ក្រុម​យុវជន​ចាប់​ផ្ដើម​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះរកា​ដែល​កំពុង​រង​ការ​គំរាមកំហែង

ដោយ យន់ សាមៀន
2019.11.30
យុទ្ធនាការ​ជិះ​កង់ ​ព្រៃព្រះរកា ៦២២ សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
photo courtesy of Ma Chettra's Facebook

ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ​ចំនួន ៦​នាក់ បាន​ចាប់ផ្តើម​យុទ្ធនាការ​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​ពួកគាត់​ធ្វើដំណើរ​បាន​ជិត ១០០​គីឡូម៉ែត្រ នៅ​ថ្ងៃ​ដំបូង​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។

សកម្មជន​បរិស្ថាន និង​ជា​អ្នកចូលរួម​រៀបចំ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះ​រកា លោក សាន់ ម៉ាឡា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រៅពី​ការ​ជិះ​កង់​ដែល​មាន​ដោត​ទង់ជាតិ​ពីក្រោយ ពួក​លោក​បាន​ចែក​ខិត្តប័ណ្ណ​អំពី​សារៈសំខាន់ និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ព្រៃ​ព្រះ​រកា ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​រឿង​នេះ។ លោក​បញ្ជាក់​ថា យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះ​រកា​នេះ មិន​មានការ​តាម​ឃ្លាំមើល ឬ​រឹតត្បិត​ពី​អាជ្ញាធរ​នោះ​ឡើយ ហើយ​ពួក​លោក​គ្រោង​ទៅដល់​គោលដៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ នៅ​ពីរ​ថ្ងៃ​ខាងមុខ មុននឹង​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ជាមួយ​ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត៖ «នៅ​ពេល​ដែល​យើង​ធ្វើដំណើរ​ទៅដល់​ឃុំ​ប្រមេរ យើង​នឹង​សម្រាក​មួយ​យប់​នៅ​យប់​ថ្ងៃ​ទី២ (​ធ្នូ​) ហើយ​ព្រលឹម​ថ្ងៃ​ទី​០៣ យើង​នឹង​ធ្វើ​ដំណើរ​ចូល​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ជាមួយ​សហគមន៍​ប្រហែល ៥​គោយន្ត អម​នឹង​ឧទ្យានុរក្ស​ប្រហែលជា​៣ នាក់​ជាមួយ​ពួក​យើង​ដែរ»

នៅ​លើ​ក្រដាស ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង​៩ ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។ សកម្មជន​បរិស្ថាន​អះអាង​ថា ព្រៃ​អភិរក្ស​មួយ​នេះ​មានគុណ​ប្រយោជន៍​ជាច្រើន​ខាង​ផ្នែក​បរិស្ថាន និង​សង្គម ដូចជា រក្សា​តុល្យភាព​កម្ដៅ​ផែនដី ផ្ដល់​អុកស៊ីហ្សែន​ដល់​ជីវិត​មនុស្ស​សត្វ ផ្ដល់​មុខរបរ​ដល់​ប្រជាពលរដ្ឋ និង​ជា​ជម្រក​សត្វព្រៃ ជាដើម​។ ទោះជា​យ៉ាងណា ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ឥត​ឈប់ឈរ តាមរយៈ​ការ​កាប់​ឈើ និង​ការទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់។

នេះ​ហើយ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​លើ​ចម្ងាយ​ផ្លូវ​៣១៦ គីឡូម៉ែត្រ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​ស្ថានភាព​ព្រៃ​ព្រះ​រកា បំផុស​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឱ្យ​បាន​សកម្ម និង​បណ្ដុះ​ឆន្ទៈ​យុវជន​ឱ្យ​ស្រឡាញ់ និង​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។