព​ទទួល​បាន​ព័ត៌មាន​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល។ លោក​ថា នេះ​ជា​សកម្មភាព​មួយ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ ហើយ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​យុវជន​ចាក​ផុត​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ខូច​អនាគត៖ «បាទ! នេះ​ជា​ការ ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ជា​របស់​ពួក​គាត់​ដែរ។ ដូច្នេះ​យុវជន​ត្រូវ​តែ​នាំ​គ្នា​ការពារ​ធនធាន​ធម្មជាតិ​នោះ​ឲ្យ​បាន​គង់វង្ស ជៀសវាង​កុំ​ឲ្យ​បុគ្គល​ណា​មួយ​យក​ទ្រព្យ​សម្បត្តិ​នោះ​ធ្វើ​ជា​ប្រយោជន៍​តែ​ក្រុម​របស់​ខ្លួន»

យ៉ាង​ណា ការ​រុក​រក​រ៉ែ និង​ប្រេង​កាត ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ គឺ​រដ្ឋាភិបាល​កម្ពុជា ពុំ​ទាន់​ទទួល​បាន​ប្រាក់​ចំណូល​លើ​ធនធាន​ផ្នែក​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​រុក​រក​ធនធាន​រ៉ែ​នេះ ខាង​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ឯកសារ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល